លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា(គ.ជ.ប) លើកឡើងថា ប្រធានមណ្ឌលបោះឆ្នោតមានសិទ្ធិក្នុងការមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលក្នុងមណ្ឌលបោះឆ្នោត ហើយអាចបិទទ្វារបង្អួច ពេលរាប់សន្លឹកឆ្នោត ក្នុងករណីមានភ្លៀងខ្យល់ដែលបង្កការរំខាន។ ក៏ប៉ុន្តែ ប្រធានគណបក្សមួយចំនួនយល់ថាចំណាត់ការនេះមិនស្របតាមនីតិវិធី និងមិនមានតម្លាភាពក្នុងដំណើរការបោះឆ្នោតឡើយ។
អ្នកនាំពាក្យស្ថាប័ន គ.ជ.ប ប្រាប់វីអូអេថា ប្រធានមណ្ឌល ឬប្រធានការិយាល័យបោះឆ្នោតនីមួយៗមាន «ឆន្ទានុសិទ្ធិ» ក្នុងការសម្រេចឱ្យប្រជាពលរដ្ឋចូល ឬមិនអនុញ្ញាតឱ្យចូលក្នុងមណ្ឌលបោះឆ្នោត ដើម្បីបញ្ចៀសការរំខាននានាដែលអាចកើតឡើង។ លោកបន្ថែមថា ប្រធានមណ្ឌលក៏មានសិទ្ធិបិទទ្វារបង្អួចផងដែរ ក្នុងករណីមានភ្លៀងខ្យល់ ដែលអាចបង្កការរំខានដល់ដំណើរការបោះឆ្នោត។
លោកថ្លែងថា៖ «បានឬក៏មិនបាន អាស្រ័យទៅលើឆន្ទានុសិទ្ធិរបស់ប្រធានមណ្ឌល ឬការិយាល័យនោះបាទ។ ខ្ញុំឧទាហរណ៍ថា ការបោះឆ្នោតកន្លងមកមានក្រុមខ្លះចាំតែឈរស្រែកថា អានេះមិនមែនខ្មែរ។ ឧទាហរណ៍អ៊ឹចឹង! ស្រែកចុះស្រែកឡើងធ្វើឱ្យមានការបារម្ភចំពោះសេចក្ដីរំខាន អ៊ឹចឹងគេនឹងមិនឱ្យឈរជិតទេ ប៉ុន្ដែ[បើ]សកម្មភាពនោះប្រក្រតី ពេលនោះប្រធានមណ្ឌលគេមានឆន្ទានុសិទ្ធិចង់ឈរមើលតាមបង្អួច ក៏ឈរទៅ»។
កាលពីការបោះឆ្នោតឃុំសង្កាត់នាខែមិថុនា ឆ្នាំ ២០២២ គណបក្សភ្លើងទៀនធ្លាប់បានអះអាងថា ស្ទើរគ្រប់មណ្ឌលបោះឆ្នោតនៅទូទាំងប្រទេសបានបិទទ្វារចាក់សោរបង ចាប់ពីម៉ោង ៣ រសៀល ហើយមានការបណ្ដាញពលរដ្ឋចេញមិនឱ្យតាមដានការរាប់សន្លឹកឆ្នោត។ គណបក្សបន្ថែមថា ក៏មានការបណ្ដេញភ្នាក់ងារមកពីគណបក្សនយោបាយក្រៅរដ្ឋាភិបាលចេញពីការិយាល័យបោះឆ្នោតផងដែរ។
គណបក្សភ្លើងទៀន ដែលជាគណបក្សជំទាស់ដ៏ធំមួយនៅកម្ពុជា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងការបោះឆ្នោតនាខែកក្កដាខាងមុខនេះឡើយ ដោយសារកង្វះលិខិតស្នាមដើម្បីចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់គណបក្សនយោបាយ។
សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់វីអូអេតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃព្រហស្បតិ៍នេះថា ប្រសិនបើប្រធានមណ្ឌលមាននិន្នាការគាំទ្រការពារគណបក្សណាមួយ នោះវាមានផលប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។
លោកថ្លែងថា៖ «ព្រោះជួនកាល គាត់យល់ហើយ ពេលណាគួរបិទទ្វារ ពេលណាមិនបិទទ្វារ ពេលណារំខានពេលណាមិនរំខាន។ ប៉ុន្ដែប្រសិនជាបុគ្គលដែលពាក់ព័ន្ធនិន្នាការនយោបាយ ឬក៏គាំទ្រគណបក្សនយោបាយ ហើយមានអំណាចធ្វើអ្វី ដើម្បីរារាំង ដើម្បីបម្រើរបស់ខ្លួន អាហ្នឹងអាចនឹងធ្វើទៅតាមគំនិត ដែលខ្លួនចង់ការពារគណបក្សរបស់ខ្លួនហ្នឹង អាហ្នឹងធ្វើឱ្យប៉ះពាល់ហើយ»។
លោកជំរុញឱ្យស្ថាប័ន គ.ជ.ប ធានាតម្លាភាពក្នុងដំណើរការបោះឆ្នោត ដើម្បីបង្កើតទំនុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ។
ចំណែកប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ លើកឡើងថានីតិវិធីក្នុងដំណើរការបោះឆ្នោតមិនតម្រូវឱ្យមានការបិទទ្វារនោះទេ។ លោកថា មន្ត្រីអាជ្ញាធរតាមមណ្ឌលមានសិទ្ធិបណ្ដេញបុគ្គលណាដែលរំខានដល់ដំណើរការបោះឆ្នោត ប៉ុន្តែមិនបាច់បិទទ្វារបង្អួចឡើយ។
លោកថ្លែងថា៖ «បើពិតជាមានភ្លៀងខ្យល់ ខ្យល់ប៉ើងអីមែនអាហ្នឹងវាបិទ ប៉ុន្ដែកុំឱ្យបិទគ្រប់តែកន្លែង អត់មានភ្លៀងខ្យល់ផង បញ្ហានៅកន្លែងហ្នឹងកន្លងមកហ្នឹង»។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះ ឆ្នោតនិចហ្វិក (Nicfec) លោក សំ គន្ធាមី ប្រាប់វីអូអេថា លោកយល់ស្របទៅនឹងការលើកឡើងរបស់ គ.ជ.ប ក្នុងការបិទទ្វារបង្អួច ប្រសិនបើមានភ្លៀងខ្យល់ដែលរំខានដល់ការរាប់សន្លឹក។
សមាគមអាដហុកក៏ធ្លាប់បានបង្ហាញពីភាពមិនប្រក្រតីមួយចំនួនជុំវិញការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដូចជាវត្តមានរបស់អាជ្ញាធរពាក់ព័ន្ធនៅក្នុងបរិវេណ និងក្រៅការិយាល័យ ដើម្បីកត់ឈ្មោះប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោត។ ហើយដំណើរការរាប់សន្លឹកឆ្នោតនៅការិយាល័យមួយចំនួនក៏ត្រូវបានគេសង្កេតឃើញថា មានការបិទច្រកទីតាំងការិយាល័យ និងបិទទ្វារបង្អួចការិយាល័យរាប់សន្លឹកឆ្នោត ដោយមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋមើលការរាប់សន្លឹកឆ្នោតផងដែរ៕