គណៈកម្មការអឺរ៉ុបបានពិន័យក្រុមហ៊ុន Meta កាលពីថ្ងៃព្រហស្បតិ៍ជាទឹកប្រាក់ជាង៨៤០លានដុល្លារ ពីបទអនុវត្តដោយបំពានដែលផ្តល់ផលប្រយោជន៍ដល់ទំព័រទិញលក់ Marketplace របស់ Facebook។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកតាមសេចក្ដីថ្លែងការណ៍មួយ។
គណៈកម្មការអឺរ៉ុបបាននិយាយក្នុងសេចក្ដីថ្លែងការណ៍នោះថា«គណៈកម្មការអឺរ៉ុប បានពិន័យក្រុមហ៊ុន Meta ពីបទបំពានលើវិធានស្តីពីការរំលោភសេចក្ដីទុកចិត្តរបស់សហភាពអឺរ៉ុប ដោយការភ្ជាប់កម្មវិធីផ្ដល់សេវាកម្មផ្សាយពាណិជ្ជកម្មតាមអនឡាញរបស់ហ្វេសប៊ុកឈ្មោះ Marketplace ទៅនឹងបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់ហ្វេសប៊ុក និងការដាក់លក្ខខណ្ឌពាណិជ្ជកម្មដែលមិនយុត្តិធម៌លើកម្មវិធីផ្តល់សេវាកម្មផ្សាយពាណិជ្ជកម្មតាមអនឡាញផ្សេងទៀត»។
ក្រុមហ៊ុន Meta ថាខ្លួននឹងប្តឹងទាស់ចំពោះការសម្រេចនេះ ប៉ុន្តែទន្ទឹងពេលជាមួយគ្នានេះ ក្រុមហ៊ុនMeta នឹងអនុវត្តតាម ហើយធ្វើការយ៉ាងរហ័សក្នុងន័យស្ថាបនា ដើម្បីបង្កើតដំណោះស្រាយមួយដែលឆ្លើយតបទៅនឹងចំណុចនានាដែលបានលើកឡើង។
វិធានការរបស់គណៈកម្មការអឺរ៉ុបនេះ កើតឡើង ពីរឆ្នាំក្រោយពីគណៈកម្មការនេះចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរិកថាបានកេងចំណេញដោយអយុត្តិធម៌លើកម្មវិធីផ្តល់សេវាផ្សាយពាណិជ្ជកម្មតាមអនឡាញ Marketplace របស់ហ្វេសប៊ុក ដោយការរួមសេវាកម្មទាំងពីរបញ្ចូលគ្នា។
សហភាពអឺរ៉ុបបានបើកដំណើរការស៊ើបអង្កេតផ្លូវការទៅលើការប្រព្រឹត្តរបស់ហ្វេសប៊ុកដែលអាចរំលោភលក្ខខណ្ឌប្រកួតប្រជែងនៅខែមិថុនាឆ្នាំ ២០២១ និងហើយនៅខែធ្នូឆ្នាំ២០២២ គណៈកម្មការនេះបានលើកឡើងពីកង្វល់ថាក្រុមហ៊ុន Meta ភ្ជាប់បណ្តាញទំនាក់ទំនងសង្គមដ៏លេចធ្លោរបស់ខ្លួនជាមួយសេវាផ្សាយពាណិជ្ជកម្មតាមអនឡាញរបស់ខ្លួន។
ហ្វេសប៊ុក បើកដំណើរការទំព័រទិញលក់ Marketplaceនៅឆ្នាំ២០១៦ ហើយ១ឆ្នាំក្រោយមក បានពង្រីកសេវាកម្មនេះចូលទៅក្នុងប្រទេសអឺរ៉ុបជាច្រើន។
ការសម្រេចរបស់សហភាពអឺរ៉ុបអះអាងថាក្រុមហ៊ុន Meta បានដាក់ទំព័រទិញលក់ Marketplace ឱ្យអ្នកប្រើហ្វេសប៊ុក ប្រើប្រាស់ជាការ«ភ្ជាប់»ដែលខុសច្បាប់ តែក្រុមហ៊ុន Meta ថាអំណះអំណាងនេះ មិនបានមើលការពិតដែលថាអ្នកប្រើហ្វេសប៊ុក អាចជ្រើសរើសបានថាតើពួកគេចង់ប្រើ Marketplace ឬអត់ ហើយថាអ្នកប្រើហ្វេសប៊ុកជាច្រើន មិនបានប្រើកម្មវិធីនេះទេ។
ក្រុមហ៊ុន Meta ថាគណៈកម្មការអឺរ៉ុប អះអាងថាទំព័រទិញលក់ Marketplace អាចធ្វើឱ្យរាំងស្ទះកំណើនទីផ្សារតាមអនឡាញដែលមានស្រាប់ជាច្រើនក្នុងសហភាពអឺរ៉ុប តែមិនអាចរកភ័ស្តុតាងអំពីផលប៉ះពាល់ទៅលើគូប្រកួតប្រជែងបាន។
ក្រុមហ៊ុនប្រឈមពិន័យរហូតដល់១០ភាគរយនៃប្រាក់ចំណេញទូទាំងសកលលោករបស់ខ្លួន ចំពោះការរំលោភបំពានលើសេចក្តីទុកចិត្តក្នុងសហភាពអឺរ៉ុប៕