អាជ្ញាធរក្នុងប្រទេសស៊ូដង់បានឲ្យដឹងថា មនុស្ស ៤១នាក់ត្រូវបានចាប់ខ្លួនពីបទកាន់កាប់អាវុធជាតិផ្ទុះទ្រង់ទ្រាយធំ។
រដ្ឋអាជ្ញាជាតិរបស់ស៊ូដង់ លោក Tagelsir al-Hebr បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ជនសង្ស័យទាំងអស់កាន់កាប់គ្រឿងផ្ទុះ ក្នុងបរិមាណគ្រប់គ្រាន់អាចកម្ទេចរដ្ឋធានី Khartoum បាន។
អ្នកនាំពាក្យកងទ័ពប្រតិកម្មរហ័ស បានឲ្យដឹងថាការស៊ើបអង្កេតខែសីហាអំពីសកម្មភាពភេរវកម្មនៃក្រុមភេវរករឈានដល់ការចាប់ខ្លួនជនសង្ស័យទាំងនេះ។
អ្នកនាំពាក្យលោក Jamal Jumaa បន្ថែមថាមានការព្រួយបារម្ភថា មានពលរដ្ឋស៊ូដង់មួយចំនួនអាចនឹងមានគម្រោងបំផ្ទុះគ្រាប់បែកបន្ទាប់ពីជនសង្ស័យត្រូវបានរកឃើញថាបានស្តុកទុកអាវុធគ្រឿងផ្ទុះដែលអាចបង្កឲ្យមានការបំផ្លាញ ដូចគ្នានឹងការផ្ទុះដ៏ប្រល័យនៅក្នុងរដ្ឋធានីBeirut ប្រទេសលីបង់ កាលពីខែមុន ដែលបានសម្លាប់មនុស្សយ៉ាងតិច១៩០នាក់។
លោក Jamaa ក៏បានព្រមានថា ការរត់ពន្ធគ្រឿងផ្ទុះទៅបរទេស អាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការសន្តិភាពរបស់ប្រទេសស៊ូដង់ ដែលរដ្ឋាភិបាលអន្តរកាលកំពុងកាន់អំណាចចាប់ពីការទម្លាក់មេដឹកនាំដែលកាន់អំណាចយូរឆ្នាំ លោក Omar al-Bashir ចេញពីតំណែងកាលពីខែមេសា ឆ្នាំមុន៕