លោក Erdogan ៖ ​កិច្ច​ចរចា​ជាមួយ​​រុស្សី​ជា​ទី​មិនពេញ​ចិត្ត ហើយ​ការ​វាយលុក​របស់តួកគី ​«ប្រាកដ​ជា​នឹង​កើត​មាននៅ​ពេល​ណាមួយ»

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅសភា ក្នុងក្រុងអង់ការ៉ា ប្រទេសតួកគី កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានព្រមានថា​ កិច្ច​ប្រតិបត្តិការ​យោ​ធាមួយ​នៅក្នុង​តំបន់ Idlib នា​ផ្នែក​ពាយ័ព្យ​នៃប្រទេស​ស៊ីរី «ប្រាកដ​ជា​នឹងកើត​មាន​នៅ​ពេលណា​មួយ» ប្រសិន​បើ​កងកម្លាំងរបស់​ប្រធានាធិបតី Bashar al-Assad ខក​ខាន​មិនបានដក​ថយ​ពី​ខាងក្រោយ​ទី​តាំង​យោធាតួកគី។ ហើយ​ការណ៍​នេះនាំឲ្យមានការរិះគន់​ពីរដ្ឋាភិបាលក្រុង​ម៉ូស្គូ។​

ការវាយលុក​ដោយ​កង​ទ័ពរដ្ឋាភិបាល​ស៊ីរីដែល​គាំទ្រ​ដោយ​កង​យន្តហោះ​ចម្បាំង​រុស្សីបានបណ្តាល​ឱ្យមានក្រុមជន​ភៀសខ្លួន​ច្រើន​បំផុត​ក្នុង​សង្គ្រាម​នេះដែលមានរយៈពេល៩ឆ្នាំ​មកហើយ។

លោក​ Erdogan បាននិយាយ​ប្រាប់សមាជិក​សភា​នៃគណបក្ស​ AK គ្រប់គ្រង​ប្រទេស​របស់លោក​កាលពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈថា​ កិច្ច​ចរចា​ជាមួយ​រុស្សី​ដែលជា​អ្នកគាំទ្រ​ខ្លាំងជាងគេ​ដល់​របបគ្រប់គ្រង Assad មិន​បានសម្រេច​តាមការ​ទាមទាររបស់​រដ្ឋាភិបាលក្រុង​ Ankara ទេ។

ប្រធានាធិបតីតួកគីរូបនេះ​បាន​និយាយ​ថា​ ប្រទេសតួកគីដែល​គាំទ្រពួកឧទ្ទាមដែល​ចង់​ដកលោក Assad ពីអំណាច បានប្តេជ្ញាធ្វើតំបន់ Idlib ជា​តំបន់​មានសន្តិសុខ​មួយ «ទោះណាជា​អស់សោហ៊ុយ​ប៉ុន្មាន​ក៏​ដោយ» ហើយ​ទោះណាជា​តួកគីបន្ត​ការ​សន្ទនា​ជាមួយ​រុស្សី​ក៏​ដោយ។

លោក​ Erdogan បានថ្លែង​ថា «ប្រទេសតួកគីបានធ្វើការ​ប្រុងប្រៀប​រួចស្រេច​ហើយ​សម្រាប់ការអនុវត្តន៍​ផែនការ​ខ្លួន​នៅ Idlib ដូចដែល​យើង​បានធ្វើជាមួយ​កិច្ច​ប្រតិបត្តិការ​កាលពីពេលមុនៗដែរ។ និយាយ​ដោយ​ត្រង់ទៅ​ កិច្ច​ប្រតិបត្តិការ​នៅ Idlib ប្រាកដ​ជា​នឹងមានធ្វើនៅ​ពេលណា​មួយ​ជា​មិន​ខាង។ តួកគីមិនបន្សល់ទុកតំបន់ Idlib ឱ្យ​របបគ្រប់គ្រង Assad ទេ។ យើងកំពុង​រាប់លេខ​បញ្ច្រាស់​ យើង​ធ្វើ​ការ​ព្រមានចុងក្រោយរបស់យើង​ហើយ»។

ជា​ប្រតិកម្មនឹង​សេចក្តី​ថ្លែង​របស់លោក​ Erdogan លោក Dmitry Peskov អ្នកនាំ​ពាក្យ​វិមានក្រឹមឡាំង​បាននិយាយ​ប្រាប់ក្រុមអ្នកកាសែត​ថា ​រដ្ឋាភិបាលក្រុងម៉ូស្គូ​ជំទាស់​យ៉ាងខ្លាំង​ដល់កិច្ច​ប្រតិបត្តិការ​មួយ​បែបនេះ ក៏​ប៉ុន្តែថា​ ប្រទេស​រុស្សីនិង​រដ្ឋាភិបាល​ក្រុង​ Ankara នៅ​តែ​ទាក់ទង​គ្នា​ដើម្បី​ខិត​ខំព្យាយាមបញ្ចៀស​កុំឱ្យភាព​តានតឹង​នៅ Idlib ធ្ងន់ធ្ងរ​ថែមទៀត៕