ពាណិជ្ជកម្ម​តាម​អនឡាញ​កើន​ឡើង​ពាសពេញ​ទ្វីប​អាហ្រ្វិក​ខាង​លិច​ខណៈដែល​មេរោគ​កូវីដ​១៩ រាតត្បាត​ពេញ​ពិភពលោក

រូប​ឯកសារ៖ នាង Sena Ahadji អ្នក​គូរ​រូប​ម្នាក់​និយាយ​ទូរស័ព្ទ​ជាមួយ​អតិថិជន​របស់​នាង​ នៅ​ផ្ទះ​របស់​នាង​ ក្នុង​ក្រុង​អាក្រា ប្រទេស​ហ្គាណា កាលពី​ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។

តម្រូវការ​សេវាកម្ម​ពី​សំណាក់​អ្នក​លក់​រាយ​តាម​អនឡាញ​នៅ​អាហ្វ្រិក​ខាងលិច​កំពុង​កើន​ឡើង​ខ្ពស់ គ្រា​ដែល​ការរាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ កើន​ឡើង​នៅក្នុង​តំបន់​នោះ។

ខណៈដែល​មេរោគ​កូវីដ១៩ រាតត្បាត​ពេញ​ពិភពលោក​មនុស្ស​កាន់តែ​ច្រើន​ឡើង​កំពុង​ពឹងផ្អែក​ទៅ​លើ​ពាណិជ្ជកម្ម​តាម​អនឡាញ​ ដើម្បី​ទទួល​បាន​នូវ​អ្វី​ដែល​ពួកគេ​ត្រូវការ និង​ដើម្បី​ឲ្យ​ពួកគេ​អាច​អនុវត្ត​ការ​រក្សា​គម្លាត​ពី​គ្នា​បាន។ ការលក់​តាម​អនឡាញ​នៅ​ទូទាំង​អាហ្រ្វិក​ខាងលិច កំពុង​មាន​ការកើនឡើង តែ​ទោះជាយ៉ាងនេះ​ក្តី ​អ្នកជំនាញ​និយាយ​ថា ដោយសារតែ​មិនមែន​មនុស្ស​គ្រប់​គ្នា​អាច​ចេះ​ប្រើ​ឌីជីថល​នោះ ដូច្នេះ​មិនមែន​គ្រប់គ្នា​អាច​ចូល​ទិញ​តាម​អនឡាញ​បាន​នោះ​ទេ។

តម្រូវការ​សេវាកម្ម​ពី​សំណាក់​អ្នក​លក់​រាយ​តាម​អនឡាញ​នៅ​អាហ្វ្រិក​ខាងលិច​កំពុង​កើន​ឡើង​ខ្ពស់ គ្រា​ដែល​ការរាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ កើន​ឡើង​នៅក្នុង​តំបន់​នោះ។

ស្ថាបនិក​ផ្សារ Big Samps នៅ​ប្រទេស​ហ្គាណា​អ្នកស្រី Elselund Ewudzie-Sampson បាន​ឃើញ​ថា តម្រូវការ​បាន​កើន​ឡើង​យ៉ាងខ្លាំង ចាប់តាំងពី​មាន​ការ​រាតត្បាត​មេរោគ​កូវីដ ១៩។ អាជីវកម្ម​របស់​អ្នកស្រី គឺ​ទិញ​ទំនិញ​ពី​ផ្សារ​ និង​ដឹកជញ្ជូន​ទៅ​ឲ្យ​អតិថិជន។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នកស្រី​និយាយ ថា​អ្នកស្រី ប្រហែល​អាច​នឹង​ត្រូវ​បញ្ឈប់​សេវាកម្ម​របស់​អ្នកស្រី​ក្នុង​ពេល​ឆាប់ៗ​នេះ។ អ្នកស្រី​បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖

«ខ្ញុំ​គិត​ថា ដោយសារ​តែ​វីរុស ឬ​ការ​រាតត្បាត​នៃ​មេរោគ​នេះ ប្រជាពលរដ្ឋ​មាន​ការ​ភ័យខ្លាច​ក្នុងការ​ធ្វើដំណើរ​ទៅផ្សារ ដូច្នេះ​ពួកគេ​សម្រុក​មក​រក​យើង ពួកគេ​ជឿជាក់​ថា យើងអាច​ផ្តល់​សេវាកម្ម​ដល់​ពួកគេ។ តែ​ទោះ​យ៉ាង​នេះ​ក៏ដោយ​ យើង​កំពុង​គិត​ចង់​ឈប់​មួយ​រយៈ​ដោយសារតែ​ហេតុផល​ខាងលើ​នេះ​ដែរ»។

ការ​បញ្ឈប់​សេវាកម្ម គឺ​មិន​ល្អ​សម្រាប់​អាជីវកម្ម​របស់​អ្នកស្រី Elselund Ewudzie-Sampson ទេ ប៉ុន្តែ អ្នកស្រី​និយាយ​ថា អ្នកស្រី​ក៏​ត្រូវ​គិតគូរ​ពី​សុខភាព​របស់​បុគ្គលិក​អ្នកស្រី​ផងដែរ។

​នៅ​ប្រទេស​នីហ្សេរីយ៉ា​ហាង​លក់​គ្រឿង​ទេស​តាម​អនឡាញ Applecart និយាយ​ថា ខ្លួន​ក៏​កំពុង​មាន​តម្រូវការ​ខ្ពស់ និង​ការ​បញ្ជា​ទិញ​ថ្មីៗ​កើន​ឡើងផងដែរ នៅ​ពេល​ដែល​អតិថិជន​ទិញ​ស្តុក​ទុក​នូវ​អ្វីៗ​ដែល​ចាំបាច់​ដើម្បី​ត្រៀម​នៅ​ពេល​ដែល​ផ្សារ​បិទ និង​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​អាច​នឹង​ត្រូវ​រឹត​បន្តឹង។

នៅ​ក្នុង​ប្រទេស​សៀរ៉ាឡេអូន និង​លីបេរីយ៉ា​ដែល​ជា​ប្រទេស​ពីរ​តូច​ជាង និង​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​អន់ជាង​ប្រទេស​ហ្គាណា និង​នីហ្សេរីយ៉ា​នោះ អ្នកលក់​តាម​អនឡាញ​និយាយ​ថា ការ​លក់ដូរ​របស់​ពួកគេ​កំពុង​កើន​ឡើង​ខ្លះ​ដែរ​ដែល​ពួកគេ​គិត​ថា​ ដោយសារ​ការ​ភ័យខ្លាច​មេរោគ​កូវីដ ១៩។

លោក Fabunde Mamey ជនជាតិ​លីបេរីយ៉ា បាន​ចាប់ផ្តើម​សេវាកម្ម​ដឹកជញ្ជូន​តាម​ម៉ូតូ​ដែល​មាន​ឈ្មោះ​ថា LIB Delivery ក្នុង​ឆ្នាំ ២០១៨។ លោក មើល​ឃើញ​ថា មនុស្ស​កាន់តែ​ច្រើន​ចាប់ផ្តើម​ប្រើប្រាស់​សេវាកម្ម​របស់​លោក​ដើម្បី​ស្តុក​ទុក​ទំនិញ និង​អនុវត្ត​ការរក្សា​គម្លាត​ពី​គ្នា។ លោក​បាន​ថ្លែង​ក្នុងសម្តី​ដើម​ថា៖

«នឹង​មាន​មនុស្ស​ជាច្រើន ត្រូវ​ការ​សេវាកម្ម​ដឹកជញ្ជូន ពីព្រោះ​យើង​ត្រូវ​ជៀសវាង​មិន​ប្រាស្រ័យ​ទាក់ទងគ្នា​ដោយ​ផ្ទាល់ ដូច្នេះ​ការ​នៅ​ផ្ទះ និង​ការប្រើប្រាស់ LIB Delivery គឺ​ជា​ជម្រើស​តែ​មួយ​គត់​ដែល​ខ្ញុំ​អាច​គិត​ដល់»។

ទោះជា​យ៉ាងនេះ​ក៏ដោយ​នៅក្នុង​បណ្តា​ប្រទេស​អាហ្វ្រិក​ខាងលិច​ទាំងនេះ​មិន​មែន​មនុស្ស​គ្រប់គ្នា​អាច​ទទួល​បាន​សេវាកម្ម​ទាំងនេះ​ទេ។ ម្ចាស់​អាជីវកម្ម​អនឡាញ​ភាគច្រើន​បាន​និយាយ​ថា អតិថិជន​ភាគច្រើន​ជា​អ្នក​មាន​ជីវភាព​មធ្យម ឬ​ជា​ជន​បរទេស​ដែល​ធ្វើ​ការ ​និង​រស់នៅ​ក្នុង​ប្រទេស​ទាំង​នោះ ដែល​ប្រើប្រាស់​សេវាកម្ម​របស់​ពួកគេ។

លោក Dennis Ndonga ជា​សាស្រ្តាចារ្យ​មួយ​រូប​មក​ពី​ប្រទេស​កេនយ៉ា ដែល​បច្ចុប្បន្ន​កំពុង​ធ្វើការ​នៅក្នុង​ប្រទេស​អូស្ត្រាលី។ លោក​បាន​ធ្វើការ​ស្រាវជ្រាវ​ទៅ​លើ​ពាណិជ្ជកម្ម​តាម​អនឡាញ​នៅ​ទ្វីប​អាហ្វ្រិក។ លោក​បាន​ចង្អុល​បង្ហាញ​អំពី​បញ្ហា​ប្រឈម​នៃ​កង្វះ​ការតភ្ជាប់​អ៊ីនធឺណិត លទ្ធភាព​ក្នុងការ​ប្រើប្រាស់ និង​បញ្ហា​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត។

លោក Ndonga និយាយ​ថា ខណៈដែល​ពាណិជ្ជកម្ម​តាម​អនឡាញ​អាច​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ បញ្ហា​ប្រើប្រាស់​ឌីជីថល​មិន​បាន​គ្រប់​គ្នា​ចាំបាច់​ត្រូវ​ដោះស្រាយ។ លោក​និយាយ​ថា វិសមភាពរវាង​អ្នក​អាចប្រើ​ ឬ​មានអ៊ីនធឺណិត​ និង​អ្នក​មិន​មាន​ ឬ​មិន​ចេះ​ប្រើ​អ៊ីនធឺណិត មិន​ត្រឹម​តែ​ជា​បញ្ហា​សាកល​ប៉ុណ្ណោះ​ទេ សូម្បី​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ក៏​មាន​គម្លាត​ធំៗរវាង​អ្នក​មាន​អ៊ីនធឺណិត​ និង​អ្នកមិន​មាន​ ផងដែរ។ លោក​បាន​ថ្លែង​ក្នុងសម្តី​ដើម​ថា៖

«ខ្ញុំ​គិត​ថា ការ​រាតត្បាត​នៃ​មេរោគ​នេះ នឹង​បង្ហាញ​បន្ថែម​ទៀត​នូវ​បញ្ហា​វិសមភាព​ក្នុង​ការចូល​ប្រើ​អ៊ីនធឺណិត​ដែល​មាន​រវាង​ទីក្រុង​ធំៗ និង​ទីប្រជុំជន​នៅ​តំបន់​ក្នុង​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ខាង​លិច។ ពលរដ្ឋ​ដែល​ត្រូវបាន​តម្រូវឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​អាច​មាន​លទ្ធភាព​ប្រើប្រាស់​អ៊ីនធឺណិត និង​សេវាកម្ម​ពាណិជ្ជកម្ម​តាម​អនឡាញ​បើសិនជា​ពួកគេ​រស់​នៅក្នុង​ទីក្រុង​ធំៗ ខណៈដែល​ប្រជាពលរដ្ឋនៅ​តាម​ទី​ប្រជុំជនក្នុង​តំបន់​ជនបទ​ប្រហែល​ជា​មិន​មាន​លទ្ធភាព​ធ្វើ​ដូច​នោះ​ទេ»។

តាម​ការប៉ាន់​ប្រមាណ​មួយ​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០១៧ ដោយ​ធនាគារ​ពិភពលោក​បាន​រក​ឃើញ​ថា នៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង​វាលខ្សាច់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក មាន​ប្រជាពលរដ្ឋ​តែ​ប្រមាណ ២៥% ប៉ុណ្ណោះ ដែល​ប្រើប្រាស់​អ៊ីនធឺណិត។ ដូច្នេះ​ការបង្កើន​ការចូល​ប្រើ​អ៊ីនធឺណិត មាន​ន័យ​ថា នឹង​បង្កើត​ឱកាស​ការងារ​រាប់លាន​ឧទាហរណ៍​ដូចជា​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម​អនឡាញ​នោះ​ជាដើម៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់