ប្រធានាធិបតី Duterte នៃប្រទេសហ្វីលីពីន បានភ្ជាប់ខ្លួនលោកទៅនឹង Adolf Hitler មេដឹកនាំពួកហ្វាស៊ីសនៅថ្ងៃសុក្រនេះដោយនិយាយថា លោកនឹងមានការសប្បាយចិត្តដើម្បីសម្លាប់ពួកអ្នកប្រើប្រាស់ថ្នាំញៀននិងឧក្រិដ្ឋជន៣លាននាក់ដើម្បីបញ្ចប់បញ្ហានោះ។
ប្រធានាធិបតី Duterte ដែលបានស្នើសុំឲ្យព្រឹទ្ធសភាបន្តសង្គ្រាមប្រឆាំងថ្នាំញៀនរបស់លោក បាននិយាយកាលពីពេលមុនថា ការស៊ើបអង្កេតសិទ្ធិមនុស្សនឹងមិនបញ្ឈប់លោកមិនឲ្យបន្តការបង្ក្រាបលើមនុស្សញៀនថ្នាំញៀនទេ។
ប្រធានាធិបតី Duterte បាននិយាយនៅក្នុងទីក្រុង Davao បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមថា «Hitler បានសម្លាប់អំបូរជនជាតិជ្វីប៣លាននាក់។ឥឡូវនេះ មានអ្នកញៀនថ្នាំញៀន៣លាននាក់ថែមទៀតដែលខ្ញុំសប្បាយរីករាយដើម្បីសម្លាប់ពួកគេ»។
លោកប្រធានាធិបតីបាននិយាយថា ពួកអ្នករិះគន់បានចាត់ទុកលោកជាបងប្អូនជីដូនមួយរបស់មេដឹកនាំហ្វាស៊ីស។ លោក Duterte បាននិយាយបន្តទៀតថា ប្រសិនបើអាល្លឺម៉ង់ មាន Hitler ដូច្នេះហ្វីលីពីន នឹងមានខ្ញុំ។
លោកនិយាយបន្ថែមទៀតថា «អ្នកដឹងទេ ខ្ញុំចង់ឲ្យពួកគេក្លាយជាឧក្រិដ្ឋជនហើយនិងបញ្ចប់បញ្ហារបស់ប្រទេសខ្ញុំហើយនិងជួយសង្គ្រោះមនុស្សជាន់ក្រោយចេញពីការបំផ្លិចបំផ្លាញនេះ»។
ក្នុងសុន្ទរកថារបស់លោក ប្រធានាធិបតី Duterteបាននិយាយថា សហរដ្ឋអាមេរិក និងអឺរ៉ុប អាចហៅលោកអ្វីក៏បានដែរ ក៏ប៉ុន្តែ លោកមិនមានការលាក់ពុតដូចអ្នកឯងទេ ដែលនិយាយសំដៅដល់ប្រទេសនានាដែលបានបញ្ជូនជនជាតិស៊ីរីត្រឡប់ទៅវិញទេ។
លោកសួរថា «អ្នកបិទទ្វាររបស់អ្នក។ វាជារដូវរងា។ មានជនចំណាកស្រុកដែលបានគេចខ្លួនពីតំបន់មជ្ឈឹមបូពា។ អ្នកធ្វើឲ្យពួកគេទទួលរងគ្រោះ ហើយអ្នកព្រួយកង្វល់ពីការស្លាប់មនុស្ស១ពាន់នាក់ ឬ២ពាន់នាក់ ឬ៣ពាន់នាក់ឬ?»។
លោក Duterte បានចូលកាន់តំណែងនៅថ្ងៃទី៣០ ខែមិថុនាបន្ទាប់ពីបានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែឧសភាឆ្នាំទៅ។ លោកបានសន្យាបញ្ចប់អំពើពុករលួយ និងថ្នាំញៀននៅក្នុងប្រទេសដែលមានប្រជាពលរដ្ឋ១រយលាននាក់នេះ៕