មន្ត្រី​រុស្ស៊ី​ថា ស្ពាន​សំខាន់​ភ្ជាប់​រុស្ស៊ី​ទៅ​តំបន់ Crimea បាន​រង​ការ​ខូចខាត

រូបថត​ផ្សាយ​ដោយ Ostorozhno Novosti កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ បង្ហាញ​កន្លែង​ខូចខាត​លើ​ស្ពាន​ដែល​ភ្ជាប់​រុស្ស៊ី​ទៅ​នឹង​តំបន់ Crimea។

មន្ត្រី​រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ស្ពាន​សំខាន់​មួយ​ខ្សែ​ដែល​ភ្ជាប់​ប្រទេស​រុស្ស៊ី​ទៅ​តំបន់ Crimea បាន​រង​ការ​ខូចខាត​ក្នុង​ស្ថានភាព​ «បន្ទាន់» ​ដែល​ធ្វើ​ឱ្យ​បង្អាក់​ដល់​ចរាចរណ៍​នៅ​ចំ​ពេល​មាន​ការ​រាយការណ៍​ថា​មាន​ការ​ផ្ទុះ​កើតឡើង។

ស្ពាន​នេះ​ភ្ជាប់​តំបន់ Krasnodar ​នៃ​ប្រទេស​រុស្ស៊ី​ទៅ​តំបន់ Crimea ដែល​ជា​ឧបទ្វីប​របស់​អ៊ុយក្រែន​ដែល​ត្រូវ​រុស្ស៊ី​ភ្ជាប់​យក​នៅ​ឆ្នាំ ២០១៤ នៅ​ក្នុង​វិធានការ​មួយ​ដែល​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់។ ស្ពាន​នេះ​ដើរ​តួ​ជា​តំណ​ភ្ជាប់​ដ៏​សំខាន់​ដើម្បី​ផ្គត់ផ្គង់​ទាហាន​រុស្ស៊ី​នៅ​ក្នុង​ការ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

ក្រសួង​ដឹក​ជញ្ជូន​របស់​រុស្ស៊ី​បាន​បញ្ជាក់​តាម ​Telegram​ ថា ​មាន​ការ​ខូចខាត​លើ​ផ្នែក​ខាង​ផ្លូវ​រថយន្ត​នៃ​ស្ពាន​នៅ​ជិត​តំបន់ Crimea។ ក្រសួង​នេះ​មិន​បាន​ពន្យល់​អំពី​មូលហេតុ​នៃ​ការ​ខូចខាត​នេះ​ទេ។

មន្ត្រី​រុស្ស៊ី​បាន​និយាយ​ថា មនុស្ស ២ នាក់​ត្រូវ​បាន​សម្លាប់​ហើយ​កូន​ស្រី​របស់​អ្នក​ទាំង​ពីរ​នេះ​បាន​រង​របួស​នៅ​លើ​ស្ពាន​នេះ​នៅ​ថ្ងៃ​ចន្ទ​នេះ។

ស្ពាន​នេះ​ធ្លាប់​រង​ការ​ខូចខាត​កាលពី​មុន​រួច​មក​ហើយ​នៅ​ក្នុង​ការ​ផ្ទុះ​កាលពី​ខែ​តុលា​ឆ្នាំ​មុន ដែល​នៅ​ពេល​នោះ​រុស្ស៊ី​បាន​ចោទ​អ៊ុយក្រែន​ថា​ជា​អ្នក​ធ្វើ។

រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃចន្ទ​នេះ​ថា ខ្លួន​បាន​បញ្ឈប់​ការចូលរួម​នៅ​ក្នុង​កិច្ចព្រមព្រៀង​ដែល​មាន​រយៈពេល​ជិត​មួយ​ឆ្នាំ​ដែល​សម្រប​សម្រួល​ការនាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​កំពង់ផែ​អ៊ុយក្រែន​ចំនួន​បី​នៅ​សមុទ្រ​ខ្មៅ។

អង្គការ​សហ​ប្រជាជាតិ ​និង​តួកគី​បាន​សម្រប​សម្រួល​គំនិត​ផ្តួចផ្តើម​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ​ចំពេល​មាន​វិបត្តិ​ស្បៀង​អាហារ​ជា​សាកល​ ដោយ​ស្វែងរក​ការសម្រួល​ដល់​ការនាំចេញ​ដែល​ត្រូវ​បាន​រារាំង​ដោយ​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។

មុន​ពេល​កិច្ចព្រមព្រៀង​ផុត​កំណត់​នៅ​ថ្ងៃចន្ទ​នេះ​ រុស្ស៊ី​បាន​និយាយ​ថា ​ខ្លួន​មិន​ទទួល​បាន​អត្ថប្រយោជន៍​គ្រប់គ្រាន់​ទេ ​នៅ​ក្រោម​គំនិត​ផ្តួចផ្តើម​នេះ។

មន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​មួយ​រូប​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា យោធា​អ៊ុយក្រែន​បាន​ដណ្ដើម​កាន់កាប់​ឡើង​វិញ​ពី​កងទ័ព​រុស្ស៊ី​នូវ​ទឹកដី​ទំហំ ១៨ គីឡូម៉ែត្រ​ការ៉េ​ក្នុង​អំឡុង​សប្ដាហ៍​មុន និង​ទឹកដី​ទំហំ​ ២១០ ​គីឡូម៉ែត្រ​ការ៉េ​តាំងពី​ពេល​ធ្វើ​យុទ្ធនាការ​វាយបក​ទៅ​វិញ​កាលពី​ខែ​មុន​មក។

ការ​ដណ្ដើម​បាន​មក​វិញ​នេះ​រួម​មាន​ទាំង​ទឹកដី​ទំហំ ​៧ ​គីឡូម៉ែត្រ​ការ៉េ​នៅ​ក្នុង​តំបន់ Bakhmut ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ផង​ដែរ។ កងទ័ព​រុស្ស៊ី​បាន​ត្រួតត្រា​លើ​ទីក្រុង Bakhmut តាំងពី​ខែ​ឧសភា​មក។

នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ុយក្រែន ​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​អ្នកស្រី Hanna Maliar បាន​និយាយ​ថា យុទ្ធជន​អ៊ុយក្រែន​បាន​ដណ្ដើម​កាន់កាប់​មក​វិញ​នូវ​ទឹកដី​ទំហំ​ ១១ ​គីឡូម៉ែត្រ​ការ៉េ ​នៅ​ពេល​ដែល​ពួកគេ​បាន​រុល​ទៅ​មុខ​សំដៅ​ទៅ​ទីក្រុង Berdyansk ​និង​ទីក្រុង Melitopol។

អ្នកស្រី Maliar ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កងទ័ព​រុស្ស៊ី​បាន​រុល​ទៅ​មុខ​សំដៅ​ទៅ​ទីក្រុង Kupiansk នៅ​ក្នុង​តំបន់ Kharkiv នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។