​ការ​រត់ពន្ធ​និង​បទ​ល្មើស​គ្រឿងញៀន​​នៅ​តែ​មាន​អត្រា​ខ្ពស់​​​​ទោះ​ជា​មាន​ការ​បង្ក្រាប​ធ្ងន់ធ្ងរ​ក៏​ដោយ​

រូប​ឯកសារ៖ មន្ត្រី​ប៉ូលិស​និង​ពលរដ្ឋ​នៅ​ឯ​ពិធី​ដុត​បំផ្លាញ​​គ្រឿង​ញៀន​ដែល​ត្រូវ​​ចាប់​បាន​​ ​នៅរាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១២។ (Reuters)

ក្នុង​ឆ្នាំ​២០១៦​ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង​៤​.០០០​​ករណី ​ចាប់​ជន​សង្ស័យ​បាន​ជិត​១ម៉ឺន​នាក់ ​និង​រឹបអូស​គ្រឿងញៀន​បាន​ជាង​១៧៥​គីឡូ​ក្រាម។

បទ​ល្មើស​គ្រឿង​ញៀនក្នុង​ឆ្នាំ​ ​២០១៧​ ​កើន​ឡើង​ជាង​៩០%​ ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​ ២០១៦​ ​ខណៈ​អាជ្ញាធរ​ ​ចាប់​ខ្លួន​មនុស្ស​ជិត​១ម៉ឺន​៨​ពាន់​នាក់​ ​រួម​ទាំង​គ្រឿងញៀន​ជិត​៣០០​គីឡូ​ក្រាម។​ នេះ​បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។

​ក្នុង​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ឆ្នាំ​២០១៧​ ​និង​លើកទិសដៅ​ការងារឆ្នាំ​២០១៨​ ​របស់អាជ្ញាធរ​ជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ​ដែល​ចែក​ឱ្យ​អ្នក​សារព័ត៌មាននៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​បញ្ជាក់​ថា​ ​ក្នុង​មួយ​ឆ្នាំ​ពេញនៃ​ឆ្នាំ​២០១៧​ ​រដ្ឋាភិបាល​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង​៨ពាន់​ករណី​ ​(៨,១៧៣​ករណី)​ ​កើន​ឡើង​ជិត​៤​ពាន់​ករណី​ ​(៣,៩២៧ករណី)​ ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦។​ ក្នុង​នោះ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​ជិត​១ម៉ឺន​៨ពាន់​នាក់​ (១៧,៧៩៥​នាក់)​ ​កើន​ឡើង​ចំនួន​ជាង​៧​ពាន់​នាក់​ ​(៧,៣៤៩នាក់)។

របាយការណ៍​របស់​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ដែល​មាន​កម្រាស់​ជាង​៥០​ទំព័រដដែល​នោះ​ បន្ថែម​ថា​ ​គ្រឿង​ញៀន​ដែល​ចាប់​យក​សរុប​មានចំនួន​ជិត​៣០០​គីឡូ​ក្រាម​ ​(២៩៦.៥២១​គីឡូក្រាម) និង​មាន​អ្នកប្រើ​ប្រាស់​សរុប​ចំនួន​ជាង​១ម៉ឺន​៤ពាន់​នាក់​ ​(១៤,៣៥៣​នាក់)។

ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ប្រចាំ​ឆ្នាំ​កាល​ពី​ថ្ងៃ​ច័ន្ទ​នេះ​ ​លោក​ ​កែ គឹមយ៉ាន​ ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្លែង​ថា​ ​ការ​នាំ​ចូល​គ្រឿងញៀន​ពី​ប្រទេស​ផ្សេងៗ​តាម​ច្រក​ព្រំ​ដែន​ ​នៅ​តែ​មាន​អត្រា​ខ្ពស់​ជាង​តំបន់​ផ្សេងៗ។

លោក​ ​កែ គឹមយ៉ាន​ ​បញ្ជាក់​ថា៖​

«ការ​ចរាចរ​ [គ្រឿងញៀន]​ ​ចូល​ប្រទេស​យើង​មាន​ ​ជើង​គោក​ ​មាន​ជើង​អាកាស​ ​តាម​ប្រៃសណីយ៍​ ​តាម​ព្រ​លាន​យន្ត​ហោះ។​ ​ប៉ុន្តែ​ច្រើន​គឺ​តាម​ច្រក​ទិស​ឦសាន​នេះ​តែ​ម្តង​ ​គឺ​រាប់​សិប​គីឡូ។​ ​ឆ្នាំ​នេះ​ជាង​១០០​គីឡូ។​ ​ចំណុច​ដោះស្រាយ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទប់​ស្កាត់​ពី​ក្រៅ​មក​ឲ្យ​បាន។​ ​ហើយ​ក្រៅ​ពីហ្នឹង​មាន​ច្រក​ព្រំ​ដែន​ដទៃ​ទៀត​ ​មានជាមួយវៀតណាម​ ​ជា​មួយ​ថៃ»។

លោក​ ​កែ គឹមយ៉ាន​ ​បាន​បន្ថែម​ដោយ​ជំរុញ​ឲ្យមន្រ្តី​ពាក់ព័ន្ធ​បង្កើន​ការ​ទប់ស្កាត់​ ​និង​បង្រ្កាប​ការចរាចរ​គ្រឿង​ញៀន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព។​

ក្នុង​ឆ្នាំ​២០១៦​ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ជាង​៤​ពាន់​ករណី ​ចាប់​ជន​សង្ស័យ​បាន​ជិត​១ម៉ឺន​នាក់ ​និង​រឹបអូស​គ្រឿងញៀន​បាន​ជាង​១៧៥​គីឡូ​ក្រាម៕