​អ្នកឃ្លាំ​មើល​ និង​បក្សជំទាស់​ រិះគន់​ការ​កែប្រែ​នីតិ​វិធី​បញ្ជាក់​ទី​លំនៅ​សម្រាប់​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​

រូបឯកសារ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ្រៃកោង សង្កាត់​ស្លាកែត ក្រុង​បាត់ដំបង ទៅ​បោះឆ្នោត ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ការិយាល័យ​បោះឆ្នោត ក្នុង​សាលា​បឋមសិក្សា​ជ្រៃកោង នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

​គណបក្ស​ប្រឆាំង​ ​និង​អ្នកឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជាថា ការ​កែ​សម្រួល​ថ្មី​នេះ ​មិន​មាន​ភាព​ចាំបាច់​ ​និង​អាច​​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​​សម្រាប់​ការ​បោះឆ្នោត​ ឆ្នាំ​២០១៨​ ​ខាងមុខ។​

បន្ទាប់​ពី​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​កែសម្រួល​ប្រការ​ចំនួន​ពីរ​ក្នុង​ប្រកាសថ្មី ពាក់ព័ន្ធ​នឹងការ​បន្ថែមនីតិវិធីនៃ​ការ​សុំ​បញ្ជាក់​ទីលំនៅ​សម្រាប់​ការ​បោះឆ្នោតពី​លើ​ប្រកាស​ចាស់​ ​គណបក្ស​ប្រឆាំង​ ​និង​អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅកម្ពុជា​លើក​ឡើង​ថា​ ​ប្រកាស​ថ្មី​នោះ​ធ្វើ​ឡើង​ដោយ​មិន​សម​ហេតុផល​ ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ចំនួន​នៃ​ការ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​នា​ពេល​ខាងមុខ។

នៅ​ថ្ងៃ​អង្គារ​នេះ​ ​គណបក្ស​ប្រឆាំង​ ​និង​អ្នកឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ ​ការ​កែ​សម្រួល​ប្រកាស​ពាក់ព័ន្ធ​នឹង​នីតិ​វិធី​បញ្ជាក់​លំនៅ​សម្រាប់​ការចុះ​ឈ្មោះ​បោះឆ្នោត​ ដែល​ធ្វើ​ឡើង​ដោយ​ក្រសួង​មហាផ្ទៃ។​ ​ពួក​គេ​ថា​ការ​កែ​សម្រួល​ថ្មី​នេះ ​មិន​មាន​ភាព​ចាំបាច់​ ​និង​អាចធ្វើ​ឲ្យប៉ះពាល់​ដល់​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោតសម្រាប់​ការ​បោះឆ្នោត​ ឆ្នាំ​២០១៨​ ​ខាងមុខ។​

លោក​ ​ស ខេង​ ​រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​ ​កាលពី​ថ្ងៃទី​១៤ ខែ​សីហា​ ​ឆ្នាំ២០១៧​ ​កន្លង​ទៅ​ ​បាន​ចេញ​ប្រកាស​ថ្មី​ ​ដើម្បី​កែប្រែ​ប្រការ​ចំនួន​ពីររបស់​សេចក្តី​ប្រកាសស្តីពី​ ​«​នីតិវិធី​ ​និង​បែប​បទ​នៃការ​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ​ក្នុង​ឃុំ​សង្កាត់​ ​ដោយ​អាជ្ញាធរ​ឃុំ​ ​សង្កាត់​ ​ជូន​ប្រជា​ពល​រដ្ឋ​ ​សម្រាប់​គោល​ដៅ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​»​ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ​ ឆ្នាំ​២០១៥។​

រូបឯកសារ៖ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក​ ស​ ខេង​ (ហ៊ុល រស្មី/VOA)

ការ​កែសម្រួល​ប្រកាស​នោះ​ត្រូវ​បាន​រងការ​រិះគន់​ខ្លាំងៗពី​សំណាក់គណ​បក្ស​ប្រឆាំង​ ​និង​អ្នក​ឃ្លាំមើល​ការបោះ​ឆ្នោត​នៅ​កម្ពុជា​ ​ហើយ​ថាការ​កែ​សម្រួល​ថ្មី​នេះ​ធ្វើ​ឡើង​ដោយ​មិនមាន​ហេតុ​ផល។​

លោក​ ​សុន ឆ័យ​ ​ប្រធានក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​ជា​ទូទៅ​ ​ការ​កែ​សម្រួល​ប្រការ​ ​លិខិត​ច្បាប់​ណាមួយ​ ​លុះត្រា​តែប្រការ​ ​ឬ​មាត្រា​ក្នុង​លិខិត​ច្បាប់​ទាំង​នោះមាន​បញ្ហា​ ​ឬ​មិន​គ្រប់​គ្រាន់​ក្នុងការ​អនុវត្ត​ ​ប៉ុន្តែ​លោក​ថា​ ​ប្រកាស​ស្តីពី​នីតិវិធី​នៃ​ការ​បញ្ជាក់​លំនៅ​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នេះ​ ​មិនមាន​ចំណុច​ណា​មួយ​ដែល​គួរ​កែ​លម្អ​នោះ​ទេ។ ​លោក​បន្ថែម​ថា ការ​កែសម្រួល​ប្រការទាំង​ពីរ​នេះ​ អាច​បណ្តាល​មកពីចំនួន​ក្រុមប្រឹក្សា​ ​និង​ចំនួន​មេឃុំ​ ​ចៅ​សង្កាត់​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ការ​កើន​ឡើង​ច្រើន។

លោក​ ​សុន ឆ័យ​ ​បញ្ជាក់​ថា៖​

«ប្រកាស​ចាស់​ដូចជា​មិនមាន​បញ្ហា​អី​សោះ​ ​ហេតុអ្វី​បាន​ជា​ប្តូរ​ផ្លាស់​ នេះ​ជា​បញ្ហាដែល​ទាំងអស់​គ្នាចង់​ដឹង ចង់​សួរ។​ ​វា​ហាក់ដូចជា​ពាក់ព័ន្ធ​ទៅនឹងការ​បោះឆ្នោត​ខាងមុខ​នេះ​ ​ប្រហែល​ជា​ច្បាស់​លាស់ ហើយ​ផល​ប្រយោជន៍​យ៉ាងណាៗ​នោះ​ជា​បញ្ហា​មួយ​ដែល​យើង​ចង់​ដឹង​ដែរ។​ ​ជា​គោលការណ៍​ ​ការ​ធ្វើ​សេចក្តី​ប្រកាស​បែបនេះ វា​ទាល់​តែ​ការ​អនុវត្តន៍​ប្រកាស​ចាស់​ហ្នឹង​វាមាន​ជួប​ឧបសគ្គ​អ្វី​មួយ»។

រូបឯកសារ៖ ឯកឧត្តម សុន ឆ័យ ប្រធានក្រុមតំណាងរាស្រ្តគណបក្សជំទាស់ កំពុងថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គពិភាក្សានិងអនុម័តលើសេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាកាលពីថ្ងៃអង្គារ ទី២០ មិថុនា ២០១៧ វិមានរដ្ឋសភា ទីក្រុងភ្នំពេញ។ (កាន់ វិច្ឆិកា/VOA)

តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​រូប​នេះបន្ថែម​ថា​ ​លោក​គ្រោង​នឹង​សរសេរ​លិខិតដាក់​ទៅ​ក្រសួង​មហាផ្ទៃ ​ដើម្បី​សួរ​ពាក់ព័ន្ធ​នឹង​ការ​កែ​សម្រួល​ប្រការ​ទាំង​ពីរ​នៃ​ប្រកាស​នេះ។​

ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ជា​ផ្លូវការ​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​ ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ ១,៥៩២​ ឃុំ-សង្កាត់​ ​ថយ​ចុះចំនួន​៤៣៦​ ​ឃុំ-សង្កាត់​ ​បើ​ធៀប​នឹងការ​បោះ​ឆ្នោត​ឆ្នាំ​២០១២។​ ​ចំណែក​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​ជិត​៥០០​ឃុំ-សង្កាត់​ ​បើ​ធៀប​នឹង​ការបោះឆ្នោត​ក្នុង​ឆ្នាំ​២០១២​ ​ដែល​នៅ​ពេល​នោះ​ ​គណបក្ស​ប្រឆាំង​នេះ​ ​ទទួល​បាន​ត្រឹមតែ​ចំនួន​៤០​ឃុំ-សង្កាត់​ ​ប៉ុណ្ណោះ​ ​ដោយ​បូក​បញ្ចូល​គ្នា​រវាង​គណបក្ស​ សម រង្ស៊ី​ ​និង​គណបក្ស​សិទ្ធិ​មនុស្ស។

យោងតាម​ប្រការ២​នៃ​ប្រកាស​ដែល​បាន​ចេញកាល​ពី​ថ្ងៃ​ទី១៥​ ​ខែធ្នូ​ ​ឆ្នាំ២០១៥​ ​ដែល​ជា​ប្រកាស​ចាស់​ ​ចែង​ថា​ ​«លំនៅ​ឋាន​ ​គឺជា​កន្លែង​ដែល​ជា​ទីតាំង​នៃ​ជីវភាព​រស់នៅ​ ​របស់​បុគ្គល​ម្នាក់​ ​ក្នុង​ករណី​ដែល​កន្លែង​ដែល​ជា​ទីតាំង​នៃ​ជីវភាព​រស់នៅ​មិន​ច្បាស់លាស់​ទេ​ ​ទី​សំណាក់​ត្រូវបាន​ចាត់ទុក​ថា​ ​ជា​លំនៅឋាន។ ទី​សំណាក់​សំដៅ​លើ​ទីស្ថាន​ ​ដែល​បុគ្គល​ម្នាក់​ស្នាក់​អាស្រ័យ​នៅ​ ​ឬ​អាស្រ័យ​នៅ​ជាក់ស្ដែង​ ​ក្នុង​រយៈពេល​ជា​កំណត់​ណាមួយ»។​ ​ចំណែកប្រការ២​ថ្មី​ ​នៃ​ប្រកាស​ ​ដែល​ទើប​ចេញ​កាល​ពីថ្ងៃ​ទី១៤​ ​ខែ​សីហា​ ​ឆ្នាំ​២០១៧ ​បាន​រក្សា​ន័យ​ដើម​នៃ​ប្រការ​នោះ​ ​ប៉ុន្តែ​បាន​បន្ថែមន័យ​ថា​ «​ការស្នាក់​អាស្រ័យ​នៅ​ ​ឬ​អាស្រ័យ​នៅ​ ​ស្ថិត​នៅ​ក្រោម​លក្ខខណ្ឌ​នៃ​ប្រកាស​នេះ​ ​ត្រូវ​បាន​កំណត់​រយៈពេល​យ៉ាង​តិច​ ​៣០ថ្ងៃ ត្រូវ​ចុះ​បញ្ជី​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ ​(ក៨)​ ​និង​មាន​លិខិត​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​បណ្ដោះ​អាសន្ន (ក៩)​ ​ចេញ​ដោយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​សង្កាត់»។​

សម្រាប់​ប្រការ​៦ចាស់​ ​បាន​ចែង​ថា​ ​«ក្នុង​ពេល​ទៅ​បង្ហាញខ្លួន​ប្រជាពលរដ្ឋ​ខ្មែរ​ ​ត្រូវ​នាំទៅ​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​របស់​សាម៉ី​ខ្លួន​ ​និង​សាក្សី​មួយរូប​ដែល​មាន​សិទ្ធិ​បោះឆ្នោត ​ដែល​នៅ​ក្នុង​ឃុំ​សង្កាត់​ជាមួយ»។ ចំណែក​ប្រការ​៦ថ្មី​ចែង​ថា​ «ក្នុងពេល​ទៅ​បង្ហាញ​ខ្លួន​ប្រជាពល​រដ្ឋ​ខ្មែរ​ ​ត្រូវ​នាំ​ទៅ​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ​របស់​សាម៉ីខ្លួន​, ​លិខិត​អនុញ្ញាត​ឲ្យ​ស្នាក់នៅ​បណ្ដោះអាសន្ន​ ​(ក៩) ចេញ​ដោយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​នៃ​ឃុំ​សង្កាត់​របស់​សាម៉ី​ខ្លួន​ ​និង​សាក្សី​មួយ​រូប​ ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​នៅ​ឃុំសង្កាត់​ជាមួយ»។​

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ដ៏​សំខាន់​មួយ​ ​នៅ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ខាង​មុខ​ ​ដើម្បី​ជ្រើស​តាំង​តំណាងរាស្ត្រ​ និង​គណបក្សគ្រប់​គ្រងប្រទេស។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​នា​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំងអស់​ដែល​គ្រប់​អាយុ​បោះឆ្នោត​ ​តែ​មិន​ទាន់​បានចុះ​ឈ្មោះ​បោះឆ្នោត​ ​កាលពី​ឆ្នាំ​២០១៦​ ​និង​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ហើយ​ ​ប៉ុន្តែ​បាន​ផ្លាស់​ប្ដូរ​ទីលំនៅ​ ​ឬ​ទី​សំណាក់​ថ្មី​ ​ត្រូវ​ត្រៀម​ខ្លួន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ ​ជាមួយ​អត្តសញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែរ​ ​ឬ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណប័ណ្ណ ​បម្រើ​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ​ដើម្បី​ទទួល​បាន​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ចូលរួម​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ ​នីតិកាល​ទី៦​ ​នៃ​រដ្ឋសភា​ ​ឆ្នាំ​២០១៨​ខាងមុខ។

លោក​ ​កន សាវាង្ស​ ​មន្ត្រី​សម្រប​សម្រួល​ផ្នែក​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ ​ហៅ​កាត់​ថា​ខុម​ហ្វ្រែល​ (Comfrel) ​លើក​ឡើង​ថា​ ​ការ​ចេញ​ប្រកាស​ថ្មី​ ​កែ​សម្រួល​ប្រការ​ចំនួន​ពីរ​ដោយ​បន្ថែម​ខ្លឹមសារ​ពាក់ព័ន្ធ​នឹង​នីតិវិធីបញ្ជាក់​លំនៅ​សម្រាប់​ការ​ចុះឈ្មោះ​បោះឆ្នោត​នេះ​ ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ ​ជា​ពិសេស​សម្រាប់​កម្មករ​ ​និង​ពលករ​ដែល​ធ្វើ​ចំណាក​ស្រុក​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។​ ​លោក​បន្ថែម​ថា​ ​ប្រកាស​ចាស់​ដែល​ចេញ​កាលពីឆ្នាំ​២០១៥​ ​មាន ភាព​គ្រប់​គ្រាន់​ក្នុង​ការសម្រួល​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​បាន​ច្រើន។​

លោក​ ​កន សាវាង្ស​ ​មាន​ប្រសាសន៍​ថា៖​

«លើក​មុន​យើង​ឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ ​ពលករ​អី​ចំណាក​ស្រុក​មួយ​ចំនួន​ ​លោក​អាច​ត្រឡប់​មក ហើយ​ធ្វើ​កិច្ចការងារចុះ​ឈ្មោះ​នៅតាមព្រំ​ដែន​ ​ហើយ​មាន​ប្រជា​ការពារ​សុវត្ថិភាព​អីមួយ​ចំនួន​ហ្នឹង គឺ​លោក​អញ្ជើញ​ចង់​មាន​គោលដៅ​ទៅ​ក្នុង​ឃុំស្រុក​ណា ​អញ្ចឹង​ ​លោក​អាច​មាន​លទ្ធភាព​ចុះ​ឈ្មោះ​នៅ​ឃុំ​នោះ​បាន។​ ​ហើយ​ប្រសិន​ជា​លក្ខខណ្ឌ​បែប​នេះ​ ​ប្រហែល​ជា​មិន​អាច​ដូច​មុន​ទៀត​បាន​ទេ ដោយ​សារ​តែវា​តម្រូវទាល់តែស្នាក់​នៅ​ទីកន្លែង​ហ្នឹង៣០​ថ្ងៃ ហើយ​មានការ​បញ្ជាក់អី​ផ្សេងៗ​ទៀត»។​

លោក​ ​កន សាវាង្ស​ ​បន្ថែម​ថា​ ​លោក​មាន​ការ​បារម្ភ​ខ្លាំង​លើ​ប្រកាស​ថ្មី​នេះ ​ប្រសិន​បើនគរបាល​ឃុំ​សង្កាត់​ដែល​ទទួល​បានអំណាចអនុវត្ត​លើ​ការ​ងារ​នេះ ​អនុវត្ត​ដោយ​មិន​ស្មើភាពសម្រាប់​ប្រជាពលរដ្ឋ​ទូទៅ។​

លោក​ ​ខៀវ សុភ័គ​ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ ​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ ​ដោយ​អះអាង​ថា​ លោក​មិនបាន​ចូល​រួ​ម​ប្រជុំ​ពាក់ព័ន្ធ​នឹង​ការ​កែ​សម្រួល​ប្រកាស​ថ្មី​នោះ។​ ​ទោះ​ជា​យ៉ាង​ណា​ ​លោក​បាន​បង្វែរ​ឲ្យ​ទៅ​សួរ​ខាង​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្មនៃ​ក្រសួង​មហាផ្ទៃ​ជំនួស​វិញ។​

ក៏​ប៉ុន្តែ​អ្នក​នាំពាក្យ​ពីរ​រូប​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម គឺ​លោក​ ​ប្រ៉ុក ម៉ៃឧត្តម​ ​និង​លោក​ ​សុខ ណេត​ ​មិន​អាច​ទាក់ទង​សុំការ​អធិប្បាយ​បាន​ទេ​នា​ល្ងាច​ថ្ងៃ​អង្គារ​នេះ៕