សភា​សហភាព​អឺរ៉ុប៖ ​រដ្ឋា​ភិបាល​កម្ពុជា​ត្រូវដោះ​លែង ​លោក​ កឹម សុខា ​និង​​​​ធានាភាព​ត្រឹមត្រូវនៃ​ដំណើរការ​​បោះ​ឆ្នោត​

រូបឯកសារ៖ ការ​ជជែក​ដេញ​ដោល "This is Europe" នៅ​សភា​អឺរ៉ុប​ក្នុង​ក្រុង Strasbourg ភាគ​ខាង​កើត​ប្រទេស​បារាំង កាលពី​ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។

ប្រមាណ​ពីរ​សប្តាហ៍​ក្រោយ​ការ​ផ្តន្ទាទោស​ដ៏​ធ្ងន់​លើ ​លោក កឹម សុខា សហភាព​អឺរ៉ុប​បាន​ចេញ​សេច​ក្តី​សម្រេច​មួយ កាលពីថ្ងៃព្រហស្បតិ៍ ដោយ​ទាម​ទារ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​ដោះ​លែង លោក កឹម សុខា ​អតីត​ប្រធាន​គណ​បក្សសង្គ្រោះ​ជាតិ​ ជា​បន្ទាន់ដោយឥត​លក្ខ​ខណ្ឌ ​និងធានាឱ្យ​បាន​នូវ​ភាពត្រឹមត្រូវ​នៃ​ដំណើរ​បោះ​ឆ្នោត​ថ្នាក់​ជាតិនៅខែកក្កដា​ខាង​មុខ​នេះ។

សេច​ក្តី​សម្រេច​របស់​សភាសហភាពអ៊ឺរ៉ុប​ ដែលមានកម្រាស់ពីរទំព័រ​ ​ចេញ​នៅ​ថ្ងៃទី​១៦ ​ខែ​មីនា​នេះ ​បាន​ឱ្យដឹង​ថា សភាសហភាពអ៊ឺរ៉ុបបាន​អំពាវ​នាវ​ដល់រដ្ឋាភិបាល​និង​អាជ្ញាធរ​កម្ពុជា៖ ​«​ដោះ​លែង​លោក ​កឹម សុខា ជា​បន្ទាន់ ​ដោយ​គ្មាន​លក្ខ​ខណ្ឌ ​និង​មន្ត្រី​ និង​សកម្ម​ជន​គណ​បក្ស​ប្រឆាំង​ទាំងអស់ ​ដែល​ត្រូវ​បាន​កាត់​ទោស​ឬ​ឃុំ​ខ្លួន​ ទាក់​ទង​បទ​ចោទ​ប្រកាន់​ពាក់​ព័ន្ធនយោ​បាយ​»​។

សេចក្តីសម្រេច​នោះ​ក៏​ជំរុញឱ្យ​អាជ្ញាធរ​កម្ពុជា​ ត្រូវ​ធានា​ការ​បោះ​ឆ្នោត​នាខែ​កក្តដា​ខាង​មុខធ្វើឡើងប្រក​ប​ដោយ​សេរី និង ​យុត្តិ​ធម៌ ដោយ​អនុញ្ញាត​ឱ្យ​គណ​បក្ស​នយោបាយ​ទាំងអស់​ធ្វើយុទ្ធ​នាឃោសនា​បោះ​ឆ្នោត ដោយ​សេរី ​និង​តម្លា​ភាព​ និង​ប្រកប​ដោយ​បរិយាប័ន្ន។

​ក៏ប៉ុន្តែ សមាជិក​ព្រឹទ្ធសភា​និង​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា​ លោក សុខ ឥសាន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះថា ប្រទេស​កម្ពុជា​មាន​សិទ្ធិ​សម្រេច​លើកិច្ចការ​នយោបាយ​ផ្ទៃក្នុង​របស់​ខ្លួន ក្នុង​នាម​ជា​រដ្ឋ​«ឯករាជ្យ​និង​អធិបតេយ្យ​»មួយ។

លោក​ថ្លែង​ថា៖ ​«ខ្ញុំយ​ល់​ថា​ការ​មាន​មតិរ​បស់ ​EU [សហ​ភាព​អ៊ឺរ៉ុប] ឬ​ការ​សម្រេចរបស់ ​EU វា​ជា​រឿង​របស់​ EU​។​ ហើយ​កម្ពុជា ​ជា​ប្រទេសមួយ ដែល​មាន​ឯក​រាជ្យ និង​មាន​អធិបតេយ្យ​ មិន​ចំណុះ​ជា​អាណា​និគម​និយម​របស់​ប្រទេស​ណា​មួ​យ​ទេ​។ អ៊ីចឹង​ការ​សម្រេច​ករណី​ទាំង​ឡាយ​ដែល​កើត​ឡើង​នៅ​ក្នុងកម្ពុជា វា​ជាសិទ្ធិ​សម្រេច​ក្រោម​អធិប​តី​ភាព​របស់​កម្ពុជា»​។

រូបឯកសារ៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ផ្តល់បទសម្ភាសន៍ឲ្យវីអូអេ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២។ (ធីតា វីន/វីអូអេ)

នៅ​ពេល​វីអូអេសួរថា តើរដ្ឋា​ភិបាលព្រួយ​បារម្ភ​ទាក់​ទងលទ្ធភាព​នៃការ​បាត់​បង់ប្រព័ន្ធ​អនុគ្រោះពន្ធ Everything But Arms (EBA) ​បន្ថែម​ទៀត​ឬ​យ៉ាង​ណានោះ លោក​ លោក សុខ ឥសាន បាន​បញ្ជាក់ថា ​រដ្ឋាភិបាលបាននិង​កំពុងគិត​គូរ​អំពី​បញ្ហានេះដែរ​ ដោយ​បញ្ជាក់​ពី​គោលជំហរ​គោរព​លទិ្ធប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល​កម្ពុជា តាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោកថ្លែង​ថា​៖ ​ ​«យើង​មាន​ការ​គិត​គូ​រ​ ក៏ប៉ុន្តែ​យើ​ងខិ​តខំ ដើម្បី​ធ្វើ​ម៉េច​អនុ​វត្ត​ការដឹក​នាំ គ្រប់​គ្រង​ប្រទេស​តាម​លំនាំ​ប្រជា​ធិប​តេយ្យ​ ហើយ​និង​នីតិ​រដ្ឋ​។ យើង​មិនអាច​បោះ​បង់​ចោល​ អ្វីដែល​ជាស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិ​ភាព​ទីក្រុង​បារីស​ស្តី​ពី​បញ្ហា​កម្ពុជា​ទេ។ ​យើង​មិន​អាច​បណ្តែត​បណ្តោយ​ឱ្យក្រុមជន​ មួយ​ចំនួន​ជា​ពិសេស​មេដឹក​នាំ​បក្ស​ប្រឆាំង​ ធ្វើ​ប្រព្រឹត្តអ្វីល្មើស​ច្បាប់តាមអំពើចិត្ត ​ហើយ​គ្មាន​ទោស​ពៃរ៍​នោះ​ទេ​»​។

​លោក​បន្ថែម​ថា ​ការ​អនុគ្រោះ​ពន្ធ​ចំពោះ​ការ​នាំ​ទំនិញ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អ៊ឺរ៉ុប​នេះ គឺជា​សិទ្ធិ​សម្រេច​ចិត្ត​របស់​សហភាព​អ៊ឺរ៉ុប។ ​ប៉ុន្តែ​លោកស្នើ​ឱ្យ​សហ​ភាព​អ៊ឺរ៉ុប ពិនិត្យ​មើល​ស្ថានភាព​របស់​កម្ពុជា​ឱ្យ​ច្បាស់ ដោយ «​កុំ​ឱ្យ​លម្អៀង​ផ្នែក​នយោបាយ ឬ​តាម​មនោគម​វិជ្ជា​មក​គៀបសង្កត់​ប្រទេស​ទន់​ខ្សោយ»​។

លោក​ថ្លែង​ថា៖ ​«​ការ​នាំ​ទំនិញ​នៅ​តែ​មាន​គ្រាន់​តែ​យើង​គ្រាន់​តែ​បង់​ពន្ធ​ឱ្យ​គេ​តែ​ប៉ុណ្ណោះ​។ ​ត្រង់​គេ​អនុ​គ្រោះ ​ឬ​គេ​មិន​អនុគ្រោះ អាហ្នឹង​រឿង​របស់​គេ​ ជា​សិទ្ធិ​របស់​គេ យើង​អត់​មាន​លទ្ធ​ភាព​អី​ដើម្បីទៅ​បង្គ្រាប​បញ្ជា​គេ​បាន​ទេ​»​។​

ព័ត៌មាន​ទាក់ទង៖ សហមេធាវី​៖ ការ​រារាំង​មេធាវី​មិន​ឱ្យ​ជួប​លោក​​ កឹម សុខា​ ​រំលោភ​បំពាន​ធ្ងន់​ធ្ងរ​លើ​សិទ្ធិ​ទទួល​បាន​ជំនួយ​ផ្លូវច្បាប់

លោក កឹម សុខា អតីត​មេដឹកនាំ​គណ​បក្ស​សង្គ្រោះ​ជាតិ ត្រូវ​បានសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​ផ្តន្ទា​ទោសឱ្យជាប់​ឃុំរយៈ​ពេល ២៧ ឆ្នាំ ​ពី​បទ​សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស ​ឬ​ឃុប​ឃិត​ត្រូវ​រ៉ូវ​គ្នា​ជាមួយ​បរទេស។ ក្រៅ​ពី​ការ​ទាមទារ​ឱ្យ​ដោះលែង​លោក កឹម សុខា សេចក្តី​សម្រេច​របស់​សភា​សហភាពអ៊ឺរ៉ុបក៏​បាន​លើកឡើង​អំពីការ​បង្គ្រាបសមាជិកគណ​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ ​ការ​ផាក​ពិន័យ និង​ការ​បង្ខំ​ឱ្យ​ពួក​គេក្នុង​និរទេស ក្រោយតុលាការ​កំពូល​កម្ពុជា​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ​

បន្ថែម​ពី​នេះ ​សហភាពអ៊ឺរ៉ុបក៏​បាន​លើកឡើង​អំពីការកាត់ក្តី ​ការធ្វើទុក្ខ​បុក​ម្នេញ​លើសកម្ម​ជន​ដូច​ជា កញ្ញា ​សេង ធារី និង​ថ្នាក់​ដឹកនាំ និង​សមា​ជិក​របស់គណ​បក្សភ្លើង​ទៀន និង​ការ​បិទប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​ចុង​ក្រោយ​បង្អស់រ​បស់​កម្ពុជា​នៃ​ស្ថាប័នព័ត៌មានវីអូឌី (VOD) ​នៅថ្ងៃ​ទី​ ១៣ ខែ​កុម្ភៈ ​ឆ្នាំ​ ២០​២៣​ ​ជា​ដើម​។ ​

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ លោក ​អាន សុខខឿន ​អ្នកនាំ​ពាក្យក្រសួង​ការ​បរទេស​កម្ពុជា​បាន​នៅ​ឡើយ​ទេ ទាក់ទង​នឹង​សេចក្តី​សម្រេច​របស់​សភា​សហភាព​អឺរ៉ុប​នេះ។​ ​

ព័ត៌មាន​ទាក់ទង៖ នាយក​រដ្ឋមន្ត្រី​៖ ​រោង​ចក្រ​​នៅ​កម្ពុជា​ជាង​៧០​​បាន​ព្យួរ​ការងារ​កម្មករ​ជាង​៣​ម៉ឺន​នាក់

ដោយឡែក អ្នក​តាម​ដាន​សង្គមសម្តែង​ការព្រួយ​បារម្ភ ទាក់​ទង​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​EBA​ របស់​សហ​ភាព​អ៊ឺរ៉ុប​នេះ​។ ​ កាលពី​ខែសីហា ​ឆ្នាំ​ ២០​២០ ​សហ​ភាព​អឺរ៉ុប​បាន​សម្រេច​កាត់​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA​ ចំនួន​ ២០%​ ពី​កម្ពុជា ​ដែល​បានប៉ះពាល់​ដល់​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​ប្រទេស​នៅ​អឺរ៉ុប​។

ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​EBA ចំនួន​ ២០%​ ពេល​នោះបាន​កើត​ឡើង​ បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​។​ ​

ប្រធាន​សហភាព​ការងារ​កម្ពុជា ​(CLC) ​លោក ​អាត់ ធន់​ ​ប្រាប់វីអូអេនៅថ្ងៃសុក្រ​នេះ​ថា ​ ​ដោយ​សារការ​បោះឆ្នោត​ថ្នាក់​ជាតិកាន់តែ​ខិត​ជិត​មក​ដល់ ​ប្រសិន​បើ​រដ្ឋា​ភិបាលកម្ពុជា​ ​មិន​បាន​ឆ្លើយ​តបទៅ​តាម​ការ​លើក​ឡើង​របស់​សហភាពអ៊ឺរ៉ុបទេ​ ​នោះ​លោក​គិត​ថា ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA​ ​ដែល​អាច​ឱ្យ​កម្ពុជា​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​ប្រទេស​នៅ​អឺរ៉ុប ដោយ​ឥត​បង់​ពន្ធ​នោះ នឹង​អាច​បា​ត់បង់​មួ​យ​ចំនួន ទៀត ​ឬ​ទាំង​ស្រុង​តែ​ម្តង​។

លោក​ថ្លែង​ថា៖​ «​យើង​គួរ​ឱ្យសោក​ស្តាយ​ដែរ ​ប្រសិន​ជា​ផ្តាច់ ហើយ​យើង​ដឹង​ហើយ​ថា ចំ​ពេល​នេះ​ គឺ​មិន​ទាន់​នឹង​ផ្តាច់​១០០​ភាគរយផង​ កម្ពុជា​យើង​មាន​ផល​វិបាក​ រហូត​ដល់​បាត់​បង់​ការងារ​អី​ច្រើន​។ ហើ​យ​នៅ​ពេល​ដែល​យើ​ង​កំពុង​ពិបាក ​បាត់​បង់​ការងារ មិន​ទាន់​មាន​ការ​ងារ​ធ្វើ​នេះ​ ​វៀត​ណាម​មាន​សក្តា​នុពល​ ដោយ​សារ​គេ​មានចុះកិច្ច​ព្រម​ព្រៀង​ទ្វេរភាគី​ជាមួយ​សហគមន៍អ៊ឺរ៉ុប​យកឥវ៉ាន​ទៅ​អ៊ឺរ៉ុប​ហ្នឹង​អត់​យក​ពន្ធ អ៊ីចឹង​យើង​ឃើញ​ហើយ ​យើង​មាន​ការផ្ទុយ ​យើង​មាន​កា​រខាត​»។

លោកក៏បារម្ភ​ថា កម្ពុជានឹង​ពិបាក​ក្នុង​ការ​ការប្រកួតប្រជែង​ជាមួយ​ប្រទេសវៀត​ណាមនិង​ប្រទេស​ឯទៀត ក្នុងការ​នាំ​ទំនិញទៅ​កាន់ទីផ្សារនៅអ៊ឺរ៉ុប​នេះ​ផងដែរ។

លោក​បន្ថែម​ថា៖ «អ៊ីចឹង​បើ​ករណី ​យើង​បាត់​១០០​ភាគ​រយ​ ថា​តើ​យើង​អាច​ប្រកួត​យ៉ាង​ម៉េច​ឈ្នះ ព្រោះ​ទី​១​យើង​ពិបាក​ក្នុង​ការ​ប្រកួត​ដោយ​សារ​តែ​ កម្ពុជា​គឺ​វត្ថុ​ធាតុ​ដើម​ទាំង​អស់ ​យើង​យក​មក​ពី​ចិន​ និង​ប្រទេស​វៀត​ណាម ​និង​ប្រទេស​មួយចំនួនទៀត ដែល​វៀត​ណាម​គេ​មាន​វត្ថុ​ធាតុ​ខ្លួនគេ​។ ​កំពុង​ផែ​ទឹកជ្រៅ​គេ​មាន ​ហេដ្ឋា​រចនា​សម្ព័ន្ធផ្សេង​ៗគេ​ល្អ​ជាង​យើង​។ ​ហើយ​នៅ​ពេល​មិន​ទាន់​មាន​ការ​នាំ​ចេញ​ដោយអត់យកពន្ធ​ផង គេអាច​នាំ ចេញបាន ​ចុះ​បើគេមាន​ការ​នាំចេញ​ដោយ​អត់​យក​ពន្ធទៀត​គេ​ល្អ​ជាង​ អ៊ីចឹង​យើង​មាន​ផល​វិបាក​»។

លោក​ អាត់ ធន់ លើកឡើងថា ​នៅ​ពេលណា​ដែល​សហភាពអ៊ឺរ៉ុបផ្តាច់ ​EBA បន្ថែមទៀត​នោះ ​វា​ក៏​ធ្វើ​ឱ្យប៉ះពាល់​មុខមាត់​រដ្ឋាភិបាលលើឆាកអន្តរជាតិ​ផងដែរ​ ព្រោះប្រទេស​លើពិភព​លោកនឹង​ដឹង​ឮពី​កិត្តិនាមរបស់​រដ្ឋាភិបាល​កម្ពុជា ទាក់ទង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ។​

ម្យ៉ាងទៀត​លោក​ថា ​អ្នក​បញ្ជា​ទិញ​ក៏អាចរារែក​ទិញ​ទំនិញ​ពីកម្ពុជា​ផងដែរ ​ដែល​នឹង​ធ្វើ​ឱ្យកម្ពុជា​ជួប​ផល​វិបាក​ធ្ងន់ធ្ងរ​។ ​លោកថា ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋបាត់បង់ការងារ ​ដែលទាមទារ​ឱ្យរដ្ឋាភិបាល​បង្កើត​ការងារក្នុង​វិស័យ​ផ្សេងៗ។ ហើយ​ប្រសិន​បើ​មិន​អាច​បង្កើត​ការងារ​តា​ម​វិស័យ​ផ្សេងឱ្យ​ពលរដ្ឋ​ នោះ​បញ្ហា​សេដ្ឋកិច្ច​អាច​កាន់តែ​ដុនដាបផង​ដែរ។

​កម្ពុជា​មាន​រោង​ចក្រ​ចំនួន ១.​២០០​ រោង​ចក្រ ដែល​មានកម្មករ​ជាង ​៨៤ ​ម៉ឺន​នាក់។ ​នៅ​ចុងឆ្នាំ​ ២០២២ រោ​ងចក្រ​ចំនួនជិត​ ៥០០​ កន្លែង​ បាន​បិទទ្វារ ដែល​ប៉ះពាល់​កម្មករ​ជិត ៥ ​ម៉ឺន​នាក់​។ ចំណែក​នៅ​ខែកុម្ភៈ ឆ្នាំ​ ២០​២៣ នេះ​ រោងចក្រចំនួន ​៧១ ​បានព្យួរការងារ​កម្មករ​ជាង​ ៣២.​០០០ ​នាក់​។ នេះ​បើ​តាម​លោក អាត់ ធន់ ​ដែល​លោក​ថា​យោងតាម​របាយ​ការណ៍​របស់​ក្រសួង​ការងា​រ​។

​ទាក់ទង​នឹង​ការ​ទាមទារ​របស់​សភា​សហភាព​អឺរ៉ុប​អំពី​ភាព​ត្រឹមត្រូវនៃ​ដំណើរការ​បោះឆ្នោត​ជាតិ​នៅ​ខែកក្កដាខាងមុខ អ្នក​ជំនាញ​យល់ថា រដ្ឋាភិបាល​កម្ពុជាគួរ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ការ​ទាមទារនេះ ដើម្បីចៀស​វា​ង​ការដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​បន្ថែម​ពី​សហភាព​អឺរ៉ុប ដែល​នឹងប៉ះ​ពាល់​ដល់​ប្រយោជន៍​ជាតិ​។ នេះ​បើ​តាម​មតិ​យល់​ឃើញរបស់​ លោក សំ គន្ធាមី​ ​នា​យក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​ថា​ និកហ្វិច​ (NICFEC)​។

លោក​ប្រាប់វីអូអេ​ថា​៖«ជា​ពិសេស​រដ្ឋាភិបាល​ហ្នឹង​ឯង ហើយ​នឹង​ភាគី​ពាក់ព័ន្ធ​សម្រប​សម្រួល​ម៉េច​ឱ្យ​វារលូន កុំ​ឱ្យ​វា​មាន​អំពើ​ហិង្សា សិទ្ធិ​ពល​រដ្ឋ​ សិទ្ធ​នយោ​បាយ​ហ្នឹង​ឱ្យ​មាន​សេរី​ភាព​គ្រប់​គ្រាន់​»។

លោកបន្ថែមថា៖ «សេដ្ឋកិច្ច​ស្រុកខ្មែរ​យើង​ ប្រជា​ពលរដ្ឋ​ដែលបាន​ប្រាក់​ចំណូល​ច្រើន ​មកពីកម្មករ ធ្វើកម្មករ​តាមរោង​ចក្រ​ហ្នឹង​។ កាល​ណា ​EBA គេ​ផ្តាច់​គេ​ គេកាត់​បន្ថយ​យ៉ាង​ម៉េច​ទៅវា​ប៉ះពាល់​ដល់​អាហ្នឹង​ឯង ទំនិញ​នាំ​ចេញ»។

ដោយឡែក​ អ្នកតាម​ដាន​បញ្ហា​សង្គម​និង​នយោ​បាយ​កម្ពុជា​ ចាត់​ទុក​ការ​ទាមទាររបស់សហ​ភាព​អ៊ឺរ៉ុប​មិន​មែន​ជារឿង​ថ្មីនោះ​ទេ​ ហើយថា​វា​នឹ​ង​កើត​មាន​បន្ត​ទៅ​ទៀត​ ដោយសារតែ​មិន​មានចំណុច​រួម​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា​និង​ស​ហ​ភា​ព​អ៊ឺរ៉ុប។

រូបឯកសារ៖ អ្នក​វិភាគ​បញ្ហា​សង្គម​ និង​នយោបាយ លោក​មាស នី​ ថ្លែង​ក្នុង​កិច្ចពិភ្សា​អំពី​អំពើ​ពុក​រលួយ​ខាង​នយោបាយ​ ទីក្រុង​ភ្នំពេញ​ ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)

អ្នក​វិភា​គ​ន​យោ​បាយ លោក មាស នី ប្រា​ប់​វីអូ​អេ​នៅ​ថ្ងៃ​សុក្រ​នេះថា រដ្ឋាភិបាល​កម្ពុជា​បាន​ព្យា​យាមរឹតចំ​ណង​ទំនាក់ទំនងសេដ្ឋកិច្ចជាមួយ​ចិន​និង​កូរ៉េ​ ដោយ​លោក​ចាត់​ទុក​ថា ​នេះ​ជា​ការ​ត្រៀម​ខ្លួន​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​។ ប៉ុន្តែ​លោក​ថា​តិច​ឬច្រើន​ វា​នឹង​ប៉ះពាល់​ដល់សេដ្ឋកិច្ច​កម្ពុជា​។

​លោក​បញ្ជាក់ថា​៖ «ទោះ​បី​ជាយ៉ាង​ណា​ខ្ញុំគិត​ថារឿងប៉ះពាល់​ដល់សេដ្ឋកិច្ច​កម្ពុជានេះ វា​ពិត​ជា​ប៉ះ​ពាល់ ដោយចៀសមិន​រួច​ហើយ​ ប៉ុន្តែត្រង់ថា​ធ្ងន់ប៉ុណ្ណា​នោះ យើងមិន​ទាន់​អាច​សន្និដ្ឋាន​បាន​ទេ​ វា​អា​ស្រ័យ​ទៅ​លើ​សមត្ថ​ភាព​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​នៅ​ក្នុង​ការ​រក្សា​ស្ថិរ​ភាព​សេដ្ឋ​កិច្ច​»។

​នៅ​ពេល​សួរ​ថា តើ​រដ្ឋាភិបាលកម្ពុជាគួរ​ឆ្លើយ​តប​បែបណា​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកវិភាគ​រូបនេះ​ជំរុញ​ឱ្យ​រដ្ឋាភិបាលកម្ពុជា​ងាកទៅពិនិត្យ​មើល​រដ្ឋធម្ម​នុញ្ញ​របស់កម្ពុជា​ឡើង​វិញ​។

​លោក​ថ្លែង​ថា៖ «អ្វី​ដែល​យើ​ងចង់​បាន​គ្រាន់​តែ​ថា​ធ្វើម៉េច​រដ្ឋាភិបាលកម្ពុជាអាច​ពិនិ​ត្យ​មើល​ទៅ​លើការអនុវត្ត​រដ្ឋធម្មនុញ្ញ​របស់ខ្លួន​ឡើង​វិញទៅ ហើយ​ចំណុច​ណា​ដែល​អាច​កែប្រែ​ អាហ្នឹង​ជា​សិទ្ធិរ​បស់​រដ្ឋាភិបាល​។ ប៉ុន្តែ​មែន​ទែន​ទៅអ្វី​ដែល​ជាការ​ស្នើសុំ​របស់​សហគមន៍​អ៊ឺរ៉ុប វា​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​រួច​ស្រេច​ទៅហើយ​»។

​លោក មាស នី ក៏បាន​លើកឡើង​ថា ​រដ្ឋាភិបាកម្ពុជាតែងតែ​ចាត់​ទុក​ទង្វើ​របស់ខ្លួន​ជាការត្រឹម​ត្រូវ​ និង​កំពុងតែ​បោះជំហាន​នៅលើមាគ៌ា​លទ្ធិ​ប្រជាធិ​បតេយ្យ​។

លោក​បន្ថែម​ថា៖«អ៊ីចឹង​បើ​ដរាប​ណា​រដ្ឋាភិបាកម្ពុជា​មើល​មិន​ឃើញថាអាហ្នឹង​ជាបញ្ហា​ទេនោះ ខ្ញុំគិតថា​ប្រទេស​នេះ​ចេះ​តែទៅមុខ​ហើយមិន​អាចថយ​ក្រោយ​បាន​ទេ​»។

កាល​ពី​ខែ​ឧសភា​ ឆ្នាំ​ ២០២២​ សមាជិក​សភា​អឺរ៉ុប​ភាគ​ច្រើន​លើស​លប់​បាន​បោះ​ឆ្នោត​សម្រេច​លើ​ញត្តិ​មួយ ​ដោយ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​បន្ត​បង្រ្កាប​ខាង​នយោបាយ​នៅ​កម្ពុជា​ ហើយ​បាន​ជំរុញ​ឲ្យ​គណៈ​កម្មការ​អឺរ៉ុប​ត្រៀម​ខ្លួន​ក្នុង​ការ​ដក​ឋានៈ​អនុគ្រោះ​ពន្ធ ​EBA ​ទាំង​ស្រុង ​ប្រសិន​បើ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ ​មិន​យុត្តិ​ធម៌​៕ ​