សកម្មជន​មាតាធម្មជាតិ​គ្រោង​ប្តឹង​ឧទ្ធរណ៍​ជំទាស់​សាលក្រម​តុលាការ​ខេត្ត​​កោះកុង

សកម្ម​ជន​បីនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​​​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ឈរនៅមុខ​ពន្ធនាគារ​ខេត្តកោះកុង​ នៅថ្ងៃ​ទី​ ១​ ខែកក្កដា​ ឆ្នាំ​ ២០១៦។​ (ផ្តល់ជូន​ដោយ ​Licadho)

សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​នឹង​​ប្តឹង​ឧទ្ធរណ៍​ជំទាស់​នឹង​ការសម្រេច​របស់​តុលាការ​ខេត្ត​កោះកុង​ដែល​បាន​ដាក់​ទោស​ពួកគេឱ្យ​ជាប់ពន្ធនាគារ​​ចំនួន​១៨ខែ​និង​ពិន័យ​ជាប្រាក់​ជាង​១០០​លានរៀល។

លោកសាន់ ម៉ាឡា ​លោក​ទ្រី សុវិគា ​និងលោក​ស៊ឹម សំណាង​ត្រូវ​បាន​ដោះលែងកាលពី​ថ្ងៃ​ទី​១ខែ​កក្កដា​បន្ទាប់​ពី​បាន​ជាប់​ពន្ធនាគារ​តាំង​ពី​ថ្ងៃទី១៨ ខែ​សីហាឆ្នាំ​២០១៥​ ​ដោយ​សារ​តែ​បានចូលរួមធ្វើ​សកម្ម​ភាព​ទប់​ស្កាត់​ការបូមខ្សាច់​របស់​ក្រុម​ហ៊ុន​ Direct Access ​និង​ក្រុមហ៊ុន​ International Rainbow Company នៅ​ខេត្ត​កោះកុង។

លោក​សាន់ ម៉ាឡា ​សហស្ថាបនិក​នៃ​ចលនា​មាតា​ធម្មជាតិបាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​នៅ​ចុង​ខែ​កក្កដា​នេះ​មេធាវី​របស់​ពួកគេ​នឹង​ដាក់​ពាក្យ​ប្តឹងជំទាស់​ទៅ​សាលា​ឧទ្ធរណ៍​។ ​ហើយ​ស្មារតី​របស់​ក្រុម​បរិស្ថាន​នេះ​មិន​ថមថយ​ទេ៖

«ទោះបី​ជា​ពួកយើង​បាន​ជាប់​ពន្ធនាគារ​រយៈពេល​១០​ខែ​និង​១៤ថ្ងៃ​ក៏​ឆន្ទៈ​និង​មនសិការ​របស់​ពួកយើង​គឺ​មិន​មាន​ការផ្លាស់​ប្តូរ​ទេ​ហើយ​ឆាប់ៗ​នេះ​យើង​នឹង​ត្រឡប់​មក​ធ្វើ​សកម្មភាព​ដើម្បី​សង្គ្រោះ​បរិស្ថាន​ម្តង​ទៀត‍»។​

ក៏ប៉ុន្តែ​ឧបសគ្គ​ផ្ទួនៗ​ដែលរួមមានការ​បាញ់​សម្លាប់​លោក កែម ឡី ​អ្នកវិភាគ​ឯករាជ្យ​និង​លំហរ​សេរីភាព​រួម​កាន់តែ​តូច​សម្រាប់​ធ្វើ​ការ​តវ៉ា​ជាសាធារណៈ ​អាច​នឹង​មាន​ផល​ប៉ះពាល់​ខ្លះ​ដល់សតិអារម្មណ៍​ពលរដ្ឋ​មូលដ្ឋាន​មួយ​ចំនួន។ នេះ​បើតាមការ​បញ្ជាក់​របស់​លោក​សាន់ ម៉ាឡា។​

លោក​សាន់ ម៉ាឡា​បាន​បន្ថែម​ថា៖

«អ្វី​ដែល​យើង​នឹង​ចាប់ផ្តើម​ធ្វើ​គឺ​យើង​នឹង​ចាប់ផ្តើម​ពង្រឹង​នូវ​សតិអារម្មណ៍​របស់​ប្រជាជន​ លើក​ទឹក​ចិត្ត​នឹង​ធ្វើ​យ៉ាង​ណា​ឱ្យ​ពួកគាត់​ហ៊ាន​ប្រឈម​មុខ​ចំពោះ​អ្វី​ដែល​កំពុង​តែ​កើត​មាននិង​ការពារផល​ប្រយោជន៍​ពួកគាត់​បន្ត​ទៅទៀត‍»៕