សហភាពអឺរ៉ុបនិងគុយបា​ចុះហត្ថលេខា​ធ្វើ​ប្រក្រតីកម្ម​ទំនាក់ទំនងឡើងវិញ

អ្នកស្រី​ប្រធាន​ការ​បរទេស​សហភាព​អឺរ៉ុប Federica Mogherini បាន​រៀបចំ​សន្និសីទបន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​មន្រ្តី​ការបរទេសគុយ​បា​លោក​ Bruno Rodriguez នៅទីក្រុង​ប្រ៊ុចសែល​ ប្រទេសប៊ែលហ្ស៊ិកកាល​ពី​ថ្ងៃទី ១២ ធ្នូ​​២០១៦។

សហភាពអឺរ៉ុប​និង​ប្រទេស​គុយបាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធ្វើឱ្យ​ទំនាក់ទំនងមាន​ភាពធម្មតាឡើងវិញ​បន្ទាប់ពីបានរារាំងអស់រយៈពេលជាច្រើនទសវត្សរ៍ដោយសារតែ​ការព្រួយបារម្ភ​ពីការរំលោភសិទ្ធិមនុស្ស​ដែលស្ថិតនៅក្រោមរបប​អតីតមេដឹកនាំកុម្មុយនីស្ត​ Fidel Castro។​

លោក​ Rodriguez Parrilla រដ្ឋមន្ត្រីការបរទេសគុយបា​និង​លោក​ស្រី​ Federica Mogherini ​ប្រធាន​ការបរទេស​នៃ​សហភាព​អឺរ៉ុប​រួមទាំង​តំណាងចំនួន​២៨​នៃ​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​នៅថ្ងៃចន្ទនេះ​នៅក្នុងពិធីមួយ​ក្នុង​ទីក្រុង​ប្រ៊ុចសែល។​

កាលពីសប្តាហ៍មុន​ ក្រុមរដ្ឋ​មន្ត្រី​នៃ​សហភាព​អឺរ៉ុប​បាន​យល់​ព្រម​ច្រានចោល​គោលនយោបាយ​ឆ្នាំ​១៩៩៦​ដែល​ចែងថា​ប្រទេស​គុយបា​ត្រូវតែ​ធ្វើ​ឱ្យ​ស្ថានភាព​សិទ្ធិមនុស្ស​របស់​ខ្លួន​បាន​ប្រសើរឡើង​មុនពេល​ចុះហត្ថលេខាលើ​កិច្ចព្រម​ព្រៀង​ធ្វើ​ប្រក្រតីកម្ម​ទំនាក់ទំនងឡើងវិញ។​

លោក Parrilla ​បាននិយាយ​ថា​កិច្ចព្រមព្រៀង​នេះ​«បង្ហាញ​ថា​ដោយ​សារ​តែ​មានសុឆន្ទៈ​និង​ការគោរពគ្នា គឺ​ពិតជាអាច​ធ្វើ​ឱ្យ​មានការរីកចម្រើន​និង​ដោះស្រាយ​ការខ្វែងគំនិតគ្នា​‍»​ ហើយ​លោក​បានបន្ថែម​ថា​ «ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​នឹង​សហភាព​អឺរ៉ុប​នឹង​បន្ត​ជា​អាទិភាព​សម្រាប់​ប្រទេស​គុយបា‍» ក្នុងខណៈ​ដែល​ប្រទេស​នេះ​កសាង​សេដ្ឋកិច្ច​សង្គមនិយម​មួយ។​

គុយបា​គឺជា​ប្រទេស​ក្នុង​បណ្តា​ប្រទេស​ឡាទីនអាមេរិកាំង​តែមួយគត់​ដែល​មិន​មាន​កិច្ច​ព្រម​ព្រៀង​សន្ទនា​និង​សហប្រតិបត្តិការ​ជាមួយនឹង​សហភាព​អឺរ៉ុប​លើ​បញ្ហា​មួយ​ចំនួន​ដូច​ជា​ពាណិជ្ជកម្ម​ សិទ្ធិ​មនុស្ស​និង​ចំណាកស្រុក។​

ក្នុងឆ្នាំ​២០០៣ សហភាព​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​គុយបា​ហើយ​បាន​ផ្អាក​កិច្ច​សហប្រតិបត្តិ​ការ​ដោយ​សារ​តែ​គុយ​បា​បាន​បង្រ្កាប​លើ​អ្នកសារព័ត៌មាន​និង​សកម្មជន​នានា​ហើយរហូត​ដល់​ឆ្នាំ​២០០៨​ទើប​ការចរចា​ចាប់​ផ្តើម​ឡើងវិញ៕​