កាលពីដើមខែនេះ ប្រទេសអូស្ត្រាលីបានប្រកាសពីគោលដៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់ខ្លួន។ ប៉ុន្តែអ្នកបរិស្ថាន និងអ្នកដទៃទៀតនិយាយថា គោលបំណងនេះពិតជាមិនគ្រប់គ្រាន់នោះទេ។
លោក Tony Abbott នាយករដ្ឋមន្រ្តីអូស្រ្តាលីបានមានប្រសាសន៍ថា ប្រទេសរបស់លោក នឹងប្តេជ្ញាកាត់បន្ថយការបញ្ចេញឧស្ម័នចន្លោះពី២៦ទៅ២៨ភាគរយ ខ្ពស់ជាងកម្រិតកាលពីមួយទសវត្សរ៍កន្លងមកឲ្យបាននៅត្រឹមឆ្នាំ២០៣០ ដែលវាជាផ្នែកមួយនៃការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុសាកល។
នៅក្នុងការប្រកាសពីគោលដៅនេះ លោក Abbott ពន្យល់ថា ប្រទេសលោកត្រូវតែមានទំនួលខុសត្រូវទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកបរិស្ថាន។
លោកថា៖ «យើងត្រូវតែកាត់បន្ថយការបញ្ចេញឧស្ម័នរបស់យើង ប៉ុន្តែយើងត្រូវតែកាត់បន្ថយឲ្យសមស្របទៅនឹងកំណើនសេដ្ឋកិច្ចខ្លាំងក្លាដែលកំពុងបន្តលូតលាស់របស់យើង។ និយាយឲ្យចំទៅគឺឲ្យសមស្របទៅនឹងកំណើនការងារដ៏ខ្លាំងក្លា និងកំពុងកើនឡើង។ ហើយ រឿងចុងក្រោយដែលយើងចង់ធ្វើគឺ ត្រូវពង្រឹងបរិស្ថាន ដោយសារតែក្នុងពេលជាមួយគ្នានេះដែរ បរិស្ថានវាអាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់យើង»។
អ្នកនយោបាយក្រុមប្រឆាំងរបស់អូស្រា្តលី និងអ្នកបរិស្ថានរិះគន់ចំៗថា សំណើដែលនឹងត្រូវដាក់បញ្ចូលនៅក្នុងកិច្ចប្រជុំបម្រែបម្រួលអាកាសធាតុនៅក្នុងក្រុងប៉ារីសនៅក្នុងខែធ្នូ។
ប្រទេសអូស្រ្តាលីគឺជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្លាំងជាងគេនៅក្នុងពិភពលោក នេះបើយើងគិតពីបរិមាណដែលប្រជាពលរដ្ឋអូស្រ្តាលីម្នាក់ៗបានបញ្ចេញ។
លោក Assaad Razzouk អ្នកជំនួញផ្នែកថាមពលស្អាតដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីក៏ចូលរួមរិះគន់ដែរថា ប្រទេសអូស្រ្តាលីនឹងសម្រេចបានគោលដៅដែលខ្លួនស្នើឡើងនោះបាន ប៉ុន្តែមានលក្ខណៈតិចតួចប៉ុណ្ណោះ។
«ការរិះគន់នោះបានធ្វើឡើងដោយសារការពិតដែលថា រដ្ឋាភិបាលនាពេលបច្ចុប្បន្នរបស់លោក Abbott បានធ្វើឲ្យមានការខកចិត្តច្រើនដងក្នុងការប្រយុទ្ធប្រឆាំងថាមពលស្អាតនៅក្នុងស្រុក ព្រមទាំងដកចេញនូវយន្តការក្នុងការអនុវត្តនូវអ្វីដែលពួកគេកំពុងតែធ្វើ»។
លោក Razzouk ប្រធាននៃសមាគមសម្រាប់ការវិនិយោគប្រកបទៅដោយចីរភាពនៅអាស៊ី (Association for Sustainable Investment in Asia) បានកត់សម្គាល់ថា នេះដោយសារតែអូស្រ្តាលីពឹងផ្អែកទៅលើធនធានធ្បូងថ្មដែលមានតម្លៃថោករបស់ខ្លួន និងសន្ទុះនៃការលើកស្ទួយការនាំចេញឥន្ធនៈកាបូន ជាពិសេសទៅកាន់ប្រទេសចិន និងឥណ្ឌា។
លោក លើកឡើងថា ៖«យើងដឹងថា ការប្រើប្រាស់ធ្បូងថ្មគួរតែត្រូវកាត់បន្ថយតាំងពីយូរណាស់មកហើយ។ យើងដឹងថា ផលប៉ះពាល់ទៅលើសុខភាពបណ្តាលមកពីសកម្មភាពឧស្សាហកម្មធ្បូងថ្មនោះមានលក្ខណៈសាកល និងអាចបណ្តាលឲ្យស្លាប់បាន»។
រដ្ឋមន្រ្តីការបរទេសនៃកោះ Marshall ដែលជាតំបន់ទំនាបក៏បានបង្ហាញការខកចិត្តចំពោះការប្រកាសរបស់លោក Abbott ដែរ។ នៅលើប្រព័ន្ធបណ្តាញសង្គម Twitter របស់លោកTony de Brum បានសរសេរថា ប្រសិនបើប្រទេសទាំងអស់លើពិភពលោកដើរតាមការដឹកនាំរបស់អូស្រ្តាលី របាំងប៉ប្រះទឹក «Great Barrier» នឹងលិចបាត់ជាក់ជាមិនខាន ហើយប្រទេសខ្ញុំក៏អញ្ចឹងដែរ»។
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ