សេដ្ឋវិទូ​ព្រមាន​ពី​សង្គ្រាម​ពាណិជ្ជកម្ម​​ធ្ងន់ធ្ងរ​ឡើង​​បន្ទាប់​ពី​ការ​ដាក់​ពន្ធ​ដែក​ថែប​របស់​អាមេរិក

  • Henry Ridgwell

មន្ត្រី​សហភាព​អឺរ៉ុប ជប៉ុន និង​សហរដ្ឋ​អាមេរិក​ជួប​ប្រជុំ​នៅ​ទីស្នាក់ការ​កណ្តាល​របស់​សហភាព​អឹរ៉ុប នៅ​ក្នុង​ក្រុង​ប៊្រុចសែល កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។ សហភាព​អឺរ៉ុប​កំពុង​ទាមទារ​ការ​បញ្ជាក់​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​តើ ប្លុក​ប្រទេស​២៨​នេះ​នឹង​ទទួល​បាន​ការ​លើក​លែង​ពន្ធ​លើ​ដែក​ថែប​ និង​អាលុយមីញ៉ូម​ឬ​យ៉ាង​ណា។

អ្នក​វិភាគ​ជា​ច្រើន​និយាយ​ថា ស្ថានភាព​នេះ​អាច​នាំ​ឲ្យ​កើត​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ថ្មី​មួយ ដែល​អាច​ប៉ះពាល់​ប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំៗ​ជា​ច្រើន។

ក្នុង​យុទ្ធនាការ​ឃោសនាសម្រាប់​តំណែង​ប្រធានាធិបតី លោក Donald Trump បាន​សន្យា​ការពារ​វិស័យ​ឧស្សាហកម្ម​របស់​សហរដ្ឋ​អាមេរិក ដែល​លោក​បាន​និយាយ​ថា​ ឧស្សាហកម្ម​អាមេរិក​ត្រូវ​បាន​បំផ្លាញ​ដោយ​ផលិតផល​ថោកៗ​នាំចូល​ពី​បរទេស។ ខណៈ​ដែល​រដ្ឋបាល​លោក Trump រៀបចំ​ធ្វើ​តាម​ការ​សន្យា​នេះ ដៃគូ​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក​សច្ចា​ថា​និង​សងសឹក​វិញ។

ការ​នាំ​ចេញ​អាលុយមីញ៉ូម​របស់​ប្រទេស​ចិន​ បាន​កើន​ឡើង​ច្រើន​ជាង ២៥ ភាគរយ ក្នុង​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ ២០១៨ នេះ។ រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ព្រមាន​បន្ថែម​ពន្ធ​ថ្មី​លើ​ទំនិញ​នាំ​ចូល។

រដ្ឋមន្ត្រី​ការ​បរទេស​ចិន​ Wang Yi ថ្លែង​ថា៖

«វា​នឹង​ប៉ះពាល់​ដល់​ភាគី​ទាំង​ពីរ ហើយ​ប្រទេស​ចិន​ប្រាកដ​ជា​នឹង​ធ្វើ​ការ​ឆ្លើយ​តប​ដែល​ចាំ​បាច់​និង​សម​ហេតុ​ផល​មួយ»។

ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​ក៏​បាន​ព្រមាន​ដាក់​វិធានការ​តទល់ សំដៅ​លើ​ការ​នាំ​ចេញ​ទំនិញ​អាមេរិក​ផង​ដែរ។

លោកស្រី Cecilia Malmstrom ស្នងការ​ទទួល​បន្ទុក​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ថ្លែង​ថា៖

«ផលិតផល​ដែក​ថែប ដែល​រាប់​បញ្ចូលផលិតផល​ឧស្សាហកម្ម​និង​ផលិតផល​កសិកម្ម​ ហើយប្រភេទ​ស្រា​វីស្គី Bourbon មួយ​ចំនួន ក៏​ដូច​ជា​ផលិតផល​ផ្សេងៗ​ទៀត​ដូច​ជា​ប៊ឺ​ធ្វើ​ពី​សណ្ដែក​ដី ផ្លែ​ Cranberries ទឹកក្រូច​ច្របាច់ គឺ​ពិត​ជា​ស្ថិត​ក្នុង​បញ្ជី​ដំឡើង​ពន្ធ​នេះ»។

ប្រធានាធិបតី Trump អះអាង​ថា​ ឧស្សាហកម្ម​ដែកថែប​និង​អាលុយមីញ៉ូម​របស់​សហរដ្ឋ​អាមេរិក មាន​សារៈសំខាន់​សម្រាប់​វិស័យ​ការពារ​ជាតិ ដូច្នេះ​ហើយ​ពន្ធ​ទាំងឡាយ​លើ​ទំនិញ​ទាំង​នេះ គឺ​ចាំ​បាច់​ដើម្បី​ការពារ​សន្តិសុខ​ជាតិ។​

អ្នក​វិភាគ លោក​សាស្ត្រាចារ្យ Ken Shadlen និយាយ​ថា អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO អាច​ជួប​ប្រទះ​និង​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​មួយ។ លោក​ពន្យល់​ថា៖​

«អង្គការ​ពាណិជ្ជកម្ម​ពិភពលោក អាច​និយាយ​ថា​ សហរដ្ឋ​អាមេរិក​អាច​ដំឡើង​ពន្ធ​បាន​ក្នុង​លក្ខខណ្ឌ​លើក​លែង លើ​ករណី​សន្តិសុខ​ជាតិ។ ហើយ​បើ​រឿង​នេះ​កើត​ឡើង ប្រព័ន្ធ​របស់​អង្គការ​ទាំង​មូល​គឺ​ត្រូវ​ខូច។ ពីព្រោះ​សំខាន់ អ្នក​អាច​ធ្វើ​អ្វី​ក៏​បាន​ដែរ ក្រោម​ហេតុផល​សន្តិសុខ​ជាតិ»។

លោក​សាស្ត្រាចារ្យ Shadlen និយាយ​ថា ប្រទេស​កំពុង​អភិវឌ្ឍ​ជា​ច្រើន បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ឆ្នាំ ១៩៩៤ ដោយ​យល់​ថា ពន្ធ​នាំ​ចូល​របស់​សហរដ្ឋ​អាមេរិក មាន​ការ​កំណត់​តឹងរ៉ឹង​អំពី​ការ​ដំឡើង​ពន្ធ ដែល​គេ​ហៅ​ថា ពន្ធ​មាន​កំណត់​ព្រំដែន។

លោក​បញ្ជាក់​ថា៖ «ប្រទេស​ខ្លះ​ពេញ​ចិត្ត​នឹង​កិច្ច​ព្រមព្រៀង​ទាំង​នោះ។ ប្រទេស​ខ្លះ​ទៀត​មិន​ពេញ​ចិត្ត​ផ្នែក​មួយ​ចំនួន​នៃ​កិច្ច​ព្រមព្រៀង​ទាំង​នោះ។ អ្នក​ព្រម​ទទួលយក​អ្វី​ដែល​អ្នក​មិន​ចង់​ធ្វើ​ ដើម្បី​ទទួល​បាន​សម្បទាន​អ្វី​មួយ។ ហើយ​សម្បទាន​មួយ​ក្នុង​ចំណោម​សម្បទាន​ផ្សេង​ទៀត គឺ​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​ដែល​កំណត់​ព្រំដែន​ក្នុងអត្រា​ដែល​ទាប​សមរម្យ​មួយ។ ហើយ​នេះ​ជា​លក្ខខណ្ឌ​ព្រមព្រៀង​គ្នា​ក្នុង​ឆ្នាំ ១៩៩៤។ ដូច្នេះ​ឥឡូវ​នេះ ២៥​ឆ្នាំ​ក្រោយ​មក បើ​សិន​សហរដ្ឋ​អាមេរិក​អាច​លុប​បំបាត់​ការ​កំណត់​ព្រំដែនពន្ធ​នេះ​យ៉ាង​ងាយ​ស្រួល វា​ពិត​ជាមាន​បញ្ហា​ធ្ងន់ធ្ងរ​ណាស់»។

ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប និយាយ​ថា គេ​កំពុង​សម្របសម្រួល​ការ​ខំ​ប្រឹងប្រែង​មួយ​ជាមួយ​ប្រទេស​ដទៃ​ទៀតក្នុង​ពិភពលោក​ ដើម្បី​ត្រៀម​ខ្លួន​ប្រឈម​នឹង​ពន្ធ​របស់​សហរដ្ឋ​អាមេរិក។ ស្រមោល​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​លេច​ឡើង ហើយ​គ្រប់​គ្នា​ខ្លាច​ថា​នឹង​មាន​ការ​ខាត​បង់​សេដ្ឋកិច្ច​ចំពោះ​គ្រប់​ភាគី​ទាំងអស់៕

ប្រែ​សម្រួល​ដោយ ចាប ចិត្រា