សេដ្ឋកិច្ច​ជា​កត្តា​ចម្បង​សម្រាប់​កម្ពុជា​​ដើម្បី​ឯករាជ្យភាព

  • អ៊ឹម សុធារិទ្ធ

លោក​ Wang Yi រដ្ឋមន្ត្រី​ការ​បរទេស​ចិន ​ជួប​ពិភាក្សា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​២១ សីហា ២០១៣។

Your browser doesn’t support HTML5

ស្ថានភាព​កម្ពុជា​ក្រោម​ឥទ្ធិពល​ចិន​និង​វៀតណាម


វ៉ាស៊ីនតោន៖ កម្ពុជា​ត្រូវ​តែ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​នឹង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ ដោយ​ផ្តោត​លើតែសេដ្ឋកិច្ចហើយ​ទុក​បញ្ហា​នយោបាយដោយ​ឡែក​ ដើម្បី​ការ​អភិវឌ្ឍ​សង្គម​របស់​ខ្លួន​ឲ្យ​មាន​ដំណើរ​ល្អ​ទៅ​មុខ។ នេះ​ជា​សម្តី​របស់​លោក ភីធើរ តាន់ កែវ (Peter Tan Keo) ដែល​ជា​ស្ថាបនិក​អង្គការ​យុទ្ធសាស្រ្ត​សាកល​អាស៊ី (Global Strategy Asia) តាម​ទូរស័ព្ទតាម​រយៈ​កម្មវិធី​សំឡេង​ជំនាន់​ថ្មី​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​តុលា​ កន្លង​មក​។

លោក ភីធើរ មាន​ប្រសាសន៍​ថា ​ក្នុង​ទស្សនៈ​សេដ្ឋកិច្ច​ ចិន​មាន​ឥទ្ធិពល​ខ្លាំង​ដោយ​សារចិន​វិនិយោគ​ចំនួន​លុយ​៩ពាន់​លាន​ដុល្លារនៅកម្ពុជា​ពី​ឆ្នាំ ១៩៩៤ដល់​២០១៣​ បើ​ប្រៀប​ធៀប​ទៅ​វៀតណាម​រហូត​ដល់ ​ឆ្នាំ​២០១៥​ វិនិយោគ​តែ​២ពាន់​៥០០លាន​ដុល្លារ​ប៉ុណ្ណោះ។ ​លោក​បន្ត​ថា តែ​បើ​មើល​តាម​ប្រវត្តិសាស្ត្រ​វិញ​ គេ​អាច​អះអាង​ថា​ វៀតណាម​មាន​ឥទ្ធិពល​ខ្លាំង​ផ្នែក​នយោបាយ​លើ​កម្ពុជា ដោយ​វៀតណាម​បាន​ចូលលុក​លុយ​កម្ពុជា​ពី​ឆ្នាំ​១៩៧៩​រហូត​ដល់​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស។ ប៉ុន្តែ​ចិន​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​លើ​កម្ពុជា​ផ្នែក​សេដ្ឋកិច្ច។ លោក​បាន​លើក​ឧទាហរណ៍ ពេល​កម្ពុជា​ជា​ម្ចាស់​ផ្ទះនៃ​ជំនួប​អាស៊ាន​នៅ​ឆ្នាំ​២០១២ ដែល​ក្រោម​ការ​ដឹក​នាំ​របស់​ខ្លួន​ កម្ពុជា​បរាជ័យ​ក្នុង​ការ​បង្កើត​សេចក្តី​ប្រកាស​រួម​អាស៊ាន។ លោក​ហៅបរាជ័យ​នេះ​គឺ​ជា​មហន្តរាយ​មួយ​ក្នុង​ប្រវត្តិ​អាស៊ាន​៤៥​ឆ្នាំ​មក​នេះ។

«យើង​ឃើញ​ថា​តើ​ចិន​មាន​ឥទ្ធិពល​ប៉ុណ្ណា ហើយ​វៀតណា​ម​មាន​ឥទ្ធិពល​ប៉ុណ្ណា​លើកម្ពុជា។ ដូច្នេះខ្ញុំ​គិត​ថា ទស្សនៈ​របស់គណបក្ស​ប្រឆាំង​ដែល​ថា កម្ពុជា​នឹង​ត្រូវ​បាន​ធ្វើ​វៀតណាមវូភានីយកម្ម​គឺ​ជា​ទស្សនៈ​ហួស​សម័យ​បន្តិច​ហើយ។ តាម​រយៈឥទ្ធិពល​សេដ្ឋកិច្ច​របស់​ចិន​ទៅ​លើ​កម្ពុជា​ និង ​អ្វី​ដែល​កម្ពុជា​ប្រព្រឹត្ត​កាល​ពី​ខ្លួន​ជា​ម្ចាស់​ផ្ទះ​ចំពោះ​រឿង​ជម្លោះ​ដែន​ទឹក​ក្នុង​សមុទ្រចិន​ខាង​ត្បូង ទស្សនៈដែល​ថា​ វៀត​ណាម​មាន​ឥទ្ធិពល​ខ្លាំង​លើ​កម្ពុជា​ដូច​កាល​ពី​២០​ឬ​៣០​ឆ្នាំ​មុន​គឺប្រហែល​មិន​អាច​ទៅ​រួច»។

លោក ភីធើរ​ បាន​ប្រាប់​សំឡេង​ជំនាន់​ថ្មីថា ការដែល​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ជាប់​ពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធជាមួយ​វៀត​ណាម គឺ​ជា​អ្វី​ដែល​គេ​អាច​យល់​បាន​ដោយ​ងាយ​ថា វៀតណាម​មានឥទ្ធិពល។​ ប៉ុន្តែ​បើ​គិត​ដល់​ឥទ្ធិពល​សេដ្ឋកិច្ច​ចិន​មក​លើ​កម្ពុជា​បច្ចុប្បន្ន​វិញ​ ការ​ឈើជើង​របស់​វៀត​ណាម​នៅ​កម្ពុជា​មាន​កម្រិត​អប្បរមា។

លោក ភីធ័រ តាន់ កែវ (Peter Tan Keo) ស្ថាបនិក​អង្គការ​យុទ្ធសាស្ត្រ​សាកល​អាស៊ី និង​ជា​បេក្ខជន​បណ្ឌិត​នៅ​សាកលវិទ្យាល័យColumbia សហរដ្ឋ​អាមេរិក​ និយាយ​ថា សេដ្ឋកិច្ច​ជា​កត្តា​ចម្បង​សម្រាប់​កម្ពុជា​ដើម្បី​ឯករាជ្យភាព។

​លោក ភីធើរ ថ្លែង​ថា កម្ពុជា​កំពុង​ចេញយ៉ាង​លឿនឆ្ងាយ​ពី​គំនិត​ដែល​ថា កម្ពុជា​មាន​សេដ្ឋកិច្ច​អន់​ថយ ក្រី​ក្រ មាន​អំពើប្រល័យ​ពូជសាសន៍ និងក្រោម​ឥទ្ធិពល​វៀតណាម។ ​លោកថា និស្សិ​ត​សាកលវិទ្យាល័យនិង​យុវជនកម្ពុជាដែល​មិន​ធ្លាប់​ឆ្លងកាត់​ការលំបាក​ពី​អតីតកាល​និង​មាន​ចំនួន​ភាគច្រើន​ បានផ្តោត​លើ​សេដ្ឋកិច្ចវិញ។ ដូច្នេះ​លោក​បញ្ជាក់​ថា ​រវាង​ចិន​និង​វៀតណាម​ គេប្រាកដ​ជា​ងាក​ទៅរក​ចិន​ ដោយចិន​ទទួល​បានជាង​៥០​ភាគរយនៃសម្បទាន​ដី​នៅ​កម្ពុជាចាប់​តាំង​ពី​ឆ្នាំ ១៩៩៤​មក។

លោក​ ភីធើរ​ តាន់​ កែវ ក៏​សង្កត់​ធ្ងន់​លើ​តួនាទី​ដ៏​សំខាន់​របស់​អាស៊ាន​ក្នុងការ​ជួយ​កម្ពុជា​ឲ្យ​មាន​ឯករាជ្យភាព​ទាំង​ផ្នែកសេដ្ឋកិច្ច​និង​នយោបាយ។

«បើ​យើង​មើល​ទៅ​កត្តា​ផ្សេងៗ​ដូច​ជា កម្ពុជាមាន​សេដ្ឋកិច្ច​ទន់​ខ្សោយ ​កម្ពុជា​ក្រីក្រ ហើយ​ប្រៀប​ធៀប​កត្តា​ទាំង​នេះ​ទៅប្រទេស​វៀតណាម​និង​ចិន អ្នក​អាច​ស្រមៃ​មើល​ខ្លួន​ឯង​ទៅមើល​ បើ​សិន​ជា​គ្មាន​អាស៊ាន​តើ​កម្ពុជា​នឹង​ទៅ​ជា​យ៉ាង​ម៉េច? កម្ពុជា​ក្រ​ជាយូរ​មក​ហើយ រាប់​រយ​ឆ្នាំ​មក​ហើយ​ បើ​តាម​ប្រវត្តិសាស្ត្រ​នយោបាយរបស់ប្រទេស​នេះ»។

ក្នុង​ន័យ​នេះដែរ​ លោក ភីធើរ​ មាន​ប្រសាសន៍ថា កម្ពុជាធ្លាប់​នៅ​ក្រោម​អាណានិគមនិង​មិន​ដែល​ជៀស​រួច​ពី​ឥទ្ធិពលរបស់​ប្រទេស​ប្រកួត​ប្រជែង​ធំៗ​ទេ។ ដូច្នេះ​ប្រទេស​កម្ពុជា​មិន​សូវ​សំខាន់​បុន្មាន​ទេ ប៉ុន្តែ​ប្រទេស​នេះ​ទៅ​ជា​ប្រទេស​សំខាន់មួយ​ក្រោយ​មក គឺដោយសារ​តែ​ចូលរួម​ជាមួយ​អាស៊ាន ដែល​ជា​កម្លាំង​មួយ​ដ៏​ខ្លាំង​ទាំង​ផ្នែក​ប្រជាសាស្ត្រ​និង​សេដ្ឋកិច្ចនៅ​ក្នុង​ពិភព​លោក​ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ៕