អ្នក​បរិស្ថាន​ជាតិ​អេស្ប៉ាញ​បន្ត​នៅ​កម្ពុជា​ក្រោយ​ពី​ផុត​កំណត់​ទិដ្ឋាការ

លោក​ Alex Gonzalez Davidson​​ (ស្តាំ) ​ប្រធាន​អង្គការ​មាតា​ធម្មជាតិ​ (រូប​ថត​ផ្តល់​ឲ្យ​ពី​ហ្វេសប៊ុក​​លោក Alex Gonzalez)

សកម្មជន​ការពារ​បរិដ្ឋាន​តំបន់​អារ៉ែង​ លោក​ Alex Gonzalez Davidson ​បាន​សម្រេច​ចិត្ត​ជា​ចុង​ក្រោយ​មិន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​តាម​សំណើ​របស់​ក្រសួង​មហាផ្ទៃនោះ​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ​ ដើម្បី​អ្វី​ដែល​លោក​ហៅ​ថា​ជា​ការ​ការ​ពារ​ឆន្ទៈ​របស់​ខ្លួន ​ខណៈ​ពេល​ដែល​ក្រសួង​មហាផ្ទៃ​មិន​ទាន់​ចាត់​វិធានការ​បែប​ណា​លើ​រូប​លោក​នៅ​ឡើយ។

ក្រសួង​មហាផ្ទៃ​របស់​ប្រទេស​កម្ពុជា​បាន​បដិសេធផ្តល់​ទិដ្ឋាការ​ថ្មី​ដល់​សកម្មជនជនជាតិ​អេស្ប៉ាញ​រូប​នេះ​ក្រោយ​ពី​រូប​លោក​បាន​ដឹក​នាំ​ការតវ៉ា​យ៉ាង​ខ្លាំង​ក្លា​ប្រឆាំង​ទៅ​នឹង​ការ​ធ្វើ​ទំនប់​វារី​អគ្គិសនី​នៅ​តំបន់​អារ៉ែង​ លើ​ជួរ​ភ្នំក្រវ៉ាញ​នៃ​ខេត្ត​កោះកុង។
បន្ថែម​ពី​នោះ​ក្រសួង​មហាផ្ទៃ​បានបង្គាប់​ឲ្យ​លោក​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​មួយរយៈ​ក្រោយ​ពី​មាន​ប្រតិកម្ម​ជា​ច្រើន​ជុំវិញ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។

​លោក​Alex Gonzalez Davidson ​ប្រធាន​អង្គការ​មាតា​ធម្មជាតិ​ដែល​ទិដ្ឋាការ​របស់​លោក​អស់​សុពល​ភាព​សម្រាប់​ស្នាក់​នៅ​ប្រទេស​កម្ពុជា​នៅថ្ងៃ​នេះលើក​ឡើង​ថា​ការសម្រេច​ចិត្ត​មិនចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ដោយសារ​តែ​លោក​គោរព​នូវការ​ប្តេជ្ញាចិត្ត​ផ្ទាល់​ខ្លួន​និង​គោរព​តាមគោល​បំណង​នៃ​អ្នក​គាំទ្រ​រូប​លោក។

«ខ្ញុំ​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​គោរព​ពាក្យ​សំដី ​គោរព​ឆន្ទៈ ​មនសិការ​និង​ពាក្យ​សំដី​របស់​ខ្លួនឯង​ផ្ទាល់​ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​បើសិន​ជា​រដ្ឋា​ភិបាល​ល្ងង់​ដល់​កម្រិត​ចាប់​(ខ្លួនខ្ញុំ)​មែន​ឲ្យ​ចាប់ចុះ។​ខ្ញុំ​អស់​កម្លាំង​មែន ​ខ្ញុំ​ភ័យ​ខ្លាច​មែន​ប៉ុន្តែ​ខ្ញុំ​មិន​អាច​ក្បត់​មនសិការ​ខ្លួន​ឯង​បាន​និង​ក្បត់​អ្វី​ដែល​ប្រជាជន​ខ្មែរ​រាប់​លាន​នាក់​កំពុង​ស្នើ​សុំ។​គេ​ស្នើ​សុំ​ឲ្យ​ខ្ញុំ​បន្ត»។​

​លោក​យល់​ថាប្រសិន​បើ​លោក​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នៅថ្ងៃ​នេះ​នឹង​បំផ្លាញ​កិត្តិយស​និង​បំផ្លាញ​សេចក្តី​ក្លាហាន​នៃ​ចលនា​មាតា​ធម្មជាតិ​របស់​លោក។​ ​

«ប្រសិន​បើ​ចាកចេញ​ថ្ងៃ​នេះ​ក៏​អត់មាន​អ្នក​ណា​ធានាថា​ឲ្យ(ខ្ញុំ)​ចូល​វិញ​ទេ។​ ចេញ​ថ្ងៃ​នេះ​ក៏​បារម្ភ​ថា​គេ​មិន​ឲ្យ​ចូល ​គេ​ចាប់​ក៏​បារម្ភថា​គេ​មិន​ឲ្យ​ចូលដដែល។ ​នេះ​ជា ការពិត»។​

លោក​Alex Gonzalez Davidson បាន​ដឹក​នាំ​ការតវ៉ា​ប្រឆាំង​នឹង​ការ​ធ្វើ​ទំនប់​វារី​អគិ្គសនី​នៅ​តំបន់​អារ៉ែងរបស់​ក្រុមហ៊ុន​ចិន​Sinohydro ​ដែលជា​ក្រុមហ៊ុនចិន​មួយ​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​នឹង​ក្រុម​ហ៊ុន​ភាពីម៉ិច​ដ៏​មាន​ឥទ្ធិពល​មួយ​នៅ​កម្ពុជា។​ អ្នក​ការពារបរិដ្ឋាន​លោកខាង​លិច​រូប​នេះបាន​រៀបរាប់​ថា​តំបន់​អារ៉ែងគឺ​ជា​ជង្រុក​សម្បតិ្ត​ធម្មជាតិ​មហាសាល​របស់​កម្ពុជា​ដែល​នៅ​សេសសល់​ចុង​ក្រោយ​ប្រចាំ​តំបន់​អាស៊ី។ តំបន់​នេះ​មាន​ទាំង​សត្វ​ចម្រុះ​ច្រើន​ប្រភេទ​និង​ធនធានរ៉ែ​និង​ព្រៃ​ឈើស្តុក​ស្តម្ភ។​សម្រាប់​រូប​លោក​ការ​បង្កើត​ទំនប់​វារី​អគ្គិសនី​ដែល​មាន​កម្លាំង​ជាង​១០០ ម៉េហ្គាវ៉ាត់​នេះ​នឹង​បំផ្លាញ​ធនធាន​ទាំង​នេះ​រាប់​ម៉ឺនហិកតា។

​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ក្លា​ទាមទារ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ផ្តល់​ទិដ្ឋាការ​ដល់​លោក​អាឡិក​ឡើងវិញ​ជាពិសេស​ពី​សំណាក់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​ក្រុម​យុវជន​និង​អ្នក​នយោបាយ​ប្រឆាំង។ ​ក៏​ប៉ុន្តែ​ក៏​មាន​ប្រតិកម្មពី​ក្រុមមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពលដែលគាំទ្រ​ឲ្យ​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​មិន​បន្ត​ទិដ្ឋាការ​ដល់​លោក​Alex Gonzalez Davidson។

លោក​នាយឧត្តមសេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃមាន​ប្រសាសន៍​នៅថ្ងៃ​សុក្រ​នេះ​ថា​ក្រសួង​មហាផ្ទៃ​មិន​ទាន់​មាន​វិធានការ​ផ្លូវ​ច្បាប់​យ៉ាង​ណា​ចំពោះ​លោក​អាឡិច​នៅ​ឡើយ​ទេ។​ ក៏​ប៉ុន្តែ​លោកលើក​ឡើងថា​សកម្មជន​បរិដ្ឋាន​រូប​នេះបាន​ចាប់​ផ្តើម​រស់​នៅ​ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ​ចាប់​ពី​ពេល​នេះ​តទៅ។

«ពេល​នេះ​យើង​មិន​ទាន់​មាន​គោលការណ៍​ មិនទាន់​មានគម្រោង​ទេ។​ ប៉ុន្តែ​យើង​អាច​និយាយ​ថាពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​គាត់​ជា​ជន​បរទេស​ដែល​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​ដោយ​លើស​ច្បាប់»។

​នៅព្រឹក​ថ្ងៃ​សុក្រ​នេះ​ដែរ​តំណាង​អង្គការ​សង្គម​ស៊ីវិល ​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ ក្រុម​យុវជន​និង​ជន​រងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី​បាន​ប្រមូល​ផ្តុំ​គ្នា​យក​ញ្ញត្តិ​ទៅ​ដាក់​ជូន​រដ្ឋ​សភា​ដើម្បី​ស្នើ​សុំ​ឲ្យ​រដ្ឋ​សភា​អន្តរាគម​ដល់​រដ្ឋា​ភិបាល​ឲ្យបន្ត​ទិដ្ឋាការ​ដល់​លោកAlejendro Gonzalez Davidson ជា​ថ្មី​ទៀត។​

ជនជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​មក​រស់​នៅ​កម្ពុជា​អស់​រយៈ​ពេល​១២​ឆ្នាំ​ហើយ។​ហើយ​លោកចេះ​និយាយ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ​ទៀត​ផង។

​កាល​ពី​ថ្ងៃពុធ​លោក​កឹម សុខា ​អនុ​ប្រធានទី១​រដ្ឋសភា​និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្វាយ​លិខិត​ដល់​ព្រះ​មហាក្សត្រ​សម្តេច​ព្រះ​បរម​នាថ​នរោត្តម ​សីហមុនី ​ដើម្បី​ស្នើ​សុំ​ព្រះរាជ​អន្ត​រាគមន៍ឲ្យសកម្មជន​ការពារបរិដ្ឋាន​តំបន់​អារ៉ែង ​រូប​នេះ​អាច​ស្នើ​សុំ​ទិដ្ឋាការ​បន្តស្នាក់​នៅ​កម្ពុជា​បាន។

ក៏​ប៉ុន្តែ​រហូត​មក​ទល់​ថ្ងៃ​សុក្រ​នេះ​នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​ព្រះ​មហាក្សត្រ​យ៉ាង​ណា​នៅ​ឡើយ​ទេ៕