ប្រធានាធិបតី​តួកគី​៖ តួកគី​បាន​សម្លាប់ពួក​រដ្ឋឥស្លាម ៣.០០០នាក់​

ប្រធានាធិបតី​តួកគី​ លោក​ រ៉េស៊ីប​ តៃយ៉ីប ​អ័រដូហ្គាន់ ​(Recep ​Tayyip Erdogan)​ និយាយថា​ កងកម្លាំង​តួកគីបាន​សម្លាប់​ក្រុម​ជីវពល​រដ្ឋឥស្លាម​ប្រមាណ ៣.០០០​ នាក់​។

ទីភ្នាក់ងារ​ព័ត៌មាន​ AP ​បាន​រាយការណ៍​ពីក្រុង​អង់ការ៉ា​ ប្រទេស​តួកគី​ មកថា ​ប្រធានាធិបតី​តួកគី​ លោក​ រ៉េស៊ីប​ តៃយ៉ីប ​អ័រដូហ្គាន់ ​(Recep ​Tayyip Erdogan)​ និយាយថា​ កងកម្លាំង​តួកគីបាន​សម្លាប់​ក្រុម​ជីវពល​រដ្ឋឥស្លាម​ប្រមាណ ៣.០០០​ នាក់​ក្នុងប្រទេស​ស៊ីរី ​និងប្រទេស​អ៊ីរ៉ាក់​ ហើយបាន​បញ្ជាក់ថា​ គ្មាន​ប្រទេស​ណា​មួយ​មានកិច្ច​ប្រឹងប្រែង​ប្រឆាំងនឹង​ក្រុម​រដ្ឋឥស្លាម​នេះដូចជា​ប្រទេស​តួកគី​ទេ។

ក្នុង​សុន្ទរក​ថាមួយ​ទៅកាន់​ក្រុម​មេបញ្ជាការ​យោធា​ក្នុងប្រជាជាតិ​បាល់កង់​នៅថ្ងៃ​ពុធ នេះ ​លោក​ Erdogan​ បាន​បដិសេធ​ការចោទ​ប្រកាន់​ពីប្រទេស​នានាថា​ តួកគីគាំទ្រ​ក្រុម​រដ្ឋឥស្លាម​គឺជា​ រឿងថោក​ទាប។

លោកបាន​ថ្លែងថា ​«មានប្រទេស​ទាំងនោះ​ធ្វើ​អំពើ​ថោកទាប​ ដោយ​បង្ហាញ​ថា តួកគី​ជាប្រទេស​ដែលជួយ​ក្រុម​រដ្ឋ​ឥស្លាម។ ​គ្មាន​ប្រទេសណា​ក្នុង​ពិភពលោក​បាន​ព្យាយាម​ប្រយុទ្ធ​នឹង​ក្រុមនេះ​ដូចជា​យើង​កំពុងធ្វើ​ទេ‍»។

ក្នុងកិច្ច​ប្រជុំ​មុនៗ​មេបញ្ជាការ​យោធា​តួកគី​បានបង្ហាញ​តួលខក្រុម​រដ្ឋឥស្លាម ​តែ​១.៣០០ នាក់ប៉ុណ្ណោះ​ ដែលត្រូវ​បាន​សម្លាប់។​ មន្ត្រី​របស់លោក​ Erdogan​ មិនអាច​ទាក់ទង​បាន ដើម្បីបំភ្លឺ​ពី​តួលេខ​ខុសគ្នា​នេះទេ៕