បណ្តា​ប្រទេស​ទន្លេ​មេគង្គ​ក្រោម​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ​បន្ត​ការ​សិក្សា​លើ​ទំនប់​លួងប្រាបាង

ទង់ពណ៌លឿងត្រូវបានកំណត់នៅលើដងទន្លេមេគង្គក្នុងប្រទេសឡាវ សម្រាប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីលួងប្រាបាង ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ (Zsombor Peter/VOA)

ស្ថាប័ន​ធ្វើការ​ពាក់ព័ន្ធ​និង​បណ្តាប្រទេស​ទន្លេ​មេគង្គក្រោម​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ឡាវ​ធ្វើការ​សិក្សា​និង​វាយតម្លៃ​បន្ថែម​លើ​ផលប៉ះពាល់​បរិស្ថាន​និង​សង្គម ដែល​អាច​នឹង​កើត​មាន​ដោយ​សារ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​លួងប្រាបាង​ក្នុង​ប្រទេស​ឡាវ។

យោងតាម​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មាធិការ​ទន្លេមេគង្គ​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃសុក្រ​នេះ​ ស្ថាប័ន​ធ្វើការ​ពាក់ព័ន្ធ​ដែល​មាន​អ្នកតំណាង​សង្គម​ស៊ីវិល គ្រឹះស្ថាន​សិក្សា វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍ​និង​រដ្ឋាភិបាល​ពី​ប្រទេស​កម្ពុជា ថៃ​ វៀតណាម​ ជិត​២០០នាក់ បារម្ភ​ផល​ប៉ះពាល់​ដោយ​ទំនប់វារីអគ្គិសនី​លួង​ប្រាបាង នៅ​ក្នុង​វេទិកា​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​តំបន់​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ទន្លេ​មេគង្គ​កាលពី​ថ្ងៃ​០៥ និង​០៦ ខែ​កុម្ភៈ​កន្លង​ទៅ។

បណ្តា​ប្រទេស​តាម​ទន្លេមេគង្គក្រោម​ ដូចជា​កម្ពុជា ថៃ និង​វៀតណាម​ បាន​ស្នើ​ឲ្យភាគី​ឡាវ​ធ្វើ​ការ​សិក្សា​ស៊ីជម្រៅ ​ស្វែងរក​វិធានការ​កាត់បន្ថយ​ហានិភ័យ រួមទាំង​ប្រើប្រាស់​ថាមពល​ជំនួស​ដូចជា​ ថាមពល​ពន្លឺព្រះអាទិត្យ​និង​ថាមពល​ខ្យល់​ជាដើម ដោយសារ​ពួក​គេ​បារម្ភ​ថា​ ទំនប់​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់ឆ្លងដែន​ដល់​មច្ឆជាតិ ការ​សឹក​ច្រាំង​ទន្លេ ការ​លិចទឹក​តំបន់​ដីសណ្ត​ និង​កង្វះ​ទឹក​ប្រើប្រាស់។

យោង​តាម​សេចក្តីថ្លែង​ដដែល​ លោក ​សុខ ​ប៊ុនហេង ​អ្នក​តំណាងគណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា​បាន​ថ្លែងថា៖​ «ការ​សិក្សា​បន្ថែម​លើ​ផលប៉ះពាល់​តគ្នា​និង​ផល​ប៉ះពាល់​ឆ្លង​ដែន​លើ​សេដ្ឋកិច្ច សង្គម​ និង​បរិស្ថាន​ ដូចជា​មច្ឆជាតិ​ជាដើម គួរតែ​ធ្វើ​បន្តទៀត ដើម្បី​ធានា​ថា​ ផល​ប៉ះពាល់​បែប​អវិជ្ជមាន​ពី​ទំនប់​នេះ​ត្រូវ​បាន​កាត់បន្ថយ»។

អ្នក​តំណាង​គណៈកម្មាធិការទន្លេ​មេគង្គ​មក​ពីប្រទេស​ថៃ ស្នើ​ឲ្យ​ភាគី​ឡាវ​មាន​វិធាន​ការ​កាត់​បន្ថយ​ហានិភ័យ​សម្រាប់​ប្រជាជន​ដែល​រងគ្រោះ​និង​គ្រោងការណ៍​ធានា​រ៉ាប់រង​ជាមួយ​នឹង​មូលនិធិ​សំណង​សម្រាប់​ការ​ខូចខាត​ផ្សេងៗ។ ចំណែក​ភាគី​វៀតណាម​បង្ហាញ​ការ​បារម្ភ​ពី ការ​សឹក​ច្រាំង​ទន្លេ ការ​លិចទឹក​តំបន់​ដីសណ្ត និង​កង្វះទឹក​ប្រើប្រាស់។

​កាលពី​ថ្ងៃព្រហស្បតិ៍​ វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បង្ហាញ​ក្តីបារម្ភ​ចំពោះ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​លួងប្រាបាង ​របស់​ប្រទេស​ឡាវ​នេះ​ផង​ដែរ ដោយ​អះអាង​ថា​ វា​នឹង​ប៉ះពាល់​ដល់​លំហូរ​ជលសាស្ត្រ​នៃ​ផ្នែក​ខាងក្រោម​នៃ​ទន្លេ។

ប៉ុន្តែ​ VOAមិន​អាច​ទាក់ទង​លោក តឹក វណ្ណារ៉ា​ នាយកប្រតិបត្តិ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ទេ។ VOA ក៏​មិន​អាច​ទាក់ទង​លោក គល់​ វឌ្ឍនា​ អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ដែល​ចូលរួម​កិច្ច​ប្រជុំ​ពិភាក្សា​រយៈពេល​២​ថ្ងៃនៅ​ប្រទេសឡាវ អំពី​ទំនប់​វារី​អគ្គិសនី​លួង​ប្រាបាង​នេះ​បាន​ដែរ​ រហូត​មកដល់​ល្ងាច​ថ្ងៃសុក្រ​នេះ។

លោក Saynakhone Inthavong អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​ធនធាន​ធម្មជាតិ​និង​បរិស្ថាន​របស់​ឡាវ ថ្លែង​ថា ​រដ្ឋាភិបាល​ឡាវ​កោត​សរសើរ​ចំពោះ​មតិ​ទាំងឡាយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​និង​បន្ត​ដោះស្រាយ​ក្តីបារម្ភ​សម​ស្រប​នានា។

ទំនប់​វារីអគ្គិសនី​លួងប្រាបាង ដែលស្ថិត​នៅភាគខាងជើង​ប្រទេស​ឡាវ ខាងលើ​ទំនប់​វារីអគ្គិសនី​សាយ៉ាប៊ូរី និង​ខាងក្រោម​ទំនប់​ប៉ាក់បេង គឺ​គម្រោង​អភិវឌ្ឍន៍​រវាង​រដ្ឋាភិបាល​ឡាវ​និង​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​វៀតណាម​ សាជីវកម្ម​ផេត្រូ​វៀតណាម។

គម្រោង​ទំនប់​វារីអគ្គិសនី​លួងប្រាបាង ​របស់​ប្រទេស​ឡាវ នឹង​ចាប់​ផ្តើម​សាងសង់​ចុង​ឆ្នាំ​២០២០​នេះ​ ហើយ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០២៧។ ទំនប់​វារីអគ្គិសនី​នេះ​អាចផលិត​ថាមពល​អគ្គិសនី​ ទំហំ​១៤៦០​មេហ្គាវ៉ាត់ សម្រាប់​លក់​ឲ្យ​ប្រទេស​ថៃ​និង​វៀតណាម៕