គណៈកម្មាធិការអឺរ៉ុបបានបញ្ចេញព័ត៌មានលម្អិតនៃអ្វីដែលអ្នកវិភាគនិយាយថា គឺជាផែនការដ៏គួរឲ្យខ្លោចផ្សាក្នុងការដោះស្រាយវិបត្តិជនអន្តោប្រវេសន៍ដ៏ធ្ងន់ធ្ងរបំផុតនៅអឺរ៉ុបក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។
ផែនការនេះរួមមានទាំងយន្តការដ៏យុត្តិធម៌មួយ ដែលតម្រូវឲ្យគ្រប់ប្រទេសទាំងអស់ព្រមទទួលយកចំនួនជនភៀសខ្លួនទៅតាមការកំណត់ បើមិនដូច្នោះទេនឹងត្រូវបង់ជាប្រាក់ពិន័យ។ ផែនការនេះបានទទួលរងការរិះគន់ពីបណ្តាប្រទេសនៅអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត ដែលប្រឆាំងមិនព្រមទទួលធ្វើតាមសំណើរបស់សហភាពអឺរ៉ុបក្នុងការទទួលយកជនភៀសខ្លួន។
ក្រុមមន្ត្រីនៃគណៈកម្មាធិការអឺរ៉ុបបានថ្លែងថា ផែនការក្នុងការរុះរើប្រព័ន្ធស្វែងរកសិទ្ធិជ្រកកោនរបស់សហភាពអឺរ៉ុបគឺដើម្បីធានាថា ប្រទេសដែលជាសមាជិករបស់សហភាពអឺរ៉ុបនីមួយៗត្រូវចែកគ្នាទទួលយកជនអន្តោប្រវេសន៍ ដែលបានចូលមកអឺរ៉ុបចំនួន១លាននាក់ហើយកាលពីឆ្នាំមុន។
សំណើទាំងនោះ រួមមានទាំងសំណើក្នុងការលើកលែងទិដ្ឋាការដល់ជនជាតិតួកគីដែលចង់ធ្វើដំណើរចូលទៅកាន់អឺរ៉ុប ហើយសភាអឺរ៉ុបនឹងបោះឆ្នោតសម្រេចលើសំណើនេះនៅខែមិថុនាខាងមុខនេះ។
ប្រទេសដ៏ទៃទៀត ដូចជាប្រទេសប៉ូឡូញ និងប្រទេសហុងគ្រីបានបដិសេធមិនព្រមទទួលជនអន្តោប្រវេសន៍កាន់សាសនាឥស្លាមក្នុងចំនួនដ៏ច្រើននោះទេ ដោយយោងថា ពួកគេមានក្តីបារម្ភថា ការទទួលយកជនអន្តោប្រវេសន៍កាន់សាសនាឥស្លាមទាំងនោះនឹងធ្វើឲ្យប្រទេសរបស់ខ្លួនមិនមានស្ថិរភាព។
នៅក្នុងការប្រកាសអំពីសេចក្តីលម្អិតនៃផែនការនេះ លោក Frans Timmermans អនុប្រធានគណៈកម្មាធិការអឺរ៉ុបបានមានប្រសាសន៍ថា មិនគួរអនុញ្ញាតឲ្យប្រទេសទាំងនោះជ្រើសរើសយកវិធីដោយខ្លួនឯងក្នុងការដោះស្រាយជាមួយនឹងវិបត្តិណាមួយដែលអាចប៉ះពាល់ដល់សហភាពអឺរ៉ុបទាំងមូលនោះទេ៕