ក្នុងជំនួបជាមួយលោក ជេណូស អាឌឺ (Janos Ader) ប្រធានាធិបតី នៃ សាធារណរដ្ឋហុងគ្រីនៅវិមានប្រធានាធិបតី Sándor Palace ក្នុងទីក្រុង Budapest កាលពីថ្ងៃអង្គារ លោក ហ៊ុន សែន បានស្នើឲ្យលោកប្រធានាធិបតីហុងគ្រី «បន្តគាំទ្រដល់កម្ពុជា ជាមួយនឹងសហភាពអឺរ៉ុប»ទាក់ទងនឹងការអនុគ្រោះពន្ធនាំទំនិញពីកម្ពុជាចូលទៅកាន់សហភាពអឺរ៉ុប ឬ EBA។
លោក ហ៊ុន សែន គូសបញ្ជាក់ចំពោះមុខដៃគូសន្ទនារបស់ខ្លួនថា កម្ពុជាចង់ឲ្យសហភាពអឺរ៉ុបដោះស្រាយ និងសម្រេចលើ EBA «ដោយយុត្តិធម៌សម្រាប់ប្រទេសកម្ពុជា»។
នេះបើយោងតាមព័ត៌មានដែលបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីយប់ថ្ងៃអង្គារ។
យោងតាមប្រភពព័ត៌មានដដែល លោកប្រធានាធិបតីហុងគ្រីអះអាងថា នឹងបន្តគាំទ្រដល់កម្ពុជាជាបន្តទៀត។ ប៉ុន្តែប្រភពនេះមិនមានការបញ្ជាក់លម្អិតថាតើប្រទេសហុងគ្រីនឹងគាំទ្រកម្ពុជា ដោយវិធីណានោះទេ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលប្រាំថ្ងៃនៅបណ្តាប្រទេសសមាជិកអឺរ៉ុបខាងកើត។ ក្នុងនោះមានសាធារណរដ្ឋឆេក ប្រទេសហុងគ្រី និងប្រទេសប៊ុលហ្គារី។ ដំណើរទស្សកិច្ចក្នុងគោលដៅរឹតចំណងកិច្ចសហការលើឆាកអន្តរជាតិ ប៉ុន្តែក៏ជាផ្នែកមួយនៃការព្យាយាមតាមរយៈការទូតដើម្បីរក្សាការអនុគ្រោះពន្ធ«អ្វីៗទាំងអស់លើកលែងតែសព្វាវុធ» ឬ EBA។
ប៉ុន្តែលោកឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា អង្គការសង់ត្រាល់ (Central) បានប្រាប់ VOA ថា ប្រទេសដែលលោកនាយករដ្ឋមន្ត្រីខ្មែរកំពុងបំពេញទស្សនកិច្ចនេះមិនមានឥទ្ធិពលនោះឡើយ។
«ខ្ញុំគិតថា ប្រទេសទាំងអស់ហ្នឹង សុទ្ធសឹងតែជាប្រទេសដែលមិនមានឥទ្ធិពលអីក្នុងការសម្រេចគោលនយោបាយធំៗរបស់ សហភាពអឺរ៉ុបទេ»។
សហភាពអឺរ៉ុបបានបញ្ចប់ការសិក្សារយៈពេលប្រាំមួយខែរបស់ខ្លួនលើលទ្ធភាពត្រូវដកឬរក្សាទុក EBA ឲ្យកម្ពុជាឬយ៉ាងណា ដោយបានដាក់លក្ខខណ្ឌឲ្យកម្ពុជាធ្វើឲ្យប្រសើរឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ។
ក៏ប៉ុន្តែរដ្ឋាភិបាលធ្លាប់បានអះអាងថា ខ្លួននឹងមិនឱនក្បាលចំពោះលក្ខខណ្ឌទាំងនោះទេ ដោយបានពន្យល់ថា ជំហរតឹងរ៉ឹងរបស់ខ្លួនគឺជាផ្នែកមួយនៃការ«រក្សាអធិបតេយ្យភាព»របស់កម្ពុជា។
លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជាលើកឡើងថា ប្រសិនបើកម្ពុជាបាត់ប្រព័ន្ធឋានៈអនុគ្រោះ EBAនោះ កម្ពុជានៅប្រឈមនឹងផលវិបាកមួយទៀតក្នុងការនាំទំនិញចូលទៅកាន់ប្រទេសសមាជិកនិមួយៗរបស់សហភាពអឺរ៉ុប។
អ្នកការពារសិទ្ធិកម្មករក្នុងឧស្សាហកម្មកាត់ដេររូបនេះ ទទូចសុំឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើយ៉ាងណាបញ្ចៀសឲ្យបានកុំឲ្យបាត់បង់ប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA។
កាលពីសប្តាហ៍ទីមួយនៃខែតុលានេះ ប្រតិភូមួយក្រុមរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅថា GMAC បានធ្វើដំណើរទៅកាន់សហភាពអឺរ៉ុបដើម្បីព្យាយាមបញ្ចុះបញ្ចូលប្រទេសជាសមាជិកឲ្យរក្សា EBA សម្រាប់កម្ពុជា។ ប៉ុន្តែក្រោយពីជំនួបជាមួយតំណាងប្រទេសចំនួន១៤ ក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុបសរុបចំនួន២៨ ប្រតិភូ GMAC មិនទាន់ទទួលបានចម្លើយជាវិជ្ជមានណាមួយនៅឡើយ ស្របពេលដែលសហភាពអឺរ៉ុបគ្រោងនឹងធ្វើសេចក្តីសម្រេចចិត្តចុងក្រោយរបស់ខ្លួនស្តីពី EBA សម្រាប់កម្ពុជានៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។
សូមបញ្ជាក់ថានាយករដ្ឋមន្ត្រីលោកហ៊ុន សែន នាពេលនេះ កំពុងស្ថិតក្នុងប្រទេសប៊ុលហ្គារី។ ក្នុងដំណើរទស្សកិច្ចរបស់លោកនៅសាធារណរដ្ឋឆេក កាលពីថ្ងៃចន្ទ លោកគ្រោងនឹងទិញយន្តហោះស៊ើបការណ៍និងគ្រឿងសព្វាវុធមួយចំនួនពីអតីតប្រទេសកម្មុយនិស្តមួយនេះ៕