តំណាងនិយោជកក្នុងវិស័យកាត់ដេរច្រានចោលតួលេខប្រាក់ឈ្នួលអប្បបរមាចំនួន២០៧ដុល្លារ និងបានព្រមានថា ពលរដ្ឋកម្ពុជារាប់ម៉ឺននាក់អាចបាត់បង់ការងារ ប្រសិនបើមានការប្រើប្រាស់តួលេខមិនច្បាស់លាស់សម្រាប់ធ្វើការចរចា។ មេដឹកនាំសហជីពបានថ្លែងការពារតួលេខនេះ ហើយថា ការធ្វើកូដកម្មនឹងផ្ទុះឡើងក្នុងករណីដែលការចរចាមិនអាចផ្តល់ឲ្យកម្មករនូវប្រាក់ឈ្នួល ដែលអាចទប់ទល់នឹងការចំណាយជាក់ស្តែងប្រចាំថ្ងៃបាននោះ។
នៅថ្ងៃអង្គារនេះ លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមកាត់ដេរនៅកម្ពុជាបានព្រមានអំពីការបាត់បង់ការងារសម្រាប់ពលរដ្ឋកម្ពុជាជាង៨០០.០០០នាក់ នៅក្នុងវិស័យកាត់ដេរ ប្រសិនបើការចរចាប្រាក់ឈ្នួលអប្បបរមាមិនត្រូវបានធ្វើឡើងដោយមានតម្លាភាព។
ការព្រមានរបស់តំណាងនិយោជករូបនេះកើតមានឡើង បន្ទាប់ពីមានការចេញផ្សាយរបាយការណ៍ថ្មីមួយ ដែលបានបង្ហាញថា កម្មករត្រូវការប្រាក់ឈ្នួលអប្បបរមា២០៧ដុល្លារសម្រាប់ទប់ទល់ការចំណាយប្រចាំខែរបស់ពួកគេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅឯសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ លោក វ៉ាន់ ស៊ូអៀង មានប្រសាសន៍ថា និយោជកចង់ឃើញការចរចាប្រាក់ឈ្នួលប្រកបដោយភាពត្រឹមត្រូវ ដែលអាចកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងកម្រិតដែលនិយោជកអាចផ្តល់ជូនបាន នៅមុនពេលពួកគេសម្រេចដើរចេញពីប្រទេសកម្ពុជា ឬក៏ឈប់មកបោះទុនក្នុងវិស័យនេះ។
លោកបានច្រានចោលតួលេខប្រាក់ឈ្នួលអប្បបរមាចំនួន២០៧ដុល្លារនេះដែរ ដោយលោកសំអាងថា តួលេខនេះមិនត្រូវបានធ្វើឡើងដោយមានការស្រាវជ្រាវច្បាស់លាស់ចំពោះស្ថានភាពសង្គម និងសេដ្ឋកិច្ចនៅកម្ពុជានោះទេ។
«ខ្ញុំចង់ឲ្យប្រជាជនយើងដឹងទាំងអស់ ជាមួយនឹងកម្មករថា មួយឆ្នាំៗ យើងមាន៣០ម៉ឺននាក់រកការងារធ្វើស្រុកខ្មែរ។ បើថា អត់មានវិស័យណាផ្នែកសេដ្ឋកិច្ចណាបង្កើតការងារឲ្យកម្មករ រកការងារឲ្យប្រជាជនយើងធ្វើ ពិបាកណាស់។ ចង់ទៅថៃទាំងអស់អ្ហេ! ចង់ទៅវៀតណាមទាំងអស់អ្ហេ! ទៅកន្លែងគេមិនស្រួលទេ។ រួចហើយឪពុកម្តាយយើងអត់ចង់ឲ្យកូនយើងទៅស្រុកគេទេ ឲ្យគេធ្វើបាបរហូត។ បើថា យើងអត់មានការងារធ្វើនៅស្រុកខ្មែរ ប្រយ័ត្នថា សេដ្ឋកិច្ចយើងដួលទៅ មិនស្រួលទេណា៎ ហើយហៅគេមកពិបាកណាស់ ពីព្រោះគេមើលយើងថា អ្ហេ! កាត់ដេរធ្វើ១០និង២០ឆ្នាំហើយ ធ្វើអត់រស់ទៀត ហើយបាត់ទាំងអស់ ខ្ញុំម៉េចហ៊ានធ្វើស្រុកខ្មែរទៀត!»។
លោកបានបន្ទោសសហជីពអន្តរជាតិ និងជនបរទេស។ លោកបន្ថែមថា៖
«អាហ្នឹងយើងត្រូវពិចារណាខ្លាំងមែនទែន ហើយកុំចេះតែស្តាប់ពួកអ្នកបរទេសហ្នឹង! ចុះសហជីពពាណិជ្ជកម្ម ពាណិជ្ជកម្មអន្តរជាតិអីមកដល់ ហើយចាយលុយឲ្យគេស្រាវជ្រាវ ហើយចេញមក២០៧ដុល្លារ ស្អែកចេញមកទៀត២៣០ដុល្លារ ខានស្អែក៣០០ដុល្លារ ចេះតែថា»។
លទ្ធផលបឋមដែលបានមកពីការស្ទាបស្ទង់អំពីតម្រូវការរបស់កម្មករចំនួន៧៤៥នាក់ធ្វើឡើងដោយក្រុមអ្នកសិក្សាស្រាវជ្រាវ DC Research បង្ហាញថា ចំនួនពាក់កណ្តាលនៃកម្មករទាំងអស់នេះចង់ទទួលបានប្រាក់ឈ្នួល២០៧,៥០ដុល្លារក្នុងមួយខែ។
មេដឹកនាំសហជីពធំៗនៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា ពួកគេនៅតែប្រកាន់ជំហរទាមទារប្រាក់ឈ្នួលអប្បបរមាចំនួន២០៧ដុល្លារដដែល ពីព្រោះរបាយការណ៍នេះត្រូវបានធ្វើឡើងតាមការចុះជួបផ្ទាល់របស់អ្នកស្រាវជ្រាវជាមួយនឹងកម្មករ។
អ្នកស្រី ឆេង ដានោ ប្រធានស្តីទីនៃសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយណភណ្ឌកាត់ដេរកម្ពុជាថ្លែងថា សហជីពជាង១០បានសម្រេចកាលពីថ្ងៃម្សិលមិញថា ពួកគេនឹងយកតួលេខប្រាក់ខែអប្បរិមា២០៧ដុលា្លរនេះទៅចរចា ហើយថា និយោជកជំទាស់នឹងតួលេខនេះ ពីព្រោះវាច្រើនជាងការគិតរបស់ពួកគេ។
«តាមអ្វីដែលពួកខ្ញុំគិត ខ្ញុំគិតថា GMAC គាត់ចាំតែជំទាស់ ប្រសិនបើរកឃើញអ្វីច្រើនជាងការគិតរបស់គាត់។ អញ្ចឹងគាត់ចាំតែជំទាស់យើង តែបើសិនជារកទៅ បើឃើញទៅវាទាប ដូចការគិតរបស់គាត់ អាហ្នឹងគាត់ព្រមទទួលយកហើយ តែដល់ពេលយើងរកទៅវាមិនតាមចិត្តគាត់ចង់បាន គាត់មិនឲ្យយើងទេ»។
លោក គង់ អាទិត្យ អគ្គលេខាធិការសហភាពការងារកម្ពុជា បានឲ្យដឹងដែរថា ប្រាក់ឈ្នួលអប្បបរមាចំនួន២០៧ដុល្លារនេះទើបតែត្រូវបានរកឃើញ ហើយវាស្ថិតលើតុចរចាជាមួយដៃគូពាក់ព័ន្ធ។ លោកបញ្ជាក់ថា កម្មករមិនចង់ឃើញនិយោជក ឬថៅកែរោងចក្រណាម្នាក់ដើរចេញពីប្រទេសកម្ពុជានោះទេ។
«និយាយទៅខាងកម្មករ យើងអត់ចង់ឲ្យនិយោជកណាគាត់បាត់បង់ ចាកចេញពីប្រទេសហ្នឹងទេ។ យើងចង់ជជែកគ្នា ចង់មានការព្រមព្រៀងណាមួយ ដែលវាអាចទទួលយកបានទាំងសងខាងដែរ។ ដូចឆ្នាំទៅអញ្ចឹង យើងឃើញ ហើយយើងចរចា យើងទាមទារល្មមអាចយកបាន។ យើងមានធ្វើអី យើងទទួលយក។ យើងរងចាំឆ្នាំក្រោយចរចាម្តងទៀតទេតើ!»។
ទាំងអ្នកស្រី ឆេង ដាណូ និងលោក គង់ អាទិត្យ បានព្រមានថា កម្មករអាចនឹងសម្រេចចិត្តធ្វើកូដកម្មក្នុងករណីដែលនិយោជកមិនអាចផ្តល់ការដំឡើងប្រាក់ឈ្នួលអប្បបរមាសមរម្យសម្រាប់ពួកគេ។
រីឯលោក ហេង សួ អ្នកនាំពាក្យក្រសួងការងារ មានប្រសាសន៍ប្រាប់វីអូអេថា ភាគីទាំងសងខាងត្រូវរកឲ្យបាននូវតួលេខជាក់លាក់មួយសម្រាប់ឲ្យភាគីរដ្ឋាភិបាលធ្វើការពិចារណា។ លោកថា រដ្ឋាភិបាលនឹងមិនពិចារណា តួលេខដែលមានលក្ខណៈចម្រូងចម្រាសនោះឡើយ។
«ខាងនិយោជកក៏ត្រូវតែសម្របសម្រួលផ្ទៃក្នុងដើម្បីឲ្យមានតួលេខមួយ ហើយភាគីសហជីពក៏ត្រូវតែសម្របសម្រួលផ្ទៃក្នុងឲ្យមានតួលេខមួយ។ បើសិនជាមានតួលេខផ្សេងគ្នានោះគឺយើងនឹងមិនពិចារណាទៅលើតួលេខ ដែលមានលក្ខណៈបែកខ្ញែកគ្នានោះទេ»។
លោកបន្តថា ភាគីនីមួយៗនឹងបញ្ជាក់ជំហររបស់ពួកគេទាក់ទិនការកំណត់ប្រាក់ឈ្នួលអប្បបរមានេះ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រឹក្សាការងារនៅថ្ងៃទី២៥ខាងមុខនេះ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានភាពចម្រូងចម្រាសនៅក្នុងវិស័យនេះ ដោយសារមានការធ្វើបាតុកម្មទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យបានសមស្របទៅនឹងការកើនឡើងនូវតម្លៃទំនិញនានាក្នុងប្រទេសកម្ពុជា ដែលបានបន្តកើនឡើងលឿនជាងប្រាក់ខែកម្មករ។
ការតវ៉ារបស់កម្មករដើម្បីឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាកាលពីខែមករា ដើមឆ្នាំ២០១៤បានប្រឈមនឹងការបង្រ្កាបដោយអំពើហិង្សាពីរដ្ឋាភិបាល ដែលនាំឲ្យមានមនុស្សយ៉ាងហោចណាស់ចំនួនប្រាំនាក់បានស្លាប់ និងរាប់សិបនាក់រងរបួសព្រមជាមួយនឹងការចាប់ខ្លួនអ្នកតវ៉ាដាក់ពន្ធនាគារមួយចំនួនថែមទៀតផង។
បន្ទាប់ពីមានការតវ៉ាទាំងនោះ រដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់១២៨ដុល្លារក្នុងមួយខែ ប៉ុន្តែក្រុមកម្មករបានឲ្យដឹងកាលពីពេលកន្លងទៅនេះថា ពួកគេត្រូវការយ៉ាងហោចណាស់១៧៧ដុល្លារក្នុងមួយខែ ដើម្បីទប់ទល់នឹងការកើនឡើងនូវការចំណាយក្នុងការរស់នៅប្រចាំថ្ងៃនាពេលបច្ចុប្បន្ន៕