សកម្មជនបរិស្ថាន និងតំណាងសហគមន៍នានាបានយកទិវាបរិស្ថានពិភពលោកថ្ងៃទី៥ ខែមិថុនា ដើម្បីអំពាវនាវសុំឲ្យផ្អាកដំណើរការទាំងឡាយទាក់ទងនឹងគម្រោងទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) នៅប្រទេសឡាវដែលជាប់ព្រំដែនប្រទេសកម្ពុជា។
ក្រុមយុវជន ដែលធ្វើការងារលើបញ្ហាបរិស្ថានបានជួបជុំគ្នាជិះកង់មកមុខវិមានរដ្ឋសភា កាលពីថ្ងៃសុក្រ ក្នុងគោលបំណងសុំរដ្ឋសភាកម្ពុជាធ្វើសំណើជាផ្លូវការ ទៅកាន់រដ្ឋសភានៃប្រទេសឡាវ ឲ្យពន្យារពេលចុះកិច្ចសន្យាក្នុងការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ជាមួយនឹងក្រុមហ៊ុន មេហ្គាហ្វឺស Mega First Corporation Bhd (MFCB) រហូតដល់ផលប៉ះពាល់ឆ្លងដែនទាំងឡាយត្រូវបានរាប់បញ្ចូល នៅក្នុងដំណើរការគម្រោងទំនប់នេះ។
លោក តិក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិការអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានបញ្ជាក់ថា ការទាមទាររបស់យុវជនស្របនឹងអ្វីដែលអង្គការសង្គមស៊ីវិលធ្លាប់ធ្វើការតស៊ូមតិកន្លងមកដែរ៖
«យើងបានជួបពិភាក្សាជាមួយរដ្ឋសភាពីរដងស្នើរដ្ឋសភាតាមរយៈយន្តការរដ្ឋសភាគឺស្នើឱ្យរដ្ឋសភាកម្ពុជាសរសេរលិខិតជាផ្លូវការទៅកាន់រដ្ឋសភាឡាវ ទៅកាន់រដ្ឋសភាវៀតណាម ទៅកាន់រដ្ឋសភានៃប្រទេសម៉ាឡេស៊ី ដើម្បីជម្រាបអំពីសេចក្តីព្រួយបារម្ភរបស់ប្រជាជនកម្ពុជាក៏ដូចជាប្រជាជននៅក្នុងអាងទន្លេមេគង្គ ដែលមានការព្រួយបារម្ភចំពោះការអភិវឌ្ឍន៍ទំនប់ដនសាហុង ធ្វើឱ្យមានផលប៉ះពាល់ទៅលើធនធានជលផល សត្វផ្សោត ប្រព័ន្ធជីវចម្រុះ ហើយនឹងជីវិត និងជីវភាពប្រជាជនដែលពឹងអាស្រ័យរាប់លាននាក់»។
រដ្ឋាភិបាលឡាវបានសម្រេចសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ដែលមានកម្រិត ២៦០ម៉េហ្គាវ៉ាត់នេះស្ថិតនៅចម្ងាយជាងមួយគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសកម្ពុជា។ វាគឺជាទំនប់វារីអគ្គិសនីដែលកៀកនឹងប្រទេសកម្ពុជាបំផុត ដែលនាំឱ្យមានការជំទាស់យ៉ាងខ្លាំងពីភាគីកម្ពុជា ថៃ វៀតណាម និងអង្គការបរិស្ថានអន្តរជាតិដែលតំណាងឱ្យពលរដ្ឋដែលរស់នៅពឹងអាស្រ័យលើទន្លេមេគង្គ។
លោក ប៉ុល ហំម ប្រធានគណៈកម្មការទីបីដែលទទួលបន្ទុកផ្នែកបរិស្ថាន និងកសិកម្មបានបញ្ជាក់ថា ខាងគណៈកម្មការបានចុះទៅដល់មូលដ្ឋាន ហើយស្តាប់មតិរបស់ពលរដ្ឋនៅខេត្តអំពីផលប៉ះពាល់នៃទំនប់នេះ។
លោកបានបន្ថែមថា៖«ទំនប់វារីអគ្គិសនីដនសាហុងនេះគឺគណៈកម្មការទីបីនៃរដ្ឋសភាសង្ឃឹមថា រាជរដ្ឋាភិបាលនឹងខំប្រឹងធ្វើហើយ ព្រោះបានឃើញខិតខំប្រឹងប្រែងធ្វើហើយ ហើយក៏យើងក៏ធ្វើរបាយការណ៍ជូនទៅសម្តេចប្រធានរដ្ឋសភាដើម្បី ឱ្យបញ្ជូនទៅរាជរដ្ឋាភិបាលដែរថាលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលហ្នឹងបន្តប្រឆាំងនឹងទំនប់វារីអគ្គិសនីដនសាហុង»។
កន្លងមកអង្គការក្រៅរដ្ឋាភិបាលធ្វើការលើផ្នែកបរិស្ថាននៅកម្ពុជាក៏ធ្លាប់បានចេញរបាយការណ៍ច្រើនមកហើយស្តីអំពីផលប៉ះពាល់នៃទំនប់វារី អគ្គិសនីដនសាហុង ដល់ធនធានត្រី និងធ្វើឲ្យមានវិនាសកម្មដល់ជីវចម្រុះ និងធ្វើឲ្យជីវិតរស់នៅរបស់សត្វផ្សោតដ៏កម្រនៅកម្ពុជាផងដែរ។ ដោយថាទំនប់មួយនេះនឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាពលរដ្ឋខ្មែរជាង៦លាននាក់ ដែលរស់នៅជុំវិញអាងទន្លេមេគង្គ និងទន្លេសាប។
លោក តិក វណ្ណារ៉ា នៃអង្គការ NGO Forumបានបន្ថែមថា ផលប៉ះពាល់មានទំហំធំនៅក្នុងតំបន់៖ «គោលជំហរអង្គការសង្គមស៊ីវិលចំណុចរួមគឺ យើងស្នើឱ្យបញ្ឈប់ទាក់ទងការអភិវឌ្ឍន៍ទំនប់ដនសាហុង ដោយសារយើងពិនិត្យមើលឃើញថា ផលប៉ះពាល់វាធំជាងផលចំណេញ ហើយផលចំណេញបានមកតែលើក្រុមហ៊ុនមិនបានមកលើប្រជាជន៦០លាន ដែលទទួលផលផ្ទាល់ពីទន្លេមេគង្គ ហើយនឹង៣០០លានដែលទទួលផលប្រយោលនោះទេ»។
ក្រុមហ៊ុន ម៉ាឡេស៊ី Mega First Corporation Bhd (MFCB) ជាអ្នកដែលទទួលបានសិទ្ធិសាងសង់ទំបន់ដនសាហុងនឹងធ្វើប្រតិបត្តិការលក់ឋាមពលអគ្គិសនី។
លោក Khoo Teng Keat នាយកប្រតិបត្តិក្រុមហ៊ុននេះបានប្រាប់បណ្តាញសារព័ត៌មានកាលពីចុងខែឧសភាថា ទំនប់នេះនឹងធ្វើរួចរាល់នៅពាក់កណ្តាលឆ្នាំ២០១៩ ហើយនឹងផ្តល់ចំណូលជាង១០០លានដុល្លារ។
អង្គការអន្តរជាតិបានទាមទារឱ្យក្រុមហ៊ុន Mega-First បង្ហាញនូវការទទួលខុសត្រូវដោយបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពសាងសង់ទាំងអស់ ហើយសិក្សាលើផលប៉ះពាល់ឱ្យបានទូលាយ វាយតម្លៃលើផលប៉ះពាល់ឆ្លងព្រំដែន និងពិភាក្សាជាមួយនឹងសហគមន៍ដែលរងផលប៉ះពាល់នៅបណ្តាប្រទេសផ្នែកខាងក្រោមនៃទន្លេមេគង្គ៕