កងកម្លាំងសហព័ន្ធរដ្ឋាភិបាលអេត្យូពីបានដណ្ដើម «គ្រប់គ្រងទាំងស្រុង» លើទីក្រុង Mekelle នៃតំបន់ Tigray។ នេះបើតាមការបញ្ជាក់របស់នាយករដ្ឋមន្ត្រី និងនាយអគ្គសេនាធិការយោធានៃប្រទេសអេត្យូពីកាលពីល្ងាចថ្ងៃសៅរ៍ម្សិលមិញ។
គេមិនទាន់ឃើញមានការបញ្ចេញមតិណាមួយភ្លាមៗនៅឡើយទេពីកងកម្លាំងនៃតំបន់ Tigray ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអេត្យូពី។ កងកម្លាំងនេះបានវាយប្រយុទ្ធជាមួយនឹងទាហានរដ្ឋាភិបាលអេត្យូពីអស់រយៈពេល ៣ សប្ដាហ៍កន្លងមក។
លោកនាយករដ្ឋមន្ត្រី Abiy Ahmed បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយដែលបានបង្ហោះនៅលើទំព័រ Twitter របស់លោកថា៖ «រដ្ឋាភិបាលសហព័ន្ធឥឡូវនេះគ្រប់គ្រងបានទាំងស្រុងលើទីក្រុង Mekelle»។
ការប្រកាសនេះគឺបានធ្វើឡើង បន្ទាប់ពីមានសេចក្ដីប្រកាសរបស់នាយអគ្គសេនាធិការយោធាលោក Birhanu Jula ដែលបញ្ជាក់ដូចគ្នានេះដែរនៅលើទំព័រ Facebook ផ្លូវការរបស់យោធាអេត្យូពី។
មនុស្សរាប់ពាន់នាក់ត្រូវគេជឿថាបានស្លាប់ និងជនភៀសខ្លួនប្រហែល ៤៣.០០០ នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសស៊ូដង់ដែលនៅជិតខាងក្នុងអំឡុងពេលមានជម្លោះ។
លោក Abiy បានចោទប្រកាន់មេដឹកនាំនៃតំបន់ Tigray ថាជាអ្នកចាប់ផ្ដើមសង្គ្រាម ដោយបានវាយប្រហារទាហានរដ្ឋាភិបាលអេត្យូពីនៅឯមូលដ្ឋានមួយក្នុងតំបន់ Tigray។ រណសិរ្សរំដោះប្រជាជន Tigray បាននិយាយថា ការវាយប្រហារនេះគឺជាការវាយប្រហារការពារខ្លួនទុកជាមុន៕