រដ្ឋ​មន្ត្រី​២រូប​ខ្វែង​គំនិត​គ្នា​លើ​យន្ត​ការ​ដេញ​ថ្លៃ​នាំ​ជ្រូក​រស់​ចូល​មក​ប្រទេស​កម្ពុជា

រូបឯកសារ៖ បុរសម្នាក់កំពុងលក់សាច់ជ្រូកក្បែរផ្សារកណ្តាល ខណៈ ផ្សារមិនរៀបរយទូទាំងរាជធានីត្រូវបានបិទ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១។ (កាន់ វិច្ឆិកា/វីអូអេ)

ការ​នាំ​ជ្រូក​រស់​ពី​ប្រទេស​ជិត​ខាង​ចូល​មក​ផ្គត់​ផ្គង់​តម្រូវ​ការ​ក្នុង​ប្រទេស​កម្ពុជា ​និង​យន្តការ​នៃ​ការ​ដាក់​ឲ្យ​ដេញ​ថ្លៃ​នាំ​ ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​រវាង​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច ​និង​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ​ដែល​ជា​ក្រសួង​សាមី ​ហើយ​មាន​បំណង​ផ្អាក​ការ​នាំ​ជ្រូក​ពី​ក្រៅ​ចូល​ក្នុង​ប្រទេស​ដើម្បី​លើក​កម្ពស់​ការ​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក។​

ការ​ខ្វែង​គំនិត​នេះ​កើត​ឡើង​ក្រោយ​មាន​ការ​បដិសេធ​របស់​ក្រសួង​សេដ្ឋកិច្ច​ទៅ​នឹង​សំណើ​របស់​ក្រសួង​កសិកម្ម ​ដែល​ស្នើ​ផ្អាក​ការ​ផ្តួច​ផ្តើម​លើ​ការ​រៀបចំ​នីតិវិធី​ដេញ​ថ្លៃ​ជ្រូក​រស់​សម្រាប់​នាំ​ចូល​កម្ពុជា បន្ទាប់​ពី​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ លោក​ វេង សាខុន​ បាន​ដាក់​សំណើ​មួយ​ច្បាប់​ទៅ​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋ​កិច្ច ​ចុះ​ថ្ងៃ​ទី​២៦​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២១។​

ជា​ការ​ឆ្លើយ​តប​ ក្រសួង​សេដ្ឋកិច្ច​បាន​ចេញ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២២ ​ដោយ​ច្រាន​ចោល​សំណើ​របស់​ក្រសួង​កសិកម្ម ​ដោយ​លើក​ឡើង​ថា​ យន្ត​ការ​នេះ​នឹង​ជួយ​លើក​កម្ពស់​ការ​ប្រកួត​ប្រជែង​ប្រកប​ដោយ​តម្លាភាព​ក្នុង​អាជីវ​កម្ម​នាំ​ជ្រូក​រស់​ចូល​ក្នុង​ប្រទេស​និង​ធានា​ស្ថិរ​ភាព​ថ្លៃ​ជ្រូក​រស់ ​និង​ថ្លៃ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក។​

លិខិត​របស់​ក្រសួង​សេដ្ឋកិច្ច​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារ​ព័ត៌មាន​Fresh News​កាល​ពី​ថ្ងៃ​ពុធ។ ​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​ តើ​ហេតុ​អ្វី​បាន​ជា​មាន​ការ​បញ្ចេញ​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច ​ដែល​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​នេះ។​

ក្រោយ​មាន​ការ​ផ្សព្វ​ផ្សាយ​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច ​ ក្រសួង​កសិកម្ម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ ដោយ​លើក​ឡើង​ថា​ ការ​មិន​នាំ​ជ្រូក​ចូល​ និង​ការ​គ្រប់​គ្រង​ការ​នាំ​ជ្រូក​ពី​បរទេស​ចូល​មក​ផ្គត់​ផ្គង់​ទីផ្សារ​កម្ពុជា​នេះ ​គឺ​ដើម្បី​ទប់​ស្កាត់​ជំងឺ​ឆ្លង​ ជាពិសេស​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក ​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​ជាតិ ​និង​ទប់​ស្កាត់​ការ​នាំ​ជ្រូក​រស់​ចូល​ក្នុង​ប្រទេស​លើស​តម្រូវ​ការ​ ដែល​ប៉ះ​ពាល់​អ្នក​ចិញ្ចឹម​ និង​ធានា​ស្ថិរ​ភាព​តម្លៃ​ជ្រូក​រស់​លើ​ទីផ្សារ​កម្ពុជា។​

រូបឯកសារ៖ បុរសម្នាក់ទិញសាច់ជ្រូកឲ្យស្ត្រីម្នាក់ដែលរស់នៅក្នុងតំបន់ក្រហម ដែលកំពុងស្ថិតក្នុងស្ថានភាពបិទខ្ទប់ដោយសារការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២១។

ក្រសួង​កសិកម្ម​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ចុះ​ថ្ងៃ​ទី​១០​ ខែ​កុម្ភៈ​នេះ​ថា ​ ​ការ​លើក​ឡើង​ថា​«ការ​ឡើង​ថ្លៃ​ជ្រូក​រស់​ ដោយ​សារ​កង្វះ​យន្ត​ការ​ប្រកួត​ប្រជែង» ​នេះ​គឺ​ខុស​ពី​ការណ៍​ពិត ​និង​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់។​ ក្រសួង​កសិកម្ម​បាន​លើក​ឡើង​បែប​នេះ ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​ស្ថាប័ន​សារ​ព័ត៌មាន​មួយ​ចំនួន​អំពី​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋ​កិច្ច។

ក្រសួង​កសិកម្ម​ឲ្យ​ដឹង​ថា​ អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ​ និង​ផលិត​កម្ម​សត្វ​នៃ​ក្រសួង​កសិកម្ម​ បាន​ខិត​ខំប្រឹង​ប្រែង​ជំរុញ​ លើក​ទឹក​ចិត្ត​ដល់​អ្នក​ចិញ្ចឹម​សត្វ​ ដែល​មាន​សន្ទុះ​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ ​ហើយ​ថែម​ទាំង​ទទួល​បាន​ការ​សាទរ ​និង​គាំទ្រ​ពី​ប្រជា​កសិករ ​និង​អ្នក​ចិញ្ចឹម​សត្វ​ក្នុង​ប្រទេស ​និង​ព្រម​ទាំង​មាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​បោះ​ទុន​វិនិយោគ​បន្ថែម​ទៀត​លើ​ការ​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​ពាណិជ្ជ​កម្ម​កាន់​តែ​ធំ ​និង​ទំនើប។​

ទោះ​ជាយ៉ាងណា​ លោក​ អូន ព័ន្ធ​មុនីរ័ត្ន​ រដ្ឋ​មន្រ្តី​ក្រសួង​សេដ្ឋ​កិច្ច​ បាន​បញ្ជាក់​ក្នុង​លិខិត​របស់​លោក​ថា​ កង្វះ​យន្ត​ការ​ប្រកួត​ប្រជែង​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​សាច់​ជ្រូក​លើ​ទីផ្សារ​ឆ្នាំ​២០២១ ​កើន​ដល់​ជិត​១​ម៉ឺន​រៀល​ក្នុង​មួយ​គីឡូ​ក្រាម​ បើ​ប្រៀប​ធៀប​ឆ្នាំ​២០១៩​ និង​ឆ្នាំ​២០២០ ។ ​ក្នុង​ឆ្នាំ​២០២១ ​សាច់​ជ្រូក​មាន​តម្លៃ​រហូត​ពី​២៥.០០០​រៀល​ទៅ​២៦.០០០​រៀល​ក្នុង​មួយ​គីឡូ​ក្រាម ​ បើ​ប្រៀប​ធៀប​ឆ្នាំ​២០១៩​ និង​២០២០ ​មាន​តម្លៃ​ត្រឹម​តែ​១៦.៥០០​រៀល​ទៅ​១៧.០០០​រៀល​តែ​ប៉ុណ្ណោះ។​

លោក​បន្ថែម​ថា​ តាម​ការ​សិក្សា​របស់​អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ ​និង​ការ​ប្រឹក្សា​យោបល់​ជាមួយ​ភាគី​ពាក់​ព័ន្ធ ការ​កើន​ឡើង​ថ្លៃ​សាច់​ជ្រូក​នៅ​លើ​ទីផ្សារ ក៏​ដោយ​សារ​បញ្ហា​នៃ​ការ​កើន​ឡើង​ថ្លៃ​ដើម​នៃ​ការ​ចិញ្ចឹម​ជ្រូក​ ​រួម​មាន​ថ្លៃ​អគ្គិសនី ​ចំណី​ ពូជ ​ ជីវសុវត្ថិភាព​ជាដើម ​ដែល​ទាម​ទារ​ឲ្យ​មាន​អន្តរាគមន៍​ជួយ​ដោះ​ស្រាយ​ពី​រដ្ឋាភិបាល​កម្ពុជា​ផង​ដែរ។​

លោក ​អូន ​ព័ន្ធ​មុនីរ័ត្ន ​បញ្ជាក់​ថា​ យន្ត​ការ​ដេញ​ថ្លៃ​នាំ​ជ្រូក​រស់​ចូល​ក្នុង​ប្រទេស​ គឺ​ប្រើ​នៅ​ពេល​មាន​កង្វះ​ការ​ផ្គត់​ផ្គង់​ជ្រូក​ក្នុង​ស្រុក​តែ​ប៉ុណ្ណោះ ​ដែល​មិន​អនុវត្ត​ជា​ប្រចាំ​ឡើយ។ ហើយ​ការ​បើ​ប្រាស់​វិធី​សាស្រ្ត​ដេញ​ថ្លៃ​ចុះ​ ត្រូវ​កំណត់​កម្រិត​មួយ​ ដើម្បី​ធានា​មិន​ឲ្យ​ប៉ះពាល់​ដល់​ភាព​ប្រកួត​ប្រជែង​ថ្លៃ​ក្នុង​ទីផ្សារ​របស់​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក។

កាល​ពី​ខែ​សីហា​ ឆ្នាំ​២០២១​ ក្រុមហ៊ុន​ចំនួន​៤​ ដែល​រក​ស៊ី​ខាង​នាំ​ជ្រូក​ចូល​មក​កម្ពុជា ​បាន​ដាក់​លិខិត​មួយ​ច្បាប់​ទៅ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ក្រសួង​ពាណិជ្ជ​កម្ម​ ដោយ​ស្នើ​សុំ​គោល​ការណ៍​អនុញ្ញាត ​ដើម្បី​ដាក់​ដេញ​ថ្លៃ​គោល​ការណ៍​នាំ​សត្វ​ជ្រូក​រស់​ចូល​មក​ផ្គត់​ផ្គង់​បំពេញ​តម្រូវ​ការ​ខ្វះ​ខាត​ក្នុង​ប្រទេស​កម្ពុជា។​ ក្រុម​ហ៊ុន​ទាំង​នោះ​បាន​ចោទ​ថា​ ​ ក្រសួង​កសិកម្ម​«បាន​ចេញ​គោល​ការណ៍​អនុញ្ញាត​ឲ្យ​នាំ​សត្វ​ជ្រូក​រស់​ចូល​ក្នុង​ប្រទេស​សម្រាប់​យក​មក​បំពេញ​សេចក្តី​ត្រូវ​ការ​លើ​ទីផ្សារ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ​ ​ដោយ​អនុញ្ញាត​ឲ្យ​តែ​បក្ខ​ពួក​ខ្លួន ​ មិន​មាន​តម្លាភាព​ទេ​ ដែល​ ធ្វើ​ឲ្យ​ឈ្នួញ​ដែល​នាំ​ចូល​មាន​លក្ខណៈ​ផ្តាច់​មុខ​នោះ​ គ្រប់គ្រង​ទីផ្សារ ​ធ្វើ​ឲ្យ​ឈ្មួញ​ដំឡើង​តម្លៃ​សាច់​ជ្រូក​លើ​ទី​ផ្សារ​ឡើង​ថ្លៃ​ខ្ពស់​ស្រេច​តែ​ចិត្ត»។​

ក្រុមហ៊ុន​បញ្ជាក់​ថា​ កត្តា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ និង​សិទ្ធិ​ធ្វើ​ពាណិជ្ជ​កម្ម​ដោយ​សេរី​របស់​ក្រុមហ៊ុន​ស្រប​ច្បាប់​នានា​ដែល​បាន​ចុះ​បញ្ជី​ពាណិជ្ជ​កម្ម។​ ក្រុមហ៊ុន​ស្នើ​ឲ្យ​ដាក់​ដេញ​ថ្លៃ​គោល​ការណ៍​នាំ​សត្វ​ជ្រូក​រស់​ចូល​ទីផ្សារ​ក្នុង​ប្រទេស​ ដោយ​អះអាង​ថា​ វា​អាច​ផ្តល់​ចំណូល​ចូល​ថវិកា​ជាតិ​ជាង​៣​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។ ​ ពួក​គេ​ថា​ ការណ៍​នេះ​ក៏​នឹង​ជួយ​ប្រជា​ពលរដ្ឋ​បាន​ហូប​សាច់​ជ្រូក​ក្នុង​តម្លៃ​មួយ​សម​រម្យ។​

រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋ​កិច្ច​ក៏​បាន​ពន្យល់​ទៅ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ថា​ ការ​សម្រេច​របស់​ក្រសួង​សេដ្ឋកិច្ច​មិន​មែន​ផ្អែក​លើ​សំណើ​របស់​ក្រុម​ហ៊ុន​ទាំង​៤​នោះ​ឡើយ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​វេង សាខុន ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម ​លោក ស្រី វុឌ្ឍី​ និង​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​សុខភាព​សត្វ ​និង​ផលិត​កម្ម ​លោក​ តាន់ ផាន់ណារ៉ា ​បាន​នៅ​ឡើយ​ទេ។ ​

វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក ​មាស សុខ សេនសាន​ អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋ​កិច្ច​បាន​ដែរ។​

លោក​ឧកញ៉ា ​ម៉ុង ឫទ្ធី ​ជា​អ្នក​ជំនួញ​ខាង​កសិកម្ម​និង​ជា​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា​ យល់​ឃើញ​ថា​ ​ក្នុង​សំណើ​របស់​ក្រសួង​កសិកម្ម​សុំ​ផ្អាក​ការ​រៀបចំ​យន្ត​ការ​ដេញ​ថ្លៃ​ជ្រូក​រស់​សម្រាប់​នាំ​ចូល​កម្ពុជា ​នោះ​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ទំនង​ជា​ចង់​គាំទ្រ​ឱ្យ​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុង​ស្រុក​ ឬ​កសិករ​ខ្នាត​តូច ​ខ្នាត​មធ្យម ​ ខ្នាត​ធំ​នៅ​ក្នុង​ស្រុក ​មាន​ដំណើរ​ការ​ល្អ ​និង​អាច​ទៅ​មុខ​រួច​ក្នុង​ការ​ប្រកប​របរ​នេះ។ ​ លោក​បន្ត​ថាការ​នាំ​សត្វ​ពី​ប្រទេស​ជិត​ខាង​ចូល​មក​ មិន​មែន​ងាយ​ស្រួល​ ដូច​ការ​នាំ​ស្រូវ​អង្ករ​ ឬ​ទំនិញ​ផ្សេងៗ​ទេ ​ ខណៈ​សត្វ​រស់​ តែង​តែ​មាន​ជំងឺ​ ដែល​អាច​ចម្លង​ជំងឺ​ ឬ​រោគ​ដល់​សត្វ​ក្នុង​ស្រុក ជា​ពិសេស​ជំងឺ​ប៉េស្ត​អាហ្វ្រិក។​

លោក​ប្រាប់​វីអូអេ​ថា៖​ «បញ្ហា​វា​នាំ​មេ​រោគ​យក​មក​ចម្លង​ទៀត។ ​ យើង​មិន​ដឹង​ថា​ ជ្រូក​ហ្នឹង​ វា​ឈឺ​អី​យ៉ាង​ម៉េច​ ហើយ​ចេះ​តែ​ដឹក​យក​មក​ ហើយ​ថា​ បាន​ពិនិត្យ​ហើយ។​ ពិនិត្យ​វា​គ្មាន​ទៅ​ដឹង​ខ្មោចយក៍​អី​ទេ​ យក​មក​ឆ្លង​រោគ​រាល់​ដង​ហ្នឹង!»​

លោក​បន្ត​ថា៖​ «បើ​និយាយ​ថា​ យក​មក​ពី​ថៃ​[គឺ]​ថៃ​ងាប់​អស់​ស្ទើរ​តែ​៥០% ​ ដោយ​សារ​តែ​[ជំងឺ] ប៉េស្ត​អាហ្វ្រិក​ ដែល​ទប់​ទល់​អត់​បាន។ ហើយ​វៀតណាម​ក៏​ងាប់​ អស់​ច្រើន​ដែរ​ ហើយ​ដល់​ខ្មែរ​នេះ​ក៏​មាន​ដែរ​ ប៉ុន្តែ​បើ​យក​មក​ទៀត​ កសិករ​ខ្នាត​តូច ​មធ្យម ​និង​ធំ​ខ្មែរ​ហ្នឹង​ ប្រាកដ​ជា​រង​ទុក្ខ​វេទនា​មួយ​សា​ទៀត​ហើយ ​ ដោយ​សារ​តែ​ជំងឺ​ឆ្លង​ហ្នឹង»។​

លោក​ឲ្យ​ដឹង​ដែរ​ថា ​ការ​នាំ​ជ្រូក​ពី​ប្រទេស​ជិត​ខាង​ចូល​មក​នេះ ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​មុខ​មាត់ ​កិត្តិយស​កម្ពុជា ​ដែល​ត្រូវ​ចំណាយ​លុយ​ទៅ​ទិញ​ជ្រូក​ពី​គេ​យក​មក​ហូប ​ដែល​លោក​ថា​តម្លៃ​ជ្រូក​លក់​លើ​ទីផ្សារ​មិន​ខុស​គ្នា​ប៉ុន្មាន​ ពី​ប្រទេស​ជិត​ខាង​នោះ​ទេ។ លោក​បន្ថែម​ថា​ ប្រទេស​កម្ពុជា ​ដូច​ជា​មិន​ខ្វះ​ខាត​សាច់​ជ្រូក​ធ្ងន់ធរ​សម្រាប់​ឲ្យ​ប្រជា​ពលរដ្ឋ​បរិភោគ​នោះ​ទេ។​ លោក​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជា​ពល​រដ្ឋ​ប្រើ​ប្រាស់​មាន់​ ត្រី​ ឬ​សាច់​ផ្សេងៗ​ជំនួស​មួយ​រយៈ​ ពេល​ខ្វះ​ខាត​សាច់​ជ្រូក។​

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា ​ លោក​ ស្រ៊ុន ពៅ ​ចង់​ឲ្យ​ក្រសួង​ពាក់ព័ន្ធ ​និង​រដ្ឋាភិបាល​គាំទ្រ​វិស័យ​ចិញ្ចឹម​សត្វ​នៅ​ក្នុង​ស្រុក។​ លោក​បន្ត​ថា​ ជ្រូក​រស់​ក្នុង​ស្រុក​ផ្គត់​ផ្គង់​លើស​តម្រូវ​ការ​ ប៉ុន្តែ​តម្លៃ​លក់​លើ​ទីផ្សារ ​មិន​ស្មើ​តម្លៃ​ដើម​ផលិត​ដែល​ត្រូវ​ចំណាយ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​គ្រាន់​តែ​សួរ​ថា​ ឥឡូវ​ហ្នឹង ​ថា​ ចុះ​ការ​ចេញ​ថ្លៃ​ហ្នឹង​ឲ្យ​នាំ​មក​ម៉េច ?​ ប្រុង​ឲ្យ​លក់​ប៉ុន្មាន ?​ អី​ប៉ុន្មាន?​ ​យ៉ាង​ម៉េច ?​ឬ​ក៏​យើង​គួរ​តែ​នាំ​គ្នា​ជំរុញ​គាំទ្រ​ផលិត​ផល​ក្នុង​ស្រុក​ឬ​ក៏​យើង​នាំ​គ្នា​គាំទ្រ​ការ​នាំ​ចូល​ហ្នឹង​វិញ?​ អា​នេះ​ខ្ញុំ​សួរ​ទៅ​វិញ​ ពីព្រោះ​ខ្ញុំ​វា​អត់​សូវ​យល់​ដែរ​ ថ្វី​ដ្បិត​អី​កំពុង​តែ​លក់​[ជ្រូក]​អត់​ចេញ​ផង​ [ហើយ]​មក​ដេញ​ថ្លៃ​នាំ​ចូល​អី!​ ខ្ញុំ​អត់​យល់​ដែរ​ដល់​អ៊ីចឹង»។​

លោក ​យ៉ង់ សាំង​កុមារ ​អ្នក​ជំនាញ​ខាង​កសិកម្ម​មួយ​រូប​ ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​គណៈ​កម្មាធិការ​នាយក​នៃ​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ ប្រាប់​វីអូអេ​ថា​ ក្រសួង​ពាក់​ព័ន្ធ​ត្រូវ​រៀបចំផែន​ការ​មេ​សម្រាប់​គាំទ្រ​ការ​ផលិត​ក្នុង​ស្រុក​ ហើយ​បើ​ករណី​សាច់​ជ្រូក​លើ​ទីផ្សារ​ឡើង​ថ្លៃ ​គួរ​តែ​គ្រប់​គ្រង​យន្ត​ការ​នាំ​ចូល​ឲ្យ​បាន​ច្បាស់​លាស់។​

លោក​បញ្ជាក់​ថា៖​ «ក្នុង​ករណី​សាច់​ជ្រូក​ឡើង​ថ្លៃ ​ យើង​គួរ​មាន​យន្ត​ការ​នាំ​ចូល​ខ្លះ​ក្នុង​បរិមាណ ​និង​រយៈ​ពេល​កំណត់​មួយ​ តែ​យើង​ត្រូវ​មាន​ផែន​ការ​មេ​សម្រាប់​គាំទ្រ​ការ​ផលិត​ក្នុង​ស្រុក​រួម​ទាំង​ការ​ផលិត​ពូជ​ ចំណី​ និង​ការ​ការពារ​អ្នក​ផលិត​ក្នុង​ស្រុក។ ​កន្លង​មក​ កម្ពុជា​គ្មាន​ផែន​ការ​មេ ​និង​ការ​អនុវត្ត​ដែល​តម្រង់​ទៅ​រក​ការ​លើក​ស្ទួយ​ផលិត​ផល​ក្នុង​ស្រុក​ទេ។ ​តើ​រដ្ឋាភិបាល​បាន​ធ្វើ​អ្វី​ខ្លះ​ក្នុង​ការ​គាំទ្រ​វិស័យ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា?»​

គួរ​បញ្ជាក់​ថាចាប់​តាំង​ពី​ខែ​តុលា​ ឆ្នាំ​២០២១​មក ​កម្ពុជា​មិន​មាន​ការ​នាំ​ជ្រូក​រស់​ចូល​មក​បំពេញ​បន្ថែម​នោះ​ទេ ​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។​ កាល​ពី​ដើម​ឡើយ​មាន​ការ​នាំ​ជ្រូក​រស់​ចូល​ប្រមាណ​២៥០០​ក្បាល​ក្នុង​មួយ​ថ្ងៃ។​ នេះ​បើ​យោង​តាម​ក្រសួង​កសិកម្ម៕​