កងទ័ពបានប្រាប់ឲ្យដឹងថា យន្តហោះចម្បាំងនៃប្រទេសអេហ្ស៊ីបនិងលីប៊ីបានធ្វើការវាយប្រហារតាមអាកាសនៅថ្ងៃច័ន្ទនេះប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ក្នុងតំបន់ភាគខាងកើតនៃប្រទេសលីប៊ី ក្នុងការសងសឹកដល់សកម្មជនប្រយុទ្ធកាន់គ្រិស្តសាសនា និកាយ Copticដែលត្រូវបានកាត់ក្បាលចំនួន២១នាក់ ក្រោយពីត្រូវបានចាប់ជំរិតនៅក្នុងប្រទេសលីប៊ី។
ការទម្លាក់គ្រាប់បែកបានសំដៅលើជំរំសកម្មជនប្រយុទ្ធនិងទីកន្លែងផ្ទុកអាវុធនៅក្នុងទីក្រុង Darna បានកើតមានឡើងប៉ុន្មានម៉ោង បន្ទាប់ពីក្រុមរដ្ឋអ៊ីស្លាមបានបញ្ចេញវីដេអូដែលបានបង្ហាញពីការសម្លាប់នេះ។
ប្រធានាធិបតីនៃប្រទេសអេហ្ស៊ីប លោក Fattah el-Sissi បានសន្យានៅក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ជាតិ ដើម្បីឆ្លើយតបនឹងការកាត់ក្បាលនេះ ដោយហៅសកម្មភាពនេះថាជា «សកម្មភាពភេរវកម្មដ៏គួរឲ្យស្អប់ខ្ពើម»។
លោកប្រធានាធិបតីនិយាយថា «អេហ្ស៊ីបមានសិទ្ធិធ្វើការសងសឹក ហើយជាមួយនឹងវិធីសាស្រ្តនិងការកំណត់ពេលវេលានេះ ធ្វើឡើងសាកសមសម្រាប់ការដាក់ទោសឃាតកនិងឧក្រិដ្ឋជនដែលគ្មានមនុស្សធម៌ទាល់តែសោះនោះ»។
លោក Sissi ក៏បាននិយាយតាមទូរស័ព្ទនៅថ្ងៃច័ន្ទនេះជាមួយលោកប្រធានាធិបតីបារាំង Francois Hollande ដែលការិយាល័យរបស់លោកបានឲ្យដឹងថា អ្នកទាំង២បានពិភាក្សាពីសារៈសំខាន់នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិក្នុងការចាត់វិធានការថ្មីដើម្បីប្រឈមមុខនឹងភាពគ្រោះថ្នាក់ដែលបណ្តាលមកពីក្រុមរដ្ឋអ៊ីស្លាមនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃអាទិត្យ លោក Josh Earnest អ្នកនាំពាក្យសេតវិមានបានថ្កោលទោសនូវអ្វីដែលលោកបានហៅថា «ឃាតកដ៏គួរឲ្យស្អប់និងកំសាក» ហើយបាននិយាយទៀតថា «ភាពព្រៃផ្សៃរបស់ក្រុមរដ្ឋអ៊ីស្លាមគ្មានព្រំដែនទេ»៕