ការបោះឆ្នោតក្នុងរដ្ឋ Georgia មុនថ្ងៃបោះឆ្នោតផ្លូវការសម្រាប់ការជ្រើសរើសប្រធានាធិបតីអាមេរិកនោះ បានជួបនូវបញ្ហាក្នុងរយៈពេលខ្លី កាលពីថ្ងៃចន្ទ នៅពេលដែលបញ្ជីបោះឆ្នោតអេឡិចត្រូនិកមិនដំណើរការ ហើយត្រូវបានគេជួលជុល ក្រោយមកទើបការបោះឆ្នោតនោះបានដំណើរការជាធម្មតាឡើងវិញ។
អ្នកបោះឆ្នោតក្នុងការិយាល័យបោះឆ្នោតមួយចំនួន បានឈរតម្រង់ជួររង់ចាំអស់ជាច្រើនម៉ោង នៅក្នុងថ្ងៃទីមួយនៃការបោះឆ្នោតមុនពេលកំណត់ ដែលរដ្ឋនេះបានបើកទ្វារទទួលអ្នកបោះឆ្នោត ដែលមានចំនួនច្រើន មិនធ្លាប់មានពីមុនមក សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលត្រូវកំណត់ជាផ្លូវការធ្វើនៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខនេះ។
ការិយាល័យរបស់រដ្ឋលេខាធិការនៃរដ្ឋGeorgia បានរាយការណ៍ថា មានអ្នកបោះឆ្នោតប្រមាណ១២៦.៨៧៦នាក់ ដែលបានចេញមកបោះឆ្នោតមុនពេលកំណត់ កាលពីថ្ងៃចន្ទ ដែលចំនួននេះកើន៤១% បើប្រៀបធៀបកាលពីពេលបោះឆ្នោតមុនពេលកំណត់ថ្ងៃទី១ កាលពីឆ្នាំ២០១៦នោះ។
ការបោះឆ្នោតមុនថ្ងៃទី៣ ខែវិច្ឆិកានេះ បានចាប់ផ្តើមហើយនាពេលនេះក្នុងរដ្ឋចំនួន៤០ ក្នុងចំណោមរដ្ឋទាំង៥០របស់អាមេរិកនោះ។ អ្នកបោះឆ្នោតអាមេរិកចំនួនជាង១០លាននាក់ បានបោះឆ្នោតរួចហើយ នេះបើតាមការឲ្យដឹងរបស់គម្រោងពិនិត្យការបោះឆ្នោតសហរដ្ឋអាមេរិក (United States Election Project)។
ក្នុងរដ្ឋជាច្រើន ដែលក្នុងនោះរួមមានរដ្ឋ Vermont រដ្ឋ Virginia និងរដ្ឋ South Dakota ផងដែរនោះ សន្លឹកឆ្នោតដែលបានបោះរួចហើយ មានចំនួនលើស២០% ប្រៀបធៀបនឹងសន្លឹកឆ្នោតដែលបានបោះក្នុងរដ្ឋទាំងនេះ កាលពីឆ្នាំ២០១៦៕