ម្ចាស់​ជំនួយ​ស្នើ​ឱ្យ​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ឱ្យ​បាន​ត្រឹម​ត្រូវ

ស្រ្តី​​​ទាំង​នេះឈរ​តម្រៀប​ជួរ​ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត។

ស្រប​ពេល​ដែល​ការបោះឆ្នោត​ថ្នាក់​ជាតិ​កាន់​តែ​ខិត​ចូល​មក​ដល់ ​សហគមន៍​ប្រទេស​អ្នក​ផ្តល់​ជំនួយ​បាន​បញ្ជាក់​ពី​ជំហរ​រៀងៗ​ខ្លួន​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​ធានា​បាន​ការ​បោះឆ្នោត​មួយ​ដែល​អាច​ទទួល​យក​បាន​ពី​សំណាក់​គ្រប់​គណបក្ស​នយោបាយ​ដែល​ចូលរួម។

សហគមន៍​អឺរ៉ុបបាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​បន្ថែម​ទៀត​ដើម្បី​ធានា​ឱ្យ​បាន​ការបោះ​ឆ្នោត​មួយ​ដោយ​សេរី​និង​យុត្តិធម៌​ ស្រប​ពេល​ដែលប្រទេស​អ្នក​ផ្តល់​ជំនួយ​ផ្សេង​ទៀត​ក៏​បាន​ប្រកាន់​ជំហរ​ស្រដៀង​គ្នា​នេះ​ដែរ។

ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​ ខេមរភាសា ​លោក អាឡាំង វ៉ាន់ដឺស្មីសសិន (Alain VANDERSMISSEN) ​អគ្គទីប្រឹក្សា ​និង​ជា​ប្រធាន​ផ្នែក​កិច្ចការ​នយោបាយ ​និង​សារព័ត៌មាន​នៃ​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ថ្លែងសង្កត់​ធ្ងន់​ថា ​រដ្ឋាភិបាល​កម្ពុជា​គប្បីអនុវត្ត​បន្ថែម​ទៀត​នូវ​អនុសាសន៍​របស់សហគមន៍​អឺរ៉ុប​នៅ​ឆ្នាំ​២០០៨ ​ដើម្បី​ធានា​ឱ្យ​បាន​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា។
លោក​និយាយថា៖ «យើង​នៅ​តែ​រំពឹង​ថា​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​អនុសាសន៍​ខ្លះ​នៃ​អនុសាសន៍​របស់​អ្នក​សង្កេតការណ៍​បោះឆ្នោត​ពី​សហគមន៍​អឺរ៉ុប​នៅ​ឆ្នាំ​២០០៨ ​ដែល​រួម​មាន​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ​ការ​មិន​ប្រើ​ធនធាន​របស់​រដ្ឋ​សម្រាប់​ធ្វើ​យុទ្ធនាការ​បោះឆ្នោត ​លទ្ធភាពប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដោយ​ស្មើភាព​ក្នុង​ចំណោម​បេក្ខជន​តំណាង​រាស្ត្រ​និង​គណបក្ស​នយោបាយ ​និង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ»។

សហគមន៍​អឺរ៉ុប​ដែល​មាន​ប្រទេស​ជា​សមាជិក​ចំនួន​២៧ ​គឺជា​ប្រភព​ជំនួយ​យ៉ាងសំខាន់​សម្រាប់​ប្រទេស​កម្ពុជា។ មួយវិញទៀត​ការលើកឡើង​នេះ​ធ្វើឡើង​ខណៈ​ដែល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ថ្ងៃទី​២៨​ខែកក្កដា​កាន់​តែខិតជិត​មក​ដល់។

តាម​ការ​ស្រាវជ្រាវ​របស់អង្គការ​NDIរបស់​អាមេរិក​និង​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ក្នុង​ស្រុក​និកហ្វិក​និង​ខុមហ្វ្រេល ​បង្ហាញ​ថា​មាន​អ្នក​បោះ​ឆ្នោត​ចំនួនជាង​១០​ភាគរយ​ឬ​១,២៥​លាន​នាក់​បាន​បាត់​ឈ្មោះ​ចេញ​ពី​បញ្ជី​បោះឆ្នោត។

មន្ត្រី​សង្គម​ស៊ីវិល​ធ្លាប់បាន​លើក​ឡើង​ជា​ញឹកញាប់​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​ច្រើន​លើស​លប់ស្ថិត​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់​អំណាច។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ​ក្រុម​ប្រទេស​អ្នក​ផ្តល់​ជំនួយ​ផ្សេង​ទៀត​ក៏​បាន​បង្ហាញ​ជំហរ​ស្រដៀង​គ្នា​នេះ​ដែរ។

អ្នក​នាំ​ពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ លោក សន ម៉ាកឃីនថូស ​(Sean McIntosh)​បាន​ប្រាប់​វីអូអេ ​ខេមរភាសា​តាម​សារ​អេឡិកត្រូនិកថា​ «ស.រ.អា​គាំទ្រ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​មួយ​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ ដែលក្នុង​នោះ​ទាម​ទារ​ឱ្យ​មាន​ការចូលរួម​ពេញ​លេញ​ពី​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់ ​លើទីលាន​ប្រកួត​ប្រជែង​មាន​កម្រិត​ស្មើ​គ្នា​មួយ»។

អ្នក​នាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ដដែល​នេះ ​ក៏​បាន​ប្រាប់​ដែរ​ថា ​ស្ថានទូត​អាមេរិក​គ្រោង​នឹង​ដាក់​អ្នក​តំណាង​របស់​ខ្លួន​ដើម្បី​សង្កេតការណ៍​នៅ​មណ្ឌលបោះឆ្នោតនានានៅ​ថ្ងៃ​បោះឆ្នោត​ខាង​មុខ​នេះ។​

នា​ពេល​ថ្មី​ៗ​នេះ​លោក សន ម៉ាកឃីនថូស ​ក៏​បាន​បញ្ជាក់​ប្រាប់​វីអូអេ ​ខេមរភាសា​ដែរ​ថា ​សហ​រដ្ឋ​អាមេរិក​«ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​អនុសាសន៍របស់​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​និង​អនុសាសន៍​របស់​សង្គម​ស៊ីវិល​រួម​ទាំង​ការធ្វើកំណែទម្រង់​គណៈ​កម្មាធិកា​រ​ជាតិ​រៀបចំ​ការ​បោះឆ្នោត»។​

ចំណែក​ឯ លោក ដេវ ចច ​(Dave Gorge) ​លេខា​ទី​មួយ​និង​ជា​អនុ​ប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ ក៏​បានសរសេរ​ក្នុង​សារអេឡិកត្រូនិក​តប​ទៅនឹង​សំណួរ​របស់​វីអូអេ​ ខេមរភាសា​ថា៖ «ស្ថានទូត​អូស្ត្រាលី​នឹង​បន្ត​សង្កត់​លើ​ការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា​ ក្នុង​ការ​ពិភាក្សា​នានា​របស់​យើង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ​ហើយ​ប្រទេស​អូស្ត្រាលី​នឹង​ឃ្លាំ​មើលដោយ​ប្រុង​ប្រយ័ត្ន​ពី​ដំណើរការ​មុន​និង​ក្រោយ​ការ​បោះឆ្នោត»។

​នៅ​ក្នុង​សេចក្តី​អត្ថាធិប្បាយ​ដោយ​ប្រុង​ប្រយ័ត្នរបស់​ខ្លួន ​ស្រប​នឹង​ជំហរ​របស់​សហគមន៍​អឺរ៉ុប​និង​ស.រ.អា. ​លោក ដេវ ចច បាន​បន្ថែមថា៖ «ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ការទូត​របស់​យើង​នៅ​កម្ពុជា​ រដ្ឋាភិបាល​អូស្ត្រាលី​លើក​ទឹក​ចិត្ត​ឱ្យ​មានការអនុវត្ត​កំណែ​ទម្រង់ការបោះ​ឆ្នោត ​ហើយ​បញ្ជាក់​ពី​ក្តី​រំពឹង​របស់​ប្រទេស​អូស្ត្រាលី​ថា​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌»។

ដោយ​ឡែក ​អ្នក​តំណាង​ស្ថានទូត​អាល្លឺម៉ង់​និង​ជប៉ុន​នៅ​កម្ពុជា ​ស្នើមិន​ធ្វើ​អត្ថាធិប្បាយ​ជាក់​លាក់​ណា​មួយ​នោះ​ទេ ​ដោយ​ថ្លែង​ថា​ខ្លួន​មិន​ចង់​ជ្រៀតជ្រែក​ចូលកិច្ច​ការផ្ទៃ​ក្នុង​របស់​កម្ពុជា​ទេ ​រួម​ទាំង​ការ​បោះ​ឆ្នោត​ខាង​មុខ​ផង​ដែរ។

ក្រៅ​ពី​សហគមន៍​នៃ​ប្រទេស​អ្នក​ផ្តល់​ជំនួយ ​អ្នក​អង្កេតការណ៍​បរទេស​ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ខ្លះ​ក៏​បានរិះ​គន់​ពីការប្រកួត​ប្រជែង​ដោយ​មិន​ស្មើភាពរបស់​គណបក្ស​នយោបាយ​នៅ​កម្ពុជា​ផង​ដែរ។

លោក អ៊ីហ្សេនវ៉ា នីវ៉ាកវ៉ូ ​(Ezenwa Nwagwu) ​គណៈប្រតិភូ​ប្រទេស​នីហ្សេរីយ៉ា​ ដែល​បានមក​ទស្សកិច្ច​ផ្លូវការ​ជាមួយ​គណៈ​ប្រតិភូ​ប្រទេស៥​ផ្សេងទៀត ​នៅ​ឯ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​មុន ​ក៏បាន​គូស​បញ្ជាក់​ពី​កង្វះខាត​នៃ​ការ​បោះ​ឆ្នោតមួយ​ដោយ​សេរី​នៅ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។
លោក​និយាយថា៖ «មាន​ចំណុច​ដូច​គ្នា​មួយ​ចំនួន​ ក្នុង​ន័យ​ថា​ប្រទេស​ទាំង​ពីរ​ជា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​ឯករាជ្យ​ទាំងស្រុង​ទេ​ហើយ​ភាព​ស្រប​ច្បាប់​នៃ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​កំពុង​ចោទ​ជា​បញ្ហា។​ ​ប៉ុន្តែ​នៅ​ប្រទេស​នីហ្សេរីយ៉ា​គឺ​មាន​ការ​ល្អ​ប្រសើរ​ជាង​កម្ពុជា ​ពីព្រោះ​ប្រទេស​នេះ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី​និង​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ​ជាង​នៅ​កម្ពុជា​ដែល​ជា​ការ​សំខាន់​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី​មួយ»។

ថ្មីៗ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា​បាន​ដឹកនាំ​បាតុកម្ម​ចំនួន​ពីរ​លើក​ដើម្បី​ទាមទារ​ឲ្យ​មាន​ការកែទម្រង់ ​គ.ជ.ប​ ឲ្យ​គ.ជ.ប ​ទទួល​យក​អនុសាសន៍​របស់​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ ​និង​ដើម្បី​ឲ្យ​មាន​ការសើរើ​នូវ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ឡើង​វិញ។ ក៏​ប៉ុន្តែ​គ.ជ.ប ​បានច្រានចោល​សំណើ​ទាំង​នោះ។

លោក ទេព នីថា ​អគ្គលេខាធិការ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្លែង​ការពារ​ពី​ឯករាជ្យភាព​របស់​ខ្លួន។
លោកនិយាយថា៖ «​តាម​ពិត​ទៅ​ស្ថានភាព​ប្រទេស​នីមួយ​ៗ​មិន​ដូចគ្នា​ទេ ​ហើយ​ក៏​មិន​អាច​ចាប់​បង្ខំ​ប្រទេស​មួយ​ឱ្យ​គោរព​តាម​ប្រទេស​ណា​មួយ​នោះ​ទេ ព្រោះ​ថា​ប្រទេស​នីមួយ​ៗ​មាន​អធិបតេយ្យ​ភាព​និង​សិទ្ធិ​ក្នុង​ការ​សម្រេច​របស់​ខ្លួន។ ប៉ុន្មាន​សប្តាហ៍​មុន​នេះ​លោក សូប៊ែឌី ​បាន​មក​ជួប​តំណាង​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​ពេល​គាត់​ត្រឡប់​ទៅ​វិញ​គាត់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ណាស់​ពី​ការ​រីក​ចម្រើន​របស់​គ.ជ.ប​ ទោះ​បីគាត់​លើក​ឡើង​ថា​មាន​ការងារ​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​បន្ត​អនុវត្ត​ក៏​ដោយ»។

មាន​គណបក្ស​នយោបាយ​ចំនួន​៨​នឹងត្រូវ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​នៅ​ខែក្រោយ​នេះ។ ក្នុង​នោះ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កើត​ឡើង​ពី​ការ​ច្របាច់​បញ្ចូន​គ្នា​រវាង​គណបក្ស​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អាច​នឹង​ក្លាយ​ជា​ដៃ​គូ​ប្រកួត​ប្រជែងលេច​ធ្លោ​មួយ​ទល់​មួយ​ជាមួយ​គណបក្ស​ប្រជាជន​កំពុង​កាន់​អំណាច ​គណបក្សហ៊្វុនស៊ីនប៉ិច ​គណបក្ស​ខ្មែរ​ឈប់ក្រ គណបក្ស​សញ្ជាតិ​កម្ពុជា ​គណ​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ​គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ​និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

យ៉ាងណា​ក៏​ដោយ​លោក អាឡាំង វ៉ាន់ដឺស្មីសសិន ​បញ្ជាក់​ជំហរ​របស់​សហគមន៍​អឺរ៉ុប​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា។ លោក​ក៏​បាន​គូស​បញ្ជាក់ដែរ​ថា ​រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ​នឹង​ប្រឈម​នឹង​ការដោះស្រាយ​បញ្ហា​ជា​ច្រើន​ ដែល​បន្សល់​ទុក​ពី​រដ្ឋាភិបាល​អណត្តិ​មុន។

បញ្ហា​ទាំងនោះ​ដែល​រួមមាន​ការបន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ ​និង​អសមភាព ​ពង្រឹង​នីតិរដ្ឋ ​និង​ឯករាជ្យភាព​របស់​តុលាការ ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ​ពង្រឹង​ការអភិវឌ្ឍ​ដោយ​និរន្តភាព ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ដែល​នៅ​សល់ ​និង​ការគោរព​សិទ្ធិ​មនុស្ស ​និង​សេរីភាព​បញ្ចេញ​មតិ​ជាដើម៕