ដំណើរការ​ផ្ទេរអំណាច​ឱ្យ​លោក Trump ចាប់​ផ្ដើម​ហើយ

ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក Joe Biden ចាប់ដៃស្វាគមន៍​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក Donald Trump មកកាន់សេតវិមាន នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការ​ត្រឡប់​មក​កាន់​តំណែង​ជា​ប្រធានាធិបតី​វិញ​របស់​លោក Donald Trump នា​ពេល​ឆាប់ៗ​នេះ​មាន​ន័យ​ថា លោក​នឹង​បង្ហាញ​ឡើង​នូវ​រដ្ឋបាល​ថ្មី​ស្រឡាង​មួយ​ខុស​ពី​រដ្ឋបាល​បច្ចុប្បន្ន​របស់​ប្រធានធិបតី​អាមេរិក​លោក Joe Biden។ ក្រុម​ការងារ​របស់​លោក Trump ក៏​បាន​ប្ដេជ្ញា​ផងដែរ​ថា រដ្ឋបាល​អាណត្តិ​ទី​ពីរ​របស់​លោក Trump នេះ​នឹង​មិន​ដូច​ទៅនឹង​រដ្ឋបាល​លើក​ទីមួយ​របស់​លោក​ដែល​លោក​បាន​បង្កើត​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ ២០១៦ នោះ​ទេ។

ប្រធានាធិបតី​ជាប់ឆ្នោត​រូប​នេះ​នឹង​ត្រូវ​រៀបចំ​ក្រុម​ការងារ​របស់​លោក​មុន​ថ្ងៃ​លោក​ស្បថ​ចូល​កាន់​តំណែង​ផ្លូវការ​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាងមុខ។ ចំណុច​សំខាន់​មួយ​ដែល​ត្រូវ​ធ្វើ​នា​ពេល​នេះ​គឺ​ការ​តែងតាំង​មនុស្ស​ប្រមាណ ៤.០០០ នាក់​ឱ្យ​កាន់​តំណែង​នយោបាយ​ក្នុង​ជួរ​រដ្ឋាភិបាល​ ដែល​អ្នក​ទាំងនោះ​ត្រូវ​បាន​សម្រិត​សម្រាំង​ដោយ​ក្រុម​ការងារ​របស់​លោក Trump។

មនុស្ស​ប្រមាណ ១.២០០ នាក់​ក្នុង​ចំណោម​នោះ​ត្រូវ​ឆ្លងកាត់​ការ​យល់ព្រម​ពី​ព្រឹទ្ធសភា ដែល​ការងារ​នេះ​មិន​មាន​អ្វី​ពិបាក​ទេ​ដោយសារ​តែ​ព្រឹទ្ធសភា​នៅ​ពេល​នេះ​នឹង​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​សាធារណរដ្ឋ។

កិច្ចការ​ផ្ទេរ​អំណាច​នេះ​មិនមែន​ជា​បញ្ហា​សម្រាប់​លោក Trump នោះទេ ដោយសារតែ​លោក​មាន​បទពិសោធន៍​លើ​កិច្ចការ​នេះ​រួច​ហើយ។ លោក​ធ្លាប់​បាន​បង្កើត​រដ្ឋបាល​ថ្មី​ទាំងស្រុង​កាល​ពី​អាណត្តិ​ទីមួយ​របស់​លោក ហើយ​លើក​នេះ​លោក​មាន​គំនិត​ច្បាស់លាស់​ក្នុង​ការ​ធ្វើ​ការងារ​នេះ​ឱ្យ​ខុស​ពី​លើក​មុន។

លោក Trump បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​ជ័យជម្នះ​របស់​លោក​កាលពី​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា​ថា លោក Robert Kennedy Jr. ដែល​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​និង​ជា​សកម្មជន​ប្រឆាំង​នឹង​ការ​ចាក់​វ៉ាក់សាំង​នឹង​ចូលរួម​ជាមួយ​លោក​ដើម្បី​ជួយ​ឱ្យ «សហរដ្ឋ​អាមេរិក​មាំមួន​ម្ដង​ទៀត» ហើយ​លោក​បាន​បន្ថែម​ថា «យើង​នឹង​ឱ្យ​លោក​កាន់​តំណែង​នេះ»។

រូបឯកសារ៖ លោក Donald Trump អំឡុងពេលជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ ចាប់ដៃលោក Robert Kennedy Jr. នៅក្នុងយុទ្ធនាការឃោសនាមួយ នៅទីក្រុង Glendale រដ្ឋ Arizona កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤។

រូបឯកសារ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង X លោក Elon Musk ថ្លែងនៅក្នុងយុទ្ធនាការឃោសនារបស់លោក Donald Trump នៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤។

លោក Trump ក៏​បាន​សន្យា​ផងដែរ​ថា​នឹង​តែងតាំង​លោក Elon Musk ដែល​កើត​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​និង​ជា​អ្នក​គាំទ្រ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ឱ្យ​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​សម្រាប់​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ។ លោក Elon Musk ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla បាន​ស្នើ​ថា លោក​អាច​រក​ឃើញ​ខ្ទង់​ចំណាយ​រាប់​លាន​លាន​ដុល្លារ​របស់​រដ្ឋាភិបាល​ដែល​នឹង​ត្រូវ​លុប​បំបាត់។

ការ​ផ្ទេរ​អំណាច​នេះ​មិន​ត្រឹមតែ​ជា​ការ​តែងតាំង​មនុស្ស​ដើម្បី​បំពេញ​មុខងារ​ផ្សេងៗ​នោះទេ ប្រធានាធិបតី​ជាប់ឆ្នោត​ភាគច្រើន​ក៏​ស្ដាប់​ការ​ផ្ដល់​ដំណឹង​អំពី​បញ្ហា​ស៊ើបការណ៍​សម្ងាត់​ជា​រៀងរាល់​ថ្ងៃ​ឬ​ស្ទើរតែ​រាល់​ថ្ងៃ​ក្នុង​អំឡុង​ពេល​នេះ​ផងដែរ។

កាលពី​ឆ្នាំ ២០០៨ លោក​ប្រធានាធិបតី George W. Bush ដែល​ជិត​ចប់​អាណត្តិ​បាន​ធ្វើ​បទ​បង្ហាញ​ដល់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Barack Obama អំពី​ប្រតិបត្តិការ​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក។ នៅ​ពេល​លោក Trump ត្រៀម​ចូល​កាន់​តំណែង​នៅ​ឆ្នាំ ២០១៦ អ្នកស្រី Susan Rice ដែល​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោក Obama បាន​ធ្វើ​បទ​បង្ហាញ​ដល់​លោក Michael Flynn ដែល​ជា​អ្នក​ស្នង​តំណែង​បន្ត​ពី​អ្នកស្រី​សម្រាប់​រដ្ឋបាល​ថ្មី។

កាលពី​ឆ្នាំ ២០២០ បញ្ហា​ប្រឈម​ផ្លូវច្បាប់​របស់​លោក Trump ពាក់ព័ន្ធ​នឹង​លទ្ធផល​បោះឆ្នោត​បាន​ពន្យារ​ការ​ចាប់ផ្ដើម​ដំណើរការ​ផ្ទេរ​អំណាច​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍ ហើយ​ការ​ធ្វើ​បទ​បង្ហាញ​របស់​លោក​ដល់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Joe Biden នៅ​ពេល​នោះ​បាន​ពន្យារពេល​រហូត​ដល់​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា។

ការ​ផ្ទេរ​អំណាច​សម្រាប់​លោក Trump នេះ​ត្រូវបាន​ដឹកនាំ​ជា​ចម្បង​ដោយ​មិត្តភក្តិ​និង​ក្រុម​គ្រួសារ​របស់​លោក ដែល​ក្នុង​នោះ​រួម​មាន​ទាំង​លោក Kennedy Jr. និង​អ្នកស្រី Tulsi Gabbard ដែល​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ កូន​ប្រុស​របស់​លោក​ឈ្មោះ Donald Trump Jr. និង Eric Trump ក៏ដូចជា​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក JD Vance ផងដែរ។

សហ​ប្រធាន​ដឹកនាំ​ការ​ផ្ទេរ​អំណាច​នេះ​គឺ​លោក Howard Lutnick ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Cantor Fitzgerald និង​អ្នកស្រី Linda McMahon ដែល​ជា​អតីត​ប្រធាន​ទីភ្នាក់ងារ​អាជីវកម្ម​ខ្នាត​តូច (SBA) នៅ​ក្នុង​អាណត្តិ​ទី​មួយ​របស់​លោក Trump។

រូបឯកសារ៖ លោក Howard Lutnick ថ្លែងនៅក្នុង​យុទ្ធនាការឃោសនាមួយរបស់លោក Donald Trump នៅមជ្ឈមណ្ឌល Madison Square Garde នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤។

លោក Lutnick បាន​និយាយ​ថា ប្រតិបត្តិការ​ឆ្នាំ​នេះ​នឹង «ធ្វើ​ឱ្យ​ខុស​ពី​ឆ្នាំ ២០១៦ តាម​ដែល​អាច​ធ្វើ​ទៅ​បាន» ដែល​កាលនោះ​ប្រតិបត្តិការ​ផ្ទេរ​អំណាច​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​លោក Chris Christie។ បន្ទាប់ពី​បាន​ឈ្នះ​ការ​បោះឆ្នោត​កាលពី ៨ ឆ្នាំ​មុន លោក Trump បាន​បណ្ដេញ​លោក Christie ចេញ​ពី​ការងារ និង​លុបចោល​ផែនការ​ដែល​អតីត​អភិបាល​រដ្ឋ New Jersey រូប​នេះ​បាន​លើកឡើង ហើយ​ក៏​បាន​ប្រគល់​ការងារ​ផ្ទេរ​អំណាច​នេះ​ទៅ​ឱ្យ​អនុ​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Mike Pence ជា​អ្នក​កាន់កាប់​វិញ។

នៅ​ពេល​ចាប់ផ្ដើម​អាណត្តិ​ទី​មួយ​របស់​លោក លោក Trump បាន​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី​ស្រឡាង​មួយ​ដែល​សមាជិក​បក្ស​សាធារណរដ្ឋ​និង​មេដឹកនាំ​អាជីវកម្ម​មួយ​ចំនួន​នៅ​ទីបញ្ចប់​បាន​ខកចិត្ត​ឬ​បាន​បែកបាក់​ពី​លោក Trump ជា​សាធារណៈ។ សម្រាប់​អាណត្តិ​នេះ លោក Trump បាន​សន្យា​ថា​នឹង​ផ្ដល់​តម្លៃ​ទៅលើ​ភាព​ស្មោះត្រង់​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ គំនិត​បែប​នេះ​អាច​ជួយ​ឱ្យ​លោក​ជ្រើសរើស​បាន​មនុស្ស​ដែល​ស្រប​ទៅ​នឹង​គំនិត​និង​របៀប​ធ្វើការ​បែប​ក្រអឺតក្រទម​របស់​លោក។

ខុស​ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​បេក្ខជន​ប្រធានាធិបតី​ខាង​បក្ស​ប្រជាធិបតេយ្យ​អ្នកស្រី Kamala Harris ក្រុម​ការងារ​របស់​លោក Trump មិន​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្ដីពី​ការ​ផ្ទេរ​អំណាច​នៅ​មុន​ថ្ងៃ​បោះឆ្នោត​ជាមួយ​ទីភ្នាក់ងារ​កិច្ចការ​សេវាកម្ម​ទូទៅ (GSA ) នោះ​ទេ។ ដូច្នេះ ពេល​វេលា​ដែល​លោក Trump ត្រូវ​យល់ព្រម​ជាមួយ​ទីភ្នាក់ងារ GSA លើ​កិច្ចការ​ភស្តុភារ​នានា​បាន​ហួស​ហើយ។

កាលពី​ឆ្នាំ ២០២០ លោក Trump បាន​អះអាង​ដោយ​មិន​ពិត​ថា ការ​បន្លំ​ការ​បោះឆ្នោត​យ៉ាង​ធំធេង​បាន​ធ្វើ​ឱ្យ​លោក​ចាញ់​ឆ្នោត ដែល​ការ​អះអាង​នេះ​បាន​ពន្យារពេល​អស់​ជាច្រើន​សប្ដាហ៍​នូវ​ការ​ចាប់ផ្ដើម​ផ្ទេរ​អំណាច​ពី​រដ្ឋបាល​ជិត​អស់​អាណត្តិ​របស់​លោក​ទៅ​ឱ្យ​រដ្ឋបាល​ថ្មី​របស់​ប្រធានាធិបតី​ជាប់ឆ្នោត​លោក Joe Biden នៅ​ពេល​នោះ។

កាលពី ៤ ឆ្នាំ​មុន មេដឹកនាំ​ទីភ្នាក់ងារ GSA អ្នកស្រី Emily Murphy ដែល​លោក Trump បាន​តែងតាំង បាន​បញ្ជាក់​ថា អ្នកស្រី​គ្មាន​សិទ្ធិ​ដើម្បី​កំណត់​ថា​អ្នក​ណា​ជា​អ្នក​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​នោះទេ ដោយសារតែ​លោក Trump នៅ​តតាំង​ក្ដី​ជាមួយ​នឹង​លទ្ធផល​បោះឆ្នោត​តាម​ផ្លូវ​តុលាការ។ បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ការ​ប្រើប្រាស់​ថវិកា​និង​កិច្ច សហប្រតិបត្តិការ​សម្រាប់​ការ​ផ្ទេរ​អំណាច។

កាល​នោះ រហូត​ទាល់តែ​ដល់​ពេល​ដែល​កិច្ច​ប្រឹងប្រែង​របស់​លោក Trump ក្នុង​ការ​កែប្រែ​លទ្ធផល​បោះឆ្នោត​បាន​បរាជ័យ​នៅ​ក្នុង​រដ្ឋ​សំខាន់ៗ​ទើប​អ្នកស្រី Murphy យល់ព្រម​បញ្ជាក់​ឈ្មោះ​បេក្ខជន​ជាប់​ឆ្នោត​ជា​ផ្លូវការ​ជា​ប្រធានាធិបតី និង​ចាប់ផ្ដើម​ដំណើរការ​ផ្ទេរ​អំណាច។ នៅ​ទីបំផុត លោក Trump បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​ថា រដ្ឋាភិបាល​របស់​លោក​និង​សហការ។

ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការ​រាំងស្ទះ​បែបនេះ​សម្រាប់​ការ​ផ្ទេរ​អំណាច​នា​ពេល​អនាគត ច្បាប់​ឆ្នាំ ២០២២ ស្ដីពី​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​ការ​ផ្ទេរ​អំណាច​ប្រធានាធិបតី​បាន​កំណត់​ថា ដំណើរការ​ផ្ទេរ​អំណាច​ចាប់ផ្ដើម ៥ ថ្ងៃ​បន្ទាប់ពី​ការ​បោះឆ្នោត ទោះបីជា​ការ​កំណត់​ថា​អ្នកណា​ជា​អ្នក​ឈ្នះ​នៅ​មាន​ការ​ជំទាស់​ក៏ដោយ។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​បញ្ចៀស​ការ​ពន្យារ​ពេល​យូរ ហើយ​ការ​បញ្ជាក់​ទទួលស្គាល់​ដោយ​ទីភ្នាក់ងារ GSA លែង​ជា​លក្ខខណ្ឌ​តម្រូវ​ទុក​ជាមុន​ទៀត​ហើយ​សម្រាប់​ការ​ទទួល​បាន​សេវា​គាំទ្រ​ដល់​ការ​ផ្ទេរ​អំណាច។ នេះ​បើ​យោង​តាម​គោលការណ៍​ណែនាំ​របស់​ទីភ្នាក់ងារ​នេះ​ស្ដីពី​រូបមន្ត​ថ្មី៕