កិច្ចប្រឹងប្រែង​កំពុងធ្វើ​ឡើង​ដើម្បី​ធ្វើ​ឲ្យ​រោងចក្រ​កាត់ដេរ​បង់ក្លាដេស​មាន​សុវត្ថិភាព​ជាង​មុន

រូបថតឯកសារ៖ រោងចក្រ​កាត់​ដេរ​នៅ​បង់ក្លាដេស​ ចាប់​ផ្តើម​ដំឡើង​បំពង់​ពន្លត់​អគ្គីភ័យ​​និង​ប្រព័ន្ធ​បាញ់​ទឹក បន្ទាប់​ពី​គ្រោះ​មហន្តរាយផ្នែកឧស្សាហកម្ម​កាលពី​ពីរ​ឆ្នាំមុន ដែល​បាន​សម្លាប់​កម្មករ​និង​ធ្វើ​ឲ្យ​រង​របួស​រាប់​ពាន់​នាក់។

កាល​ពី​ពីរ​ឆ្នាំ​មុន​ នៅ​ក្នុង​ប្រទេស​បង់ក្លាដេស​ មាន​ការ​ដួល​រលំ​នៃ​រោងចក្រ​ Rana Plaza ដែល​បាន​សម្លាប់​កម្មករ​កាត់ដេរ​ជាង​១ពាន់​១រយ​នាក់​នៅ​ក្នុង​គ្រោះ​មហន្តរាយ​ឧស្សាហកម្ម​កាត់ដេរ​ដ៏​ប្រល័យ​ជាង​គេ​បំផុត​មួយ​នៅ​លើ​ពិភពលោក។ កិច្ចប្រឹងប្រែង​នានា​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ធ្វើ​ឲ្យ​រោងចក្រ​កាត់ដេរ​ដែល​មាន​ចំនួនរាប់​ពាន់ ​មាន​សុវត្ថិភាព​ជាង​មុន​នៅ​ក្នុង​ប្រទេស​ដែល​ផលិត​សំលៀក​បំពាក់​ធំ​ជាង​គេ​បង្អស់​ទី​ពីរ​នៅ​លើ​ពិភពលោក​មួយ​នេះ។ តែ​កម្រិត​ជោគជ័យ​មាន​ខុសៗ​គ្នា។

កម្មករ​កាត់ដេរ​ជាច្រើន​កំពុង​បង្ហើយ​ការងារ​របស់​ពួក​គេ​ដោយ​ការ​ប៉ាក់​ពាក្យ​ស្លោកលើ​អាវ​ ​ដូចជា​ពាក្យ​ថា​ «Never Tired» «Holly Whyte» និង «True Love Forever- New York City»​ជាដើម។ រោងចក្រ​មួយ​នេះ​ស្ថិត​នៅ​តំបន់​ Savar ជាយ​រដ្ឋធានី​ Dhaka ​ដែល​នៅ​ឆ្ងាយ​ពី​អតិថិជន​ ដែល​នឹង​ជាវ​អាវ​ទាំង​នេះ។

រោងចក្រ​ Alif Embroidery Village ដែល​ជា​រោងចក្រ​មួយមាន​កម្មករ​កាត់ដេរ​ប្រមាណ១​ពាន់​៨​រយ​នាក់​ ​ផលិត​សំលៀក​បំពាក់​ឲ្យ​ក្រុមហ៊ុន​ម៉ាក្ស​អន្តរជាតិ​នានា​ ដូចជា​យីហោ​ H&M,​ Gap​, Zara និង​ Nike។ ក្រុម​វិស្វករ​ និង​អ្នកម៉ៅកា​ក៏​កំពុង​តែ​ធ្វើការ​នៅ​ក្នុង​រោងចក្រ​នោះ​ដែរ​ ដោយ​ពួក​គេ​កំពុង​ដំឡើង​ទ្វារ​សម្រាប់​គេច​ខ្លួន​គ្រា​មាន​អគ្គីភ័យ ​បំពង់​បាញ់​ទឹក ​កណ្តឹង​ប្រាប់​សញ្ញា​អគ្គិភ័យ​ដើរ​ដោយ​បច្ចេកវិទ្យា​ខ្ពស់ និង​ឧបករណ៍​ដទៃ​ទៀត។ កម្មករ​សំណង់​ក៏​កំពុង​ឡើង​ចូល​ទៅ​ក្នុង​ប្រលោះនៅ​ជុំវិញ​សសរ​មួយ​នៅ​ជាន់​ផ្ទាល់​ដី។

លោក​ Mark Chubb គឺ​ជា​ប្រធាន​ផ្នែក​សុវត្ថិភាព​នៃ​ក្រុម​មួយ​ឈ្មោះ​ថា ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​កម្មករ​បង់ក្លាដេស​ ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ Alliance for Bangladesh Worker Safety។ ក្រុម​នេះ​តំណាង​ឲ្យ​ក្រុមហ៊ុនទិញ​ចូល​សំលៀក​បំពាក់​ធំជាង​គេ​បង្អស់​ចំនួន​២៦​ នៅ​សហរដ្ឋ​អាមេរិក​ ដែល​ក្នុង​នោះ​រួម​មាន​ក្រុមហ៊ុន​យក្ស​ផ្នែក​លក់​រាយ​ដូច​ជា​ Walmart, Target និង Gap។

លោក​ Chubb បាន​មាន​ប្រសាសន៍​ថា៖ «ពួកគេ​កំពុង​តែ​ពង្រីក​ចម្រឹង​ដែក​នៅ​ជុំវិញ​សសរ​ ហើយ​បន្ទាប់​មក​ពួក​គេ​នឹង​ចាក់​ស៊ីម៉ង់ត៍​ចូល​បន្ថែម​ដើម្បី​បង្កើន​កម្លាំង​ទប់​នឹង​ទម្ងន់​សង្កត់»។

​កាល​ពី​ពីរ​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃ​ទី​២៤​ ខែ​មេសា​ រោងចក្រ​ Rana Plaza បាន​ដួល​រលំ ​ហើយ​បាន​សម្លាប់​កម្មករ​កាត់​ដេរ​ជាង ​១ពាន់​១រយ​នាក់​ និង​ធ្វើ​ឲ្យ​មនុស្ស​ ២ពាន់​៥រយនាក់​ផ្សេង​ទៀត​រង​របួស។ ហេតុការណ៍​នោះ​បាន​នាំ​ឲ្យ​មាន​ការ​ផ្តោត​ការចាប់​អារម្មណ៍​ទៅ​លើ​ល័ក្ខខ័ណ្ឌការងារ​ដែល​មិន​មាន​សុវត្ថិភាព​នៅ​ក្នុង​វិស័យ​កាត់ដេរ​របស់​បង់ក្លាដេស ​ដែលជា​វិស័យធំ​ជាង​គេ​ទី​ពីរ​នៅ​លើ​ពិភពលោក​ បន្ទាប់​ពី​ចិន។

កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏ទូលំទូលានានា​ត្រូវ​បាន​ធ្វើឡើងដើម្បី​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​អគ្គិសនី រចនាសម្ព័ន្ធ​ និង​សុវត្ថិភាព​អីគ្គីភ័យ​ ដើម្បី​ធ្វើ​ឲ្យ​រោងចក្រ​កាត់ដេរ​សម្រាប់​នាំ​ចេញទាំង​៣ពាន់​៥រយ​រោងច្រក​ របស់​បង់ក្លាដេស​ ស្រប​ទៅ​តាមស្តង់ដារ​អន្តរជាតិផ្នែក​សុវត្ថិភាព។

ឧស្សាហកម្ម​កាត់ដេរ​មាន​ ៨០ភាគរយ​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​នេះ​ និង​ផ្តល់​ការងារ​ឲ្យ​កម្មករ​ជាង​បួន​លាន​នាក់ ដែល​៨០ភាគរយ​នៃ​កម្មករ​ទាំង​នោះ​ ជា​ស្រ្តី​ភេទ។

ក្រុមហ៊ុន​យីហោ​សំលៀក​បំពាក់​ជាង​២០០​ បាន​បេ្តជ្ញា​ថា​ នឹង​ធ្វើ​ឲ្យរោងចក្រ​ដែល​ជា​ប្រភព​ផលិតផល​របស់​ពួក​គេ​មាន​សុវត្ថិភាព​ជាង​មុន​ ដោយ​ឈរ​លើកិច្ចព្រមពៀង​អន្តរជាតិ​ចំនួន​ពីរ​ ​ឈ្មោះ​ថា កិច្ចព្រមព្រៀង​បង់ក្លាដេស​ផ្នែក​សុវត្ថិភាព​អគ្គិភ័យនិងសំណង់​អាគារ (Bangladesh Accord on Fire and Building Safety) និង​ កិច្ចព្រមព្រៀង​មួយ​ទៀត​មាន​ឈ្មោះ​ថា សម្ព័ន្ធ​ដើម្បី​សុវត្តិភាព​កម្មករ​បង់ក្លាដេស ឬ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ Alliance for Bangladesh Worker Safety។ ប្រសិន​បើ​រោងចក្រ​ទាំង​នោះ​មិន​សម្រប​ខ្លួន​តាម​កិច្ចព្រមព្រៀង​ទាំង​នេះ​ទេ សមាជិក​កិច្ចព្រមព្រៀង​និង​សម្ព័ន្ធ​ទាំង​នេះ​ មិន​អាច​ទិញ​ទំនិញ​ពី​រោងចក្រ​ទាំង​នោះ​ឡើយ។

មាន​រោងចក្រ​ប្រហែល​ ១ពាន់៤​រយ​កន្លែង ដែល​មិន​ស្ថិត​ក្រោម​វិសាលភាព​នៃ​កិច្ចព្រមព្រៀង​និង​សម្ព័ន្ធ​ទាំងនេះ​ តែស្ថិត​នៅ​ក្រោម​កិច្ច​ផ្តួចផ្តើម​របស់​ភាគី​ទី​បី ដែល​ជា​ផែនការជាតិ​ត្រី​ភាគី គាំទ្រ​ដោយ​រដ្ឋាភិបាល​និង​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)។

​ប្រធាន​ត្រួតពិនិត្យ​ផ្នែក​សុវត្ថិភាព​នៃ​កិច្ចព្រមព្រៀង​នោះ​ គឺ​លោក Brad Loewen។ លោក​បាន​ប៉ាន់​ប្រមាណ​ថា​ រោងចក្រ​នៅ​លំដាប់​កំពូល​ទីបី​របស់កិច្ចព្រមព្រៀង​ កំពុង​តែ​មាន​ដំណើរ​ការ​ទៅ​មុខយ៉ាង​ល្អ​ប្រសើរដោយ​មានការ​កែ​សម្រួល​ផ្សេងៗ។ ក៏ប៉ុន្តែ ​លោក​បាន​និយាយ​ថា ​រោងចក្រ​នៅ​ថ្នាក់​កណ្តាល​កំពុង​តែ​មាន​ដំណើរ​ការ​ទៅ​មុខ​យឺត​យ៉ាវ​ ហើយ​រោងចក្រ​នៅ​ថ្នាក់ទាប «កំពុង​តែ​ធ្វើ​ការ​តវ៉ា» ឬ​មិន​យល់​ការណ៍​ទាំង​នោះ។

ការ​ធ្វើ​ឲ្យរោងចក្រ​ Alif Embroidery Village មាន​ភាព​ប្រសើរ​ឡើង​ នឹង​ត្រូវ​ចំណាយ​ប្រាស់​អស់​ ១,៥លាន​ដុល្លារ ​បើទោះ​បី​ជា​រោងចក្រ​នេះ​មាន​ឧបករណ៍​សុវត្ថិភាព​អគ្គីភ័យ​ ដែល​រោងចក្រ​មួយ​ចំនួន​ទៀត​មិន​មាន​ក៏​ដោយ។

ក៏ប៉ុន្តែ ​លោក Mohammad Aktar Rana ដែលប្រធាន​និង​ជា​នាយក​គ្រប់គ្រង​រោងចក្រ​នេះ ​នៅ​តែ​មាន​សុទិដ្ឋិនិយម​អំពី​ការ​ចំណាយ​នេះ។

លោក​បាន​និយាយ​ថា៖ «នេះ​ជា​បន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ ប៉ុន្តែ​ខ្ញុំ​ចាត់​ទុក​វា​ជា​ការ​វិនិយោគ​មួយ ដែល​អាច​នាំ​ឲ្យ​មាន​អ្វី​ប្រសើរ​មួយ​សម្រាប់​អាជីវកម្ម​របស់​ខ្ញុំ និង​អ្នក​ធ្វើ​ការ​ឲ្យ​ខ្ញុំ»។

ទ្វារ​អគ្គីភ័យ​មួយ​មាន​តម្លៃ​ប្រហែល ១ពាន់​២រយ​ដុល្លារ​ ចំណែកបំពង់​បាញ់​ទឹក​មួយ​អាច​មាន​តម្លៃ​រហូត​ដល់​ទៅ​ ៦ម៉ឺន​ដុល្លារ។

អនុប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​សមាគម​នាំ​ចេញ​របស់​ក្រុមហ៊ុន​ផលិត​សំលៀក​បំពាក់​បង់ក្លាដេស ​លោក Reaz Bin Mahmood បាន​និយាយ​ថា ​រោងចក្រ​កាត់ដេរ​ខ្នាត​តូច​ជាង​នេះ​កំពុង​តែ​ប្រឈម​ជាមួយ​នឹង​បញ្ហា​ហិរញ្ញវត្ថុ ហើយ​ត្រូវ​ការ​កម្ចី​ដែល​មាន​ការ​ប្រាក់​ទាប។

រដ្ឋាភិបាល​បាន​ជ្រើស​រើស​អ្នកត្រួត​ពិនិត្យ​ការងារ​ជាង​២០០​នាក់​បន្ថែម​ទៀត​ ហើយ​ច្បាប់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការងារ​កំពុង​ត្រូវ​បាន​សម្រេច​ឡើង។ កម្មករ​កាត់ដេរ​ជាច្រើន​ក៏​កំពុង​តែ​ចូល​រួម​ជាមួយ​នឹង​សហជីព​ថ្មីៗ។ ​មាន​សហជីព​សកម្ម​ប្រមាណ​២០០​ ដែល​បាន​កើន​ឡើង​ពី​ចំនួន​ត្រឹម​តែ​ប្រាំពីរ​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ២០១០។ ហើយក៏មាន​ការ​ជជែក​ពិភាក្សាយ៉ាង​ខ្លាំង​ក្តៅ​គគុក​អំពី​ការ​បង្កើត​គណៈកម្មការ​សុវត្ថិភាព​ថ្មី​ដើម្បី​ការពារ​កម្មករ​នៅ​តាម​បណ្តា​រោងចក្រ​ផ្សេងៗ។

លោក ​Loewen នៃ​កិច្ចព្រមព្រៀង​នោះ​ ​បាន​និយាយ​ថា៖ «​មិន​មា​នវប្បធម៌​ដែល​កម្មករ​អាច​បញ្ចេញ​មតិនៅ​ក្នុង​រោងចក្រ​ទេ។ វា​ក៏​នឹង​មិនងាយ​ស្រួល​នៅ​ក្នុង​ការ​បង្កើត​វប្បធម៌​នេះ​ដែរ»។

ក៏​ប៉ុន្តែ​ អង្គការ​ពលកម្ម​អន្តរជាតិ ​និង​អង្គភាព​ដទៃ​ទៀត ​បាន​និយាយ​ថា ការ​ផ្សាភ្ជាប់​ជាមួយកម្មករ​ គឺ​ជា​គន្លឹះ​មួយ​នៅ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ចីរភាព​សុវត្ថិភាព​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​នៅ​បង់ក្លាដេស៕

ប្រែ​សម្រួល​ដោយ​ ណឹម​ សុភ័ក្រ្តបញ្ញា