ប្រជាពលរដ្ឋអាមេរិកចូលរួមបោះឆ្នោតដោយមិនមានបញ្ហាធំដុំទេ នៅក្នុងថ្ងៃបោះឆ្នោតពាក់កណ្តាលអាណត្តិប្រធានាធិបតី កាលពីថ្ងៃអង្គារ ដោយសន្តិសុខនៃការបោះឆ្នោតនេះត្រូវបានគេតាមដានយ៉ាងខ្លាំងក្លា នៅរយៈពេលពីរឆ្នាំបន្ទាប់មក ក្រោយពីមានរឿងចម្រូងចម្រាសអំពីការបោះឆ្នោតប្រធានាធិបតី ដែលពេលនោះមានការអះអាងនិងទ្រឹស្តីគ្មានភ័ស្តុតាងចោទប្រកាន់ថាការបោះឆ្នោតនោះមានការលួចបន្លំ។
មណ្ឌលបោះឆ្នោតនានាបានបើកនៅទូទាំងសហរដ្ឋអាមេរិក ដោយមិនមានការរាយការណ៍អំពីបញ្ហាសន្លឹកឆ្នោត មនុស្សតម្រង់ជួររង់ចាំយូរពេក ឬការគំរាមកំហែងដល់អ្នកបោះឆ្នោតទេ ទោះបីជានៅកន្លែងខ្លះមានការរាយការណ៍អំពីបញ្ហាមួយចំនួន ដែលជារឿងធម្មតានៅក្នុងថ្ងៃបោះឆ្នោតក៏ដោយ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ម៉ាស៊ីនរាប់សន្លឹកឆ្នោតមានបញ្ហានៅក្នុងសង្កាត់មួយក្នុងរដ្ឋ New Jersey និងនៅក្នុងសង្កាត់មួយនៅរដ្ឋ Arizona បាននាំឱ្យមន្ត្រីបោះឆ្នោតចេញមកធានាថាសន្លឹកឆ្នោតទាំងអស់នឹងត្រូវបានរាប់។ ការិយាល័យបោះឆ្នោតខ្លះនៅរដ្ឋ North Carolina ត្រូវបានពន្យារការបើកទ្វារទទួលអ្នកបោះឆ្នោតដោយសារអ្នកធ្វើការនៅទីនោះបានមកដល់យឺតយ៉ាវ ប៉ុន្តែមន្ត្រីថា ពួកគេប្រហែលបន្ថែមម៉ោងសម្រាប់បោះឆ្នោត។ ហើយនៅក្នុងសង្កាត់មួយក្នុងរដ្ឋ Pennsylvania ការិយាល័យបោះឆ្នោតនានាបានស្រវាស្រទេញរកសន្លឹកឆ្នោតមកផ្គត់ផ្គង់ ខណៈចំនួនសន្លឹកឆ្នោតនៅទីនោះខ្វះខាត។
ប៉ុន្តែអ្នកតាមដានការបោះឆ្នោតថាបញ្ហាទាំងនេះតូចតាចនិងជារឿងធម្មតា។
ចាប់តាំងពីការបោះឆ្នោតប្រធានាធិបតីដ៏ចម្រូងចម្រាសកាលពីឆ្នាំ២០២០មក អតីតប្រធានាធិបតីអាមេរិកលោក Donald Trump និងសម្ពន្ធមិត្តរបស់លោកបានធ្វើឱ្យមានការមិនទុកចិត្តយ៉ាងខ្លាំងក្នុងចំណោមអ្នកបោះឆ្នោត ដោយបានផ្សព្វផ្សាយអំពីការអះអាងមិនពិតថាការបោះឆ្នោតនោះមានការលួចបន្លំយ៉ាងច្រើន។ ការផ្សាយមិនពិតនេះបានធ្វើឱ្យសាធារណជនបាត់បង់ទំនុកចិត្តចំពោះការបោះឆ្នោតនិងដំណើរការលទ្ធិប្រជាធិបតេយ្យ ការបន្តឹងការបង្ហាញអត្តសញ្ញាណ និងថែមទាំងមានការគំរាមសម្លាប់មន្ត្រីបោះឆ្នោតទៀតផង។
សម្រាប់ថ្ងៃបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅថ្ងៃទី៨ ខែវិច្ឆិកានេះ មន្ត្រីបោះឆ្នោតបន្តមានការបារម្ភអំពីសន្តិសុខ ការគំរាមកំហែង និងការរំខាននានា ហើយបានត្រៀមយ៉ាងខ្លាំង។
នៅការិយាល័យបោះឆ្នោតមួយនៅជាយក្រុង Atlanta រដ្ឋ Georgia នាង Tyler Moore អាយុ២៥ ឆ្នាំ ថា នាងមិនភ្ញាក់ផ្អើលទេប្រសិនបើមានភាពចម្រូងម្រាសក្រោយការបោះឆ្នោតនេះ។ បញ្ហារបស់ម៉ាស៊ីនរាប់សន្លឹកឆ្នោតនៅស្រុក Maricopa ក្នុងរដ្ឋ Arizona ដែលធ្លាប់មានរឿងចម្រូងចម្រាសកាលពីពីរឆ្នាំមុន បាននាំឱ្យមានការរិះគន់តាមបណ្តាញសង្គម ប៉ុន្តែមន្ត្រីបោះឆ្នោតថា វាជាបញ្ហាបច្ចេកទេសតូចតាច។
ប៉ុន្តែតាំងពីមុនវិបត្តិកូវីដ១៩ម៉្លេះ រដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិកបានប្តូរឱ្យមានការបោះឆ្នោតច្រើនលើសពីមួយថ្ងៃ ដោយអ្នកបោះឆ្នោតអាចមកបោះឆ្នោតមុនកាលកំណត់ឬផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ក៏បាន។ នៅមុនថ្ងៃអង្គារនេះ មានពលរដ្ឋអាមេរិក ៤៤ លាន ៥ សែននាក់បានបោះឆ្នោតរួចទៅហើយ៕
ប្រែសម្រួលដោយលោក សឹង សុផាត