ថ្លែងនៅក្នុងកិច្ចប្រជុំសិស្សនិស្សិតអន្តរជាតិរៀបចំដោយវិទ្យុសំឡេងសហរដ្ឋអាមេរិក អ្នកជំនាញមកពីមហាវិទ្យាល័យនានាបាននិយាយថា និស្សិតអន្តរជាតិបន្ថែមតម្លៃឲ្យសង្គមអាមេរិកតាមរយៈការទូតបែបមហាវិទ្យាល័យ។
លោក Sam Brown នាយកផ្នែកសេវានិងនិស្សិតបញ្ញវន្តអន្តរជាតិនៅសាកលវិទ្យាល័យ Brigham Young និយាយថា៖ «ខ្ញុំពិតជាជឿថា និស្សិតអន្តរជាតិអាចនាំមកនូវតម្លៃ និងបង្កើនគុណភាពនៅក្នុងប្រទេសនិងស្ថាប័ននានារបស់យើង។ ខណៈដែលសំណួរមួយចំនួននិងការយល់ច្រឡំនៅតែអាចមាន ហើយគេដែលមិនសូវយល់អំពីវប្បធម៌ ឬក៏សាសនារបស់អ្នក អ្នកអាចមានឱកាសក្នុងការចែករំលែកអំពីវា»។
លោក Brown និងអ្នកជំនាញខាងអប់រំប្រាំមួយនាក់ផ្សេងទៀតបានចូលរួមក្នុងកម្មវិធីផ្សាយផ្ទាល់ដែលមានរយៈពេល៩០នាទី របស់ VOA ពីប្រធានបទ «គោលដៅអប់រំ៖ សហរដ្ឋអាមេរិក»។ កម្មវិធីនេះគឺផ្សាយអំពីការប្រឈម និងឧបសគ្គផ្សេងៗក្នុងការមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សានិងថ្នាក់ក្រោយឧត្តមសិក្សានៅសហរដ្ឋអាមេរិក។
VOA ទទួលបានសំណួរជាច្រើនជារៀងរាល់ថ្ងៃទាក់ទងនឹងការទទួលបានការអប់រំក្នុងសហរដ្ឋអាមេរិកពីអ្នកស្តាប់វិទ្យុ និងអ្នកមើលការផ្សាយប្រចាំសប្តាហ៍ប្រមាណ២៣៦លាននាក់របស់ខ្លួន។ ហើយចំណុចនោះត្រូវបានគូសបញ្ជាក់ដោយនាយក VOA អ្នកស្រី Amanda Bennett ដែលជាអ្នកបើកកម្មវិធីនេះ។
អ្នកស្រី Bennett ជ័យលាភីពានរង្វាន់អ្នកកាសែត Pulitzer បាននិយាយថា៖ «យើងបានរកឃើញថាមានប្រធានបទតិចណាស់ដែលទទួលបានការចាប់អារម្មណ៍ច្រើនជាងការអប់រំក្នុងសហរដ្ឋអាមេរិកពីទស្សនិកជនរបស់យើង ជាពិសេសទស្សនិកជនដែលមានវ័យក្មេង»។
អ្នកស្រីបន្តថា គោលបំណងរបស់កិច្ចប្រជុំនិស្សិតអន្តរជាតិនេះគឺដើម្បីភ្ជាប់មនុស្សជុំវិញពិភពលោកជាមួយនឹងអ្នកជំនាញផ្នែកការអប់រំថ្នាក់ខ្ពស់មួយក្រុមតាមបណ្តាញឌីជីថលដូចជាការផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក និងផ្កាយរណបជាដើម។
អ្នកស្រី Bennett និយាយថា៖ «នេះគ្រាន់តែជាកម្មវិធីទី១នៃកម្មវិធីដូចគ្នាជាច្រើនទៀតដែលយើងរំពឹងទុកហើយយើងនឹងឆ្លើយសំណួរសំខាន់ៗ និងជួយមនុស្សជុំវិញពិភពលោកឲ្យចូលរួមពិភាក្សាបញ្ហាដ៏សំខាន់ទាំងនេះ»។
សំណួរមួយមកពីប្រទេសអ៊ីរ៉ង់ ដែលនិស្សិតម្នាក់បានសួរថាតើគាត់នឹងត្រូវបានអនុញ្ញាតឲ្យសិក្សានៅក្នុងសហរដ្ឋអាមេរិកឬទេ ក្នុងពេលដែលមានបញ្ហាផ្នែកអន្តោប្រវេសន៍។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបញ្ជាប្រធានាធិបតីមួយដែលហាមឃាត់អ្នកធ្វើដំណើរពីបណ្តាប្រទេសដែលកាន់សាសនាឥស្លាមភាគច្រើនចំនួនប្រាំមួយប្រទេស ប៉ុន្តែតុលាការសហព័ន្ធបានរារាំងការអនុវត្តទៅលើបទបញ្ជានេះ។
និស្សិតជនជាតិចិនម្នាក់ដែលកំពុងទស្សនាការផ្សាយផ្ទាល់បានសួរទៅកាន់វេទិកាពិភាក្សាថា តើសាកលវិទ្យាល័យនឹងធ្វើយ៉ាងដូចម្តេចចំពោះការហាមឃាត់ធ្វើដំណើរ និងការស្អប់ខ្ពើមជនបរទេស។
លោក James Dorsett នាយកផ្នែកនិស្សិតនិងបញ្ញវន្តអន្តរជាតិនៅសាកលវិទ្យាល័យ Michigan State បាននិយាយថា រដ្ឋបាលថ្នាក់ខ្ពស់របស់សាកលវិទ្យាល័យត្រូវតែរក្សា «បរិយាកាសស្វាគមន៍មួយ»។ «វាគឺជាការទទួលខុសត្រូវរបស់ស្ថាប័នទាំងមូលក្នុងនាមជាស្ថាប័នសិក្សាដើម្បីក្លាយជាទីកន្លែងដ៏រាក់ទាក់ និងស្វាគមន៍សិស្សនិស្សិតទាំងអស់»។
លោក Dorsett បានចង្អុលទៅកាន់វីដេអូឃោសនាដែលមានសរសេរ «អ្នកត្រូវបានស្វាគមន៍នៅទីនេះ» ដែលសាលាក្នុងសហរដ្ឋអាមេរិកជាច្រើនបានចូលរួមដើម្បីផ្សព្វផ្សាយការចូលរួមរបស់គ្រប់គ្នាសម្រាប់និស្សិតអន្តរជាតិដែលអាចមានការភ័យខ្លាចនៅពេលដែលបញ្ជាប្រធានាធិបតីរបស់លោកត្រាំត្រូវបានប្រកាស។
លោក Brown បាននិយាយទៅកាន់សិស្សម្នាក់ពីប្រទេសឥណ្ឌូនេស៊ីដែលបានសួរថាតើនាងនឹងត្រូវបានអនុញ្ញាតឲ្យពាក់កន្សែង (hijab) នៅក្នុងសហរដ្ឋអាមេរិកឬទេ ថា៖ «បរិវេណសាលារបស់ពួកយើងបានធ្វើបន្ទប់បួងសួងមួយ និងកន្លែងផ្សេងៗទៀតសម្រាប់និស្សិតដែលមានជំនឿផ្សេងៗគ្នាអាចទៅបំពេញកាតព្វកិច្ចសាសនារបស់ពួកគេបាន។ ខ្ញុំគិតថាអ្នកនឹងឃើញព័ត៌មាននេះនៅលើក្តារខៀនព័ត៌មាននៅស្ទើរតែគ្រប់ស្ថាប័ន»។
វាគ្មិនផ្សេងៗទៀតនៅក្នុងកិច្ចប្រជុំនោះរួមមានលោក Paul T. White ជំនួយការព្រឹទ្ធបុរសផ្នែកបញ្ជីការនៅសាលាសុខាភិបាល Johns Hopkins អ្នកស្រី Susan Zuffante Pabon នាយកនៃមជ្ឈមណ្ឌលអន្តរជាតិ Slater នៅមហាវិទ្យាល័យ Wellesley អ្នកស្រី Bianca Schonfeld អ្នកគ្រប់គ្រងការិយាល័យសេវាកម្មនិស្សិតអន្តរជាតិ និងការសិក្សានៅក្រៅប្រទេសនៅមហាវិទ្យាល័យ Houston Community លោក Raj Bhargava សហគ្រិន និងគ្រូបង្រៀនថ្នាក់ត្រៀមចូលមហាវិទ្យាល័យនៃសាកលវិទ្យាល័យ Stanford និងលោក Doug Shaw នាយករងជាន់ខ្ពស់នៅមហាវិទ្យាល័យយុទ្ធសាស្ត្រអន្តរជាតិនៅសាកលវិទ្យាល័យ George Washington និងជំនួយការសាស្ត្រាចារ្យកិច្ចការអន្តរជាតិ៕
ប្រែសម្រួលដោយ ទុំ ម្លិះ