សាមគ្គីភាព​របស់​សហគមន៍ ECOWAS រង​ការ​ប្រឈម នៅ​ពេល​វិបត្តិ​រដ្ឋប្រហារ​នៅ​អាហ្វ្រិក​ខាង​លិច​កាន់តែ​ដុនដាប

រូបឯកសារ៖ ទិដ្ឋភាព​នៃ​កិច្ច​ប្រជុំ​មួយ​របស់​សហគមន៍​សេដ្ឋកិច្ច​បណ្ដា​ប្រទេស​អាហ្វ្រិក​ខាង​លិច (ECOWAS) នៅ​ទី​ក្រុង​អាប៊ូហ្សា ប្រទេស​នីហ្សេរីយ៉ា កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា​ ឆ្នាំ​២០២៣។

សហគមន៍​សេដ្ឋកិច្ច​បណ្ដា​ប្រទេស​អាហ្វ្រិក​ខាង​លិច (ECOWAS) កំពុង​ជួប​ការ​លំបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​របប​យោធា​នៅ​ក្នុង​ប្រទេស​នីហ្សេ ដែល​បាន​ឡើង​កាន់​អំណាច​អស់​រយៈពេល​ជាង​មួយ​ខែ​មក​នេះ។

កាល​ពី​ថ្ងៃ​ទី ២៦ ខែ​កក្កដា ពួក​ទាហាន​បាន​ឃុំ​ខ្លួន​ប្រធានាធិបតី​នីហ្សេ​លោក Mohamed Bazoum នៅ​ក្នុង​ផ្ទះ​របស់​លោក ដោយ​បាន​ចោទ​ប្រកាន់​រដ្ឋបាល​របស់​លោក​ថា​បាន​គ្រប់គ្រង​មិន​ត្រឹមត្រូវ​លើ​ធនធាន​ក្នុង​ប្រទេស​និង​ធ្វើ​ឱ្យ​ស្ថានភាព​សន្តិសុខ​កាន់តែ​ដុនដាប។

ជា​ការ​ឆ្លើយតប សហគមន៍ ECOWAS បាន​ដាក់​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​លើ​ប្រទេស​នីហ្សេ និង​ថែម​ទាំង​បាន​គំរាម​ធ្វើ​អន្តរាគមន៍​ផ្នែក​យោធា​ទៀត​ផង។ ប៉ុន្តែ​វិបត្តិ​នយោបាយ​និង​សន្តិសុខ​ដែល​កើត​មាន​ឡើង​ជា​បន្ត​នៅ​ក្នុង​ប្រទេស​នីហ្សេ បួគីណាហ្វាសូ ហ្គីណេ និង​ម៉ាលី កំពុង​ធ្វើ​ឱ្យ​ស្ថានភាព​កាន់តែ​លំបាក​ឡើង​សម្រាប់​ប្រទេស​ជា​សមាជិក​ចំនួន ១១ ផ្សេង​ទៀត​នៃ​សហគមន៍ ECOWAS នេះ។

លោក Paul Melly អ្នក​ប្រឹក្សា​យោបល់​នៃ​កម្មវិធី​អាហ្វ្រិក​ប្រចាំ​វិទ្យាស្ថាន​សិក្សា​គោលនយោយ Chatham House បាន​និយាយ​ថា ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​មិន​គោរព​តាម​ក្បួន​ច្បាប់​និង​គោលការណ៍​របស់​សហគមន៍ ECOWAS។

លោក Melly បាន​ថ្លែង​ដូច្នេះ​ថា៖ «រដ្ឋប្រហារ​ជា​បន្តបន្ទាប់​ពិតជា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្វី​ដែល​ធ្លាប់​ជា​ភាព​ខ្លាំង​របស់​សហគមន៍ ECOWAS។ របប​យោធា​កំពុង​ប្រឆាំង​នឹង​គោលការណ៍​សហប្រតិបត្តិការ​របស់​សហគមន៍ ECOWAS ដែល​មាន​ជា​យូរ​មក​ហើយ​នៅ​ក្នុង​ការ​រៀបចំ​ជា​ក្បួន​ច្បាប់​អភិបាល​កិច្ច​ និង​ការ​គ្រប់គ្រង​វិបត្តិ។ នេះ​គឺ​ជា​ការ​គំរាម​កំហែង​និង​ជា​បញ្ហា​ប្រឈម​ពិត​ប្រាកដ​មួយ​ចំពោះ​សាមគ្គីភាព​នៅ​ក្នុង​តំបន់»។

កាល​ពី​ឆ្នាំ ២០១៧ សហគមន៍ ECOWAS ទទួល​បាន​ការ​កោត​សរសើរ​ចំពោះ​ចំណាត់ការ​យោធា​ជា​រួម​ប្រឆាំង​នឹង​ប្រធានាធិបតី​ហ្គំប៊ី​លោក Yahya Jammeh ដោយ​ជំរុញ​ឱ្យ​លោក​ចុះចេញ​ពី​តំណែង បន្ទាប់ពី​លោក​បាន​ចាញ់​ប្រធានាធិបតី​នា​ពេល​បច្ចុប្បន្ន​លោក Adama Barrow នៅ​ក្នុង​ការ​បោះឆ្នោត។

លោក Francis Mangeni អ្នក​ជំនាញ​ផ្នែក​សមាហរណកម្ម​ក្នុង​តំបន់ បាន​កត់​សម្គាល់​ថា ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​មាន​សភាព​ខុស​ប្លែក​ពី​មុន ដោយ​រដ្ឋ​ប្រហារ​ខ្លះ​ហាក់ដូចជា​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ។

លោក Mangeni ថ្លែង​ដូច្នេះ​ថា៖ «ឥឡូវ​នេះ យើង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​មិន​ទាន់​ច្បាស់ ដែល​យើង​ឃើញ​ប្រជាពលរដ្ឋ​ហាក់​ដូចជា​គាំទ្រ​រដ្ឋប្រហារ។ នេះ​បង្ក​ជា​ភាព​ស្មុគស្មាញ​ក្នុង​កម្រិត​មួយ។ ដូច្នេះ យើង​អាច​និយាយ​បាន​ថា ភាព​ស្របច្បាប់​របស់​រដ្ឋាភិបាល​ជាប់ឆ្នោត​តាម​រដ្ឋធម្មនុញ្ញ​ហាក់ដូចជា​នៅ​មិន​ច្បាស់។ ហើយ​នេះ​ជា​អ្វី​ដែល​ពិតជា​គួរ​ឱ្យ​ចាប់​អារម្មណ៍ ពីព្រោះ​ប្រសិន​បើ​ស្រប​តាម​រដ្ឋធម្មនុញ្ញ ពួកគេ​គួរ​ត្រូវ​បាន​ចាត់ទុក​ថា​ស្របច្បាប់ ប៉ុន្តែ​ប្រជាពលរដ្ឋ​ហាក់​ដូចជា​មិន​គិត​ដូច្នេះ​នោះ​ទេ»។

ក្រុម​មេដឹកនាំ​សហភាព​អាហ្វ្រិក​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​ថ្កោលទោស​ប្រមុខ​រដ្ឋ​ដែល​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​ពន្យារ​អាណត្តិ​ដឹកនាំ​របស់​ខ្លួន​និង​កែប្រែ​ការ​កំណត់​អាយុ​ដើម្បី​កាន់​អំណាច​បន្ត។

បើ​យោង​តាម​ក្រុម​អ្នក​ជំនាញ ករណី​កើត​ឡើង​នៃ​ការ​ដណ្ដើម​កាន់​អំណាច​ដោយ​យោធា​នៅ​ទ្វីប​អាហ្វ្រិក​គឺ​ដោយសារ​មេដឹកនាំ​កាន់​អំណាច​លើស​ពេល​កំណត់ ការ​អនុវត្ត​មិន​ត្រឹមត្រូវ​នៅ​ក្នុង​ការ​បោះឆ្នោត និង​ការ​ខកខាន​របស់​មេដឹកនាំ​ជាប់​ឆ្នោត​ក្នុង​ការ​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ជាង​មុន​សម្រាប់​ប្រជាពលរដ្ឋ។

ដោយ​យល់​ដឹង​អំពី​បញ្ហា​ប្រឈម ព្រឹទ្ធសភា​នៃ​ប្រទេស​នីហ្សេរីយ៉ា​បាន​ណែនាំ​លោក​ប្រធានាធិបតី Bola Tinubu ដែល​ជា​ប្រធាន​សហគមន៍ ECOWAS ផងដែរ ឱ្យ​ស្វះស្វែង​រក​ជម្រើស​ផ្សេង​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​នីហ្សេ។

លោក Melly បាន​និយាយ​ថា បណ្តា​ប្រទេស​ដែល​រងគ្រោះ​ដោយសារ​ការ​ធ្វើ​រដ្ឋប្រហារ​ឥឡូវ​នេះ​ចាត់ទុក​វិបត្តិ​នេះ​ថា​ជា​រឿង​ផ្ទៃ​ក្នុង។

លោក Melly បញ្ជាក់​ដូច្នេះ​ថា៖ «វប្បធម៌​សហប្រតិបត្តិការ​របស់​សហគមន៍ ECOWAS នេះ​គឺ​ថា​ប្រទេស​ជា​សមាជិក​ទាំងអស់​របស់​សហគមន៍​នេះ​ទទួល​ស្គាល់​ថា​បញ្ហា​ផ្ទៃ​ក្នុង​របស់​ប្រទេស​ជា​សមាជិក​ណា​មួយ​ក៏​ជា​បញ្ហា​របស់​សហគមន៍​ទាំង​មូល​ផង​ដែរ។ វប្បធម៌​នេះ​ត្រូវ​បាន​សឹក​រេចរឹល​ ដោយសារតែ​ពួកគេ​មិន​ទទួល​យក​គំនិត​ដែល​ថា​សហគមន៍ ECOWAS ទាំង​មូល​មាន​សិទ្ធិ​ប្រឡូក​នៅ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​របស់​ប្រទេស​ជា​សមាជិក​និង​ធ្វើ​ឱ្យ​ប្រទេស​នោះ​វិល​ត្រឡប់​ទៅ​រក​ការ​ដឹកនាំ​បែប​រដ្ឋធម្មនុញ្ញ​ឡើង​វិញ។ ហើយ​នេះ​គឺ​ជា​ការ​ផ្លាស់ប្តូរ​យ៉ាង​ធំ​មួយ»។

លោក Mangeni បាន​និយាយ​ថា តំបន់​នេះ​ត្រូវការ​ការ​គាំទ្រ​ពី​បណ្តា​ប្រទេស​អាហ្វ្រិក​ដទៃ​ទៀត​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​រដ្ឋប្រហារ​និង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ជា​ញឹកញយ។

លោក Mangeni ថ្លែង​ដូច្នេះ​ថា៖ «យើង​ត្រូវការ​ចំណាត់ការ​ពី​សំណាក់​អង្គភាព​នយោបាយ​កម្រិត​ខ្ពស់​បំផុត​របស់​សហភាព​អាហ្រ្វិក ជាមួយ​នឹង​គំនិត​ផ្សេងៗ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់។ យើង​ត្រូវការ​ចំណាត់ការ​ប្រាកដ​ប្រជា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ ចំណាត់ការ​នេះ ដូច​ដែល​ខ្ញុំ​បាន​លើកឡើង គួរ​កើត​ចេញ​ពី​ដំណើរការ​ពិគ្រោះ​យោបល់​បែប​បរិយាប័ន្ន​មួយ។ ហើយ​បន្ទាប់​មក យើង​ត្រូវការ​ឆន្ទៈ​ពី​សហគមន៍​អន្តរជាតិ​និង​ដៃគូ​ទាំងអស់។ នេះ​គឺ​ដោយសារ​តែ​បញ្ហា​ខ្លះ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​ធ្វើ​អន្តរាគមន៍​ពី​សំណាក់​ដៃគូ​ខ្លះ​របស់​យើង​ដែល​ចង់​សម្រេច​ផល​ប្រយោជន៍​របស់​ខ្លួន»។

សហភាព​អាហ្វ្រិក​បាន​ព្យួរ​សមាជិក​ភាព​របស់​ប្រទេស​ចំនួន ៦ រួច​ហើយ ដែល​នៅ​ក្នុង​ប្រទេស​ទាំង​នោះ កងកម្លាំង​យោធា​បាន​ដណ្ដើម​កាន់​អំណាច​ពី​រដ្ឋាភិបាល​ស៊ីវិល ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រទេស​ជា​សមាជិក​សហគមន៍ ECOWAS ចំនួន ៤ ខាង​លើ ក៏​ដូចជា​ប្រទេស​ហ្គាបុង និង​ប្រទេស​ស៊ូដង់​ផង​ដែរ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា