ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen កាលពីថ្ងៃសុក្រ បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មចំពោះប្រទេសបេឡារុស ដែលនៅទីនោះកងកម្លាំងសន្តិសុខបានបង្ក្រាបលើបាតុករគណបក្សប្រឆាំង ដែលបានតវ៉ាប្រឆាំងនឹងប្រធានាធិបតីផ្តាច់ការលោក Alexander Lukashenko។
លោកស្រី von der Leyen បានសរសេរសារតាម Twitter នៅមុនកិច្ចប្រជុំសំខាន់មួយ នៅក្រុងប្រ៊ុចសែល ថា៖ «យើងត្រូវការទណ្ឌកម្មបន្ថែមប្រឆាំងនឹងអ្នកទាំងឡាយណា ដែលរំលោភលើគុណតម្លៃប្រជាធិបតេយ្យ ឬរំលោភលើសិទ្ធិមនុស្សនៅបេឡារុស»។
ការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលបេឡារុសតម្រូវឲ្យមានឯកច្ឆន្ទរវាងរដ្ឋទាំង ២៧ របស់សហភាពអឺរ៉ុប។
អាជ្ញាធរបេឡារុសបានដោះលែងបាតុករប្រឆាំង ១.០០០នាក់ កាលពីថ្ងៃសុក្រ ក្រោយពីរដ្ឋាភិបាលបេឡារុសធ្វើការសុំទោសដ៏កម្រមួយ ខណៈសហភាពអឺរ៉ុបពិចារណាអំពីការដាក់ទណ្ឌកម្ម។
បាតុករបេឡារុសរាប់ពាន់នាក់បានធ្វើការតវ៉ា ក្រោយការបោះឆ្នោតចម្រូងចម្រាស កាលពីអាទិត្យសប្តាហ៍មុន និងទាមទារឲ្យលោក Lukashenko បញ្ចប់ការកាន់អំណាចរយៈពេល ២៦ឆ្នាំ របស់លោក៕