ថ្នាក់ដឹកនាំសហភាពអឺរ៉ុបបានធ្វើដំណើរទៅដល់រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះដោយបង្ហាញសារគាំទ្រប្រជាពលរដ្ឋអ៊ុយក្រែន ស្របពេលដែលប្រធានាធិបតីអ៊ុយក្រែនព្រមានអំពីការជំរុញទៅមុខរបស់កងទ័ពរុស្ស៊ីនៅមុនខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
ប្រធានគណៈកម្មការអឺរ៉ុបនៃសហភាពអឺរ៉ុបអ្នកស្រី Ursula von der Leyen បានសរសេរនៅលើ Twitter ថា៖ «យើងមកទីនេះទាំងអស់គ្នាដើម្បីបង្ហាញថា សហភាពអឺរ៉ុបគាំទ្រប្រទេសអ៊ុយក្រែនយ៉ាងរឹងមាំបំផុតជាងពេលណាៗទាំងអស់ និងដើម្បីពង្រឹងការគាំទ្រនិងកិច្ចសហប្រតិបត្តិការរបស់យើងឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត»។
ប្រធានផ្នែកគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុបលោក Joseph Borrell បាននិយាយថា គណៈប្រតិភូសហភាពអឺរ៉ុបបានទៅរដ្ឋធានីកៀវដើម្បីបង្ហាញនូវ «សារគាំទ្រដ៏ខ្លាំងក្លាបំផុត» របស់សហភាពអឺរ៉ុប «ចំពោះប្រជាពលរដ្ឋអ៊ុយក្រែនទាំងអស់ដែលការពារប្រទេសរបស់ខ្លួន»។
លោកបានបន្ថែមថា សហភាពអឺរ៉ុបបានឈរជាមួយនឹងអ៊ុយក្រែនតាំងពីពេលដែលសង្គ្រាមរបស់រុស្ស៊ីបានចាប់ផ្ដើមមក ហើយសហភាពអឺរ៉ុប «នឹងនៅតែឈរជាមួយនឹងអ្នកដើម្បីឱ្យបានជ័យជម្នះនិងកសាង [ប្រទេស] ឡើងវិញ»។
ថ្នាក់ដឹកនាំសហភាពអឺរ៉ុបនិងថ្នាក់ដឹកនាំអ៊ុយក្រែនមានគម្រោងជួបប្រជុំគ្នានៅឯកិច្ចប្រជុំមួយនៅថ្ងៃសុក្រស្អែកដើម្បីពិភាក្សាអំពីការឆ្លើយតបរបស់សហភាពអឺរ៉ុបចំពោះសង្គ្រាមនេះ ការកសាងឡើងវិញនិងកិច្ចប្រឹងប្រែងមនុស្សធម៌ សន្តិសុខស្បៀងអាហារពិភពលោក និងសំណើរបស់អ៊ុយក្រែនក្នុងការចូលជាសមាជិកសហភាពអឺរ៉ុប។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបញ្ជាក់នៅក្នុងសុន្ទរកថារបស់លោកកាលពីយប់ថ្ងៃពុធថា រុស្ស៊ីកំពុងព្យាយាមសម្រេចឱ្យបាននូវជ័យជម្នះមួយចំនួននៅសមរភូមិដើម្បីបង្ហាញឡើងនៅខួបឆ្នាំដំបូងនៃសង្គ្រាមនេះនៅថ្ងៃទី ២៤ ខែកុម្ភៈខាងមុខ។
លោកបានកត់សម្គាល់នូវអ្វីដែលលោកហៅថាជាការបង្កើននូវសកម្មភាពវាយប្រហាររបស់រុស្ស៊ីនៅភាគខាងកើតប្រទេសអ៊ុយក្រែន ដោយលោកបាននិយាយថា ស្ថានការណ៍នៅទីនោះ «មានសភាពកាន់តែអាក្រក់ឡើងជាងមុនទៅទៀត»៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន AP ទីភ្នាក់ងារព័ត៌មាន Reuters និងទីភ្នាក់ងារព័ត៌មាន AFP។