សកម្មជនសិទ្ធិមនុស្ស និងក្រុមគ្រួសារសកម្មជនបរិស្ថានបីរូប ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកោះកុង បន្តស្នើឲ្យតុលាការនៃខេត្តនេះ ពន្លឿនការកាត់សេចក្តីដោះលែងអ្នកជាប់ឃុំទាំងបីនាក់នេះ បន្ទាប់ពីពួកគេបានចំណាយពេលជាង៨ខែ នៅក្នុងពន្ធនាគារ។
សកម្មជនទាំងបីនាក់នៃចលនាមាតាធម្មជាតិ ត្រូវបានព្រះរាជអាជ្ញាតុលាការដំបូងខេត្តកោះកុង ចោទប្រកាន់ពីបទគំរាមកំហែង មានចេតនាបង្កការខូចខាតក្នុងអំឡុងពេលធ្វើយុទ្ធនាការទប់ស្កាត់ការបូមខ្សាច់នៅខេត្តកោះកុង និងត្រូវចាប់ដាក់ពន្ធនាគារចាប់តាំងពីពាក់កណ្ដាលខែសីហា ឆ្នាំ២០១៥។ ទោះបីជាមានការចោទប្រកាន់ប្រឆាំងនឹងអ្នកទាំងបីនេះ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាច្រើនក្នុងខេត្តកោះកុង បានបញ្ជាក់កាលពីពេលមុនថា អ្នកទាំងបីមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នេះទេ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានប្រាប់ VOA នៅថ្ងៃសុក្រនេះថា តុលាការគួរពន្លឿនការបើកសវនាការជម្រះក្តីសកម្មជនបរិស្ថានទាំងបីនាក់ ដែលបានជាប់ក្នុងពន្ធនាគារជាង៨ខែមកហើយ។ លោកថា អ្នកការពារបរិស្ថានទាំងបីនាក់នេះ មិនបានធ្វើខុស ដូចតុលាការខេត្តកោះកុង ចោទនោះទេ។
«យើងជាអង្គការសង្គមស៊ីវិល យើងនៅតែអំពាវនាវអញ្ចឹងទៅណ៎ា ពីព្រោះអ្នកទាំងបីអ្នកហ្នឹង វាអត់មានកំហុសអ្វីទេ ដូចការចោទប្រកាន់ហ្នុងទេ។ អញ្ចឹងបានយើងសុំអំពាវនាវថា យ៉ាងម៉េចឲ្យតុលាការហ្នឹង លោកធ្វើសវនាការ អ្នកទាំងបីហ្នឹងឲ្យបានឆាប់ទៅ ហើយអាចនឹងពិនិត្យមើល បើគ្មានភស្តុតាងទេ ត្រូវតែមានការដោះលែងអ្នកទាំងបីនាក់ហ្នឹងឲ្យមានសេរីភាពវិញទៅណ៎ា»។
លោកបញ្ជាក់បន្តថា តុលាការខេត្តកោះកុង មិនសូវញាប់ដៃញាប់ជើងក្នុងការដោះស្រាយរឿងក្តីអ្នកការពារបរិស្ថាននេះ ដូចតុលាការក្រុងភ្នំពេញ ដែលកំពុងមាមាញឹកក្នុងបណ្តឹងទាក់ទិនរឿងអាស្រូវស្នេហាលួចលាក់មួយ ដែលគេនៅមិនទាន់ប្រាកដថា ជារបស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិឬយ៉ាងណានោះ។
លោកថ្លែងថា៖«អាហ្នឹង វាយើងមើលឃើញអញ្ចឹងហើយ គឺឥឡូវទិដ្ឋភាពឥឡូវ វាទៅជាអារឿងបុគ្គលហ្នឹង រឿងស្នេហា រឿងបុគ្គលហ្នឹង វាទៅជារឿងមួយដែលសំខាន់ទៅវិញសម្រាប់តុលាការ។ អញ្ចឹងខ្ញុំឃើញថា តុលាការ គាត់រវល់រឿងហ្នឹងច្រើនណាស់ ហើយអញ្ចឹងយើងគិតថា ចុះអារឿង ដែលទាក់ទងនឹងផលប្រយោជន៍សង្គមកិច្ចការពារសនិ្តសុខ សុវត្ថិភាព ហើយទាក់ទងនឹងបញ្ហាធនធានធម្មជាតិ ដីធ្លីបញ្ហាអ្វីផេ្សងៗទៀត ដែលត្រូវដោះស្រាយច្រើន អាហ្នុងហើយដែលជាតួនាទី សម្រាប់ពន្លឿនក្នុងការដោះស្រាយ ព្រោះអាហ្នុងវាប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ»។
ខាងក្រោមនេះគឺជាវីដេអូរបស់អង្គការចលនាមាតាធម្មជាតិ តវ៉ាឲ្យអាជ្ញាធរខេត្តកោះកុងដោះលែងសកម្មជនទំាងបីនាក់នោះ
ទាក់ទិនការឃុំខ្លួនអ្នកការពារបរិស្ថានទាំងបីនាក់នេះ ស្ថាបនិក និងជានាយកអង្គការ«មាតាធម្មជាតិ» លោក Alejandro Gonzalez-Davdison កាលពីខែមេសា ឆ្នាំ២០១៦នេះ បានស្នើឲ្យមានកិច្ចអន្តរាគមន៍ពីមន្ត្រីនៃអង្គការសហប្រជាជាតិ ដើម្បីបញ្ឈប់ការធ្វើបាបដោយអំណាចតុលាការមកលើសកម្មជនការពារសម្បត្តិធម្មជាតិក្នុងខេត្តកោះកុង។
សកម្មជនការពារបរិស្ថាន និងជាអ្នកការពារសិទ្ធិជនជាតិដើមភាគតិចរូបនេះ ដែលត្រូវរដ្ឋាភិបាលកម្ពុជាបណ្តេញចេញពីប្រទេសកម្ពុជាដោយបង្ខំ បានដាក់ប្តឹងទៅលោក Michel Forst អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិស្តីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស ស្នើសុំកិច្ចអន្តរាគមន៍របស់លោក បញ្ឈប់ការធ្វើទុក្ខបុកម្នេញលើអ្នកការពារសិទ្ធិមនុស្សដែលជំទាស់នឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនី និងជីករ៉ែនៅក្នុងខេត្តកោះកុងនៃប្រទេសកម្ពុជា។ បណ្តឹងនោះ បាននិយាយដល់សកម្មជនបរិស្ថានទាំងបី ដែលកំពុងជាប់ក្នុងពន្ធនាគារផងដែរ។
អ្នកស្រីថា សុភា និយាយថា តុលាការខេត្តកោះកុង គួរពន្លឿនការកាត់សេចក្តីរបស់ខ្លួន ដើម្បីឲ្យមានការដោះលែងសកម្មជនទាំងបី ដែលក្នុងនោះ មានប្តីរបស់អ្នកស្រី គឺលោក ស៊ីម សំណាង ដែលបានជាប់ឃុំជាច្រើនខែមកហើយ។
«ការឃុំខ្លួនគាត់ហ្នឹង គឺជិតប្រាំបួនខែហើយបង ហើយសវនាការក៏អត់ទាន់មាន។ ខ្ញុំក៏អត់ដឹងថា ខាងតុលាការ គាត់គិតយ៉ាងណាដែរ តែជិត១០ខែ ដែលគាត់ធ្វើតាមនីតិវិធីគាត់ណាបង»។
អ្នកស្រីបន្តថា រឿងក្តីប្តីអ្នកស្រី មិនទាញការចាប់អារម្មណ៍ខ្លាំង ដូចរឿងរបស់នាង ខុម ចាន់តារ៉ាទី ដែលគេនៅសង្ស័យថា ជានារីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំង។
«ខ្ញុំគិតថា រឿងហ្នឹង ខាងតុលាការគាត់ដោះស្រាយលឿន ប៉ុន្តែសម្រាប់ខាងប្រជាជន ប្រជាជនដែលរងគ្រោះដោយសារដីធ្លី ដូចជាប្តីខ្ញុំជាដើម សកម្មជនការពារបរិស្ថានព្រៃឈើហ្នឹង គឺអត់ងាយដោះស្រាយ ដូចជាប្តីខ្ញុំជាដើម គឺប្រាំបួនខែឥឡូវហើយ គឺអត់មានសវនាការសម្រាប់ពួកគាត់ ដែលមានយុត្តិធម៌។ យើងមិនទាន់ដឹងនោះណ៎ាបង។ ប៉ុន្តែសម្រាប់រឿងហ្នឹង គឺធ្វើលឿនតែម្តង ខ្ញុំក៏បានតាមដានរឿងព័ត៌មានហ្នឹងដែរ។ ឥឡូវហ្នឹងមានការកោះហៅបន្តបន្ទាប់អញ្ចឹងទៅ ខ្ញុំក៏ឆ្ងល់ខាងតុលាការដែរ ប៉ុន្តែយើងក៏អត់ដឹងថា គាត់គិតយ៉ាងណា»។
VOA មិនទាន់អាចទាក់ទង លោកព្រះរាជអាជ្ញារង អ៊ីវ ត្រាយ ដើម្បីសុំការអធិប្បាយអំពីលទ្ធភាពដែលអាចកើតមានសម្រាប់ពន្លឿននីតិវិធីរបស់តុលាការក្នុងការបើកអង្គសវនាការជំនុំជម្រះក្តីរបស់អ្នកការពារបរិស្ថានទាំងបីបានទេ ដោយទូរស័ព្ទលោករោទិ៍ តែគ្មានអ្នកទទួល។
កាលពីចុងខែមិនាកន្លងទៅនេះ ក្រុមគ្រួសាររបស់សកម្មជនបរិស្ថានទាំងបីរូបនេះ បានព្យាយាមស្វែងរកជំនួយពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយការដើរដោយថ្មើរជើងពីតំបន់វត្តភ្នំដូនពេញ មកផ្ទះរបស់នាយករដ្ឋមន្ត្រីនៅក្បែរវិមានឯករាជ្យ។
ការដើរដោយថ្មើរជើងដែលមានគ្នាប្រមាណតែពីរទៅបីនាក់ មិនត្រូវបានស្វាគមន៍ដោយអាជ្ញាធរស្ថិតក្នុងរាជធានីភ្នំពេញ និងមន្ត្រីខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្ត្រីនោះទេ។ ផ្ទុយទៅវិញ ក្រុមគ្រួសាររបស់សកម្មជនបរិស្ថានទាំងបីនាក់នោះ បានរងការស្តីបន្ទោសធ្ងន់ៗ ពីលោក គង់ ចំរើន មន្ត្រីទទួលពាក្យបណ្តឹងរបស់ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី។ មន្ត្រីរូបនេះ បានប្រាប់ក្រុមគ្រួសារសកម្មជនបរិស្ថានថា លោក ហ៊ុន សែន ពុំមានសិទ្ធិជ្រៀតជ្រែកស្ថាប័នតុលាការ ឬស្ថាប័នសភានោះទេ និងបន្ទោសក្រុមគ្រួសារទាំងនោះថា បានធ្វើខូចដល់សណ្តាប់ធ្នាប់សាធារណៈ។
ចលនាមាតាធម្មជាតិ បានធ្វើការយ៉ាងសកម្មនៅក្នុងកិច្ចការការពារបរិស្ថាននៅក្នុងខេត្តកោះកុង។ ក្រៅពីការតវ៉ាឲ្យបញ្ឈប់ការបូមខ្សាច់ដ៏មហន្តរាយដល់បរិស្ថាននេះ ក្រុមការពារបរិស្ថាននេះ ក៏បានទប់ស្កាត់មិនឲ្យមានការវិនិយោគទំនប់វារីអគ្គិសនីលើស្ទឹងអារ៉ែងនៃជួរភ្នំក្រវ៉ាញ ដែលវិនិយោគដោយក្រុមហ៊ុនចិន Sinohydro ផងដែរ។ សកម្មភាពរបស់ពួកគេ បានធ្វើឱ្យអាជ្ញាធរ និងអ្នកពាក់ព័ន្ធមួយចំនួនមិនសប្បាយចិត្ត៕