ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់មតិ៖ ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​រំពឹង​ថា​លោក Trump នឹង​បង្កើន​បំណុល​ជាតិ


រូបឯកសារ៖ អតីត​ប្រធានាធិបតីលោក Donald Trump ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​កញ្ចក់​ការពារ​គ្រាប់​កាំភ្លើង ខណៈ​ដែល​លោក​បាន​បញ្ចប់​ការ​ថ្លែង​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​យុទ្ធនាការ​មួយ​ក្នុង​ទីក្រុង Lititz រដ្ឋ Pennsylvania កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។
រូបឯកសារ៖ អតីត​ប្រធានាធិបតីលោក Donald Trump ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​កញ្ចក់​ការពារ​គ្រាប់​កាំភ្លើង ខណៈ​ដែល​លោក​បាន​បញ្ចប់​ការ​ថ្លែង​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​យុទ្ធនាការ​មួយ​ក្នុង​ទីក្រុង Lititz រដ្ឋ Pennsylvania កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការ​ស្ទង់មតិ​ថ្មី​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters និង​ក្រុមហ៊ុន Ipsos បាន​បង្ហាញ​ថា ពលរដ្ឋ​អាមេរិកាំង​ភាគច្រើន​ជឿ​ថា​លោក Donald Trump ដែល​ទើប​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នឹង​រុញច្រាន​រដ្ឋាភិបាល​អាមេរិក​ឱ្យ​ធ្លាក់​ចូល​កាន់តែ​ជ្រៅ​បន្ថែម​ទៀត​ទៅក្នុង​បំណុល​នៅ​ក្នុង​អាណត្តិ​ថ្មី​របស់​លោក ទោះបីជា​អ្នក​គាំទ្រ​បក្ស​សាធារណរដ្ឋ​ភាគច្រើន​មិន​បង្ហាញ​ក្ដី​បារម្ភ​ដូច​ក្ដី​បារម្ភ​របស់​អ្នក​គាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ទាក់ទិន​នឹង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​លោក​ក៏ដោយ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​សុក្រ។

ការ​ស្ទង់មតិ​រយៈពេល​ពីរ​ថ្ងៃ​នេះ​ដែល​បាន​បញ្ចប់​ទៅ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បង្ហាញ​ថា អ្នក​ចូលរួម​ក្នុង​ការ​ស្ទង់មតិ​នេះ​ចំនួន ៦២% ដែល​ក្នុង​នោះ​មាន​អ្នក​គាំទ្រ​បក្ស​ប្រជាធិបតេយ្យ​ចំនួន ៩៤% និង​អ្នក​គាំទ្រ​បក្ស​សាធារណរដ្ឋ​ចំនួន ៣៤% បាន​និយាយ​ថា គោលនយោបាយ​របស់​លោក Trump ទំនងជា «នឹង​រុញច្រាន​បំណុល​ថ្នាក់​ជាតិ​របស់​សហរដ្ឋ​អាមេរិក​ឱ្យ​ឡើង​កាន់តែ​ខ្ពស់»។

លោក Trump បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅក្នុង​សប្ដាហ៍​នេះ បន្ទាប់ពី​បាន​សន្យា​កាត់​បន្ថយ​ពន្ធ​សម្រាប់​អាជីវកម្ម អ្នក​ធ្វើការ និង​អ្នក​ទទួល​បាន​ប្រយោជន៍​សន្តិសុខ​សង្គម ក៏ដូចជា​បាន​សន្យា​ថា​នឹង​យក​ពន្ធគយ​ខ្ពស់​លើ​ទំនិញ​នាំចូល​និង​បញ្ជូន​ជន​អន្តោប្រវេសន៍​ចេញ​ទ្រង់ទ្រាយ​ធំ។

សំណើ​កាត់​បន្ថយ​ពន្ធ​របស់​លោក Trump អាច​ធ្វើឱ្យ​បំណុល​ជាតិ​របស់​សហរដ្ឋ​អាមេរិក​កើន​ចំនួន ៧,៥ លាន​លាន​ដុល្លារ​បន្ថែម​ទៀត​នៅក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ខាងមុខ។ នេះ​បើ​យោង​តាម​គណៈកម្មាធិការ​សម្រាប់​ថវិកា​សហព័ន្ធ​ដែល​មាន​ការ​ទទួល​ខុសត្រូវ (Committee for a Responsible Federal Budget) ដែល​ជា​អង្គការ​មិន​ប្រកាន់​ខាង​គណបក្ស​ណាមួយ។

ការ​ស្ទង់មតិ​ដែល​ធ្វើ​តាម​អនឡាញ​នេះ​បាន​ស្ទង់មតិ​លើ​មនុស្ស​ពេញវ័យ​ចំនួន ១.៤៧១ នាក់​នៅ​ទូទាំង​ប្រទេស​និង​មាន​អត្រា​លម្អៀង​ចំនួន ៣ ពិន្ទុ​ភាគរយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG