សាលាក្តីខ្មែរក្រហមដែលចូលរួមដោយអង្គការសហប្រជាជាតិ បានសម្រេចបញ្ចប់សំណុំរឿង០០៣ ដោយមិនចាត់ការបន្ត ក្នុងតុលាការខ្មែរក្រហមទៅលើសំណុំរឿងឧក្រិដ្ឋកម្មនានាក្នុងទសវត្សរ៍១៩៧០ ដែលជាប់ពាក់ព័ន្ធនឹងអតីតកម្មាភិបាលខ្មែរក្រហមលោក មាស មុត នោះទេ ក្រោយពីមានការខ្វែងគំនិតគ្នាលើបញ្ហានីតិវិធី។ សាលាក្តីនេះ បានសម្រេចបញ្ចូលសំណុំរឿងនេះ ទៅក្នុងបណ្ណសារដ្ឋាន។ នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់ការិយាល័យនៃសហចៅក្រមស៊ើបអង្កេតដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១ នៅចំថ្ងៃដែលអង្គជំនុំជម្រះតុលាការកំពូលសម្រេចក្តីជាស្ថាពរ និងបិទផ្លូវតវ៉ា។
ការសម្រេចឥតចាត់ការបន្តទៀតលើសំណុំរឿងក្តី០០៣ ដ៏ចម្រូងចម្រាសដែលនៅសេសសល់ចុងក្រោយគេមួយនេះ ធ្វើឡើង ក្រោយពីអង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីនេះ កាលពីថ្ងៃទី១៧ ខែធ្នូ បានច្រានចោលបណ្តឹងសាទុក្ខរបស់សហព្រះរាជអាជ្ញាអន្តរជាតិដែលស្នើឲ្យតុលាការបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះ។
លោក មាស មុត អតីតមេបញ្ជាការកងទ័ពជើងទឹកខ្មែរក្រហម ត្រូវបានសហព្រះរាជអាជ្ញាអន្តរជាតិចោទប្រកាន់ពីបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរមួយចំនួនរួមទាំងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍ជាដើម។
សំណុំរឿង មាស មុត មានការខ្វែងគំនិតគ្នា បកស្រាយផ្សេងគ្នាទៅលើច្បាប់ និងនីតិវិធី រវាងចៅក្រមជាតិ សហព្រះរាជអាជ្ញាជាតិ និងចៅក្រមអន្តរជាតិ សហព្រះរាជអាជ្ញាអន្តរជាតិ ទៅលើយុត្តាធិការ។ ភាគីជាតិថា មាស មុត មិនមែនជាជនដែលស្ថិតក្នុងជំពូកជនដែលទទួលខុសត្រូវខ្ពស់បំផុត និងជាមេដឹកនាំខ្ពស់បំផុតនៃរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ដែលត្រូវនាំខ្លួនទៅកាត់ទោសទេ។ តែភាគីអន្តរជាតិ ចាត់ទុកថា មាស មុត ជាជនដែលស្ថិតក្នុងជំពូកជនទទួលខុសត្រូវខ្ពស់បំផុត ដែលត្រូវនាំខ្លួនទៅកាត់ទោសតាមការចោទប្រកាន់ទោសដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ។
ដោយសារតែមានការខ្វែងគំនិតគ្នារវាងភាគីជាតិ និងអន្តរជាតិនេះ សំណុំរឿង០០៣នេះ បានជាប់គាំងអស់ពេលជាច្រើនខែមកហើយ មុននឹងត្រូវសម្រេចដាក់ចូលក្នុងបណ្ណសារដ្ឋាន ហើយឥតចាត់ការបន្តទៀតនេះ។
ប៉ុន្តែ កាលពីថ្ងៃសុក្រ ទី១៧ ខែធ្នូ សហព្រះរាជអាជ្ញាអន្តរជាតិ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការសម្រេចដាក់បញ្ចូលសំណុំរឿង០០៣នេះ ទៅក្នុងបណ្ណសារដ្ឋាន មិនមែនមានន័យថា លោក មាស មុត គ្មានទោស ឬក៏មានទោសនោះទេ។ ដោយឡែក សហចៅក្រមស៊ើបអង្គេតអន្តរជាតិ ក៏បានបញ្ជាក់ថា ការទទួល ខុសត្រូវដើម្បីរកយុត្តិធម៌ពេលនេះ គឺស្ថិតនៅក្នុងអំណាចនៃតុលាការក្នុងស្រុកចំពោះសំណុំរឿង មាស មុត។
ក្រៅពីសំណុំរឿង០០៣ និងសំណុំរឿងពីរមុននេះ សាលាក្តីខ្មែរក្រហមក៏នៅមានសំណុំរឿងសេសសល់មួយទៀត គឺ០០៤ ពាក់ព័ន្ធនឹងលោក យឹម ទិត្យ អតីតលេខាតំបន់១៣ ក្នុងសម័យខ្មែរក្រហម៕