មជ្ឈមណ្ឌលឯកសារកម្ពុជា(DC-Cam) បានបង្ហាញសៀវភៅថ្មីមួយដែលនិយាយអំពីទំនាក់ទំនងរវាងអតីតព្រះមហាក្សត្រ សម្តេចឪ ឬព្រះបរមរតនកោដ្ឋ និងអតីតនាយករដ្ឋមន្រ្តីចិន លោក ជូ អេនឡាយ(Zhou Enlai) មុនរបបខ្មែរក្រហម។ សៀវភៅនេះមានចំណងជើងថា៖ «នរោត្តមសីហនុ និងជូ អេនឡាយ៖ មិត្តភាពដ៏កម្រនៅក្នុងអំឡុងនៃការរីកសាយភាយរបស់សង្គ្រាមត្រជាក់» ដែលត្រូវបាននិពន្ធដោយលោក ហូលីយ៉ូ អេ. ហែលឌ្រេស(Julio A. Jeldres) អតីតលេខាផ្ទាល់ និងជាអ្នកសរសេរជីវប្រវត្តិរបស់សម្តេចព្រះនរោត្តម សីហនុ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ DC-Cam សៀវភៅនេះពិពណ៌នាអំពីទំនាក់ទំនងរវាងប្រមុខរដ្ឋពីររូប«ដែលមានសាវតាផ្ទុយគ្នាស្រឡះ» ដែលមួយរូបគឺជាព្រះមហាក្សត្រខ្មែរ និងមួយរូបទៀតគឺជាអ្នកដឹកនាំបក្សកុម្មុយនីស្តរបស់ចិន។
សេចក្តីប្រកាសបញ្ជាក់ថា៖ «បុគ្គលទាំងពីរបានព្យាយាមរក្សាទំនាក់ទំនងដ៏យូរអង្វែងមួយ ដែលបន្តផ្តល់ជាសារៈប្រយោជន៍ដល់ប្រទេសទាំងពីររហូតមកទល់ពេលបច្ចុប្បន្ន»។
អ្នកនិពន្ធ លោក ហែលឌ្រេស បានចាប់អារម្មណ៍ទៅលើមិត្តភាពដ៏កម្ររវាងសែស្រឡាយរាជវង្សកម្ពុជា និងនាយករដ្ឋមន្ត្រីនៃរដ្ឋប្រកាន់យករបបកុម្មុយនីស្តក្នុងទ្វីបអាស៊ីក្នុងឆ្នាំ១៩៧០។
លោក ហែលឌ្រេស រំឭកតាមរយៈសេចក្តីប្រកាសព័ត៌មានថាកាលពីខែមីនា ឆ្នាំ១៩៧០ បន្ទាប់ពីសម្តេចសីហនុ ត្រូវបានទម្លាក់ចេញពីតំណែងដោយរដ្ឋប្រហាររបស់សេនាប្រមុខ លន់ នល់ លោក ហែលឌ្រេស «មានការឈឺចាប់ប្រកបដោយក្តីអាណិតអាសូរចំពោះព្រះរាជកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចសីហនុ ក្នុងការការពារបូរណភាពទឹកដីនិងឯករាជ្យភាពរបស់ប្រទេសកម្ពុជា»។
លោកបញ្ជាក់ថា៖ «នេះបានញ៉ាំងឲ្យរូបខ្ញុំចាប់អារម្មណ៍ជាពន់ពេកចំពោះព្រះរាជដំណើរជីវិតនយោបាយរបស់សម្តេចសីហនុ៖ សម្ព័ន្ធភាពរបស់ទ្រង់ជាមួយនឹងនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ។ ទំនាក់ទំនងនេះ ហាក់ដូចជាទំនាក់ទំនងមួយដ៏វិសេសវិសាល រវាងព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រមួយដែលប្រណិប័តន៍ព្រះពុទ្ធសាសនា និងនាយករដ្ឋមន្ត្រីនៃរដ្ឋកុម្មុយនីស្តមួយ»។
លោកបន្ថែមថា៖ «មើលទៅដូចជាមិនទំនងសោះ ដែលរបបកុម្មុយនីស្តមួយផ្តល់នូវការគោរពរាក់ទាក់ចំពោះអតីតសមាជិករាជវង្សយ៉ាងដូច្នេះ ជាពិសេសក្នុងអំឡុងបដិវត្តន៍វប្បធម៌ចិនទៀតនោះ។ តាមពិតទៅ អ្វីៗកើតឡើងបែបនេះមែន។ មិត្តភាពបានយកឈ្នះលើមនោគមន៍វិជ្ជា»។
បើតាមមជ្ឈមណ្ឌលឯកសារកម្ពុជា ការស្រាវជ្រាវដើម្បីសរសេរជាសៀវភៅដែលមានកម្រាស់២២០ទំព័រ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៧០ និងបានបញ្ចប់ទៅនៅអំឡុងឆ្នាំ២០១៥។ សៀវភៅនេះត្រូវបោះពុម្ពឡើងដោយគម្រោងស្រាវជ្រាវភាសាចិនរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលទទួលបានហិរញ្ញប្បទានពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ។
បើតាមសៀវភៅនេះ ព្រះបាទនរោត្តមសីហនុបានទៅបំពេញទស្សនកិច្ចលើកដំបូងក្នុងប្រទេសចិន កាលពីខែកុម្ភៈឆ្នាំ១៩៥៦ ដែលនៅពេលនោះ បិតានៃបក្សកុម្មុយនីស្តចិន លោក ម៉ៅ សេទុង បានណែនាំព្រះបាទនរោត្តមសីហនុថា«លទ្ធិកុម្មុយនីស្តប្រហែលជាអ្វីមួយល្អសម្រាប់កម្ពុជា» ប៉ុន្តែសម្តេចសីហនុបានឆ្លើយតបភ្លាមៗថាមិនសាកសមសម្រាប់កម្ពុជាដែលជាប្រទេសជាតិនិយម និងគោរពព្រះពុទ្ធសាសនា។
ចំណែកលោក ជូ អេនឡាយ អតីតនាយករដ្ឋមន្រ្តីចិនវិញ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីខែឧសភា ឆ្នាំ១៩៦០។ សៀវភៅនោះក៏បានលើកឡើងអំពីដំណើរទស្សនកិច្ចរបស់លោក ខៀវ សំផន ដែលជាអតីតប្រមុខរដ្ឋក្នុងរបបខ្មែរក្រហម និងកំពុងរង់ចាំសាលដីកាកាត់ទោសចុងក្រោយរបស់តុលាការខ្មែរក្រហម ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន កាលពីខែមេសា ឆ្នាំ១៩៧៤ ដែលពេលនោះ មានការសម្របសម្រួលការចរចាមួយ ដែលជាកិច្ចប្រឹងប្រែងរបស់លោក ជូ អេនឡាយ ដើម្បីដោះស្រាយជម្លោះកម្ពុជា ដោយអនុញ្ញាតឲ្យសម្តេចសីហនុដើរតួនាទីសំខាន់មួយនៅក្នុងរដ្ឋាភិបាលចម្រុះ ដែលមានក្រុមខ្មែរក្រហមផងដែរ។
សាស្រ្តាចារ្យផ្នែកប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិ លោក ឌៀប សុផល បានថ្លែងថាទំនាក់ទំនងរវាងសម្តេចសីហនុ និងលោក ជូ អេនឡាយ មាន«លក្ខណៈផ្អែមស្អិតរមួត» ចាប់តាំងពីសន្និសីទទីក្រុងហ្សឺណែវ ក្នុងឆ្នាំ១៩៥៤ ដែលពេលនោះជាលើកទីមួយដែលចិនទទួលស្គាល់គណៈប្រតិភូរបស់ព្រះបាទនរោត្តមសីហនុជាផ្លូវការ ហើយបានបដិសេធប្រតិភូរបស់រណសិរ្សខ្មែរឥស្សរៈ។ កាលនោះ វាជាសន្និសីទ ដើម្បីបង្កើតកិច្ចព្រមព្រៀងស្តីពីការដកកងទ័ពបារាំងចេញពីទឹកដីប្រទេសឥណ្ឌូចិន និងគោរពដល់ឯករាជ្យ អធិបតេយ្យភាពនៃប្រទេសនៅក្នុងឥណ្ឌូចិន។
លោកថ្លែងថា៖ «ភាគីណាមួយទទួលស្គាល់រណសិរ្សខ្មែរឥស្សរៈនៅក្នុងសន្និសីទហ្សឺណែវ បានន័យថាប្រឆាំងសហរដ្ឋអាមេរិករួចស្រេចហើយ។ អញ្ចឹងចិន និងសហភាពសូវៀតបដិសេធទទួលស្គាល់តំណាងរបស់រណសិរ្សខ្មែរឥស្សរៈ ទទួលស្គាល់តែមួយគត់តំណាងរបស់សម្តេចព្រះនរោត្តមសីហនុ ប៉ុន្តែជាថ្នូរមកវិញ ទាមទារឲ្យប្រទេសកម្ពុជានៅជាអព្យាក្រឹត»។
លោក ឌៀប សុផល បញ្ជាក់ថាទំនាក់ទំនងរវាងកម្ពុជានិងចិនក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយក្រុមខ្មែរក្រហម គឺជាទំនាក់ទំនងរវាងរដ្ឋអធិបតេយ្យភាពពីរ ដែល«ជាកិច្ចសហប្រតិបត្តិការអន្តរជាតិ»។
លោក ឌៀប សុផល ដែលបាននិពន្ធសៀវភៅប្រវត្តិសាស្រ្តមួយចំនួន ក្នុងនោះមានសៀវភៅ «ប្រភពសង្រ្គាមកម្ពុជា» ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងឆ្នាំ២០១៨ បានបន្ថែមថា៖ «ចិនគាំទ្រជាមួយនឹងកម្ពុជាប្រជាធិបតេយ្យ ទិញស្រូវទិញអង្ករ ទិញកាំភ្លើង ជំនួយខាងផ្នែកសព្វាវុធ ផ្នែកខាងមូលដ្ឋានទ័ព កសាងមូលដ្ឋានទ័ពអាកាសនៅឯកំពង់ឆ្នាំងនៅលើផ្ទៃដីជាង៣ពាន់ហិកតា។ ធ្វើផ្លូវរទេះភ្លើងមួយ ដើម្បីពង្រឹងការដឹកអាវុធយុទ្ធភណ្ឌតាមផ្លូវសមុទ្រមកដីគោក។ អញ្ចឹងអាហ្នឹងវាជាទំនាក់ទំនងដែលចិនបានធ្វើជាមួយកម្ពុជា»។
លោក ឌៀប សុផល បានបន្ថែមថាការកាប់សម្លាប់ក្នុងប្រទេសកម្ពុជាក្នុងរបបខ្មែរក្រហម កើតឡើងដោយសារជម្លោះផ្ទៃក្នុងប្រទេស ដែលមានតាំងពីយូរមកហើយ ដូចជាគម្លាតរវាងអ្នកមានអ្នកក្រ ដែលនាំឲ្យមានភាពរើសអើង ខណៈមេដឹកនាំប៉ុល ពត បានយកទ្រឹស្តីកុម្មុយនីស្តមកអនុវត្ត ដោយប្រើ«នយោបាយព្រៃផ្សៃ» និងស្របពេលប្រទេសកំពុងមានសង្រ្គាមផងដែរ៕