សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ថ្មីៗ​បន្ថែម​ទៀត​ប្រឆាំង​ប្រទេស​មីយ៉ាន់ម៉ា

រូបឯកសារ៖ ក្រុម​បាតុករ​កាន់​ស្លាកសញ្ញា​​ថ្កោលទោស​រដ្ឋាភិបាល​យោធា ខណៈ​ដែល​ពួកគេ​តវ៉ា​នៅ​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

សហភាព​អឺរ៉ុប​បាន​ប្រកាសកាល​ពី​ថ្ងៃ​ច័ន្ទ​ស្តីពី​ការ​ដាក់​ទណ្ឌកម្មថ្មីៗ​មួយ​ចំនួន​ទៀតប្រឆាំង​នឹង​ក្រុម​មន្ត្រី​យោធានៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​នេះ​ជាទណ្ឌ​កម្ម​ជា​លើក​ទី៣របស់​សហភាព​អឺរ៉ុប ចាប់​តាំង​ពី​ក្រុម​យោធា​នៅក្នុង​ប្រទេស​នេះ​បាន​ធ្វើ​រដ្ឋប្រហារដណ្តើម​អំណាចកាល​ពី​ដើម​ខែ​កុម្ភៈ​កន្លង​ទៅ។ ​

ការ​ដាក់​ទណ្ឌ​កម្ម​លើក​នេះ​គឺ​សំដៅ​ទៅ​លើ​បុគ្គល​ចំនួន​៨រូប ​ស្ថាប័ន​សេដ្ឋកិច្ច​ចំនួន​៣ ​និងអង្គការអតីត​យុទ្ធជន​ក្នុង​សង្គ្រាម​ផង​ដែរ។ ​នេះ​បើតាម​សេចក្តី​ថ្លែង​ការណ៍​របស់សហភាព​អឺរ៉ុប។ ​មន្ត្រីមីយ៉ាន់ម៉ា ​ដែល​ទទួល​រង​ទណ្ឌ​កម្មរួម​មាន​ រដ្ឋមន្ត្រី​ អនុរដ្ឋមន្រ្តី​ និងអគ្គរដ្ឋអាជ្ញា ​ដែលជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បំផ្លាញលទ្ធិ​ប្រជា​ធិបតេយ្យ​ និតីរដ្ឋ​ និង​ការ​រំលោភសិទ្ធិ​មនុស្សធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​នេះ។​

ដោយ​សំដៅ​ទៅលើ​វិស័យ​ឈើ​ និងត្បូង​របស់​ប្រទេស​មីយ៉ាន់ម៉ា​ ​វិធានការ​ទាំង​នេះមាន​បំណង​រឹត​បន្តឹងដល់​ប្រភព​ចំណូល​ពី​ធនធាន​ធម្មជាតិ​របស់របប​យោធាប្រទេស​មីយ៉ាន់ម៉ា​ ​និង​ធ្វើឡើងក្នុង​បំណង​ចៀស​វាង​ការ​ប៉ះពាល់​ដល់ពលរដ្ឋ​មីយ៉ាន់ម៉ា​ផង​ដែរ។ ​នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់សហភាព​អឺរ៉ុប។​

សហ​រដ្ឋ​អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្មទៅ​លើ​ឧស្សាហ​កម្មត្បូង​មួយ​ចំនួន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ កាល​ពី​ខែ​មេសា។​ ​

អង្គការ​សហ​ប្រជា​ជាតិ​បាន​ថ្កោល​ទោស​រដ្ឋ​ប្រហារ​យោធា​នេះ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​សុក្រ ដោយ​រដ្ឋ​ជា​សមាជិក​របស់អង្គការ​ពិភពលោក​នេះ​បាន​អំពាវ​នាវ​ឲ្យបញ្ចប់​អំពើ​ហិង្សា ​និងត្រូវ​គោរព​ឆន្ទៈរបស់​ពលរដ្ឋ​មីយ៉ាន់ម៉ា​ ដែល​បាន​សម្រេច​ចិត្ត​ក្នុង​បោះឆ្នោត​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ទៅ៕