ប្រធានាធិបតី​ Erdogan ឈរមើល​ក្រុមអង្គរក្ស​វាយតប់​ក្រុម​បាតុករ

រូបឯកសារ៖ ប្រធានា​ធិបតី​តួកគី Recep Tayyip Erdogan។

សមាជិក​ព្រឹទ្ធសភា​ លោក​ស្រី​ Dianne Feinstein និង​លោក​ John McCain ​បាន​សរសេរ​ក្នុង​លិខិត​របស់​លោក​ផ្ញើ​ជូន​លោកប្រធានាធិបតី​ Erdogan ថា៖ ​«ការឆ្លើយ​តប​បែប​ហិង្សា​របស់​ក្រុម​សន្តិសុខ​របស់​លោក​ទៅកាន់​ក្រុមបាតុករ​អហិង្សា​ គឺ​មិន​អាច​ទទួល​យក​បាន​ទាល់​តែសោះ‍»។

ក្រុម​មន្រ្តី​ និង​អ្នក​តំណាងរាស្រ្ត​ស.រ.អា មានការ​ខឹង​សម្បា​នៅពេល​ដែលក្រុម​អង្គរក្សលោក​ប្រធានា​ធិបតី​តួកគី Recep Tayyip Erdogan បាន​វាយដំ​ និង​វាយតប់​ក្រុមបាតុករ​អហិង្សា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​ខណៈ​ពេលដែល​ប្រមុខដឹកនាំ​របស់​ពួកគេ​សំឡឹង​មើល​ហេតុការណ៍​នេះ។ ប៉ុន្តែ​នៅ​ប្រទេស​តួកគី​វិញ​ វិធីសាស្រ្ត​ដ៏តឹងរ៉ឹង​បែប​នេះ​ ត្រូវ​បាន​ទទួល​ការស្វាគមន៍​ពី​អ្នក​គាំទ្រ​បែប​ជាតិ​និយម​ជាច្រើន​របស់​លោក​ប្រធានាធិបតី។

ការ​ប៉ះទង្គិច​គ្នានេះ​ កើតឡើង​នៅថ្ងៃទី១៦​ ខែឧសភា​ ខណៈពេល​ដែលក្បួន​រថយន្ត​លោក​ប្រធានាធិបតី​ Erdogan ឈប់​នៅខាង​មុខ​និវេសនដ្ឋាន​អគ្គរដ្ឋទូត​តួកគី​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន ក្រោយ​ពីត្រឡប់​មកពី​ជួបប្រជុំ​ជាមួយ​លោក​ប្រធានាធិបតី​ Donald Trump​នៅ​សេតវិមាន។ លោក​ប្រធានាធិបតី​ Erdogan ​បាន​ចេញ​ពីរថយន្តរបស់​លោក​ ឈរ​មើល​ក្រុមអង្គរក្ស​ និង​ក្រុម​អ្នកគាំ​ទ្រ​របស់​លោកផ្តើម​វាយតប់​ និងទាត់ធាក់​ក្រុមបាតុករ​ ដែល​ភាគច្រើន​ជា​ជនជាតិ Kurd។ មានមនុស្ស​១១នាក់​បានរងរបួស​ក្នុងហេតុការណ៍​នេះ។

ពីរថ្ងៃ​បន្ទាប់​ សមាជិក​ព្រឹទ្ធសភា​ស.រ.អា.​ ពីររូប​បានធ្វើការ​ប្រឆាំង​តវ៉ា​នឹង​លោក​ប្រធានាធិបតី​ Erdogan ​លើ​ករណី​អាកប្បកិរិយា​នៃ​ក្រុមអង្គរក្ស​របស់​លោក។

សមាជិក​ព្រឹទ្ធសភា​ លោក​ស្រី​ Dianne Feinstein និង​លោក​ John McCain ​បាន​សរសេរ​ក្នុង​លិខិត​របស់​លោក​ផ្ញើ​ជូន​លោកប្រធានាធិបតី​ Erdogan ថា៖ ​«ការឆ្លើយ​តប​បែប​ហិង្សា​របស់​ក្រុម​សន្តិសុខ​របស់​លោក​ទៅកាន់​ក្រុមបាតុករ​អហិង្សា​ គឺ​មិន​អាច​ទទួល​យក​បាន​ទាល់​តែសោះ‍»។

ការវាយតប់​ពី​សំណាក់​ក្រុម​អង្គរក្ស​លោក​ប្រធានាធិបតី​តួកគី Recep Tayyip Erdogan ទៅ​លើ់​ក្រុម​បាតុករ​ ​ខណៈ​ពេល​លោក​ប្រធានាធិបតី​ឈប់​នៅខាង​មុខ​និវេសនដ្ឋាន​អគ្គរដ្ឋទូត​តួកគី​ក្នុងរដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី១៦​ ខែឧសភា​ ឆ្នាំ​២០១៧។

សមាជិក​ព្រឹទ្ធសភា​ទាំងពីរ​បន្ថែម​ថា ​ហេតុការណ៍​នេះ​ឆ្លុះ​បញ្ចាំង​ពី​ទង្វើ​រដ្ឋាភិបាល​តួកគី​ដែល​ប្រព្រឹត្ត​មកលើ​អ្នកសារព័ត៌មាន​ ក្រុម​ជនជាតិ​ភាគតិច ​និង​គូបដិបក្ខ​នយោបាយ។

ខណៈ​ពេលដែល​ក្រុមជនជាតិ​ តួកគី​សម្តែង​ការ​មិនយល់ស្រប​នឹង​ការប្រើប្រាស់​កម្លាំងក្នុង​ការវាយ​បំបែក​បាតុកម្ម​អហិង្សា​នេះ ​ក្រុម​នេះ​បាន​ហៅ​ទង្វើ​នេះ​ជាការធ្វើ​ឱ្យ​អាប់​កិត្តិយស​ប្រទេស​ជាតិ​ក្នុង​ឆាក​អន្តរជាតិ​និង​ជា​ការរំលោភ​បំពាន​លើ​សេរីភាព​នៃ​ការបញ្ចេញ​មតិ ​ក៏​ប៉ុន្តែ​សម្រាប់​ក្រុមអ្នក​គាំទ្រ​ការដឹកនាំ​បែប​កាន់​តែ​ផ្តាច់​ការ​ឡើងៗ​របស់​លោក​ប្រធានាធិបតី Erdogan​ គិត​ថា​ទង្វើ​នេះ​ជាការ​សមហេតុ​ផល។

ក្រុម​បាតុករ​តវ៉ា​សមនឹង​ត្រូវគេវាយ​តប់អញ្ចឹង​

លោក​ Atakan ​ដែល​ជាអ្នកបើក​បរ​រថយន្ត​តាក់ស៊ី ​មកពី​ទីក្រុង​ Erzurum បាន​ប្រាប់​ VOA ថា​ ៖ «ក្រុម​ភេរវករ​ទាំងនោះ​ សម​នឹង​ត្រូវគេ​វាយតប់​ហើយ។ ពួកគេ​មិនគួរ​ធ្វើបាតុកម្ម​តវ៉ា​នឹង​លោក​ប្រធានាធិបតី​របស់​យើង​ទេ។ ពួកគេ​បាន​ទទួល​រួច​ហើយ​នូវ​អ្វី​ដែលគេ​បាន​ស្នើសុំ‍»។

លោក​ Yusuf Kanli ជា​អ្នកសរសេរ​កាសែត​ និង​ជាអ្នកវិភាគ​នយោបាយ​ បាន​និយាយ​ថា​ មិនថា​អ្នកដទៃ​មើលពីខាង​ក្រៅថា​ប្រទេស​តួកគី​អាក្រក់​ប៉ុណ្ណា​ទេ ហេតុការណ៍​នេះ គឺបង្ហាញ​ពីមុខមាត់​ពិត​នៃ​លោក​ប្រធានាធិបតី​ Erdogan។

លោក​ Kanli បាន​បន្តថា​៖ «ខ្ញុំជឿថា​ លោក​ប្រធានាធិបតី​ Erdogan ​ទាញផល​ចំណេញ​ពី​ការវាយតប់​នេះ​សម្រាប់​នយោបាយ​ផ្ទៃក្នុង ​និង​ដើម្បី​ពង្រឹង​ក្រុមអ្នក​បោះឆ្នោត​របស់​លោក​ និង​ក៏​ដើម្បី​ទាញ​យក​អ្នកជាតិ​និយម​មកចូល​គណបក្ស​របស់​លោក​ឲ្យ​បាន​កាន់​តែ​ច្រើន​ឡើង។ ប្រសិន​បើ​អ្នក​ជា​ពលរដ្ឋ​ដែល​ប្រឆាំង​លោក​ប្រធានាធិបតី​Erdogan ក្នុង​ប្រទេស​តួកគី​ អ្នក​នឹង​គិត​អំពី​ភាព​ស៊ីវិល័យ​របស់​ពិភពលោក​ និង​មិន​យល់​ស្របនឹង​ការវាយតប់​លើបុគ្គល​ដែលមាន​គំនិតផ្ទុយ​ពីអ្នកឡើយ។ ប៉ុន្តែ​ប្រសិនបើ​អ្នកជា​ពលរដ្ឋ​ដែលគាំ​ទ្រលោក​ប្រធានាធិបតី​ Erdogan អ្នក​នឹង​សាទរ​នៅពេល​ដែល​មនុស្ស​ដែល​មាន​គំនិត​ផ្ទុយ​ពីអ្នកត្រូវ​បានគេ​វាយតប់‍»។

លោក​ប្រធានាធិបតី​ Erdogan បាន​ប្រឹងប្រែង​រក្សាគ្រឹះ​អំណាច​របស់ខ្លួន​ ជាពិសេស​ចាប់តាំង​ពី​ការប៉ុនប៉ង​ធ្វើរដ្ឋ​ប្រហារ​កាល​ពីឆ្នាំមុន។ លោក​បានបង្ក្រាប​យ៉ាងធ្ងន់ធ្ងរ​លើក្រុមអ្នក​រិះគន់​រដ្ឋា​ភិបាល ​ចាប់​ក្រុម​អ្នកសារព័ត៌​មាន​ និង​ក្រុមមេដឹក​នាំ​និង​សមាជិក​សភា​មកពី​គណបក្ស ​PKK ​ដាក់ពន្ធនាគារ​ពីបទ​ភេរវកម្ម។ ​គណបក្ស PKK​ នេះជា​គណបក្ស​ជនជាតិ​ Kurd និង​ជាក្រុមអ្នក​ប្រឆាំងធំទី២​នៅក្នុង​រដ្ឋសភា។

ការ​បែកបាក់​ផ្នែកនយោបាយ​កាន់តែខ្លាំង​ឡើង

លទ្ធផល​បង្ហាញ​ពី​ការបែកបាក់​ផ្នែក​នយោបាយ​កាន់តែខ្លាំង​ឡើង​ក្នុង​ប្រទេស​ ស្តែង​ឡើង​តាម​រយៈ​លទ្ធផល​នៃ​ការធ្វើ​ប្រជាមតិ​កាល​ពីខែមុន​ដែលត្រូវបាន​យល់ព្រម​ក្នុង​លក្ខណៈ​តូចចង្អៀត​ និង​រឹតតែផ្តល់​អំណាច​ថែម​ទៀត​ដល់លោក​ប្រធានាធិបតី​ Erdogan។

លោក​ Orkan ដែល​ជាវិស្វករ​មកពីទីក្រុង​អ៊ីស្តង់ប៊ូល​បាន​ប្រាប់ VOAថា៖ «ប្រជាជន​ដែលគាំទ្រ​លោក​ប្រធានាធិបតី​ Erdogan ​យល់ព្រម​នឹងការប្រើប្រាស់​កម្លាំងបែប​នោះ។ ដូច្នេះ​ ជាចុង​ក្រោយ​ ការបែក​បាក់​ជាតិ​ដ៏​ផុយស្រួយ​ក្នុងប្រទេសនេះ​រឹតតែ​ធ្ងន់ធ្ងរឡើង​ៗ‍»។

ការប៉ះ​ទង្គិច​ស្រដៀងគ្នា​នេះ​រវាង​ក្រុមមនុស្ស​របស់​លោកប្រធានាធិបតី​ Erdogan ​និង​ក្រុមបាតុករ​តវ៉ា​ ក៏បាន​ផ្ទុះឡើងកាល​ពីឆ្នាំមុន​ ខណៈពេល​ដែល​លោក​បំពេញ​ទស្សន​កិច្ចនៅទី​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​នុយក្លែរអ៊ែរ។

លោក​ Ilhan Tanir ​ជា​អ្នក​កាសែត​មិនចំណុះ​ឱ្យ​អង្គភាព​សារព័ត៌មាន​ណា ​និង​ជាអ្នកវិភាគ​ បាន​និយាយ​ថា​៖ «ប្រជាជន​តួកគី​ដែល​គាំទ្រ​គណបក្ស​ AK ​របស់​លោក​ប្រធានាធិបតី​ Erdogan យល់​ឃើញ​ថា​ ហេតុការណ៍​បែបនេះ​ គឺជា​រឿង​សមហេតុ​ សមផល។ កាសែត​ដែលគាំ​ទ្ររដ្ឋាភិបាល​ និង​ក្រុម​ស្មេរ​ បាន​បង្ហាញ​ការគាំទ្រ​លើ​ហេតុការណ៍​នេះ។ ពួកគេ​បាននិយាយ​ថា ពួកគេ​បានបង្រៀន​ក្រុមភេវករ​ PKK អំពី​មេរៀន​ដ៏សំខាន់​មួយ‍»។

លោក​ Tanir បាន​និយាយថា​៖ «ក្រុម​អង្គរក្ស​លោក​ប្រធានាធិបតី​ Erdogan ធ្វើឲ្យ​ខ្ញុំនឹកឃើញ​ដល់​ក្រុម​អង្គរក្ស​លោក​ប្រធានាធិបតី​ Muammar Gaddafi។ ពួកគេ​ចូលចិត្ត​ការវាយ​តប់​ដូចគ្នា។ ប៉ុន្តែ​សម្រាប់​ក្រុមអង្គរក្ស​លោក​ប្រធានាធិបតី​ Erdogan អំពើ​ហិង្សាសឹង​នឹងក្លាយ​ជាទម្លាប់​ទៅហើយ‍»។

ប្រែ​សម្រួលដោយ​ កោះ​ សុគន្ធី