ការតាំងចិត្តរបស់លោក Recep Tayyip Erdogan ប្រធានាធិបតីតួកគី ដើម្បីផ្លាស់ប្តូរប្រព័ន្ធសភារបស់តួកគីឲ្យក្លាយទៅជានីតិប្រតិបត្តិតាមរបបប្រធានាធិបតី កំពុងរងការរិះគន់ចំពោះបរាជ័យនៃការពិភាក្សាដើម្បីបង្កើតរដ្ឋធម្មនុញ្ញថ្មីមួយ។ លោកប្រធានាធិបតី Erdogan បានធ្វើដំណើរជុំវិញប្រទេសដើម្បីផ្សព្វផ្សាយពីនីតិប្រតិបត្តិតាមរបបប្រធានាធិបតីរួចទៅហើយ ប៉ុន្តែការខ្វះការគាំទ្រពីសភានឹងអាចធ្វើឲ្យមានការបោះឆ្នោតមុនអាណត្តិ។
ការដួលរលំនៃគណៈកម្មាការរដ្ឋធម្មនុញ្ញតាមសភាដែលមានគណបក្សចំនួនពីរបន្ទាប់ពីកិច្ចប្រជុំលើកទី៣របស់ខ្លួន ក្នុងការចោទប្រកាន់គ្នាទៅវិញទៅមក មានន័យថា គណបក្សកាន់អំណាចរបស់លោកប្រធានាធិបតី Erdogan នៅតែខ្វះសំឡេង៣ភាគ៥ដែលជាសំឡេងក្នុងសភាចាំបាច់ដើម្បីអនុម័តរដ្ឋធម្មនុញ្ញថ្មី ដែលនឹងត្រូវធ្វើសច្ចាប័នតាមរយៈការធ្វើប្រជាមតិ។
លោក Kadri Gursel អ្នកសរសេរព័ត៌មាននយោបាយរបស់គេហទំព័រ al-Monitor និយាយថា លោកប្រធានាធិបតីអាចនឹងត្រូវរៀបចំការបោះឆ្នោតមុនពេលកំណត់។
«ប្រសិនបើគាត់ [លោកប្រធានាធិបតី] មិនអាចស្វែងរកសមាជិកគណបក្សប្រឆាំងចំនួន២០នាក់នៅក្នុងសភាដើម្បីគាំទ្រសេចក្តីព្រាងរដ្ឋធម្មនុញ្ញសម្រាប់ការដឹកនាំតាមរបបប្រធានាធិបតីនោះទេ គាត់នឹងនាំប្រទេសឲ្យមានការបោះឆ្នោតភ្លាមៗ ដោយធ្វើការចោទប្រកាន់គណបក្សប្រឆាំងថាបានបិទផ្លូវរបស់តួកគី និងគឺដើម្បីរារាំងតួកគីក្នុងការដោះស្រាយនូវតម្រូវការចាំបាច់នានា»។
លោកប្រធានាធិបតីErdogan បានចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេសរួចទៅហើយ។ យុទ្ធនាការនេះទទួលបានការគាំទ្រពីអង្គការក្រៅរដ្ឋាភិបាលជាច្រើន ដែលបានអំពាវនាវឲ្យប្រើប្រាស់របបប្រធានាធិបតីជំនួសរបបសភានាពេលបច្ចុប្បន្ន នៅក្រោមរដ្ឋធម្មនុញ្ញឆ្នាំ១៩៨២ ដែលតាក់តែងដោយមេដឹកនាំយោធារបស់តួកគី។
លោកប្រធានាធិបតី Erdogan បានបញ្ជាក់ថា ដើម្បីឲ្យតួកគីមានកំណើនសេដ្ឋកិច្ចលឿន របបប្រធានាធិបតីថ្មីមិនគួរត្រូវបានរារាំងដោយប្រព័ន្ធត្រួតពិនិត្យច្រើន (check and balance) នោះទេ។ អ្នករិះគន់និយាយថា ប្រព័ន្ធថ្មីនោះអាចនឹងជារបបផ្តាច់ការ ប៉ុន្តែដោយតួកគីប្រឈមនឹងការប្រយុទ្ធជាមួយនឹងក្រុមឧទ្ទាម Kurd ថ្មីៗនេះ បូករួមទាំងសង្រ្គាមស៊ីវិលស៊ីរីនៅតាមបណ្តោយព្រំដែនផង លោក Gursel និយាយថា លោកប្រធានាធិបតី និងអ្នកគាំទ្ររបស់លោកស្ថិតក្នុងជំហរដ៏រឹងមាំ។
«ជាឧទាហរណ៍ យើងឃើញមានកាសែតដែលគាំទ្រលោកប្រធានាធិបតីខ្លាំង ដោយបានដាក់ចំណងជើងកាសែតថា «របបប្រធានាធិបតី ឬភាពវឹកវរ»។ ឥឡូវនេះ ជាមួយនឹងអំណាចលើប្រព័ន្ធផ្សព្វផ្សាយរបស់លោក ភាពពេញចិត្តលើឥរិយាបថរបស់លោក សមត្ថភាពដឹកនាំរបស់លោក លោកនឹងព្យាយាមបង្កើតការយល់ឃើញមួយ។ ប្រសិនបើមិនមានរបបប្រធានាធិបតីដែលផ្តួចផ្តើមដោយលោកប្រធានាធិបតីនោះទេ ប្រទេសតួកគីនឹងជួបគ្រោះមហន្តរាយ»។
ដោយមានការទទូចរបស់លោក Erdogan ដែលថាប្រទេសនេះត្រូវការជាចាំបាច់នូវកំណែទម្រង់រដ្ឋធម្មនុញ្ញមួយ មានមតិជាច្រើនបានលើកឡើងថា ការបោះឆ្នោតជាសកលអាចនឹងធ្វើកាន់តែឆាប់នៅដើមឆ្នាំនេះ។ ប៉ុន្តែ លោក Atilla Yesilada ដែលជាទីប្រឹក្សាផ្នែកនយោបាយរបស់ក្រុមហ៊ុន Global Source Partners និយាយថា ខណៈដែលលោកប្រធានាធិបតីនៅតែជាតួអង្គនយោបាយដ៏សំខាន់ លោកនឹងលេងល្បែងដ៏ធំមួយ ប្រសិនបើលោកទៅបោះឆ្នោតជាលើកទី៣ ក្នុងរយៈពេល២ឆ្នាំ។
«ពេលមានបញ្ហា មនុស្សម្នាតែងតែចង់បានភាពជាអ្នកដឹកនាំល្អ ប៉ុន្តែ វាអាចដល់ចំណុចមួយដែលបញ្ហាហ្នឹងអូសបន្លាយយូរពេក ហើយមនុស្សម្នាចាប់ផ្តើមឆ្ងល់ពីភាពជាអ្នកដឹកនាំល្អនោះជាមិនខាន។ ប្រសិនបើលោក Erdogan ជ្រើសរើសការបោះឆ្នោតមុនអាណត្តិលើកនេះ លោកអាចនឹងត្រូវបានគេដាក់ទណ្ឌកម្ម ដោយសារតែបញ្ហាសេដ្ឋកិច្ចទន់ខ្សោយ ព្រមទាំងភាពតានតឹង និងអំពើហិង្សាដែលមិនចេះចប់ចេះហើយនៅក្នុងប្រទេសមួយនេះ។ បើសិនជាការបោះឆ្នោតមានឯករាជ្យ មនុស្សជាច្រើននឹងមិនជ្រើសយករបបប្រធានាធិបតីនោះទេ»។
មានការប្រកែកគ្នាជាច្រើនលើកក្នុងគណបក្សរបស់លោក Erdogan អំពីរបបប្រធានាធិបតីដែលមានអំណាចនីតិប្រតិបត្តិ។ ប៉ុន្តែដោយលោក Erdogan មានការគ្រប់គ្រងតឹងរឹងលើគណបក្សលោក និងមានការគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយភាគច្រើន អ្នកឃ្លាំមើលស្ថានការណ៍ជាច្រើននិយាយថា លោកនៅតែអាចសម្រេចគោលបំណងរបស់លោក៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ