លោក ​ហ៊ុន សែន​ ថា​កង្វះ​ការ​ផ្គត់​ផ្គង់​ភ្លើង​ បង្ក​ដោយ​ភាព​រីងស្ងួត​នៅ​ទំនប់​វារីអគ្គិសនី

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់ក្រោមការឧបត្ថម្ភពីប្រទេសជប៉ុន នៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។

កម្រិត​ទឹក​នៅ​តាម​ទំនប់​វារីអគ្គិសនី​ជាច្រើន​ បាន​ថយ​ចុះ​ដល់​កម្រិត​មួយ​ដែល​មិន​អាច​អនុញ្ញាត​ឲ្យ​ម៉ាស៊ីន​ផលិត​ថាមពល​ដំណើរ​ការ​បាន​នោះ​ទេ។​ ​​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ អះអាង​ថា​ ការណ៍​នេះគឺជា​មូលហេតុ​ចម្បង​មួយ​នៃ​ការ​ខ្វះ​ភ្លើង​ដើម្បី​ផ្គត់ផ្គង់​ក្នុង​ប្រទេស។

នៅ​ថ្ងៃ​ចន្ទ​នេះ​ នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​លោក​ ហ៊ុន សែន​ បាន​ថ្លែង​បញ្ជាក់​សាធារណជន​ទូទៅ​ថា​ ការ​ខ្វះខាត​អគ្គិសនី​ សម្រាប់​ផ្គត់ផ្គង់​ក្នុង​ផ្នែក​ខ្លះ​នៃ​ប្រទេស​ ​បណ្ដាល​មក​ពីភាព​រីង​ស្ងួត​នៅ​ក្នុង​ទំនប់​វារីអគ្គិសនី​ ហើយ​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើ​ទឹក​ដោយ​សន្សំសំចៃ​ ខណៈ​ដែល​ប្រទេស​កំពុង​ជួប​បញ្ហា​ខ្វះ​ភ្លើង​ប្រើ​នេះ។

ថ្លែង​នៅ​ឯ​ពិធី​ចែក​សញ្ញាប័ត្រ​មួយ​រៀបចំ​នៅ​រាជធានី​ភ្នំពេញ​ លោក ហ៊ុន សែន​ បាន​លើក​ឡើង​នៅ​ចំពោះ​មុខ​ក្រុម​និស្សិត​ថា​ ការ​រីង​ហួតហែង​ទឹក​នៅ​ទំនប់​វារីអគ្គិសនី​ បានរាំង​ខ្ទប់​មិន​ឲ្យ​ម៉ាស៊ីន​ផលិត​ថាមពល​ដំណើរ​ការ​បាន​ ដែល​លោក​ថា​ ការណ៍​នេះ​ជា​បញ្ហា​ចម្បង​មួយ​ដែល​ត្រូវ​ដោះស្រាយ​ ខណៈ​ដែល​អាកាសធាតុ​មាន​ការ​ប្រែប្រួល។

«រឿង​ធំជាង​នេះ​ គឺ​រឿង​បញ្ហា​ វារីអគ្គិសនី​ទាំងអស់​របស់​យើង​ ដោយ​សារ​ទឹក​វា​ហួតហែង​ ធ្វើ​ឲ្យ​វារីអគ្គិសនី​របស់​យើង​ទាញ​តួប៊ីន​ (turbine) អត់​រួច​ ដែល​ត្រូវ​បិទ​មួយ​ចំនួន​ ធ្វើ​ឲ្យ​យើង​កំពុង​ខ្វះ​អគ្គិសនី​ រហូត​ទៅដល់​៤០០​ម៉េហ្គាវ៉ាត់​ ដូច្នេះ​ហើយ​បាន​ជា​ការ​ផ្គត់ផ្គង់​អគ្គិសនី​របស់​យើង​ មាន​ការ​រអាក់រអួល​ កន្លែង​ខ្លះ​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​កាត់​ផ្ដាច់​ ផ្អាក»។

មេដឹកនាំ​កម្ពុជា​យូរ​ឆ្នាំ​រូប​នេះ​ អះអាង​ថា​ ក្នុង​ពេល​ប្រឈម​នឹង​ការ​ខ្វះខាត​ភ្លើង​សម្រាប់​បំពេញ​តម្រូវការ​អ្នកប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​នេះ​ រដ្ឋាភិបាល​បាន​ព្យាយាម​សុំ​ការ​ចែក​ចាយ​ភ្លើង​ពី​ភាគី​ថៃ​ ​ឡាវ និង​វៀតណាម ដែល​ជា​ប្រទេស​ក្បែរ​ខាង​កម្ពុជា​នោះ​ តែ​លោក ហ៊ុន សែន អះអាង​ថា​ប្រទេស​ពីរ​ក្នុង​ចំណោម​ប្រទេស​ទាំង​បី​នេះ ក៏​ជួប​នឹង​បញ្ហា​ដូច​នឹង​កម្ពុជា​ដែរ។​

«យើង​ស្នើ​សុំ​ទៅ​វៀតណាម​ ដើម្បី​ឲ្យ​ជួយ​ផ្គត់​ផ្គង់​បន្ថែម​ ​លើស​ពី​អ្វី​ដែល​ធ្លាប់​បាន​បញ្ជូន​មក​ កំពុង​បញ្ជូន​មក ២០០​ម៉េហ្គាវ៉ាត់​ ប៉ុន្តែ​វៀតណាម​ក៏​ជួប​ប្រទះ​នូវ​បញ្ហា​ដូច​យើង​ដែរ​ នែ៎!​ ជួប​បញ្ហា​ដូច​យើង​ដែរ»។

លោក​បាន​ថ្លែង​បន្ត​ថា៖

«យើង​ស្នើសុំ​ទៅ​ថៃ​ ថៃ​ក៏​មានបញ្ហា​ យើង​ស្នើ​សុំ​ទៅ​ឡាវ​ ប៉ុន្តែ​បណ្ដាញ​បញ្ជូន​ ឡាវ​មាន​អគ្គិសនី​ ក៏ប៉ុន្តែ​បណ្ដាញ​បញ្ជូន​ ត្រូវការ​ពេល​វេលា​សាង​សង់»។

ដោយ​សារ​កង្វះ​នៃ​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ក្នុង​ស្រុក​នេះ​ រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ និង​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម​នៅ​តាម​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​ រួម​មាន​ខេត្ត​កំពត​ ​កោះកុង​ ​ស្ទឹងត្រែង​ ហើយ​និង​ខេត្ត​ព្រះសីហនុ។

ទោះ​បី​មាន​ការ​សាង​សង់​ទីកន្លែង​ផលិត​ថាមពល​អគ្គិសនី​នេះ​ក៏ដោយ​ ក៏​កម្ពុជា​អាច​មានសមត្ថភាព​ផ្គត់​ផ្គង់​ភ្លើង​ដោយ​ខ្លួន​ឯង​ តែ​ជាង​៥០​ភាគរយ​ប៉ុណ្ណោះ​ ដូច្នេះ​ប្រទេស​នេះ​ ត្រូវ​ការ​ការ​នាំចូល​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង ក្នុង​នោះ​មាន​ប្រទេស​ថៃ វៀតណាម និង​ឡាវ។

​មាន​ការ​រិះគន់​ជាច្រើន​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook) ​អំពី​ការ​កាត់​ផ្ដាច់​ការ​ផ្គត់​ផ្គង់​ទឹក​ និង​ភ្លើង​នៅ​តំបន់​មួយ​ចំនួន​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​ផ្នែក​ខ្លះ​នៃ​ខេត្ត​នានា​នៅ​ក្នុង​ប្រទេស។

​នៅ​គ្រា​មានការ​ខ្វះ​ភ្លើង​ដើម្បី​ចែក​ចាយ​ក្នុង​ប្រទេស​នេះ​ លោក​ហ៊ុន​ សែន​ ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប្រើ​ប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ​ផង​ដែរ។​ លោក​ក៏បាន​ស្នើ​ឲ្យ​អាជីវករ​ និង​ពលរដ្ឋ​ទិញ​ម៉ាស៊ីន​ភ្លើង​ ដើម្បី​បម្រើ​ដល់​សេចក្ដី​ត្រូវការ​ថាមពល។​

កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០១៩ ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ ហ៊ុន សែន​ បាន​ផ្ដល់​ការ​អធិប្បាយ​ក្នុង​ន័យ​ដើម​ថា៖

«នៅ​ពេល​នេះ​ រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​នឹង​កំពុង​ខិតខំ​ដោះ​ស្រាយ​បញ្ហា​ដោយ​បន្ថែម​ម៉ាស៊ីន​ភ្លើង​ជាច្រើន​គ្រឿង​ដើម្បី​ចែកចាយ​ភ្លើង។ ​ទោះ​បី​អគ្គិសនី​ពេល​នេះ​មាន​តម្លៃ​ថ្លៃ​បន្តិច​ក៏​ដោយ តែ​ប្រសើរ​ជាង​យើង​ខ្វះ​អគ្គិសនី​ប្រើប្រាស់។​ វិធាន​ការ​ជា​បន្ទាន់​នៅ​ពេល​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​សង្វាក់​ផលិតកម្ម​ទាំងអស់​ ពិសេស​ផលិតកម្ម​ម៉ាស៊ីន​កិន​ស្រូវ​អាច​បន្ត​ដំណើរ​ការ​កែច្នៃ​ផលិត​ផល​ស្រូវ​អង្ករ​ទៅ​បាន​ ជៀស​វាង​ទទួល​រង​នូវ​ផល​ប៉ះពាល់​នានា»។

​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន​ បាន​លើកឡើង​បន្ថែម​ថា៖​

«សូម​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ និង​អាជីវករ​ទាំងអស់​ មេត្តា​យោគយល់​ អធ្យាស្រ័យ​ក្នុង​ករណី​ដែល​នៅ​ទី​កន្លែង​ខ្លះ​មាន​ដាច់​ភ្លើង​ និង​ការ​ខ្វះ​ភ្លើង​ប្រើ។ សូម​បងប្អូន​ជួយ​បញ្ចេញ​ម៉ាស៊ីន​ភ្លើង​ និង​ទិញ​ម៉ាស៊ីន​ភ្លើង​ដាក់​ប្រើប្រាស់​បន្ត​សិន ដើម្បី​ឲ្យការងារ​ដំណើរការ​ទៅមុខ​ទាន់​ពេលវេលា»។

ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ក៏បាន​ឲ្យដឹង​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា​ ក៏​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​សាធារណរដ្ឋ​តួកគី​ ដើម្បី​បញ្ជូន​នាវា​ដែល​ផ្ទុក​ម៉ាស៊ីន​ភ្លើង​ដ៏​ធំ​សម្រាប់ផ្គត់​ផ្គង់​អគ្គិសនី​ប្រើ​ប្រាស់​ក្នុង​រយៈពេល​ពេល​ប៉ុន្មាន​ខែ​នេះ។

លោក​ វិចទ័រ ហ្សូនា​ អ្នកនាំពាក្យ​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ការ​ផលិត​ថាមពល​អគ្គិសនី​បាន​ថយ​ចុះ​ពាក់​កណ្ដាល​ពី​កម្រិត​ជាង​១០០០​ម៉េហ្គាវ៉ាត់​ ពោល​គឺ​៥០​ភាគរយ​នៃ​ចំនួន​អគ្គិសនី​ដែល​បាន​មក​ពី​ទំនប់​វារីអគ្គិសនី​ ខណៈ​ដែល​រោងចក្រ​ថាមពល​ដើរ​ដោយ​ធ្យូងថ្ម​ ជីវម៉ាស​ និង​ពន្លឺ​ព្រះអាទិត្យ​នៅមាន​លទ្ធភាព​ផលិត​ថាមពល​អគ្គិសនី​បាន​១០០​ភាគរយ។

«សុំ​បញ្ជាក់​ថា​ វារីអគ្គិសនី​យើង​ទាំង​អស់​ ដែល​មាន​អានុភាព​ជាង​១ពាន់​ ម៉េហ្គាវ៉ាត់​មក​ដល់​ថ្ងៃ​នេះ​ យើង​អាច​ដំណើរ​ការ​បាន​នៅ​ក្នុង​ទំហំ​ប៉ុន្មាន​តែ​៤០០​ម៉េហ្គាវ៉ាត់​ប៉ុណ្ណោះ​ ដោយ​រដូវ​ប្រាំង​ សមត្ថភាព​នៃ​ការ​ផលិត​របស់​វាបាន​ធ្លាក់​ចុះ​ ដោយឡែក​ធ្យូង​ថ្ម យើង​មាន​៥០០​ម៉េហ្គាវ៉ាត់​ គឺ​យើង​ដើរ​ពេញ​៥០០​ម៉េហ្គាវ៉ាត់ ទាំង​ Bio Mass [ជីវម៉ាស] ​ទាំងឡាយ»។

មន្ត្រី​ទទួលបន្ទុក​ខាង​ថាមពល​រូប​នេះ​ អះអាង​ថា​ ការ​ពន្យារ​ពេល​នៃ​ភាព​ហួតហែង​ និង​ការ​ខ្វះ​ភ្លៀង​កក់ខែ​ ជា​ដើមចម​នាំ​ឲ្យ​មាន​ការ​ខ្វះ​ទឹក​នៅ​តាម​ទំនប់​វារីអគ្គិសនី​ ដែល​មួយ​ចំនួន​នៅ​ដំណើរការ​តែ​ផលិត​បាន​ថាមពល​តិចតួច​ ដូច​ជា​ទំនប់​វារីអគ្គិសនី​សេសាន។

យ៉ាងណា​លោក​ថា​ បញ្ហា​ខ្វះ​ភ្លើង​ប្រើ​ប្រាស់​នេះ​ គឺ​កើត​មាន​នៅ​ប្រទេស​មួយ​ចំនួន​ផង​ដែរ​ដូច​ជា​វៀតណាម ដូច្នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​ទទួលស្គាល់​ពី​ស្ថានភាព​នេះ។

ដោយឡែក​នៅ​ថ្ងៃ​ចន្ទ​ដដែល​នេះ​ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ឬ​ហៅថា​ EDC បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​ពន្យល់​ពី​មូល​ហេតុ​នៃ​ការ​កើន​ឡើង​តម្រូវការ​ថាមពល ក្នុង​ពេល​ដែល​មានការ​ខ្វះខាត​ទឹក​ក្នុង​រដូវ​ប្រាំង​នេះ។

សេចក្ដី​ប្រកាស​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«កំណើន​ខ្ពស់​នៃ​ការ​វិនិយោគទុន​ពី​ក្នុង​ និង​ក្រៅ​ប្រទេស​ដោយសារ​ស្ថិរភាព​នយោបាយ​ប្រក្រតី​ ធ្វើ​ឲ្យ​តម្រូវ​ការ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​នៅ​ឆ្នាំ​២០១៩​ បាន​កើន​ឡើង​យ៉ាង​គំហុក​លើស​ពី​ការ​រំពឹង​ទុក។​ ការ​ខ្វះ​ទឹក​នេះ​ ធ្វើ​ឲ្យ​សមត្ថភាព​ផ្គត់ផ្គង់​ចេញ​ពី​ប្រភព​វារីអគ្គិសនី​ថយ​ចុះមិន​អាច​ធានា​ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​ពេញលេញ​ទូទាំង​ប្រទេស​ដល់​ចុង​រដូវ​ប្រាំង​ដូចសព្វ​មួយ​ដង»។

EDC​ ​បាន​បញ្ជាក់​ថា​ ខ្លួន​បាន​ទាក់​ទង​ប្រទេស​ជិត​ខាង​ឲ្យ​ជួយ​បង្កើន​ការ​ផ្គត់​ផ្គង់​អគ្គិសនី​បន្ថែម​ដល់​កម្ពុជា​ ដែល​ជា​លទ្ធផល​ ថៃ​បាន​ជួយ​បង្កើន​ការ​ផ្ដល់​ភ្លើង​បន្ថែម​៨០​ម៉េហ្គាវ៉ាត់​ ឡាវបន្ថែម​១០​ម៉េហ្គាវ៉ាត់​ ហើយ​វៀតណាម​បាន​ជួយ​រក្សា​ការ​ផ្គត់​ផ្គង់​អគ្គិសនី​ឲ្យ​នៅ​ដដែល​ ទោះបី​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​កំពុង​ជួប​កង្វះ​ភ្លើង​ដូច​កម្ពុជា។

យ៉ាង​ណា​ក៏​ដោយ​ EDC​ ថា​ កម្ពុជា​នៅ​ខ្វះ​ថាមពល​ប្រមាណ​១៣​ភាគរយ​ ដែល​តម្រូវ​ឲ្យ​មានការ​កាត់​បន្ថយ​ការ​ផ្គត់​ផ្គង់​ខ្លះ​ទម្រាំ​ដល់​រដូវវស្សា។​

​សេចក្ដី​ប្រកាស​របស់​ EDC​ ដដែល​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«​ការ​កាត់​បន្ថយ​ការ​ផ្គត់​ផ្គង់​នេះធ្វើ​នៅ​ពេល​ថ្ងៃ​តាម​កន្លែង​ឆ្លាស់​គ្នា​ ដើម្បី​រក្សា​ការ​ផ្គត់​ផ្គង់​នៅ​ពេល​យប់​ ដែល​ជា​ពេល​ប្រជាពលរដ្ឋ​ត្រូវការ​ប្រើប្រាស់​ចាំបាច់​ ជាមួយ​គ្នា​នោះ​ ក៏បាន​គិត​គូរ​ឲ្យ​អស់​លទ្ធភាព​ផ្ដុំ​គ្នា​ជាមួយ​ការ​ជួយ​ដំណើរ​ការ​ម៉ាស៊ីន​ភ្លើង​ផ្ទាល់​ខ្លួន​ ក្នុង​ការ​ផ្គត់​ផ្គង់​ពេល​ថ្ងៃ​សម្រាប់​ដំណើរ​ការ​ផ្នែក​ឧស្សាហកម្ម​ ការ​កិនស្រូវ​អង្ករ​សម្រាប់​នាំ​ចេញ​ មន្ទីរពេទ្យ​ រដ្ឋាករ​ទឹក​ ស្ថានទូត​ និង​ស្ថាប័ន​រាជរដ្ឋាភិបាល។ ក្នុងរយៈពេល​ដែល​មាន​ការ​លំបាក​៧២​ថ្ងៃ រហូត​ដល់​ចុង​ខែ​ឧសភា ដោយ​ឡែក​ថ្ងៃ​បុណ្យជាតិ​ រួម​នឹង​ថ្ងៃ​អាទិត្យ​ដែល​ជា​ថ្ងៃសម្រាក​២៣​ថ្ងៃ​ អគ្គិសនី​កម្ពុជា​នឹង​រក្សា​ការ​ផ្គត់​ផ្គង់​ឲ្យ​មាន​ជា​ធម្មតា»។

​ការ​បញ្ជាក់​បន្ថែម​របស់​លោក ​វិចទ័រ ហ្សូនា​ ដែល​ជា​អគ្គនាយក​នៃ​អគ្គ​នាយកដ្ឋាន​ថាមពល​នៃ​ក្រសួង​រ៉ែ​ និង​ថាមពល បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ត្រូវការ​ថាមពល​អគ្គិសនី​សរុប​ប្រមាណ​ជាង​១៨០០​ ម៉េហ្គាវ៉ាត់​ ហេតុដូច្នេះ​ ការ​កាត់​ផ្ដាច់​ពី​តំបន់​មួយ​ចំនួន​បាន​កើត​ឡើង នៅ​ពេល​មានការ​ខ្វះ​ថាមពល​អគ្គិសនី​សម្រាប់​ការ​ផ្គត់​ផ្គង់។​

លោក​ស្នើ​ឲ្យ​ម្ចាស់​សហគ្រាស អាជីវករ​ និង​ពលរដ្ឋ​សាមញ្ញ​ទូទៅ​ យោគយល់​ និង​ត្រៀម​ខ្លួន​ទប់​ទល់​នឹង​ស្ថានការណ៍​លំបាក​នា​ពេល​នេះ៕