ឆ្នាំ២០១៩ ត្រូវបានបិទបញ្ចប់ដោយបង្ហាញយ៉ាងច្បាស់ពីការបន្តក្តាប់អំណាចយ៉ាងណែនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការរក្សាអត្រាកំណើនសេដ្ឋកិច្ចនៅថេរ បើទោះបីជាមានការព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនិងការរិះគន់យ៉ាងខ្លាំងលើការដឹកនាំរបស់លោកក៏ដោយ។
រីឯគូបដិបក្ខនយោបាយដ៏មានសក្ដានុពលរបស់លោក ហ៊ុន សែន គឺគណបក្សសង្គ្រោះជាតិអាចបន្តធ្វើសកម្មភាពបានតែនៅខាងក្រៅប្រទេសប៉ុណ្ណោះ ក្រោយពីការប៉ុនប៉ងធ្វើមាតុភូមិនិវត្តន៍របស់មេដឹកនាំគឺលោក សម រង្ស៊ី កាលពីថ្ងៃទី៩ខែវិច្ឆិកាមិនសម្រេចបានតាមផែនការ។
រដ្ឋាភិបាលកម្ពុជាគ្រោងនឹងបើកទំព័រឆ្នាំថ្មីដោយផ្តោតយ៉ាងសំខាន់លើការពង្រឹងសន្តិភាព និងស្ថិរភាព ហើយបង្កើនឋានៈរបស់កម្ពុជាឱ្យទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត ព្រមទាំងប្ដេជ្ញាបង្កើតការងារបន្ថែមនិងឱកាសសម្រាប់ពលរដ្ឋ ជាពិសេសអ្នករស់នៅជនបទ។ រដ្ឋាភិបាលកម្ពុជាគ្រោងនឹងចំណាយថវិកាជាតិរហូតដល់៨,២៣ពាន់លានដុល្លារនៅឆ្នាំ២០២០ ដែលជាការបង្កើនការចំណាយលើសឆ្នាំ២០១៩ចំនួន២៣ភាគរយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា។
ប្រទេសកម្ពុជាបានរីកចម្រើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ដោយកត្តាជំរុញដ៏សំខាន់គឺមកពីវិស័យកាត់ដេរ ដែលបាននាំចេញផលិតផលទៅលក់នៅទីផ្សារសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកនិងវិស័យទេសចរណ៍ក្នុងស្រុក។
លោក ហ៊ុន សែន បានសម្ដែងសុទិដ្ឋិនិយមពីអត្រាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំកន្លងមកនេះផងដែរ។
ក្នុងពិធីចែកសញ្ញាប័ត្រនៅ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចកាលពីថ្ងៃព្រហស្បតិ៍លោក ហ៊ុន សែន បានថ្លែងថា៖
«ដំណើរការសេដ្ឋកិច្ចរបស់យើង យើងក៏នៅតែរំពឹងជាក់លាក់ថាអត្រា៧,១ភាគរយនៅតែសម្រេចបាន»។
ការនាំចេញក្នុងឆ្នាំ២០១៩បានបង្ហាញលក្ខណៈប្រសើរឡើងសម្រាប់កម្ពុជា។ កម្ពុជាបាននាំផលិតផលចេញចំនួន១០.៨១៣ លានដុល្លារក្នុងរយៈពេល១០ខែដំបូងក្នុងឆ្នាំ២០១៩នេះ ដែលកើនលើសឆ្នាំ២០១៨ចំនួន៦៥៤លានដុល្លារ បើប្រៀបធៀបរយៈពេលដូចគ្នានេះ។ ចំនួននេះគឺត្រូវជា៦០ភាគរយនៃផលិតផលសរុបក្នុងស្រុក។ សហភាពអឺរ៉ុបគឺជាទីផ្សារដ៏ធំបំផុតរបស់កម្ពុជា ដោយទទួលទិញទំនិញជិត៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៨ ហើយសហរដ្ឋអាមេរិកទិញទំនិញក្នុងទំហំ៣,៩ពាន់លានដុល្លារក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៩។ ទំនិញភាគច្រើនគឺសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង កង់និងអង្ករ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា និងសហភាពអឺរ៉ុប។
ប៉ុន្តែក្រុមសកម្មជនសហជីពបានព្រមានថា ការរីកចម្រើននៅឆ្នាំក្រោយនេះ អាចនឹងរងផលប៉ះពាល់ដោយសារតែស្ថានភាពមិនល្អលើផ្នែកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ដែលអាចនឹងរងទណ្ឌកម្មសេដ្ឋកិច្ចពីសហភាពអឺរ៉ុប។ សហភាពអឺរ៉ុបបានវាយតម្លៃថារដ្ឋាភិបាលកម្ពុជាបានរំលោភជាប្រព័ន្ធនឹងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពពលរដ្ឋនិងនយោបាយ សិទ្ធិសហជីព សិទ្ធិអង្គការសង្គមស៊ីវិលនិងសិទ្ធិសេរីភាពនៃការបញ្ចេញមតិជាដើម ហើយបានស្នើឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កែលម្អ។
លោក ហ៊ុន សែន ដែលកាន់អំណាចជិត៣៤ឆ្នាំ នៅតែបង្ហាញភាពមានៈដោយផ្ដោតលើការបណ្ដុះមនោសញ្ចេតនាជាតិនិយមក្នុងចំណោមអ្នកគាំទ្រដោយលោកលើកយកហេតុផលសន្តិភាពនិងអធិបតេយ្យភាព ជាជាងការសម្របតាមសម្ពាធពីខាងក្រៅ បើទោះបីជាក្រសួងការបរទេសបានវាយតម្លៃថាផលប៉ះពាល់នឹងមានដល់កម្មការិនីជិត១លាននាក់ និងក្រុមគ្រួសាររបស់ពួកគេក៏ដោយ។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់បន្ថែមថា៖
«យើងមើលឃើញថាការវាយតម្លៃរបស់សហគមន៍អឺរ៉ុបដែលផ្ដោតលើលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនេះ វាមិនស្របទៅតាមសភាពការណ៍ជាក់ស្ដែងនៅកម្ពុជាទេ។ បើយើងធ្វើស្ថិតិទៅសួរប្រជាជនទាំង១៦លាននាក់គឺគ្មានអ្នកណា ដែលគេឯកភាពតាមការវាយតម្លៃដែលផ្ទុយពីការពិតនេះទេ»។
បច្ចុប្បន្ន សហភាពអឺរ៉ុបកំពុងតែសិក្សាលើរបាយការណ៍ឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជាមុននឹងសម្រេចលើឋានៈពន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ (EBA) នៅត្រឹមថ្ងៃទី១២ខែកុម្ភៈឆ្នំា២០២០។
សកម្មជនសហជីពព្រួយបារម្ភថា ប្រសិនបើរដ្ឋាភិបាលមិនបានធ្វើការកែលម្អតាមការស្នើរបស់សហភាពអឺរ៉ុបទេ គឺកម្ពុជានឹងប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធដែលនឹងមានផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានបញ្ជាក់ថា៖
«បញ្ហាទាំងអស់នេះវាមិនអាចឱ្យគេតស៊ូនៅវិនិយោគនៅកម្ពុជាយើងទេ ដោយសារតែរោងចក្រគេមកដាក់វិនិយោគទុននៅកម្ពុជាយើងហ្នឹងដោយសារគេសំឡឹងឃើញថាការនាំចេញទៅ សហភាពអឺរ៉ុបក៏ដូចជាសហរដ្ឋអាមេរិកវាបានការលើកលែងការបង់ពន្ធនាំចូល»។
តាមរយៈឋានៈអនុគ្រោះពន្ធនេះ គឺទំនិញរបស់កម្ពុជាបានរួចពន្ធក្នុងទឹកប្រាក់ជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ ហើយបើសហភាពអឺរ៉ុបសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចគឺនឹងចូលជាធរមាននៅខែសីហាឆ្នាំ២០២០។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានវាយតម្លៃថាសេដ្ឋកិច្ចកម្ពុជានឹងប្រឈមនឹងការប្រថុយប្រថានយ៉ាងខ្លាំងនៅឆ្នាំក្រោយនេះ។ នៅក្នុងការវាយតម្លៃដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ IMF បានព្រមានថា ការបាត់បង់ EBA «អាចមានផលប៉ះពាល់អវិជ្ជមានដ៏ធំលើសកម្មភាពសេដ្ឋកិច្ច»។ ការប៉ះពាល់នេះ គឺនឹងធ្វើឱ្យការរីកចម្រើនសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះអស់៣ភាគរយនៅឆ្នាំដំបូង។
កំណើនសេដ្ឋកិច្ចក្នុងរយៈពេល២ទសវត្សរ៍នេះបាននាំឱ្យភាពក្រីក្រនៅកម្ពុជាបន្តធ្លាក់ចុះផងដែរ។ បើតាមការវាយតម្លៃរបស់ធនាគារពិភពលោក គឺនៅមានពលរដ្ឋចំនួនជាង២លាននាក់រស់នៅក្នុងស្ថានភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា(ដែលត្រូវជា១៣,៥ភាគរយ) ។ ក្នុងចំណោមអ្នកក្រទាំងនេះ គឺប្រហែល៩០ភាគរយរស់នៅតំបន់ជនបទ។ ប៉ុន្តែធនាគារពិភពលោកបានព្រមានថា មានពលរដ្ឋចំនួន៤,៥លាននាក់ (ដែលត្រូវជា២៨ភាគរយ) អាចនឹងធ្លាក់ចូលក្នុងភាពក្រីក្រវិញ បើមានបញ្ហាសេដ្ឋកិច្ចកើតឡើង។
ក្នុងខណៈពេលនេះដែរសមាជិកព្រឹទ្ធសភានិងអ្នកតំណាងរាស្ត្រសហរដ្ឋអាមេរិកបានស្នើឡើងច្បាប់មួយដែលមានឈ្មោះថា«ច្បាប់ពាណិជ្ជកម្មកម្ពុជា»ដើម្បីឱ្យសហរដ្ឋអាមេរិកកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ផងដែរ។ កម្ពុជាបាននាំទំនិញចេញក្នុងទំហំទឹកប្រាក់ជាង៧២០លានដុល្លារក្រោមប្រព័ន្ធអនុគ្រោះពន្ធGSP នៅឆ្នាំ២០១៨ ហើយវានឹងត្រូវផុតកំណត់ត្រឹមខែធ្នូឆ្នាំ២០២០។ ប៉ុន្តែក្រុមអ្នកតាក់តែងច្បាប់អាមេរិកាំងហាក់នៅស្ទាក់ស្ទើរ ដោយទុកឱកាសឱ្យរដ្ឋាភិបាលកម្ពុជាកែប្រែស្ថានការណ៍នយោបាយនិងសិទ្ធិមនុស្ស។
ក្នុងពេលជាមួយគ្នានេះដែរ កម្ពុជានិងសហរដ្ឋអាមេរិកហាក់ដូចជាកំពុងសំឡឹងរកមើលវិធីកែលម្អទំនាក់ទំនង ដែលបានធ្លាក់ចុះក្រោយពីអាជ្ញាធរកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិនៅមុនការបោះឆ្នោតជាតិឆ្នាំ២០១៨។
តាមរយៈការផ្លាស់ប្តូរលិខិតរវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខែវិច្ឆិកាគឺភាគីទាំងពីរសំឡឹងមើលការអភិវឌ្ឍសេដ្ឋកិច្ចនិងការដើរតាមគន្លងប្រជាធិបតេយ្យដែលជាចំណុចរួមនាំឱ្យចំណងមិត្តភាពបានប្រសើរឡើង ហើយនៅឆ្នាំក្រោយនេះក៏ជាខួបលើកទី៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។
នៅក្នុងបទសម្ភាសផ្តាច់មុខជាមួយVOA កាលពីពាក់កណ្តាលខែធ្នូនេះ លោកW. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានសម្តែងសុទិដ្ឋិនិយមថា៖
«យើងចង់គូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការលើគ្រប់ផ្នែកទាំងអស់ ក៏ដូចជាផ្ដោតយកចិត្តទុកដាក់ខ្លះទៅលើការខ្វែងគំនិតគ្នាដែលយើងមាន។ យើងសង្ឃឹមថា យើងអាចធ្វើឲ្យប្រសើរឡើងនូវចំណុចខ្វះខាតទាំងនោះ និងពង្រឹងបន្ថែមទៀតដើម្បីជួយដល់ទំនាក់ទំនងទ្វេភាគីនេះឱ្យកាន់តែប្រសើរឡើង»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបន្ថែមថា៖
«យើងមានការលំបាកដោយសារតែអ្នកតំណាងរាស្ត្រមួយចំនួនតូចរបស់សហរដ្ឋអាមេរិកក៏ដូចជាសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមួយចំនួនតូច ដែលមាននិន្នាការនយោបាយផ្ទុយពីគោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ គឺយើងក៏មិនដឹងធ្វើយ៉ាងម៉េចដែរ ពីព្រោះគាត់ប្រកាន់លទ្ធិប្រជាធិបតេយ្យសេរី ហើយសេរីគឺហាក់ដូចជាអង្គនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិហ្នឹងហាក់មិនសូវស៊ីគ្នា។ នេះប្រហែលជាលក្ខណៈសត្យានុម័តធម្មតារបស់ប្រទេសប្រជាធិបតេយ្យសេរី»។
ឆ្នាំ២០១៩នេះ ក៏កត់សម្គាល់ពីការដាក់ទណ្ឌកម្មដោយចំពោះរបស់សហរដ្ឋអាមេរិកលើមន្ត្រីយោធាជាន់ខ្ពស់មួយរូប និងសេដ្ឋីដែលស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ លោកនាយឧត្ដមសេនីយ គន់ គីម និងលោកឧកញ៉ា ទ្រី ភាព ត្រូវបានក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនិងបិទទិដ្ឋាការមិនឱ្យចូលសហរដ្ឋអាមេរិកទេ។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលបានផ្តល់កាដូដ៏ភ្ញាក់ផ្អើលនៅចុងឆ្នាំ ដោយបានដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិឱ្យនៅក្រៅឃុំបន្ទាប់ពីឃុំឃាំងអស់រយៈពេលជាង២ឆ្នាំ និងដោះលែងសកម្មជនសហគមន៍និងអ្នកគាំទ្រគណបក្សប្រឆាំងជាង៧០នាក់ នៅមុនសហភាពអឺរ៉ុបសម្រេចលើជោគវាសនាឋានៈអនុគ្រោះពន្ធ។
ប៉ុន្តែការបិទបញ្ចប់ឆ្នាំ២០១៩ ក៏បានបន្សល់បញ្ហាដ៏ធំមួយ ដែលអាចនឹងវិលត្រឡប់មកលងគណបក្សកាន់អំណាចនៅថ្ងៃខាងមុខ នោះគឺបញ្ហាព្រំដែនកម្ពុជានិងវៀតណាមដែលធ្វើឱ្យពលរដ្ឋមួយចំនួននិងគណបក្សប្រឆាំងមិនពេញចិត្ត។ ព្រះមហាក្សត្រនរោត្តម សីហមុនី បានឡាយព្រះហស្ថលេខា កាលពីថ្ងៃទី៥ ខែធ្នូ ប្រកាសឱ្យប្រើច្បាប់ស្តីពីការអនុម័តយល់ព្រម លើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥រវាងប្រទេសកម្ពុជានិងវៀតណាម។
គណបក្សសង្គ្រោះជាតិបានសម្តែង«ការខកចិត្តយ៉ាងខ្លាំង»ដោយចាត់ទុកថាច្បាប់នេះធ្វើឱ្យបាត់បង់បូរណភាពទឹកដីទៅ ប្រទេសវៀតណាម។
លោក អ៊ុំ សំអាន អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងមានជំនាញកិច្ចការព្រំដែនបានបញ្ជាក់ប្រាប់វីអូអេថា៖
«ពេលនេះគឺជាពេលមិនសមស្របទេ ដោយសារអត់មានគណបក្សប្រឆាំង អត់មានការឯកភាពជាតិ ដូច្នេះការចុះហត្ថលេខាហ្នឹងគឺជាការស៊ុំគ្រលំគ្នា ដើម្បីកាត់ដីឱ្យយួនដើម្បី សងគុណយួនដែលយួនបានលើកបន្តុបមេដឹកនាំសព្វថ្ងៃនេះ តាំងពីទសវត្សរ៍ទី៨០មក»។
ប៉ុន្តែការណ៍នេះហាក់មានផលប៉ះពាល់តិចតួចលើគោលជំហររបស់លោក ហ៊ុន សែន។ នៅក្នុងកម្មវិធីសម្ពោធទីផ្សារគំរូព្រំដែនរវាងកម្ពុជាជាមួយនឹងវៀតណាមកាលពីថ្ងៃអង្គារទី២៤ខែធ្នូ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងជាភាសាខ្មែរផងនិងភាសាវៀតណាមផងពីជំនឿលើអនាគតកម្ពុជាមួយដែលផ្ដោតលើពាណិជ្ជកម្មនិងមិនភ្លេចវាយបកបក្សប្រឆាំងដែលតែងតែរិះគន់ថាលោកជាអាយ៉ងរបស់វៀតណាមនោះឡើយ៕