គណបក្ស​ឈ្នះឆ្នោត​ទាំងពីរ​បញ្ចប់​ការតាក់​តែង​សេចក្តី​ស្នើ​ច្បាប់​បង្កើត​គ.ជ.ប.

  • ​គង់ ​សុឋានរិទ្ធ

ការតវ៉ា​​មួយ ឲ្យ​ធ្វើ​កំណែ​ទម្រង់​គណៈ​កម្មាធិការ​ជាតិ​​​រៀបចំ​​ការ​បោះឆ្នោត​។

គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​បញ្ចប់​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កាល​ពីរសៀល​ថ្ងៃ​ច័ន្ទ​ ក្រោយ​ពី​ស្ថាប័ន​ជាតិ​នេះ​ បាន​ស្ថិតជា​ស្នូល​នៃភាព​ចម្រូងចម្រាស​នៃ​គណបក្សជាប់​ឆ្នោត​ទាំង​ពីរ។​

ក្រោយ​ពី​ការ​បោះ​ឆ្នោតជ្រើស​តាំង​តំណាង​រាស្ដ្រ​ថ្ងៃ​ទី​២៨ ​ខែ​កក្កដា​ឆ្នាំ​២០១៣ ​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​សង្គម​ស៊ីវិល​បាន​រិះគន់​ថា គ.ជ.ប.​ឬ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតមិន​អព្យា​ក្រិត្យ ​និង​បាន​លម្អៀងទៅ​រកប្រយោជន៍​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ដែលកំពុង​កាន់​អំណាច។​

លោក​គួយ​ ប៊ុនរឿន ​តំណាង​រាស្ដ្រ​ និង​ជា​ប្រធាន​ក្រុមចរចា​ផ្នែក​កិច្ច​ការ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​សេចក្តី​ស្នើ​ច្បាប់​ថ្មី​សម្រាប់​រៀប​ចំ​ស្ថាប័ននេះ​បាន​ចែង​អំពី​សមាស​ភាព​និ​ង​រចនា​សម្ព័ន្ធ​នៃ​គ.ជ.ប. ​សមត្ថកិច្ច​ និងការ​ចែង​អំពី​លេខាធិការ​ដ្ឋានគ្រប់​ខេត្ត​ ក្រុង​និង​អគ្គ​លេខាធិការ​ដ្ឋាន​នៅ​ស្ថាប័ន​កណ្តាល។​

លោក​កួយ ប៊ុនរឿន​បន្ថែម​ថា​ សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​ធានា​ឲ្យ​មាន​ជំនឿ​ឡើង​វិញ​លើ​ស្ថាប័ន​បោះ​ឆ្នោត​ជាតិ​នេះ។​

«ដោយសារ​ការ​បាត់​បង់​ជំនឿ​លើ​សមាស​ភាព​នៃ​អ្នក​រៀប​ចំ​ការ​បោះ​ឆ្នោត ​ដូច្នេះ​ទើប​បាន​ជា​យើង​មាន​ការ​កែ​សម្រួល​អំពី​សមាស​ភាព​ និង​របៀបនៃ​ការ​ជ្រើស​រើស​នៃ​ការ​រៀប​ចំ​ការ​បោះឆ្នោត»។​

សេចក្តី​ស្នើច្បាប់​ស្តីពី​ការ​រៀបចំ ​និង​ការប្រព្រឹត្ត​ទៅ​នៃ​គ.ជ.ប.​នេះ​មាន​៦៦​មាត្រា​ និង​៧​ជំពូក។​

លោក​គួយ​ ប៊ុនរឿន​បន្ថែម​ថា ​សេចក្តី​ស្នើ​ច្បាប់​នេះនឹង​ចែង​ពី​សមត្ថ​កិច្ច​គ.ជ.ប.​ថ្មី ​រួម​ទាំង​ការ​ធានា​សម្រាប់​ការ​បោះឆ្នោត​ឯករាជ្យ ​និង​សិទ្ធិ​ស្វ័យ​សម្រេច​របស់​គ.ជ.ប.។​

លោក​ឈាង​ វុន ​តំណាង​រាស្ដ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា រំពឹង​ថា​ ​សេចក្តី​ស្នើ​ច្បាប់​នេះ​នឹង​ជួយដោះ​ស្រាយ​ជម្លោះ​នយោបាយ​ក្រោយ​ពី​ការ​បោះ​ឆ្នោត​បាន។​

«ច្បាប់​ស្តី​ពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​គ.ជ.ប.​នេះ​គឺ​អាច​ដោះ​ស្រាយ​បាន​យ៉ាង​ធំ​ដែល​មាន​កន្លង​មក​ ហើយ​អាច​នឹង​គ្មាន​ការ​តវ៉ា​ផង។​ ជាមួយ​គ្នា​នោះ​ ​ច្បាប់​នេះ​តែ​មួយ​មិន​គ្រប់​គ្រាន់​ទេ ​ទាល់​តែ​ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​ល្អ​ដែរ។ ​យើង​កំពុង​កែ​លំអ​ច្បាប់​នេះ»។

គណបក្ស​ប្រជាជន​កម្ពុជាទទួល​បាន​៦៨​អាសនៈពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​កាល​ពី​ឆ្នាំ​មុន។​ រីឯ​គណបក្ស​សង្គ្រោះ​ជាតិទទួល​បាន​៥៥​អាសនៈ។​ ​ប៉ុន្តែ​គណបក្ស​ជំទាស់ និង​ក្រុម​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​បង្ហាញ​ភស្តុតាង​នៃ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ដែល​ផ្តល់​ផល​ចំណេញ​ដល់​គណ​បក្ស​កាន់​អំណាច ដែលពួក​គេ​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។​

លោក​គល់​ បញ្ញា ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​ខុមហ្រ្វែល ​អប​អរ​សាទរ​ការ​សម្រេច​បាន​របស់​គណបក្ស​ទាំង​ពីរ​ ដោយ​ជំរុញ​ឲ្យធ្វើ​ការ​រៀបចំ​គ.ជ.ប.​ថ្មី​ឲ្យ​បាន​ឆាប់។​

ប៉ុន្តែ​លោក​បាន​ស្នើ​ឲ្យ​មានការធានា​មួយ​ចំនួន។​

«គ.ជ.ប.​មាន​លក្ខណៈ​ឯករាជ្យ ​សិទ្ធិ​អំណាច​ពេញ​លេញ​ ហើយ​គ.ជ.ប.​ត្រូវ​តែ​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​បទ​បញ្ជា​ នីតិវិធី​ ​របៀបធ្វើ​ការ​ទាក់​ទិន​នឹង​ការ​បោះឆ្នោត​ ពី​ព្រោះ​ថា​ គ.ជ.ប.​បច្ចុ​ប្បន្ន​ជា​គ.ជ.ប.​ដែល​ជា​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ។​ យើង​ត្រូវ​តែ​ផ្តល់​អំណាច​ពេញ​លេញ»។​

នៅ​ក្នុង​ពេល​នេះ ​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ផ្តោត​លើ​កិច្ច​ពិភាក្សាសម្រាប់​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​ឡើង​វិញ​ ហើយ​គណបក្ស​ទាំង​ពីរ​បាន​កំណត់​ទុក​ថា ​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​របស់​គ.ជ.ប. ​និង​សេចក្តី​ព្រាងច្បាប់ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ដ្រ​នឹង​ត្រូវ​ដាក់​ឲ្យ​សភា​ពេញ​អង្គ​ពិភាក្សា ​និង​អនុម័ត​នៅ​ក្នុង​អំឡុង​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ៕