ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានប្រកាសច្បាប់អាជ្ញាសឹករយៈពេល៦០ថ្ងៃ នៅក្នុងខេត្តមួយដែលស្ថិតនៅប៉ែកខាងត្បូងនៃប្រទេស ដើម្បីជាការឆ្លើយតបទៅនឹងការប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធ ដែលពាក់ព័ន្ធជាមួយនឹងក្រុមរដ្ឋឥស្លាម។ នេះបើយោងតាមសម្តីរបស់អ្នកនាំពាក្យរបស់លោក ដែលថ្លែងកាលពីថ្ងៃអង្គារ។
រយៈពេលនៃទស្សនកិច្ចរបស់លោកប្រធានាធិបតីទៅកាន់ប្រទេសរុស្ស៊ីក៏នឹងត្រូវបង្រួញឲ្យខ្លីជាងមុនដែរ។ នេះបើយោងតាមសម្តីរបស់អ្នកនាំពាក្យ លោក Ernesto Abella ដែលថ្លែងពីទីក្រុងមូស្គូមក។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងកងកម្លាំងហ្វីលីពីន និងក្រុមសកម្មប្រយុទ្ធ ក្នុងការស្វែងរកចាប់ខ្លួនជនឈ្មោះ Isnilon Hapilon ដែលជាប្រធានក្រុមរដ្ឋឥស្លាមក្នុងប្រទេសហ្វីលីពីន។
មន្ត្រីប៉ូលិសយ៉ាងហោចណាស់ម្នាក់ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នានៅទីក្រុង Marawi លើកោះ មិនដាណាវ ហើយមនុស្សប្រមាណ៨នាក់រងរបួស។ នេះបើយោងតាមសម្តីរបស់ក្រុមមន្ត្រី៕