គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) កាលពីថ្ងៃច័ន្ទ បានប្តឹងអ្នកនយោបាយមួយរូបនៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ពីបទចោទប្រកាន់ចំនួន៣ គឺ«បរិហារកេរ្តិ៍ជាសាធារណៈ ជេរប្រមាថជាសាធារណៈ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងការថ្លែងជាសាធារណៈរបស់មន្ត្រីគណបក្សនេះ។ នេះបើតាមសេចក្តីប្រកាសមួយរបស់គ.ជ.ប។
គ.ជ.ប បានចោទលោក អ៊ី សាំងឡេង អនុប្រធាននៃគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យថា បានផ្តល់ការអធិប្បាយតាមប្រព័ន្ធផ្សព្វផ្សាយពាក់ព័ន្ធនឹងការចុះឈ្មោះប្រជាពលរដ្ឋបោះឆ្នោត កាលពីអំឡុងខែវិច្ឆិកា ដែលស្ថាប័នបោះឆ្នោតអះអាងថាជាការបរិហារកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នគ.ជ.ប។
គ.ជ.ប បានស្រង់សេចក្តីអធិប្បាយរបស់លោក អ៊ី សាំងឡេង ដែលចោទគ.ជ.បថាជា«ចោរ» និង«អ្នកអនុវត្តផែនការចុះឈ្មោះមនុស្សដោយខុសច្បាប់ ដើម្បីធានាថាបរទេសនៅតែអាចត្រួតត្រាខ្មែរបាន»។
ក្នុងសេចក្តីប្រកាសរបស់គ.ជ.ប ចុះថ្ងៃទី៧ ខែធ្នូ លោក សោម សូរីដា អគ្គលេខាធិការរងរបស់គ.ជ.ប លើកឡើងថាការចែកចាយព័ត៌មាន ឬបញ្ចេញមតិតាមរយៈបណ្តាញសង្គមរបស់អ្នកនយោបាយនោះ មានលក្ខណៈបំផ្លើស និង«ញុះញង់ឲ្យមានការប្រព្រឹត្តអំពើហិង្សា ឬបង្កអសន្តិសុខដល់សង្គម»។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គ.ជ.ប ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ពាក្យបណ្តឹងប្រឆាំងនឹងមន្ត្រីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនោះ បានចូលដល់សាលាដំបូងរាជធានីភ្នំពេញហើយកាលពីថ្ងៃច័ន្ទ។
លោកបន្ថែមថាព័ត៌មានដែលអ្នកនយោបាយរូបនោះលើកឡើង មិនពិតនោះទេ បើទោះបីជាលោកទទួលបានពីភ្នាក់ងាររបស់គណបក្សនៅតាមបណ្តាខេត្តក៏ដោយ។
លោកបញ្ជាក់ថា៖ «ដោយសារគាត់ទទួលព័ត៌មានពីបណ្តាញរបស់គាត់។ ប៉ុន្តែព័ត៌មានរបស់គាត់ គឺមិនមានភស្តុតាង ហើយជួនកាលបណ្តាញរបស់គាត់មិនក្តាប់បាននូវនីតិវិធី។ ទាល់តែអ៊ីចឹងទៅគាត់ធ្វើការប្តឹង។ ហើយអ្វីដែលខ្ញុំបានជួបប្រទះផ្ទាល់ហ្នឹង គឺសួរទៅបណ្តាញរបស់គាត់ទៅ បណ្តាញថាអត់...រយៈពេលទុកឲ្យប្តឹងខ្លីពេក។ អ៊ីចឹង...គាត់អត់មានពេលគិត។ អ៊ីចឹងគាត់ត្រូវប្តឹងសិន ដើម្បីគាត់មានឱកាសប្តឹងបន្តទៅទៀត»។
លោកបានពន្យល់បន្ថែមពីហេតុផលដែលក្រុមគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតវ៉ារឿងការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតយ៉ាងដូច្នេះថា៖«អ្វីដែលគាត់ប្តឹងហ្នឹង គឺគាត់ចង់សំដៅទៅលើថាអត់មានអាសយដ្ឋាននៅក្នុងឃុំសង្កាត់...ប៉ុន្តែមន្ត្រីចុះឈ្មោះបោះឆ្នោតហ្នឹង ចុះឈ្មោះឲ្យ។ អ្វីដែលគាត់ប្តឹង គឺភាគច្រើនទៅលើបញ្ហាហ្នឹង»។
ភ្លាមៗក្រោយទទួលបានដំណឹងនៃការដាក់ពាក្យបណ្តឹងរបស់គ.ជ.ប ទៅតុលាការក្រុងភ្នំពេញ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានប្រតិកម្មជាបន្តបន្ទាប់នៅលើបណ្តាញសង្គមរបស់ខ្លួន គិតចាប់តាំងពីថ្ងៃច័ន្ទមក។
នៅក្នុងសារមួយតាមទំព័រហ្វេសប៊ុករបស់ខ្លួន គណបក្សនេះបានលើកឡើងថា«បើ គ.ជ.ប ប្រាកដថាខ្លួនត្រឹមត្រូវ មិនមែនជាចោរមែន បើកសវនាការមួយមក និយាយតតាំងគ្នាជាមួយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ហើយផ្សាយផ្ទាល់ឲ្យប្រជាពលរដ្ឋបានមើលឃើញទាំងអស់គ្នា។ នេះជាទីភ្លឺ បើមិនហ៊ានឡើងទីភ្លឺទេ គឺគេនិយាយថា គ.ជ.ប ជាចោរនេះ មិនមានអីខុសទេ»។
សារនៅលើទំព័រហ្វេសប៊ុកនោះ ក៏មានភ្ជាប់រូបថតរបស់លោក អ៊ី សាំងឡេង ដែលត្រូវបានស្ថាប័នគ.ជ.ប ប្តឹង។
កន្លងទៅ លោក អ៊ី សាំងឡេង បានអធិប្បាយតាមការផ្សាយវីដេអូផ្ទាល់លើបណ្តាញសង្គមរបស់គណបក្សលោក ពាក់ព័ន្ធនឹងភាពមិនប្រក្រតីមួយចំនួនដែលបានកើតឡើងក្នុងពេលចុះឈ្មោះអ្នកបោះឆ្នោត។ លោកនិយាយថាមេឃុំមួយចំនួនបានធ្វើខុសនីតិវិធីក្នុងការបើកផ្លូវឲ្យជនដែលមិនស្នាក់នៅក្នុងឃុំដែលត្រូវបោះឆ្នោតនោះ បានចុះឈ្មោះបោះឆ្នោត។
លោកមានប្រសាសន៍ថា៖ «យើងសួរថានៅអត់ អត់នៅទេ។ គាត់អត់ដឹងថា អាចេញលិខិតបញ្ជាក់ទីលំនៅឲ្យគេ ទាំងគេអត់នៅក្នុងឃុំនេះ គឺខុសទេ។ គាត់អត់ដឹងទេ។ ស្ថានភាព[ប្រជាពលរដ្ឋខ្មែរ] មេឃុំរបស់យើង គឺអ៊ីចឹង»។
លោកអះអាងថាភ្នាកងារគណបក្សរបស់លោកបានចុះទៅសង្កេតការណ៍ផ្ទាល់ និងតាមរកអ្នកបានចុះឈ្មោះបោះឆ្នោត តែមិនស្នាក់នៅក្នុងឃុំដែលបានចុះឈ្មោះ។
«យើងទៅសង្កេតការណ៍ តើបងប្អូនធ្វើយ៉ាងម៉េចបងប្អូន ទៅចាប់គេថាធ្វើមិនត្រឹមត្រូវ តើបងប្អូនធ្វើយ៉ាងម៉េច? មិនទៅតាមមើលថាប្រជាពលរដ្ឋហ្នឹងនៅក្នុងឃុំហ្នឹងដែរឬអត់។ អាឯកសារមើលហើយ ប៉ុន្តែមើលរូបភាពជាក់ស្តែងដែរ។ ការពិតតើប្រជាពលរដ្ឋហ្នឹងនៅក្នុងឃុំមែនអត់ យើងមិនទៅមើល»។
វីអូអេមិនទាន់អាចទាក់ទងសុំការអធិប្បាយពីលោក អ៊ី សាំងឡេង អនុប្រធានទីមួយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានទេ នៅថ្ងៃច័ន្ទនេះ ទាក់ទងនឹងពាក្យបណ្តឹងរបស់គ.ជ.ប។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់គ.ជ.ប ច្រានចោលការអធិប្បាយរបស់លោក អ៊ី សាំងឡេង ហើយថាភ្នាក់ងាររបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលប្តឹងមកគ.ជ.ប មិនទទួលយកការដោះស្រាយពាក្យបណ្តឹង ដែលគ.ជ.ប បានធ្វើរួចទៅហើយ មុនគ.ជ.ប សម្រេចប្តឹងទៅតុលាការ។
លោកកត់សម្គាល់ថាភ្នាក់ងារគណបក្សនយោបាយនេះ ក៏បានធ្វើហួសពីការប្តឹងផ្តល់ ដោយការងាកទៅបរិហារកេរ្តិ៍ស្ថាប័នគ.ជ.ប។
«ក្រៅពីនីតិវិធីដែលគាត់បានធ្វើកន្លងមក គឺគាត់បានធ្វើការបរិហាកេរ្តិ៍ជាសាធារណៈ ធ្វើការញុះញង់ ហើយនិងជេរប្រមាថជាសាធារណៈ ដែលប៉ះពាល់ដល់ស្ថាប័ន»។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនៃអង្គការខុមហ្វ្រែលយល់ថា ការដាក់ពាក្យប្តឹងគ្នាទៅវិញទៅមកនោះ មិនមែនជាយន្តការសមស្របដើម្បីដោះស្រាយការខ្វែងគំនិតគ្នាបានទេ។
«ខ្ញុំនិយាយត្រង់នេះ មិនមែនខ្ញុំសំដៅទៅលើកទឹកចិត្ត លើកអ្នកនិយាយបញ្ហាចោទប្រកាន់ផ្តេសផ្តាស ខ្ញុំអត់ចង់និយាយរឿងហ្នឹងទេ។ ខ្ញុំចង់និយាយថា ស្ថាប័នគ.ជ.ប ស្ថាប័នរដ្ឋគឺជាស្ថាប័នបម្រើសេវា គួរតែយកយន្តការក្នុងការបង្ហាញ ក្នុងការពន្យល់ជារឿងដែលល្អ និងត្រឹមត្រូវវិញ។ បាទហ្នឹងជារឿងមួយដែលប្រសើរសម្រាប់ការដោះស្រាយ»។
មន្ត្រីអង្កេតការបោះឆ្នោតរូបនេះបន្ថែមថាករណីប្តឹងផ្តល់របស់គ.ជ.ប ប្រឆាំងសកម្មជននយោបាយទៅកាន់តុលាការនេះ គឺជារឿងដែលមិនធ្លាប់មានពីមុនមកទេ។
ដំណើរការពិនិត្យឈ្មោះ និងចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត បានប្រព្រឹត្តទៅទូទាំងប្រទេសរយៈពេល១៩ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១ដល់ថ្ងៃទី១៩ ខែតុលា។ គ.ជ.ប ក៏បានឲ្យដឹងដែរថា អ្នកបោះឆ្នោតចំនួនជាង១៥ម៉ឺននាក់ អាចនឹងត្រូវលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២០។ ចំនួននេះសំដៅដល់អ្នកទទួលមរណភាព ផ្លាស់ប្តូរលំនៅឋាន បានចុះឈ្មោះលើសពីមួយកន្លែង និងត្រូវបានដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត។
ទាក់ទិនការប្តឹងផ្តល់ប្រឆាំងនឹងភាពមិនប្រក្រតីនៃការចុះបញ្ជីឈ្មោះបោះឆ្នោតនោះ គ.ជ.បឲ្យដឹងថា ខ្លួនបានទទួលពាក្យបណ្តឹងសរុបចំនួន១៤០បណ្តឹង ក្នុងនោះនៅថ្នាក់ក្រុមប្រឹក្សាឃុំសង្កាត់ បានទទួល១៣៨បណ្តឹង និងនៅថ្នាក់គ.ជ.ប មានបណ្តឹងចំនួន២បណ្តឹង។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានដាក់ពាក្យប្តឹងចំនួន១១១បណ្តឹង៕