បញ្ជីឈ្មោះភ្ញៀវរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ដែលត្រូវបានអញ្ជើញឲ្យចូលក្នុងឱកាសថ្លែងសុន្ទរកថារបស់លោកអំពីស្ថានការណ៍ប្រទេសជាតិនៅយប់ថ្ងៃអង្គារនេះ ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន បង្ហាញរឿងមួយ គឺថាលោកប្រធានាធិបតីបានយកចិត្តទុកដាក់លើប្រជាពលរដ្ឋដែលសរសេរសំបុត្រមកឲ្យលោក។
ភ្ញៀវ៨នាក់ក្នុងចំណោមភ្ញៀវ២៣នាក់ គឺជាអ្នកដែលបានសរសេរសំបុត្រមកឲ្យលោកប្រធានាធិបតី ដោយរៀបរាប់អំពីខ្សែជីវិតរបស់គេ ដែលធ្វើឲ្យលោកចាប់អារម្មណ៍។ អ្នកទាំង៨នាក់នេះត្រូវបានអញ្ជើញឲ្យអង្គុយអមលោកស្រី Michelle Obama ដើម្បីស្តាប់លោកប្រធានាធិបតី អូបាម៉ា ថ្លែងសុន្ទរកថាស្តីអំពីស្ថានការណ៍ប្រទេសជាតិម្តងទៀតមុនពេលការថ្លែងលើកចុងក្រោយក្នុងនាមលោកជាប្រធានាធិបតី។
អ្នកសរសេរសំបុត្រទាំងនោះបានចែករំលែកការយល់ឃើញរបស់គេអំពីភាពប្រសើរឡើងនៃជីវភាពរស់នៅរបស់គេ ក្នុងអំឡុងដែលសេដ្ឋកិច្ចអាមេរិកបានងើបឡើងវិញ ឬអំពីផលប្រយោជន៍ដែលពួកគេទទួលបាន តាមរយៈគោលនយោបាយអន្តោប្រវេសន៍ និងគោលនយោបាយខាងសុខាភិបាលរបស់លោក អូបាម៉ា។
នាង Ana Zamora ជាជនអន្តោប្រវេសន៍ខុសច្បាប់ម្នាក់នៅសហរដ្ឋអាមេរិកដោយសារឪពុកម្តាយរបស់នាង។ ក្រោយពេលដែលលោកប្រធានាធិបតី អូបាម៉ា បានចាប់ផ្តើមគោលនយោបាយដើម្បីអនុញ្ញាតិឲ្យយុវជនដែលជាជនអន្តោប្រវេសន៍ខុសច្បាប់ទទួលបានសិទ្ធិរស់នៅសហរដ្ឋអាមេរិកមក នាងបានសរសេរសំបុត្រមកលោកប្រធានាធិបតី ថានាងជិតបញ្ចប់ថ្នាក់សិក្សានៅមហាវិទ្យាល័យហើយ។ អ្នកសរសេរសំបុត្រម្នាក់ទៀតគឺលោក Victor Fugate បាននិយាយថា លោកអាចប្រើប្រាស់សេវាកម្មសុខភាពរបស់រដ្ឋបាន នៅពេលដែលលោកបានបាត់បង់ការងារ។
ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ប្រធានាធិបតីអាមេរិកបានអញ្ជើញភ្ញៀវ ដែលបង្ហាញពីគំនិតផ្តួចផ្តើមនៃគោលនយោបាយរបស់ខ្លួន ហើយបានណែនាំខ្លួនអ្នកទាំងនោះក្នុងពេលធ្វើសេចក្តីថ្លែងការរបស់ខ្លួនអំពីស្ថានភាពប្រទេសជាតិ។
ភ្ញៀវដែលចូលរួមនៅយប់ថ្ងៃអង្គារនេះ រួមមាន លោក Alan Gross ដែលត្រូវបានឃុំខ្លួននៅប្រទេសគុយបាអស់រយៈពេល៥ឆ្នាំ រហូតដល់ពេលដែលទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងគុយបា មានភាពប្រក្រតីឡើងវិញកាលពីខែធ្នូមុននេះ និងលោក Larry Merlo ដែលជានាយកប្រតិបត្តិនៃឱសថស្ថានរបស់ CVS ដែលបានបញ្ឈប់ការលក់ថ្នាក់ជក់នៅ CVS និងលោក Scott Kelly អវកាសចរដែលបានក្លាយជាពលរដ្ឋអាមេរិកាំងដំបូងបង្អស់ ដែលបានរស់នៅ និងធ្វើការនៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត