អង្គការ​ខុមហ្វ្រែល​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​វត្តមាន​អាជ្ញាធរ​នៅ​មណ្ឌល​បោះ​ឆ្នោត

មន្ត្រី​បោះឆ្នោត​​រាប់​សន្លឹក​ឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។

មន្ត្រី​អង្គការ​ខុមហ្វ្រែល​ដែល​ជា​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ បាន​លើក​ឡើង​អំពី​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី ៧ ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ។ ភាព​មិន​ប្រក្រតី​ទាំង​នោះ រួមមាន​វត្តមាន​របស់​អាជ្ញាធរ​និង​ភ្នាក់ងារ​សង្កេត​ការណ៍​នានា ដែល​បានកត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត និង​ការ​មិន​បិទ​កំណត់​ហេតុ​លទ្ធផល​បោះ​ឆ្នោត​តាម​ទម្រង់ ​១១០២ ឱ្យ​បាន​ត្រឹម​ត្រូវ តាម​គោលការណ៍​ដែល​បាន​ណែនាំ។

អង្គការ​ខុមហ្វ្រែល​ បាន​ដាក់​អ្នក​សង្កេត​ការណ៍​ចំនួន​ ៤​ពាន់​នាក់ ដើម្បី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣។ លោក កន សាវាង្ស អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល​ ប្រាប់​វីអូអេ​ថា ​ភាព​មិន​ប្រក្រតី​នៃ​វត្តមាន​របស់​អាជ្ញាធរ​មិន​ខុស​គ្នា​នឹង​កាល​ពី​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ឆ្នាំ​ ២០២២ ​ឡើយ។

លោក​ថ្លែង​ថា៖ «នៅ​តែ​មានអាជ្ញាធរ​ហ្នឹង អ្នក​ដែល​មាន​តួនាទី​ នៅ​តែ​វត្តមាន​នៅ​ការិយាល័យ ដើរ​ចាំ​សួរ​នាំ ចាំ​ទាញ​ដៃ​ទាញ​ជើង​ស្អី​ហ្នឹង ចាំ​ពិនិត្យ​មើល...ការ​កត់​ឈ្មោះ​ក៏​នៅ​តែ​មាន​ដែរ កត់​ឈ្មោះ​ប្រជាពលរដ្ឋ កត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត រហូត​ដល់​ទៅ​យើង​មើល​ឃើញ​អំពី​រឿង​ភ្នាក់​ងារ​ហ្នឹង​ក៏​នៅ​តែ​មាន​ការ​កត់​ដែរ»។

លោក​បន្ថែម​ថា ​ការរាប់​សន្លឹក​ឆ្នោត​ក៏​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ផង​ដែរ។

លោក​បញ្ជាក់​ថា៖ «នៅ​ពេល​រាប់​ហ្នឹង ក៏​មាន​ការ​បិទ​ទ្វារ បិទ​ទ្វារ​មណ្ឌល​ក៏​មាន បិទ​ទ្វារ​បន្ទប់​ក៏មាន បិទ​បង្អួច ក៏​នៅ​តែ​មាន»។

បើ​តាម​លោក កន សាវាង្ស នៅ​តាម​មណ្ឌល​ខ្លះ អ្នក​បោះ​ឆ្នោត​ខ្លះ​ខ្វះ​ឯកសារ ដូច​ជា​អត្ត​សញ្ញាណ​បណ្ណ​ដើម ដូច្នេះ​ពួកគេ​មិន​អាច​បោះ​ឆ្នោត​បាន​ឡើយ។ ក៏​ប៉ុន្តែ​នៅ​តាម​មណ្ឌល​ខ្លះ​ទៀត​ ពួកគេ​ក៏​អាច​បោះ​ឆ្នោត​បាន​ដែរ។

កាលពី​ខែ​កញ្ញា​ ឆ្នាំ​ ២០២២ ពោល​គឺ​ក្រោយ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​មាន​វត្តមាន​គណបក្ស​ភ្លើង​ទៀន​ចូលរួម​ដែរ អង្គការ​ខុមហ្វ្រែល​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ ដែល​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ដូចជា​នៅ​តាម​មណ្ឌល​ខ្លះ ​អ្នក​សង្កេត​ការណ៍​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​សង្កេត​ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត។ ហើយ​នៅ​តាម​មណ្ឌល​ខ្លះ​ទៀត ​មន្ត្រី​ការិយាល័យ​មិន​អនុញ្ញាត​ឱ្យ​អ្នក​សង្កេត​ការណ៍​ថត​រូប​ពី​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត ​ស្រប​ពេល​ដែលមណ្ឌល​មួយ​ចំនួន​ទៀត​បាន​បិទ​បាំង​ តាម​រយៈ​ការ​បិទ​ទ្វារ ​ឬ​បង្អួច​ការិយាល័យ​ នៅ​ពេល​រាប់​សន្លឹក​ឆ្នោត​ជាដើម។

របាយ​ការណ៍​ក៏​បាន​លើក​ឡើង​អំពី​វត្តមាន​របស់​អាជ្ញាធរ​ពាក់​ព័ន្ធ​នៅ​ក្នុង​បរិវេណ ​និង​ក្រៅ​ការិយាល័យ​ ដើម្បី​កត់​ឈ្មោះ​ប្រជា​ពលរដ្ឋ​ដែល​បាន​ចេញ​ទៅ​បោះ​ឆ្នោត ​និង​ឈ្មោះ​ប្រជា​ពលរដ្ឋ​ខ្លះ​ទៀត​ដែល​មិន​អាច​បោះឆ្នោត​បាន ​ដោយ​សារ​រក​ឈ្មោះ​មិន​ឃើញ។

ព័ត៌មាន​ទាក់ទង៖ បទ​សន្ទនា​​ VOA អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា

លោក ហង្ស ពុទ្ធា អ្នកនាំ​ពាក្យ​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប) ទទួល​ស្គាល់​ថា ​ដំណើរ​ការ​បោះ​ឆ្នោត​អាច​នឹង​មាន​ភាព​ខ្វះ​ចន្លោះ​មួយ​ចំនួន។ លោក​បន្ថែម​ថា​ គ.ជ.ប លើក​ទឹក​ចិត្ត​អ្នក​សង្កេត​ការណ៍ និង​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ទាំង​អស់​ ឱ្យ​ដាក់​ពាក្យ​បណ្ដឹង​ដែល​បង្ហាញ​ភាព​មិន​ប្រក្រតី​ណា​មួយ​ដើម្បី​ជួយ​ឱ្យ​ស្ថាប័ន​ គ.ជ.ប អាច​កែ​លម្អ​ចំណុច​ខ្វះ​ខាត។

លោក​ប្រាប់​វីអូអេ​ថា៖ «រាល់​ការ​បោះ​ឆ្នោត​ទាំង​អស់​នៅ​លើ​ពិភព​លោក​ គ្មាន​ការ​បោះឆ្នោត​ណា​ដែល​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ អ៊ីចឹង​អាច​នឹង​មាន​ការ​ខ្វះ​ខាត​ខ្លះ ប៉ុន្ដែ​ប្រសិន​ជា​ការ​ខ្វះ​ខាត​ហ្នឹង​ឯង​ វា​បាន​ធ្វើ​ឱ្យប៉ះពាល់​ដល់​ការ​បោះ​ឆ្នោត​ នោះ​គួរ​តែ​អ្នក​មើល​ឃើញ​ប្រព្រឹត្ត​ការណ៍​ទាំងឡាយ ដាក់​ពាក្យ​បណ្ដឹង ដើម្បី​ គ.ជ.ប​ មាន​មូលដ្ឋាន​ក្នុង​ការ​ស្រាវ​ជ្រាវ និង​ស្វែង​រក​អ្វី​ដែល​ជា​ការ​ខ្វះ​ខាត។ ហើយការ​ដាក់​ពាក្យ​បណ្ដឹង​នោះ​ទៀត ​ត្រូវ​អនុវត្ត​ទៅ​តាម​នីតិវិធី​ដែល​បាន​ចែង​ទទួល​ស្គាល់​ទាំង​អស់​គ្នា។ អ៊ីចឹង​ គ.ជ.ប ក៏​ចង់​បាន​ពាក្យ​បណ្ដឹង​ ដើម្បី​ផ្ទៀង​ផ្ទាត់​មើល​ថា ​តើ​របាយ​ការណ៍​តាម​ការិយាល័យ​បោះ​ឆ្នោត និង​ពាក្យ​បណ្ដឹង​មាន​ភាព​ខុស​គ្នា​ឬក៏​ដូច​គ្នា»។

អ្នកនាំពាក្យ​រូប​នេះ​អំពាវ​នាវ​ឱ្យប្រជាពល​រដ្ឋ​រក្សា​ភាព​ស្ងប់​ស្ងាត់ ​ដើម្បី​រង់ចាំ​មើល​លទ្ធផល​ផ្លូវការ​ដែល​ គ.ជ.ប ​នឹង​ចេញ​ជា​សាធារណៈ ​នា​ពេល​ឆាប់​នេះៗ។

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​និរ​ទេស​ខ្លួន​នៅ​ក្រៅ​ប្រទេសបាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ មាន​ការ​បិទ​ទ្វារ និង​បិទ​បង្អួច​ការិយាល័យ​បោះ​ឆ្នោត «ភាគ​ច្រើន​លើស​លប់» នៅ​ពេល​រាប់​សន្លឹក​ឆ្នោត «ហើយ​នៅ​តែ​គំរាម​ប្រជាពលរដ្ឋ ឱ្យទៅ​ឆ្ងាយ​ពី​ការិយាល័យ​បោះ​ឆ្នោត​ទាំង​នោះ។

លោក​បន្ថែម​ថា៖ «គ្មាន​នរ​ណា​អាច​ជឿ​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ថ្ងៃ​នេះ»។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក ​ហ៊ុន ម៉ានី ​បាន​ដាក់​មនុស្ស​ចូលរួម​សង្កេត​ការណ៍​ការ​បោះ​ឆ្នោត​ ប្រមាណ​ ៣៦.០០០​នាក់ ​ដែល​ច្រើន​ជាង​គេ​បង្អស់។ចំណែក​សមាគម​នារី​កម្ពុជា​ ដើម្បី​សន្ដិភាព​និង​អភិវឌ្ឍ ​ដែល​ដឹកនាំ​ដោយ​អ្នកស្រី​ ម៉ែន សំអន ​បាន​ដាក់​អ្នក​សង្កេត​ការណ៍​ប្រមាណ​ ២៥.០០០​នាក់ ​ដែល​ច្រើន​បំផុត​ បន្ទាប់​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា។

កាល​ពី​ដើម​ខែ​កក្កដា អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ (Human Rights Watchឬ​ HRW) បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ ដោយ​លើក​ឡើង​ថា​ខ្លួនរក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ឃុំសង្កាត់ ​កាល​ពី​ឆ្នាំ​ ២០២២ ក្នុង​នោះ​រួម​មាន​ការ​រាប់​សន្លឹក​ឆ្នោត​មិន​បាន​ត្រឹម​ត្រូវ ​ដោយ​មាន​សន្លឹក​ឆ្នោត​លើស ​និង​ខ្វះ ​មិន​ត្រូវ​តាម​ការ​គណនា​លេខ​លើ​ទម្រង់​បែប​បទ​ ១១០២ ​ដែល​ជា​កំណត់​ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត។ តាម​រយៈ​ការ​រក​ឃើញ​នេះ អង្គការ ​HRW ចាត់​ទុក​ថានេះ​ជា «សញ្ញា​ព្រមាន»​ នៃ​ភាព​មិន​ប្រក្រតី​មួយ​ដែល​អាច​កើត​មាន​ឡើង​នៅ​ក្នុ​ង​ការ​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី ២៣ ​ខែ​កក្កដា៕