ពលរដ្ឋរងគ្រោះដោយសារទំនាស់ដីធ្លីនៅខេត្តកោះកុង បានសុំឱ្យសាលាខេត្តកោះកុងសម្រេចឱ្យពួកគេបានស្នាក់នៅលើដីទំនាស់ដែលនឹងត្រូវយកទៅអភិវឌ្ឍជាទីក្រុងទំនើប។
ពលរដ្ឋរងគ្រោះ១៨គ្រួសារនេះបានដាក់ពាក្យបណ្តឹងទៅសាលាខេត្តកោះកុងដើម្បីសុំសិទ្ធិរស់នៅជាកម្មសិទ្ធិលើដីដែលក្រុមហ៊ុនចិនឈ្មោះ Union Development Group គ្រោងនឹងធ្វើអាងស្តុកទឹកនិងទំនប់វារីអគ្គិសនី។ នេះបើយោងទៅតាមពាក្យបណ្តឹងដែល VOA ទទួលបាននៅថ្ងៃច័ន្ទនេះ និងតាមការបញ្ជាក់ពីមន្រ្តីសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង។
នៅក្នុងពាក្យបណ្តឹងរបស់ខ្លួនដែលមន្ត្រីសាលាខេត្តកោះកុងបានទទួលកាលពីសបា្តហ៍មុននេះ តំណាងប្រជាពលរដ្ឋទាំង១៨គ្រួសារស្នើសុំឆ្វៀលដីទំហំ៥០ហិកតាស្ថិតនៅក្នុងតំបន់ដំណាក់ក្របីកូនកុក ដែលស្ថិតក្នុងអតីតភូមិព្រែកស្មាច់ បច្ចុប្បន្នហៅថា ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរដើម្បីប្រកបរបរកសិកម្មចិញ្ចឹមជីវិត។
លោកអ៊ិន គង់ជិត មន្ត្រីអង្គការសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា៖
«ទំហំដីដែលប្រជាពលរដ្ឋស្នើសុំឆ្វៀលចេញនេះគឺជាដីដែលពលរដ្ឋទាំង១៨គ្រួសារបានធ្វើការបង្កបង្កើនផលរួមគ្នា ដែលអាចបង្កើតបានជាសហគមន៍មួយបាន»។
ពាក្យបណ្តឹងនោះបានសរសេរថា៖
«រយៈកាលកន្លងមក អាជ្ញាធរភូមិ ឃុំ និងស្រុកបានព្រងើយកន្តើយមិនយកចិត្តទុកដាក់ជួយឧបត្ថម្ភ គាំទ្រ និងហាក់ដូចជាមិនទទួលស្គាល់ការរស់នៅរបស់ពួកគេឡើយ ទោះបីជាពួកគេមានឯកសារសម្គាល់ការស្នាក់នៅក៏ដោយ»។
ក្រុមហ៊ុន Union Development Group នេះបានទទួលដីសម្បទានសេដ្ឋកិច្ចសរុបចំនួន៤៥.១០០ហិកតាពីរដ្ឋាភិបាលកម្ពុជា ដើម្បីសង់ទីក្រុងទេសចរណ៍ដ៏ធំមួយ ដែលត្រូវចំណាយទឹកប្រាក់៣,៨ពាន់លានដុល្លារកាលពីឆ្នាំ២០០៨។ គម្រោងទីក្រុងទេសចរណ៍ដ៏ស្គឹមស្កៃនេះគឺកំពុងដំណើរការនៅចំកណ្តាលឧទ្យានជាតិបទុមសាគរក្នុងខេត្តកោះកុង៕