អ្នក​ជំនាញ​បរិស្ថាន​ស្នើ​ឱ្យ​ប្រទេស​នានា​ពិចារណា​ឡើង​វិញ​ពី​ទំនប់​វារីអគ្គិសនី

រូបឯកសារ៖ បុរសម្នាក់​ដើរ​កាត់​ទឹកដែល​ជន់លិច​ផ្លូវ​នៅ​ក្នុង​ភូមិ​របស់​លោក នៅ​ក្នុង​ខេត្ត​អាតាពើ កាលពី​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពី​ការបាក់ទំនប់​សេពៀន សេណាំណយ។

លោក​សាស្ត្រាចារ្យ ​អៀន បឺដ ​ជឿថា ​ករណី​បាក់ទំនប់​សេពៀន សេណាំណយ នៅ​ខេត្ត ​អាតាពើ​ ​​ប្រទេស​ឡាវ​ នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ចំនួន​ពិចារណា​ឡើងវិញ​ពី​ការ​​ទប់​ទឹក​ទន្លេដើម្បី​ធ្វើ​ជា​ទំនប់​វារី​អគ្គិសនី​​ដែល​ប្រទេស​មួយ​ចំនួន​ហាក់​ដូច​ជា​មាន​មោទនភាព​នឹង​ការ​សាងសង់​សំណង់​មហា​សាល​នេះ។

អ្នក​ជំនាញ​បរិស្ថាន​បាន​ក្រើន​រំលឹក​ដល់ប្រទេស​នានាដែល​កំពុង​សាងសង់​ទំនប់វារី​អគ្គិសនី ឬមាន​គម្រោងសាងសង់​បន្ថែម​ឱ្យ​គិតគូរ​ពី​ផល​ប៉ះពាល់​ ដែល​កើតមានលើ​ពលរដ្ឋ​ ដោយ​កុំ​រង់ចាំ​មាន​គ្រោះ​មហន្តរាយ​ធ្ងន់ធ្ងរ ​ដូច​ការ​បាក់​ទំនប់ ​សេពៀន សេណាំណយ​ នៅ​ប្រទេស​ឡាវ​ កាល​ពីខែ​កក្កដា​ឆ្នាំ​មុន។​

លោក​សាស្រ្តាចារ្យ អៀន បឺដ (Ian Baird) ​នៃ​សាកលវិទ្យាល័យ​ Wisconsin-Madison ​បាន​ថ្លែងប្រាប់​ក្រុម​អ្នក​ចូលរួម​ស្តាប់​នៅ​ឯ​មជ្ឈមណ្ឌល​ ស្ទីមសុន (Stimson Center)​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ដើមខែ​មេសា​ ថា​ផល​ប៉ះពាល់​ដំណាក់​កាល​ដំបូង​ដែល​មាន​ការ​ជម្លៀស​ពលរដ្ឋ​ចេញពី​លំនៅដ្ឋាន​ និង​ការ​ប៉ះ​ពាល់លើ​ជីវភាព​រស់នៅ​របស់​ពួកគេ គឺ​ប្រៀប​ដូច​ជា​ «អំពើហិង្សា​យឺត‍‍ៗ‍» ដែល​ជាទូទៅ​មិន​ត្រូវ​បាន​គេ​យកចិត្ត​ទុកដាក់​ទេ ហើយ​ចាំ​ទាល់​តែ​មានការ​បាក់​ទំនប់​ដែល​ជា​គ្រោះ​មហន្តរាយ​ធំទើប​គេ​ប្រញ៉ាប់​ប្រញ៉ាល់​ដោះស្រាយ។

លោក​បន្ថែម​ថា៖​

«នេះ​គឺជា​ហេតុផល​ដែល​ខ្ញុំ​ប្រៀបធៀប​កម្រិត​នៃ​ការ​ចាប់​អារម្មណ៍​លើ​ព្រឹត្តិការណ៍​មហន្តរាយ​ទៅ​នឹង​កម្រិត​នៃ​ការ​ចាប់​អារម្មណ៍​លើ​ហិង្សា​យឺតៗ​ ដែល​ទំនប់​នេះ​បាន​បង្កឡើង​ជាយូរ​ឆ្នាំ​មក​ហើយ។ ខ្ញុំ​បាន​សរសេរ​ពី​បញ្ហា​នេះ​តាំង​ពី​ទសវត្សរ៍​ ១៩៩០ ប៉ុន្តែ​គ្មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ទេ។ ជា​រឿង​គួរ​ឱ្យ​ហួសចិត្ត​ នៅ​ពេល​ដែល​ទំនប់​នេះ​បាក់​ ស្រាប់​តែ​មនុស្ស​គ្រប់​គ្នា​យក​ចិត្ត​ទុក​ដាក់​នឹង​គម្រោង​នេះ ប៉ុន្តែ​មុននោះ​គឺ​គ្មាន​អ្នកណា​ចាប់​អារម្មណ៍​ទេ‍»។​

លោក​សាស្រ្តាចារ្យ អៀន បឺដ (Ian Baird) ​នៃ​សាកលវិទ្យាល័យ​ Wisconsin-Madison (ស្តាំ) ​បាន​ថ្លែងប្រាប់​កាន់អ្នក​ចូលរួម​ស្តាប់​នៅ​ឯ​មជ្ឈមណ្ឌល​ ស្ទីមសុន (Stimson Center) នៅរដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩។ (រូបថតដល់ស្រង់ពីវីដេអូ)

លោក​សាស្ត្រាចារ្យ ​អៀន បឺដ ​ជឿថា ​ករណី​បាក់ទំនប់​សេពៀន សេណាំណយ នៅ​ខេត្ត ​អាតាពើ​ ប្រទេស​ឡាវ​ នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​មួយ​ចំនួន​ពិចារណា​ឡើងវិញ​ពី​ការទប់​ទឹក​ទន្លេ ដើម្បី​ធ្វើ​ជា​ទំនប់​វារី​អគ្គិសនីដែល​ក្នុង​ពេល​កន្លងមក​មាន​ប្រទេស​មួយ​ចំនួន​ហាក់​ដូច​ជា​មាន​មោទនភាព​នឹង​ការ​សាងសង់​សំណង់​មហា​សាល​នេះ។

ការ​បាក់​ទំនប់​សេពៀន សេណាំណយ​ បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៤៩ នាក់​និង​បាន​បណ្តាល​ឱ្យពលរដ្ឋ​ជា​ច្រើន​ពាន់គ្រួសារនៅប្រទេស​ឡាវ​ និង​កម្ពុជា​ត្រូវ​ជម្លៀស​ចេញ​ពី​លំនៅដ្ឋាន។ នៅពេល​នេះ​ពលរដ្ឋ​ឡាវ​ជាច្រើន​បាន​ធ្លាក់​ក្នុង​ភាព​ក្រីក្រ មាន​បញ្ហា​សុខភាព​ផ្លូវ​កាយ​និង​ផ្លូវចិត្ត និង​កូនៗ​ពួកគេ​ត្រូវ​ឈប់​រៀន​ដោយ​សារ​កត្តា​ជីវភាពជាដើម។​ នេះ​បើ​តាម​សេចក្តីរាយការណ៍នានា។

នេះគឺ​ជា​ការ​បាក់​ទំនប់​ទីពីរ​ហើយ​ក្នុង​ប្រទេស​ឡាវ ​ក្នុង​រយៈពេល​តែមួយឆ្នាំ។ កាលពី​ខែ​កញ្ញា​ ឆ្នាំ​ ២០១៧ អាង​ទំនប់​វារី​អគ្គិសនី ​ណាមអៅ ក្នុង​ខេត្ត​ សៀង ខួង បាន​បាក់​ម្តង​ ប៉ុន្តែ​មិន​សូវ​មាន​ការ​ចាប់​អារម្មណ៍​ជា​អន្តរជាតិ​ ដោយសារតែ​កម្រិត​ទឹក​មាន​តែ​ប្រមាណ​ ៥០០.០០០ ​ម៉ែត្រ​គូប ដែល​ធ្វើ​ឡើង​សម្រាប់​បង្កើត​ថាមពល​អគ្គិសនី​តែ ១៥ មេហ្កាវ៉ាត់​ប៉ុណ្ណោះ។

លោក​សាស្ត្រាចារ្យ​ អៀន បឺដ ក៏​បាន​ស្តីបន្ទោស​ប្រទេស​នៅ​តំបន់​ទន្លេ​មេគង្គ​មួយចំនួន​ ដែល​មាន​ឡាវ​និង​កម្ពុជា​ជា​សមាជិក​ដែរ​នោះ​ ថា​ព្រងើយ​កន្តើយ​នឹង​ផល​ប៉ះពាល់​ទាំងនេះ​មក​លើ​ពលរដ្ឋ​ខ្លួន​ឯង ​ដោយសារ​តែ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​រៀងៗ​ខ្លួន។

លោក​បាន​បន្ថែម​ថា៖

«ដោយសារ​តែ​កម្ពុជា​រង​ផលប៉ះពាល់​ពី​គម្រោង​នេះ អ្នក​គិត​ថា​ ពួកគេ​នឹង​ស្នើសុំ​ឱ្យ​មាន​សំណង​ ប៉ុន្តែ​ពួកគេ​មិន​ទាមទារ​ទេ។ អ្វី​ដែល​កម្ពុជា​ស្នើសុំ​ គឺ​គ្រាន់តែ​ឱ្យ​មាន​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ឆ្លង​ព្រំដែន។ ខ្ញុំ​គិតថា​ ការណ៍​នេះ​គឺ​ដោយសារតែ​កម្ពុជា​មាន​ផែនការ​សាងសង់​ទំនប់​វារី​អគ្គិសនី​ផ្ទាល់​ខ្លួន​ដែរ។ ដូច្នេះ​បើសិន​ជា​ពួកគេ​ចាប់​ផ្តើម​តវ៉ា​ពី​ទំនប់​នៅ​ឡាវ​ គឺ​ឡាវ​ក៏​នឹង​តវ៉ា​ពី​ទំនប់​នៅ​កម្ពុជា​ដែរ។ ដូច្នេះ​វា​បាន​ក្លាយ​ទៅជា​ភាគ​បែង​រួម​តូចបំផុត​ ដែល​គ្មាន​អ្នកណា​ម្នាក់​ចង់​តវ៉ា ​ដោយ​ខ្លាច​ថា​អ្នក​ដទៃ​ក៏​នឹង​តវ៉ា​ដាក់​ខ្លួន​វិញ​ដែរ‍»។

ពលរដ្ឋ​កម្ពុជា​ជាង​ ២០០០ ​គ្រួសារ​ក្នុងឃុំ​មួយ​ចំនួន​នៃ​ខេត្ត​ស្ទឹងត្រែង​បាន​រង​ផលប៉ះពាល់ ​ហើយ​ត្រូវ​ជម្លៀស​ទៅ​ទី​ទួល​សុវត្ថិភាព ​ហើយ​ដំណាំ​របស់​ពួកគេ​ក៏​រង​ការ​ខូចខាត​ផងដែរ។ ប៉ុន្តែ​អាជ្ញាធរ​មូល​ដ្ឋាន​បាន​ចាត់​ទុក​ថា ​នោះ​គ្រាន់តែ​ជា​គ្រោះ​ទឹក​ជំនន់​ប្រចាំ​ឆ្នាំ​ធម្មតា​ប៉ុណ្ណោះ ដោយ​សារតែ​ហេតុផល​នេះ​ហើយទើបកម្ពុជា​មិន​បាន​សុំ​ឱ្យ​ភាគី​ឡាវ​ផ្តល់​សំណង​នោះ​ទេ។​

លោក​ ម៉ែន គុង អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង ​បាន​បញ្ជាក់​ប្រាប់ VOA ​ថា៖

«ដោយសារ​ត្រង់​ថា​ឥទ្ធិពល​មក ​វា​មិន​ធ្ងន់ធ្ងរ​ពេក​ដល់​ថ្នាក់​ប៉ះពាល់​ដល់អាយុ​ជីវិត​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ហ្នុង​ទេ ​ហើយ​ក៏​វាមិន​អូស​បន្លាយ​រយៈពេល​វែង​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ដែរ។ អីចឹង​ហើយ​ការ​ដោះស្រាយ​បញ្ហា​នេះ​គឺ​មាន​តែ​ការ​ដោះស្រាយ​អន្តរាគមន៍​ពី​មូលដ្ឋាន​ ហើយ​និង​កម្លាំង​សប្បុរសធម៌​ក្នុង​ប្រទេស‍»។

ប៉ុន្តែ​លោក​សាស្រ្តាចារ្យ ​អៀន បឺដ បាន​បញ្ជាក់​ថា​ ពលរដ្ឋ​កម្ពុជា​សម​នឹង​ទទួល​បាន​សំណង។ ​លោក​បាន​បញ្ជាក់​បន្ថែម​ប្រាប់ VOA នាពេល​បញ្ចប់​បទ​បង្ហាញ​ថា៖

«ខ្ញុំ​ពិតជា​គិត​ថា ​នេះ​គឺជា​បញ្ហា​បង្កឡើង​ដោយ​ក្រុមហ៊ុន​ឯកជន​នៅ​ប្រទេស​ឡាវ​ ដែល​មាន​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​លើ​ពលរដ្ឋ​កម្ពុជា​ ហើយ​ក្រុមហ៊ុន​នោះ​គួរតែ​ផ្តល់​សំណង។ រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​តំណាង​ឱ្យ​ពលរដ្ឋ​ទៅ​ទារ​សំណង​ពី​ក្រុមហ៊ុន​នោះ​ចំពោះ​ផល​ប៉ះពាល់​ទាំងឡាយ។ វា​ជា​រឿង​ត្រឹមត្រូវ​ ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​ធ្វើ​អីចឹង​ទេ‍»។​

ក្រុម​ការងារ​បរិស្ថាន​ Save the Mekong ​ក៏​ធ្លាប់​បាន​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​ដល់​ប្រទេស​កម្ពុជា​ចំពោះ​ការ​ធ្វេសប្រហែល​នេះ​ផងដែរ ដោយ​ពួក​គេ​ចាត់​ទុក​ថា​ វា​មិន​មែន​ជា​គ្រោះ​ធម្មជាតិ​ទេ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​បរិស្ថាន​អន្តរជាតិ​នេះ​កាលពី​ចុងខែ​កក្កដា​ឆ្នាំ​មុន។

ផ្ទុយទៅវិញ ក្នុង​កាយ​វិការ​មនុស្សធម៌​ប្រទេស​កម្ពុជា​បាន​ផ្តល់​ទឹកប្រាក់​ចំនួន ​១០ម៉ឺន ដុល្លារ ទៅ​រដ្ឋាភិបាល​ប្រទេស​ឡាវ​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដោយ​មហន្តរាយ​ទឹក​ជំនន់​បង្ក​ឡើង​ដោយ​ការបាក់​ទំនប់ សេពៀន សេណាំណយ ​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន​ក្នុង​ប្រទេស​កម្ពុជា។

ទំនប់​វារី​អគ្គិសនី ​សេពៀន សេណាំណយ​ ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​កូរ៉េ ​SK Engineering and Construction (SK E&C) ​និង​ក្រុមហ៊ុនKorea Western Power សហការ​ជាមួយ​នឹង​ក្រុមហ៊ុនថៃ Ratchaburi Electricity Generating Holding (RATCH) និង​ក្រុមហ៊ុន​ Lao Holding State Enterprise (LHSE) របស់​ឡាវ។ វា​ផ្តល់​ថាមពលអគ្គិសនី​ចំនួន​ ៤១០ ​មេហ្កាវ៉ាត់។

រូបឯកសារ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​លិចលង់ ដោយសារ​ទឹកទំនប់​វារីអគ្គិសនី​សេសានក្រោម២ ក្នុង​ខេត្តស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

ប្រទេស​កម្ពុជា​កំពុង​មាន​តម្រូវ​ការ​ភ្លើង​អគ្គិសនី​កើន​ឡើង​យ៉ាងខ្លាំង។ វារី​អគ្គិសនី​ផ្តល់ ៤៥ ​ភាគរយ​នៃថាមពល ហើយ​រដ្ឋាភិបាល​ជំរុញ​ឱ្យ​មាន​ការ​សាងសង់​ទំនប់​បន្ថែម​ទៀត​ដើម្បី​បំពេញ​តម្រូវការ។

កម្ពុជា​បាន​សម្ពោធ​បើក​ស្ថានីយ៍​វារី​អគ្គិសនី​សេសានក្រោម​២ ​ដែលមាន​កម្លាំង​ ៤០០ មេហ្កាវ៉ាត់​កាលពី​ចុងឆ្នាំ​ ២០១៨ ​ហើយ​ក៏គ្រោង​នឹង​សាងសង់​ទំនប់​វារីអគ្គិសនី​សំបូរ​ដ៏ធំ​មហាសាលមួយ​ទៀត​ពី​លើ​អាង​ទន្លេ​មេគង្គនៅខេត្ត​ក្រចេះ ​ដែល​មាន​ថាមពល​ចំនួន​ ២៦០០ ​មេហ្កាវ៉ាត់ ក្រោម​ជំនួយ​របស់​ចិន​ក្នុង​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម។

ស្ថានទូត​ចិន​នៅប្រទេស​កម្ពុជា​បាន​បញ្ជាក់​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដោយ​លើក​សរសើរ​ពី​ជំនួយ​របស់​ចិន​ក្នុង​ការ​ជួយ​កសាង​ស្ថានីយ​វារីអគ្គិសនី​ទាំងអស់​នៅ​កម្ពុជា​ដែល​ស្មើនឹង ៨០%​ នៃ​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី ដែល​មាន​ដំណើរការ​នៅ​កម្ពុជា។

ប៉ុន្តែ​លោក​សាស្ត្រាចារ្យ​ Ian Baird យល់​ថា៖

«នេះ​គឺជា​បញ្ហា​ដែល​ពិតជា​ធ្ងន់ធ្ងរ ពីព្រោះ​ចិន​បាន​វិនិយោគទុន​លើ​គម្រោង​ទាំង​នេះ​ច្រើន​ណាស់​ ហើយ​ពួកគេ​មិន​មាន​តម្លាភាព​ទេ។ ពួកគេ​ធ្វើ​ការ​មិន​ចុះសម្រុង​នឹង​ពលរដ្ឋ​មូលដ្ឋាន។ ពួកគេ​ក៏​ធ្វើ​ការ​មិន​ចុះ​សម្រុង​នឹង​អាជ្ញាធរ​មូលដ្ឋាន។ ហើយ​ខ្ញុំ​គិត​ថា​មាន​ការ​ព្រួយបារម្ភ​ច្រើន​ពី​ការ​វិនិយោគ​បែបនេះ‍»។​

លោក ​លាង ប៊ុនលាប អ្នក​សម្របសម្រួល​អង្គការ​បណ្តាញ​ការពារទន្លេបីនៅ​តែ​ព្រួយ​បារម្ភ​ពីផល​ប៉ះពាល់​ស្រដៀង​គ្នា​នឹង​ទន្លេ សេពៀន​ សេណាំណយ។

«ប្រសិនបើ​ទំនប់​បាក់​ ឬក៏​មាន​យថាហេតុ​ណាមួយ​ដែល​ធ្វើ​ឱ្យ​ទំនប់​បាក់​ ដូចដែល​បទ​ពិសោធន៍​ដែល​កើត​មាន​នៅ​ យ៉ាលី ឬ​សេពៀន សេណាំណយ សួរ​ថា​តើ​ទីក្រុង​ដែល​នៅ​តាម​បណ្តោយ​ទន្លេមេគង្គ​ ដូច​ជា​ក្រចេះ​ កំពង់ចាម ខេត្ត​កណ្តាល​ និង​រដ្ឋ​ធានី​ភ្នំពេញ​ ដែល​ជា​បេះដូង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដែល​ត្រូវ​បាន​លិចលង់​ទៅ សួរថា​តើ​មហន្តរាយ​នេះ​វា​ធ្ងន់ធ្ងរ​យ៉ាងណា​សម្រាប់​ប្រទេស​កម្ពុជា។ នេះ​ជា​សំណូម​ពរ​មួយ​ដែល​ខ្ញុំ​ចង់​ថា​ ការ​ដែល​យើង​អភិវឌ្ឍ​ប្រទេស​ក្នុង​ថ្ងៃនេះ​ ចំណូល​ក្នុង​ថ្ងៃនេះ​សូម​ឱ្យ​លោក​គិត​គូ​ដល់​អ្វី ដែល​ជា​អនាគត​វែងឆ្ងាយ​របស់​ប្រទេស‍»។​

ប៉ុន្តែ​លោក​ សួស យ៉ារ៉ា អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​កាន់អំណាច​យល់​ថា​ គណៈកម្មការ​ទន្លេ​មេគង្គ​មាន​ការ​សិក្សា​និង​ឯកភាព​គ្នា​ ដើម្បី​ពិនិត្យ​មើល​ផល​ប្រយោជន៍​និង​ផល​ប៉ះពាល់​ ដែល​អាច​នឹង​កើត​មាន​ឡើង​លើ​ប្រទេស​សមាជិក។

លោក​បាន​បន្ថែម​ប្រាប់ VOA ​ថា៖

«យើង​សិក្សា​ទៅតាម​បែប​វិទ្យាសាស្រ្ត​អីចឹង​ ដូច្នេះ​ហើយ​គឺ​អ្វីៗ​ទាំងអស់​នឹង​ដាក់​ទៅលើ​ដើម្បី​ប្រយោជន៍រួម»។

រីឯ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ប្រទេស​កម្ពុជា​បាន​បង្ហោះ​សារ​កាលពី​ថ្ងៃ​ចន្ទ​ចំអក​ដល់ទំនប់​វារីអគ្គិសនី​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​នៅ​ប្រទេស​អេក្វាទ័រ​ ថា​ពីរឆ្នាំ​ក្រោយពី​ក្រុម​ហ៊ុន​សំណង់​រដ្ឋ​ចិន​បាន​សង់​ទំនប់​វារី​អគ្គិសនី​ដ៏ធំ​មួយ គឺ​ទំនប់​នេះ​ដូចជា​គ្មាន​ដំណើរការ​សោះ។

ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​បន្ថែម​ថា៖

«សំណង់​គ្មាន​គុណភាព និង​ការ​មិន​គិត​ពី​ស្តង់ដា​សុវត្ថិភាព មាន​ន័យ​ថា កសិករ​នៅ​ផ្នែក​ខាង​ក្រោម​ត្រូវ​ទទួល​រង​ការ​ជន់​លិច​ជា​ញឹកញាប់‍»។

គម្រោង​សាងសង់​នេះ​ធ្វើឡើង​ក្រោម​គោលនយោបាយ​ខ្សែ​ក្រវាត់​ពាណិជ្ជកម្ម​របស់​ចិន​ ដែល​មាន​បញ្ហា​ទាក់ទង​នឹង​កង្វះ​តម្លាភាព ​និង​គណនេយ្យភាព។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ស្ថានទូត។

ការ​បាក់​ទំនប់​ សេពៀន ​សេណាំណយ​ក៏​បាន​ធ្វើ​ឱ្យ​ប្រទេស​ឡាវ​សម្រេច​ធ្វើការ​ពិនិត្យ​ឡើងវិញ​លើ​រាល់​ទំនប់វារី​អគ្គិសនី​ ដែល​មាន​ស្រាប់​និង​កំពុង​សាងសង់​ផងដែរ និង​ផ្អាក​ការ​ពិចារណា​លើ​គម្រោង​វិនិយោគ​លើ​វារី​អគ្គិសនី​ថ្មីៗ​ទាំងអស់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គណៈ​កម្មការ​ទន្លេមេគង្គ៕